ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា ការធ្វើកំណែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ ហើយការធ្វើកំណែទម្រង់ដើម្បីឱ្យទទួលបានជោគជ័យក៏មិនមែនជាការងាយស្រួលដែរ ខណៈដែលការកែទម្រង់ការប្រឡងគឺជាការលុបបំបាត់វប្បធម៌អន្តរាគមន៍។
លោកបានថ្លែងដូចនេះនៅក្នុងពិធីសំណេះសំណាលជាមួយបេក្ខជនជាប់និទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំនួន ១ ៦៩១ នាក់ និងបេក្ខជននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត ៣ ចំនួន ១៨ នាក់ នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៤ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ (OCIC)។
លោកក៏បានថ្លែងដែរថា បេក្ខជនជាប់និទ្ទេស A ដែលអាចទទួលបានលទ្ធផលល្អប្រសើរនេះ អាស្រ័យដោយមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសតួអង្គ ៥ សំខាន់ រួមមាន សិស្សានុសិស្សខ្លួនឯងផ្ទាល់,ការយកចិត្តទុកដាក់បង្រៀនពីលោកគ្រូ-អ្នកគ្រូ, ការជួយជ្រោមជ្រែងពីមាតាបិតាអាណាព្យាបាលរបស់សិស្សានុសិស្សទាំងអស់។
ការយកចិត្តទុកដាក់ពីក្រសួងអប់រំ យុវជន និងកីឡា និងតួអង្គសំខាន់ចុងក្រោយ គឺការចូលរួមរបស់មហាជនរួមទាំងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានដែលបានខ្នះខ្នែងផ្តល់លទ្ធភាពបំពាក់បំប៉នសមត្ថភាពដល់សិស្សានុ-សិស្សនៅមុនការប្រឡង ដើម្បីជួយឱ្យទទួលបានលទ្ធផលល្អក្នុងការសិក្សា និងការប្រឡងដោយជោគជ័យនេះ។
លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា ការកែទម្រង់មិនមែនជាការធ្វើបដិវត្តន៍ទេ មិនមែនផ្តាច់ចោលគោលនយោបាយពីមុន លុបចោលទាំងអស់នោះ ហើយអនុវត្តដូចជំនាន់ខ្មែរក្រហមដែលលុបចោលកម្មសិទ្ធិឯកជន ហើយដាក់អ្វីផ្សេងៗ យើងអត់ទេ»។
លោកបានបន្តថា៖ «គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជានិរន្តរភាព និងចីរភាពនៃនយោបាយដែលមានពីមុនមក ហើយជាពិសេសយុទ្ធសាស្ត្របញ្ចកោណគឺផ្អែកលើមូលដ្ឋានយុទ្ធសាស្ត្រចតុកោណ»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការកែទម្រង់នេះមិនមែនងាយស្រួលទេដែលការទាញឱ្យសហគមន៍ឪពុកម្តាយ អាណាព្យាបាល និងសិស្សផ្លាស់ប្តូរវប្បធម៌ និងផ្នត់គំនិតបានចាប់តាំងពីឆ្នាំ ២០១៤ រហូតមកដល់ពេលនេះ គឺពិតជាមានការលំបាកណាស់។
លោកបានបញ្ជាក់ថា៖ «ការកែទម្រង់នៅឆ្នាំ ២០១៤ មិនស្រួលដូចពេលនេះទេ ហើយសូម្បីតែនៅឆ្នាំ ២០១៥ ,២០១៦ ក៏មានអ្នកនៅជឿថា ការកែទម្រង់នឹងមិនអាចទៅមុខបានដែរ ប៉ុន្តែ ១០ ឆ្នាំកន្លងមកយើងបានទៅ ហើយបានកែសម្រួល។ នេះគឺជាជោគជ័យមួយដ៏សំខាន់ ហើយបទពិសោធន៍នេះបានបញ្ជាក់ថាយើងអាចធ្វើបាន»។
លោក ហ៊ុន ម៉ាណែត បានឱ្យដឹងដែរថា ការកែទម្រង់ដែលអាចធ្វើទៅបាន ហើយមានការទទួលស្គាល់ និងមានចីរភាពបែបនេះ គឺផ្អែកទៅលើកត្តាគន្លឹះចំនួន៤ គឺ៖ មានចក្ខុវិស័យច្បាស់លាស់ ដោយឈរលើប្រយោជន៍ជាតិ,ការប្តេជ្ញាចិត្តខ្ពស់,ការចូលរួមដោយស្មោះត្រង់ និងការលះបង់។
លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «គោលដៅធំ ៤ នៃការអប់រំ គឺអប់រំជាមនុស្សមានចំណេះដឹង, ចេះធ្វើ បង្កើតជំនាញ,ជាពលរដ្ឋល្អមានសីលធម៌ និងអប់រំឱ្យចេះរស់នៅក្នុងប្រកបដោយសុខដុមរមនា»។ នាឱកាសនោះដែរ លោកក៏បានលើកទឹកចិត្តដល់សិស្សដែលមិនទទួលបានលទ្ធផលល្អ ឬមិនបានប្រឡងជាប់ មិនត្រូវបោះបង់ចោលការសិក្សាទេ ព្រោះផ្លូវនៅវែងឆ្ងាយ គឺត្រូវតែដើរទៅមុខបន្តទៀត។
លោកបានថ្លែងថា៖ «ខ្ញុំក៏សូមលើកទឹកចិត្តដល់ក្មួយៗដែលមិនបានជាប់នៅឆ្នាំនេះ យើងបានខិតខំរៀនសូត្រ ១២ ឆ្នាំបានប្រឡង តែលទ្ធផលមិនបានដូចចិត្ត តែកុំអស់សង្ឃឹម យើងមានច្រកបន្តទៀត។ ក្មួយៗអាចជ្រើសរើសការរៀនបរិញ្ញាបត្ររង ជំនាញបច្ចេកទេស ឬអាចរៀនឡើងវិញដើម្បីប្រឡងយកបាក់ឌុបនៅឆ្នាំបន្ទាប់ទៀតបាន។ អ៊ីចឹង! សូមកុំអស់សង្ឃឹម»។
សូមរំឭកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី ៦-៧ ខែវិច្ឆិកា ២០២៣ ដែលមានបេក្ខជនបានមកប្រឡងចំនួន ១៣៥ ០៧២ នាក់ និងបេក្ខជនដែលបានប្រឡងជាប់មានចំនួន ៩៨ ៤៦០ នាក់ ស្មើនឹង ៧២,៨៩% នៃចំនួនបេក្ខជនបានមកប្រឡងសរុបដោយបេក្ខជនទទួលបាននិទ្ទេស A ចំនួន ១ ៦៧៣ នាក់ (ស្រី ៩៤៧ នាក់)។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងក្នុងពិធីនោះដែរថា លទ្ធផលជាទីមោទនៈដែលទទួលបានរហូតមកដល់សព្វថ្ងៃនេះ ដោយសារមានការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីដែលបានដឹកនាំប្រទេសកម្ពុជាឱ្យមានការបង្រួបបង្រួមផ្សះផ្សាជាតិ សុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍនៅលើគ្រប់វិស័យ។
លោកបានបន្តថា សម្រាប់អាណត្តិទី៧ នេះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្តមាគ៌ាដ៏ថ្លៃថ្លានេះ ហើយបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើមូលធនមនុស្ស និងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រផងដែរ។
លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំកម្ពុជាបានថ្លែងថា លោកពិតជាកោតសរសើរលើការកែទម្រង់វិស័យអប់រំនៅកម្ពុជា ពិសេសលើការប្រឡងដែលបានជួយកាត់បន្ថយទម្លាប់អាក្រក់នៃអំពើពុករលួយដែលកើតឡើងមុនពេលប្រឡង។
លោកបានបន្តថា៖ «មួយទៀត គឺជួយដល់កំណែទម្រង់លើគុណភាពអប់រំ មានន័យថា ចង់ឬមិនចង់ក៏ជាចំហាយមួយដែលធ្លាក់ទៅដល់ថ្នាក់អនុវិទ្យាល័យឬបឋមសិក្សាដែលសិស្សម្នាក់ៗយកចិត្តទុកដាក់ និងប្រឹងប្រែងរៀនសូត្របន្ត ព្រោះការពង្រឹងការរៀន និងបង្រៀនក៏ជាចំណែកមួយឬជាឥទ្ធិពលមួយនៃការពង្រឹងការប្រឡងបាក់ឌុបមួយផងដែរ»។
ចំពោះការប្រឡងបាក់ឌុប លោក គង់ សំនៀង ក៏បានចាត់ទុកថា វាជាចំណែកមួយនៃការពង្រឹងទៅលើគុណភាពអប់រំនៅជើងក្រោមដែរ ប៉ុន្តែលោកនៅតែស្នើឱ្យក្រសួងអប់រំយកចិត្តទុកដាក់លើជើងក្រោមនេះ។
លោកបានបញ្ជាក់ថា៖ «មានន័យថាយើងកុំពង្រឹងតែច្រកចេញ តែយើងត្រូវពង្រឹងការចាប់ផ្តើម។ នៅពេលដែលយើងមានកម្លាំងឬមានថាមពលនៃចំណុចចាប់ផ្តើម នោះវាធ្វើឱ្យលទ្ធផលរបស់យើងក៏បានល្អ អ៊ីចឹងរាល់ថ្ងៃនេះមិនមែនក្រសួងមិនធ្វើទេគឺលោកចាប់ផ្តើមពង្រឹងហើយដោយក្រសួងបានបង្កើតឱ្យមានសាលាគំរូផ្សេងៗនៅទូទាំងប្រទេសហ្នឹងគឺជាការពង្រឹងពីជើងក្រោមឡើងទៅ។ យើងឃើញថាសម្រាប់អាណត្តិទី៧ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ទៅលើវិស័យអប់រំនេះផងដែរ»៕