ភ្នំពេញៈលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានប្រកាសដាក់ចេញវិធានការម៉ឺងម៉ាត់ដាច់ខាត សម្រាប់ដោះស្រាយសំណុំរឿងចំនួន៣ប្រភេទ គឺសំណុំរឿងក្តីគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ និងសំណុំរឿងក្តីពាក់ព័ន្ធអត្រានុកូលដ្ឋាន ដែលពលរដ្ឋជាអ្នករងគ្រោះផ្ទាល់។
ការប្រកាសដាក់ចេញវិធានការម៉ឺងម៉ាត់ដាច់ខាតរបស់លោក កើត រិទ្ធ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ប្រកាសដាក់ចេញនូវយុទ្ធនាការចំនួន២ គឺយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការ ត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដែលធ្វើឡើងនៅទីស្តីការក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី៩ ខែមករានេះ។
លោក កើត រិទ្ធ ដែលជាប្រធានគណៈបញ្ជាការដឹកនាំយុទ្ធនាការទាំង២ខាងលើនេះបានលើកឡើងថា វិធានការចម្បងចំពោះបញ្ហាគ្រឿងញៀន លោកនឹងស្នើសុំដល់ចៅក្រម ព្រះរាជអាជ្ញា និងមន្ត្រីតុលាការទាំងអស់ ធ្វើយ៉ាងណា ត្រូវធានាឱ្យបានដាច់ខាតនូវគោលការណ៍ការងារចំនួន៣គឺ ទី១ គឺតម្លាភាព ទី២គឺភាពម៉ឺងម៉ាត់ ទី៣គឺភាពត្រឹមត្រូវក្នុងការអនុវត្តច្បាប់ ហើយមន្ត្រីតុលាការក៏ត្រូវរួមចំណែកក្នុងការទទួលខុសត្រូវចំពោះមុខប្រជាជាតិ ផងដែរ។
លោកបន្តថា ក្រសួងយុត្តិធម៌នឹងធ្វើការងារជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយក្រសួងត្រូវតែធ្វើការងារដោយម៉ឺងម៉ាត់ក្នុងរឿងនេះ ដោយស្នើដល់សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី ត្រូវរៀបចំសេចក្តីប្រកាសព័ត៌មានដើម្បីបង្ហាញពីតម្លាភាពក្នុងចំណាត់ការសំណុំរឿងក្តីគ្រឿងញៀន នៅគ្រប់ដំណាក់កាលទាំងអស់ នៃនីតិវិធី ដោយកំណត់គ្រឿងញៀនត្រឹមកម្រិតណាមួយ សម្រាប់ធ្វើការប្រកាស។
លោកថ្លែងថា៖«ឥឡូវគ្រឿងញៀនចាប់ពីកម្រិតណាមួយទៅ ដែលយើងនឹងឯកភាពគ្នាជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថា ពេលដែលបញ្ជូនមកដល់ព្រះរាជអាជ្ញា ពេលព្រះរាជអាជ្ញាកាន់រឿងក្តីហ្នឹង ពេលដែលគាត់ចាត់ការចោទប្រកាន់ឬក៏យ៉ាងម៉េច សុំឱ្យគាត់ធ្វើសេចក្តីប្រកាសព័ត៌មានមួយ យើងនឹងឆែកព័ត៌មាននេះគ្រប់គ្នា»។
ចំពោះបញ្ហាគ្រឿងញៀនបើរកឃើញថា មានពាក់ព័ន្ធរកប្រយោជន៍ក្នុងបញ្ហាសំណុំរឿងក្តីគ្រឿងញៀន ត្រូវតែធ្វើការវះកាត់ដោយមិនលើកលែង។
បើតាមលោក កើត រិទ្ធ សំណុំរឿងគ្រឿងញៀននៅតុលាការ គិតត្រឹមថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ មាន ៦៦ភាគរយ នៃសំណុំរឿងព្រហ្មទណ្ឌទាំងអស់ ដែលជាទំហំមួយយ៉ាងធំ នៃគ្រោះថ្នាក់ដោយសារគ្រឿងញៀន។
ដោយឡែកសំណុំរឿងទី២ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ លោករដ្ឋមន្ត្រីបានលើកឡើងថា នៅពេលមានគ្រោះថ្នាក់ចរាចរណ៍ មិនត្រូវឱ្យជនរងគ្រោះ និងគ្រួសាររងគ្រោះក្នុងនីតិវិធីនោះទេ ហេតុនេះបើសិនបញ្ហាគ្រោះថ្នាក់ចរាចរណ៍ត្រូវដោះស្រាយតាមនីតិវិធី បញ្ហាសំខាន់ត្រូវដោះមុនគេ គឺសំណង។
ប្រភពដដែលបន្តថា វិធានការដើម្បីអនុវត្តការងារនេះ ក្រសួងយុត្តិធម៌ និងណែនាំឱ្យតុលាការ ចាត់តាំងឱ្យមានព្រះរាជអាជ្ញារង និងចៅក្រមដែលទទួលបន្ទុកលើការងារចរាចរណ៍តែម្តង។ អ្នកដែលបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវតែទទួលខុសត្រូវយ៉ាងម៉ឺងម៉ាត់ចំពោះមុខច្បាប់ ហើយចៀសវាងដាច់ខាត រឿងបុកគេស្លាប់ហើយបង់លុយរួចខ្លួន សំខាន់គឺភាពជាក់ស្តែងនៃខុសនិងត្រូវតាមផ្លូវច្បាប់។
លោកថ្លែងថា៖«មិនប្រាកដថា ពេលខ្លះថ្មើរជើងត្រូវតែជាអ្នកត្រូវទេ ឬក៏អ្នកជិះម៉ូតូសុទ្ធតែអ្នកត្រូវ ហើយអ្នកបើកឡានសុទ្ធតែអ្នកខុសទេ។ ខុសត្រូវស៊ីសងគ្នាលើអង្គហេតុ ស៊ីសងគ្នាលើអង្គច្បាប់ ស៊ីសងគ្នាលើភ័ស្តុតាង។ ឧទាហរណ៍អ្នកខ្លះគាត់បើកតាមផ្លូវត្រឹមត្រូវ មានអ្នកចង់សម្លាប់ខ្លួនគាត់លោតចូលឡាន យើងឱ្យអ្នកបើកឡានខុសម៉េចកើត»។
ចំណែក បញ្ហាសំណុំរឿងអត្រានុកូលដ្ឋាន លោកកើត រិទ្ធ ថា នឹងស្នើសុំឱ្យចៅក្រមនៅទូទាំងប្រទេស រៀបចំបង្កើតឱ្យមានចៅក្រមដែលទទួលបន្ទុកលើការងារនេះផងដែរ។ លោកបានស្នើសុំចំពោះការអនុវត្តការងារនេះឱ្យមានតែ២គត់គឺ លឿន និងត្រឹមត្រូវ។ លោកបញ្ជាក់ថា រឿងពាក់ព័ន្ធអត្រានុកូលដ្ឋាន បើមានបញ្ហាមិនប្រក្រតី អាចប្តឹងមកអគ្គលេខាធិការដ្ឋាន នៃក្រសួងយុត្តិធម៌បានគ្រប់រឿង។
បើតាមលោកឧបនាយករដ្ឋមន្ត្រី គិតមកដល់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤នេះ មានសំណុំរឿងអត្រានុកូលដ្ឋាន នៅតុលាការសរុបមានប្រមាណ៦ ០០០សំណុំរឿង ស្មើនឹង២៣ភាគរយ នៃសំណុំរឿងរដ្ឋប្បវេណីទាំងមូល។ នេះជាចំនួនមួយយ៉ាងច្រើន ដែលក្នុងនោះគ្រាន់តែមានការខុសឈ្មោះ ឬថ្ងៃខែឆ្នាំបន្តិច តាមច្បាប់ក៏ត្រូវតែឡើងមកតុលាការផងដែរ។
លោកថ្លែងថា៖«ខ្ញុំនឹងធ្វើការជាមួយតុលាការលើបញ្ហាមួយនេះ រឿងនេះច្រើនណាស់ ស្មើ២៣ភាគរយ សួរថា តើកំហុសនៅក្នុងឯកសារលិខិតអត្រានុកូលដ្ឋានហ្នឹង ជាកំហុសរបស់ប្រជាជន? ប្រជាជនជាអ្នកសរសេរខុស? មិនមែនឯណា អ៊ីចឹងរឿងអីឱ្យគាត់ខុស ហើយត្រូវរង់ចាំរាប់ខែរាប់ឆ្នាំទៀត អត់ទេ គឺថា សុំធ្វើឱ្យលឿន»៕