​ភ្នំពេញៈ ស្ថានទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េខាងត្បូងបានប្រកាសថា រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ដាក់ឱ្យ​ដំណើរការ​សេវា​ផ្តល់​លិខិតឆ្លងដែន​ធម្មតា​ជូន​ប្រជាពលរដ្ឋ និង​ពលករ​កម្ពុជា ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ចាប់ពី​ថ្ងៃទី​​ ​១០ ខែមករា ឆ្នាំ​ ​​២០២៤​ តទៅ​។​

​យោងតាម​សេចក្តីជូនដំណឹង របស់​ស្ថានទូត​កម្ពុជា ស្ដីពី​សេវា​ផ្តល់​លិខិតឆ្លងដែន​ធម្មតា​ជូន​ប្រជាពលរដ្ឋ និង​ពលករ​កម្ពុជា​ដែល​កំពុងស្នាក់នៅ និង​ធ្វើការ​នៅ​សាធារណរដ្ឋ​កូរ៉េ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៩ ខែមករា​ លើកឡើងថា ការផ្តល់​ព័​ត៌​មាន​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​ដល់​ប្រជាពលរដ្ឋ និង​ពលករ​កម្ពុជា​នៅ​កូរ៉េខាងត្បូង មានដូចជា ទីតាំង​ផ្តល់​សេវា​,​ពេលវេលា​នៃ​ការផ្តល់សេវា​ក៏ដូចជា​ឯកសារ​ចាំបាច់​ដែល​ត្រូវការ​សម្រាប់​ការធ្វើ​លិខិតឆ្លងដែន​ជាដើម​។​

​លោកស្រី ជ្រឹង បុ​ទុមរ​ង្សី ឯក​អគ្គរាជទូត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​កូរ៉េ បាន​ប្រាប់ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី​ ៩ ខែមករា​ថា ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​អាចធ្វើ​លិខិតឆ្លងដែន​ធម្មតា​ពី​ប្រទេស​កូរ៉េ​នេះ​គឺ​ទទួល​បានការ​សាទរ​យ៉ាងខ្លាំង​ពី​ប្រជា​ពលរដ្ឋ ព្រោះថា នេះ​ជាការ​គិតគូរ​ហ្មត់ចត់​ពី​សំណាក់​ប្រមុខ​រដ្ឋា​ភិ​បាល​ចំពោះ​បងប្អូន​នៅក្រៅ​ប្រទេស​។

កន្លងមក​ប្រជាពលរដ្ឋ​​ខ្មែរ​ដែល​រស់នៅ និង​ធ្វើការ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ជួប​ការ​លំបាក​ក្នុងការ​ត្រឡប់មក​កម្ពុជា​វិញ ដើម្បី​ធ្វើលិខិត​ឆ្លងដែន​ថ្មី ឬក៏​បន្ត​សុពលភាព​លិខិតឆ្លងដែន ដែល​ត្រូវ​ចំណាយ​ពេលវេលា​និង​លុយកាក់​ច្រើន​។ 

​លោកស្រី​បញ្ជាក់ថា​៖ «​តាម​ការប្រកាស​របស់​សម្តេច​មហា​បវរ​ធិបតី​ដែល​សម្តេច​បានប្រកាស​កា​លពី​ដើម​ខែកញ្ញា ឆ្នាំ​ ២០២៣ ​កន្លងទៅ​បានធ្វើឱ្យ​ពលរដ្ឋ​យើង​មានការ​សាទរ​យ៉ាងខ្លាំង​ហើយ​ស្ថាន​ទូត​តែងតែ​ទទួលបាន​សំណួរ​ជា​ញឹកញយ​ពី​បងប្អូន​យើង​ថា ពេលណា​អាចធ្វើ​បាន​។ ឥឡូវនេះ យើង​បាន​ដាក់ឱ្យ​ដំណើរការ​ហើយ បងប្អូន​ពលរដ្ឋ​ពិតជា​រីករាយ​ខ្លាំង​។ កន្លងទៅ​បងប្អូន​យើង​គាត់​ត្រូវ​ចំណាយ​ច្រើន​ទាំង​លុយកាក់ និង​ពេលវេលា​ទៅលើ​ការធ្វើដំណើរ ហូបចុក​ស្នាក់នៅ និង​ខាត​ពេល​វេលា​ធ្វើការ​ទៀតផង​»​។​

​បើតាម​លោកស្រី​ ជ្រឹង បុ​ទុមរ​ង្សី  បណ្តា​ក្រសួង​ពាក់ព័ន្ធ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងការបរទេស  ក្រសួង​ការងារ រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃទៀត បានធ្វើការ​យ៉ាង​មមាញឹក ដើម្បី​រៀបចំ​នីតិវិធី លក្ខន្តិកៈ និង​ក្រុមការងារ ដែល​មានការ​ជ្រោមជ្រែង​ពី​ក្រសួង​​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែលមាន​រយៈពេល​តែ​ ៣ ​ខែ​ដើម្បី​ការងារ​នេះ ចាប់តាំងពី​ខែកញ្ញា​មក​។​

​លោកស្រី​បាន​ប្រាប់ទៀតថា​៖ «​នៅ​ថ្ងៃទី​ ៤ ខែមករា កន្លងទៅ ក្រុមការងារ​ក្រសួងមហាផ្ទៃ បានមក​ដល់​សាធារណរដ្ឋ​កូរ៉េ ដើម្បី​រៀបចំ​ធ្វើលិខិត​ឆ្លងដែន ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​។ តាំងពី​ក្រុមការងារ​គាត់​មកដល់ គឺ​គាត់​មមាញឹក​ខ្លាំងណាស់ ដើម្បី​ដំឡើង​ប្រព័ន្ធ​បច្ចេកទេស ដោយ​ធ្វើ​យ៉ាង​ណា​ផ្តល់​សេវា​ដល់​បងប្អូន​យើង​ឱ្យបាន​ល្អ និង​ដិតដល់​»​។​

​លោក ថៃ វិមាន ពលករ​ខ្មែរ ដែល​កំពុងធ្វើការ​នៅ​តំបន់​ជេ​ជូ នៃ​សាធារណរដ្ឋ​កូរ៉េ បានឱ្យដឹង​ដែរ​ថា នៅ​ទីបំផុត​សេវា​ធ្វើលិខិត​ឆ្លងដែន​នេះ​បាន​មកដល់​កូរ៉េ​ហើយ​ខណៈដែល​កន្លងទៅ​លោក​និង​ពលករ​ដទៃ តែងតែ​លើកឡើង​ពី​ផល​លំបាក​រាល់​ពេលដែល​ត្រូវ​បន្ត​សុពលភាព​លិខិតឆ្លងដែន​ម្តងៗ​ត្រូវ​ចំណាយ​ច្រើន​។

លោក​និយាយថា​៖ «​ស្តាយ​ដែរ​ដែល​ខ្ញុំ​ទើបតែ​ត្រឡប់​មកពី​ស្រុក​ខែ្មរ ប៉ុន្មាន​ខែ​មុន​ដើម្បី​បន្ត​លិខិតឆ្លងដែន​។​ ​ការ​​រៀបចំ​ឱ្យមាន​សេវា​នេះ នៅ​ប្រទេស​​កូរ៉េ ពិតជា​បាន​ជួយ​ច្រើន​ដល់​ពលករ​យើង​ជាពិសេស​ជួយ​ច្រើន​លើ​ការកាត់បន្ថយ​ការចំណាយ និង​ចំណេញ​ពេលវេលា​តែម្តង​»​។​

​ចំណែក​លោក កែន សោ​ភ័​ណ្ឌ​​រិ​ទ្ធិ ប្រធាន​សមាគម​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា (ACRA) បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការសម្រេច​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នេះ គឺជា​ការ​បង្ខិត​សេវា​ឱ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ ដែល​នេះ​ជាការ​បង្ហាញ​ពី​ការយកចិត្ត​ទុកដាក់​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​ខ្មែរ ដែល​រស់នៅ​បរទេស ដូចជា​កូរ៉េ​ជាដើម​នេះ​។

លោក​បញ្ជាក់ថា​៖ «​យើង​ដឹង​ហើយ​ថា រាល់ពេល​ត្រឡប់មក​ធ្វើលិខិត​ឆ្លងដែន​នៅ​ខ្មែរ​ម្តងៗ​មិនមែន​ចំណាយ​តិច​ទេ ហើយ​ខាត​ពេលវេលា​ច្រើន​ទៀត​។ និយាយ​រួម សេវា​ផ្ដល់​លិខិតឆ្លងដែន​ធម្មតា​នៅ​កូរ៉េ ពិតជា​ជួយ​សម្រាល​ការលំបាក​របស់​បងប្អូន​ពលករ​យើង​ច្រើន​មែនទែន​»​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​កម្ពុជា​ប្រចាំ​សា​ធារ​ណ​រដ្ឋ​កូរ៉េខាងត្បូង ឱ្យដឹងថា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​សាធារណរដ្ឋ​កូរ៉េ អាច​ទទួល​សេវា​ធ្វើលិខិត​ឆ្លង​ដែន​នេះ​នៅ​ស្ថាន​ឯកអគ្គ​រាជ​ទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ដោយពេល​វេលា​នៃ​ការផ្តល់សេវា​គឺ​ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ (​លើកលែង​ថ្ងៃ​សម្រាក ឬ​ការកំណត់​ដោយឡែក​) ពេលព្រឹក​ចាប់ពី​ម៉ោង​ ៩:០០-១២:០០ និង​រសៀល​ចាប់ពី​ម៉ោង ១៤:០០-១៧:០០​។​

​ដោយឡែក បែបបទ និង​នីតិវិធី រួមមាន​ចំពោះ​ករណី​ពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី ​១៥​ ឆ្នាំ​ឡើង ត្រូវមាន​ឯកសារ​ដូចជា លិខិតឆ្លងដែន​ច្បាប់ដើម Royal Embassy of Cambodia​។

ក្នុងករណី​ដែល​បាត់ ​ឬ​ខូច​លិខិត​ឆ្លង​ដែន​ច្បាប់ដើម ត្រូវមាន​លិខិត​បញ្ជាក់​ពី​ស្ថានទូត (​ដើម្បី​ទទួលបាន​លិខិតបញ្ជាក់​ពី​ស្ថាន​ទូត សាមីខ្លួន​ត្រូវមាន​លិខិត​​រាយការណ៍​ពី​ប៉ូលិស ឬ​អាជ្ញាធរ​កូរ៉េ និង​ភ្ជាប់​មកជា​មួយ​នូវ​លិខិត​ឆ្លងដែន​ថតចម្លង ឬ​អត្ត​សញ្ញា​ណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​សេចក្ដី​ចម្លងសំបុត្រ​កំណើត ឬ​សេចក្ដី​ចម្លងសំបុត្រ​បញ្ជាក់​កំណើត ឬ​ឯកសារ​ផ្សេងទៀត​ដែល​បញ្ជាក់​អំពី​សញ្ជាតិ​ខ្មែរ​),​បណ្ណ​ស្នាក់នៅ​របស់​ប្រទេស​កូរ៉េ (Residence card)​ ដែលមាន​សុពលភាព​។​

​នៅក្នុង​ករណី​បណ្ណ​ស្នាក់នៅ​នេះ​បាត់ ឬ​មិនមាន​សុពលភាព ត្រូវមាន​លិខិតបញ្ជាក់​ពី​ស្ថានទូត (​ដើម្បី​ទទួលបាន​លិខិតបញ្ជាក់​ពី​ស្ថានទូត សាមីខ្លួន​ត្រូវមាន​លិខិតបញ្ជាក់​ពី​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា សមត្ថកិច្ច​ភូមិ​-​ឃុំ គ្រឹះស្ថានសិក្សា​ឬ​និយោជក ។ 

​ករណី​ទារក​ឬ​កុមារ​ដែលមាន​អាយុ​ក្រោម ​១៥ ​ឆ្នាំ​ត្រូវមាន​ឯកសារ​ដូច​ករណី​ខាងលើ ដោយ​ភ្ជាប់​បន្ថែម​នូវ​ឯកសារ​ដូចជា លិខិតអនុញ្ញាត​ជា​លាយលក្ខណ៍អក្សរ​ពី​ឪពុក ឬ​ម្តាយ​ឬ​អាណា​ព្យាបាល លិខិតបញ្ជាក់​កំណើត ឬ​លិខិត​ស្នើសុំ​ពី​ស្ថានទូត​។​

​ស្ថានទូត​បាន​បន្តថា ចំពោះ​តម្លៃ និង​រយៈពេល​ផ្តល់​សេវា​វិញ គឺ​អាយុ​ចាប់ពី ​៦ ​ឆ្នាំ​ឡើង មាន​សុ​​ពល​រយៈពេល ១០ ​ឆ្នាំ​តម្លៃ​ ១១៨​ ដុល្លារ រយៈពេល​នៃ​ការធ្វើ​ពី​ ៤​ ទៅ ៥​ សប្តាហ៍​ទើបបាន​។ ដោយ​​ឡែក​អាយុ​ចាប់ពី ០ ដល់ ​៥ ​ឆ្នាំ មាន​សុពលភាព​រយៈពេល ៥ ​ឆ្នាំ តម្លៃ​ ៩៨​ ដុល្លារ​ដោយ​តម្លៃ​នេះ គឺ​រួមបញ្ចូល​ទាំង​ថ្លៃ​រូបថត វេច​ខ្ចប់ និង​បញ្ញើ​ឆាប់រហ័ស​ទៅវិញ​ទៅ​​មក កម្ពុជា​-​កូរ៉េ​៕