ព្រះវិហារៈ ស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា និងអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញអ្នកជំនាញធារាសាស្ត្រ និងភូគព្ភសាស្ត្រជាតិ ឱ្យមកសិក្សាស្រាវជ្រាវពីប្រព័ន្ធធារាសាស្ត្រ និងភូគព្ភសាស្ត្រនៅប្រាសាទព្រះវិហារ ដើម្បីដឹងពីទំហំភ្លៀងដែលធ្លាក់មកលើប្រាសាទ និងដឹងពីការប្រែប្រួលនៃសណ្ឋានដី ដើម្បីបញ្ចៀសផលប៉ះពាល់លើប្រាសាទ។
លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែមករាថា អ្នកជំនាញធារាសាស្ត្រ និងភូគព្ភសាស្ត្រជាតិ ដែលអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញមកនេះ គឺពួកគាត់បានចុះមកដើម្បីសិក្សាស្រាវជ្រាវពីប្រព័ន្ធធារាសាស្ត្រ និងភូគព្ភសាស្ត្រនៅប្រាសាទព្រះវិហារ។
ចំពោះការចុះសិក្សាស្រាវជ្រាវប្រព័ន្ធធារាសាស្ត្រនេះគឺជាផ្នែកមួយនៃការអភិរក្ស និងការជួសជុលប្រាសាទ ដើម្បីអាចដឹងពីបញ្ហាការខូចខាតប្រាសាទនាពេលកន្លងមក ដោយសារទំហំទឹកភ្លៀងដែលធ្លាក់មកលើ ប្រាសាទ។ដូច្នេះការងារចាំបាច់ គឺត្រូវដឹងពីបញ្ហាធារាសាស្ត្រ ក្នុងការបញ្ចៀសទឹកភ្លៀងដែលធ្លាក់មកកុំធ្វើឱ្យប៉ះពាល់ទៅដល់ហេដ្ឋារចនាសម្ព័ន្ធប្រាសាទ។
លោកបានឱ្យដឹងទៀតថា ដោយឡែកការស្រាវជ្រាវពីភូគព្ភសាស្ត្រវិញ គឺជាសិក្សាស្រាវជ្រាវពីការប្រែប្រួលនៃដី ដោយសារគ្រឹះភ្នំធម្មជាតិ ដែលទ្រទ្រង់រចនាសម្ព័ន្ធប្រាសាទព្រះវិហារមានអាយុកាលរាប់រយឆ្នាំហើយ ខណៈដែលជាក់ស្ដែងស្រទាប់ថ្មមួយចំនួននៅលើភ្នំនេះ មានការប្រេះ និងបាក់បែក ហេតុនេះវាអាចបង្កផលប៉ះពាល់ដល់ប្រាសាទព្រះវិហារនេះ។
លោកគង់ ពុទ្ធិការ បញ្ជាក់ថា៖ «អ៊ីចឹង! ការស្រាវជ្រាវប្រព័ន្ធធារាសាស្ត្រនេះ យើងនឹងបានយល់ពីបញ្ហាទំហំទឹកភ្លៀងធ្លាក់មកលើប្រាសាទប៉ុន្មានគីបក្នុង១ឆ្នាំ ដើម្បីយើងរកវិធានការការពារហេដ្ឋារចនាសម្ព័ន្ធប្រាសាទ ហើយចំណែកភូគព្ភសាស្ត្រវិញ គឺយើងនឹងបានដឹងពីការប្រែប្រួលនៃសណ្ឋានដី និងហានិភ័យរបស់វា ដើម្បីយើងរកវិធីសាស្ត្រក្នុងការបញ្ចៀសផងដែរ»។
បើតាមលោក គង់ ពុទ្ធិការ គិតមកដល់ពេលនេះ ការស្រាវជ្រាវបឋមរបស់អ្នកជំនាញធារាសាស្ត្រ និងភូគព្ភសាស្ត្រជាតិ បានចំណាយ៣ថ្ងៃហើយនៅតំបន់ប្រាសាទព្រះវិហារ បន្ទាប់ពីការស្រាវជ្រាវបឋមរួចមក ក្រុមអ្នកជំនាញទាំងនោះ បានប្រមូលសំណាកមួយចំនួនរួមមាន៖ ថ្មធម្មជាតិ និងឯកសារដែលពាក់ព័ន្ធនឹងរបបទឹកភ្លៀងដែលធ្លាក់លើប្រាសាទកន្លងមក យកទៅមន្ទីរពិសោធន៍។
ក្រោយពីប្រមូលសំណាកទៅមន្ទីរពិសោធន៍ហើយ ក្រុមអ្នកជំនាញទាំងនោះ ត្រូវការពេលច្រើន ដើម្បីវិភាគទំហំនៃទឹកភ្លៀង ល្បឿន និងចរន្តទិសដៅទឹកហូរមកម្តុំគោបុរៈទី៥ និងការប្រែប្រួលសណ្ឋានដី និងគ្រឹះថ្មភ្នំធម្មជាតិ ដែលទ្ររចនាសម្ព័ន្ធប្រាសាទ ដោយធ្វើឱ្យប៉ះពាល់ទៅដល់ប្រាសាទព្រះវិហារ។
លោក គង់ ពុទ្ធិការ បានប្រាប់ថា៖ «នៅពេលយកសំណាកទៅពិសោធហើយ ពួកគាត់ត្រូវការចុះមកម្ដងទៀត ហើយអាចយកសំណាកមួយចំនួនទៀតយកទៅពិសោធថែមទៀត ដូច្នេះលទ្ធផលអាចយូរក្នុងរយៈពេលពី ៣ខែ ទៅ ៦ខែខាងមុខ»។
បើតាមអគ្គនាយកអាជ្ញាធរជាតិព្រះវិហារ នៅពេលលទ្ធផលរកឃើញបានបង្ហាញទំហំនៃផលប៉ះពាល់លើប្រាសាទយ៉ាងណានោះ អាជ្ញាធរជាតិព្រះវិហារ នឹងធ្វើការប្រមូលដើម្បីចងក្រងឯកសារលម្អិតបន្ថែមមុននឹងលើកផែនការជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ តាមអនុសាសន៍របស់អ្នកជំនាញការអាដហុកនៃអង្គការយូណេស្កូ បានផ្ដល់ឱ្យកាលពីកន្លងមកនេះ។
សូមបញ្ជាក់ថា ស្ថាប័នស្រាវជ្រាវបុរាណវិទ្យានៃប្រទេសឥណ្ឌា និងអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញអ្នកជំនាញធារាសាស្ត្រ និងភូគព្ភសាស្ត្រជាតិមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីចុះមកសិក្សាស្រាវជ្រាវអំពីប្រព័ន្ធធារាសាស្ត្រ និងភូគព្ភសាស្ត្រនៅប្រាសាទព្រះវិហារ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៕