ភ្នំពេញៈ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា ទីផ្សារចិនគឺជាទីផ្សារដ៏ល្អ និងមានសក្តានុពលមួយ សម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ជាពិសេសផលិតផលផ្លែឈើស្រស់ ដូចជា មៀនប៉ៃលិន ចេក និងស្វាយជាដើម ហើយកំណើននៃការនាំចេញបន្តកើនឡើងជាលំដាប់ ដរាបណាផលិតផលផ្លែឈើស្រស់របស់កម្ពុជានៅរក្សាបានគុណភាព និងគោរពតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញ។
លោក ឃឹម ហ្វីណង់ បានថ្លែងនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ ថា ជាទូទៅការនាំចេញផលិតផលផ្លែឈើស្រស់របស់កម្ពុជា ត្រូវគោរពទៅតាមពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផលិតផលនោះ ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ដោយត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន។
លោកបានប្រាប់ថា៖ «សម្រាប់លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផលិតផលទៅកាន់ប្រទេសចិននេះ គឺបង្ហាញពីការប្រយ័ត្នប្រយែងរបស់គេ ខណៈដែលយើងក៏មានដូចគ្នា។ ទោះបែបនេះក៏ដោយ យើងមិនដែលមានបញ្ហាណាមួយ ដែលថាផ្លែឈើស្រស់ពីប្រទេសកម្ពុជាទៅមានបញ្ហាអ្វីទេ។ ដូច្នេះទោះបីជាលក្ខខណ្ឌតម្រូវតឹងរ៉ឹងក៏ដោយក៏យើងមិនដែលទទួលបានការរាយការណ៍ណាមួយថា ផ្លែឈើយើងមានបញ្ហាដែរ»។
លោក ឃឹម ហ្វីណង់ បានបន្ថែមថា ទីផ្សារចិនជាទីផ្សារដ៏ធំរបស់ពិភពលោកដោយសារតែប្រទេសនេះមានប្រជាជនច្រើន ដូចនេះកម្ពុជា មានឱកាសពង្រីកបន្ថែមទៀត សម្រាប់ទីផ្សារប្រទេសមួយនេះ ប៉ុន្តែអ្វីដែលត្រូវធ្វើជាដំបូង គឺការពង្រឹងគុណភាព បរិមាណ និងផលិតឱ្យបានត្រឹមត្រូវតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យដែលគេចង់បាន។
លោកបានបញ្ជាក់ថា៖ «ជារួម យើងគិតថា ទីផ្សារវានឹងមានការរីកដុះដាលបន្ថែមទៀត ដូចដែលយើងបានឃើញកន្លងមក។ ឥឡូវនេះ គឺយើងធ្វើទៅតាមកិច្ចសន្យា ហើយបើគេស្គាល់យើងកាន់តែច្រើន ខ្ញុំគិតថា ទីផ្សារដូចជាប្រទេសចិននេះ មានសក្តានុពលណាស់ ពោលគឺវាមានតែកើនជាលំដាប់វាកម្រនឹងថយចុះណាស់ លើកលែងតែទីផ្សារវាចាល់ ឬគុណភាពផលិតផលមិនដល់។ តែដរាបណាយើងនៅថែរក្សាគុណភាពរបស់យើង ខ្ញុំគិតថា ទីផ្សារចិននេះ បន្តរីកចម្រើនជាលំដាប់»។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ឡុង ម៉េត ដែលជាក្រុមហ៊ុនដាំដុះ និងនាំចេញផ្លែស្វាយ ចេក និងបន្លែ ទៅទីផ្សារអន្តរជាតិ បានប្រាប់ឱ្យដឹងដែរថា ទីផ្សារចិន គឺជាទីផ្សារល្អ ដែលអាចស្រូបទាញផលិតផលកសិកម្មកម្ពុជាបានច្រើន បើសិនជាកម្ពុជា ដាំដុះផលិតផលកសិកម្មទាំងនោះទៅតាមស្តង់ដាដែលគេកំណត់។
លោកបន្តថា ក្រៅពីផ្លែចេកស្រស់ បច្ចុប្បន្នកម្ពុជាក៏បាននាំចេញផលិតផលកសិកម្មជាច្រើនមុខទៀត ទៅប្រទេសចិនមានដូចជា អង្ករ ដំឡូងមី និងផ្លែស្វាយជាដើម ហើយនាពេលអនាគតកម្ពុជាអាចនឹងនាំផលិតផលដទៃទៀតទៅកាន់តែច្រើនស្របពេលទំនាក់ទំនងកម្ពុជាចិន កាន់តែមានភាពល្អប្រសើរ។
លោក ហ៊ុន ឡាក់ បានបញ្ជាក់ថា៖ «ដោយសារទីផ្សារចិនមានតម្រូវការច្រើន ហើយប្រទេសទាំង ២ ក៏មានកិច្ចសហការល្អជាមួយគ្នានោះ ការនាំចេញផលិតផលផ្លែឈើស្រស់ រួមនឹងកសិផលជាច្រើនទៀតទៅចិននឹងមានបរិមាណកាន់តែច្រើន។ ទោះយ៉ាងណាទីផ្សារទទួលទិញផលិតផលកសិកម្ម ជាប្រភេទផ្លែឈើស្រស់ពីកម្ពុជា គឺមានតែប្រទេសក្នុងតំបន់ដូចជា ចិន វៀតណាម និងជប៉ុន ប៉ុណ្ណោះ»។
បើតាមលោក ហ៊ុន ឡាក់ បច្ចុប្បន្នក្រៅពីទីផ្សារប្រទេសក្នុងតំបន់ រដ្ឋាភិបាល និងផ្នែកឯកជនកំពុងខិតខំស្វែងរកទីផ្សារនៅតំបន់អឺរ៉ុបផងដែរ។
យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម បានឱ្យដឹងថា នៅក្នុងឆ្នាំ ២០២៣ កន្លងទៅ ការប្រមូលផលដំណាំសាកវប្បកម្ម សម្រេចបានចំនួន ១៩ ០៨៨ ហិកតា ស្មើនឹង ៥៣,៤០ ភាគរយ នៃផែនការចំនួន ៣៥ ៧៤៤ ហិកតា លើសឆ្នាំមុនចំនួន ៣ ៥៧០ ហិកតា។ ខណៈដែលដំណាំឧស្សាហកម្មអនុវត្តបានចំនួន ៦២ ៤៧៤ហិកតា ស្មើនឹង ៥៦,៥១ ភាគរយ នៃផែនការចំនួន ១១០ ៥៥៧ ហិកតា លើសឆ្នាំមុន ៤ ២៧៥ ហិកតា។
ដោយឡែកការនាំចេញកសិផលសំខាន់ៗក្រៅពីស្រូវអង្ករសម្រេចបាន ជាង ៥ លានតោន ដែលគិតជាទឹកប្រាក់ប្រមាណជាង ២ ៧៩៩ លានដុល្លារអាមេរិក៕