​ភ្នំពេញៈ​ អាជ្ញាធរ​ជាតិ​ដោះ​​ស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​​ (​អ​.​ដ​.​ក​)​ នឹង​ទទួល​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​ដើម្បី​ពិនិត្យ និង​សម្រុះ​សម្រួល​ដោះស្រាយ​ចាប់ពី​ថ្ងៃទី ​១ ខែមីនា ឆ្នាំ​ ២០២៤ តទៅ បន្ទាប់ពី​ជ្រើសរើស និង​បណ្តុះ​​បណ្តាល​មន្ត្រី​របស់ខ្លួន និង​រៀបចំ​ឯកសារ​បច្ចេកទេស​រួចរាល់​។​

​ការកំណត់​ដូច្នេះ ធ្វើឡើង​តាម​រយៈ​ស្មារតី​កិច្ចប្រជុំ​លើក​ទី​១ របស់​អ​.​ដ​.​ក​.​កាលពី​ថ្ងៃទី​ ៨ ខែមករា ឆ្នាំ ​២០២៤ នៅ​សាល​​ប្រជុំ​របស់ខ្លួន​ក្នុង​បរិវេណ​បណ្ឌិត្យ​សភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា ក្រោម​អធិបតីភាព​ឧបនាយករដ្ឋមន្ត្រី លោក កើត រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​​យុត្តិធម៌ និង​ជា​ប្រធាន​របស់ ​អ​.​ដ​.​ក​. ​ដោយមាន​ការចូលរួម​ពី​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​​អធិការកិច្ច និង​ជា​អនុប្រធាន ​អ​.​ដ​.​ក​. ​ព្រមទាំង​សមាសភាព​សមាជិក​រប​ស់​អាជ្ញាធរ​ជាតិ​នេះ​នានា​ទៀត​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ អ​.​ដ​.​ក​. បានឱ្យដឹងថា អាជ្ញាធរ​ជាតិ​នេះ​នឹង​ចាប់ផ្តើម​ជ្រើសរើស​មន្ត្រី​សម្រុះ​​សម្រួល​វិវាទ​ចំនួន ៦០ ​នាក់ ក្នុងនោះ ៣០​ នាក់ ជ្រើសរើស​ពី​ក្នុង​​ចំណោម​បុគ្គល​ដែលមាន​គុណវុឌ្ឍិ តាមរយៈ​ការប្រឡងប្រជែង​និង ៣០​ នាក់​ទៀត​ជ្រើស​ចេញពី​ចំណោម​អតីត​ចៅក្រម អតីត​​ព្រះរាជអាជ្ញា ឥស្សរជន ឬ​មន្ត្រី​សាធារណៈ​ែ​ដល​មាន​បទ​ពិ​សោធន៍​ដោះស្រាយ​វិវាទ​ដោយ​ពុំ​ឆ្លងកាត់​ការប្រឡង​។​

​សេចក្តីប្រកាស​បានបញ្ជាក់​ថា​៖ «​អាជ្ញាធរ​ជាតិ​កំណត់​យក​ថ្ងៃទី ​១ ខែមីនា ឆ្នាំ​ ២០២៤ សម្រាប់​ទទួល​ពាក្យបណ្ដឹង​ផ្ទា​ល់ពី​ពលរដ្ឋ​ដើម្បី​ពិនិត្យ និង​សម្រុះសម្រួល​ដោះស្រាយ​ជូន​បន្ទាប់ពី​ជ្រើសរើស​មន្ត្រី​ជំនាញ និង​រៀបចំ​ឯកសារ​បច្ចេកទេស​របស់ខ្លួន​រួច​»​។​

​ប្រភព​ដដែល​បាន​បន្តថា ពលរដ្ឋ​អាចដាក់​ពាក្យបណ្តឹង​នៅ​អគ្គលេខា​ធិ​ការដ្ឋាន អ​.​ដ​.​ក​. តាមរយៈ​នាយកដ្ឋាន​ទទួល​ពាក្យបណ្ដឹង និង​កិច្ចការ​ទូទៅ ដែលមាន​ទីតាំងនៅ​អគារ​ពហុ​បំណង​នៃ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា នៅ​មហាវិថី​ឈ្នះ​-​ឈ្នះ ខណ្ឌ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ ឬ​អាចទាក់ទង​ទៅ​ទូរស័ព្ទ​មន្ត្រី ​(០៩៩ ៤៥៦ ១៥៦) សម្រាប់​ព័ត៌មាន​លម្អិត ឬ​អាចទាក់ទង​ទៅកាន់​អ៊ី​មែ​ល nadr@moj.gov.kh​។​

 ​អាជ្ញាធរ​ជាតិ​នេះ​បាន​បន្ថែមទៀតថា ដើម្បី​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ​អាច​ប្រព្រឹត្តទៅ​រលូន និង​ទទួលលទ្ធផល​ខ្ពស់ អាជ្ញាធរ​ជាតិ​នេះ​នឹងធ្វើ​កិច្ចសហការ​ជាមួយ​ដៃគូ ពី​តាម​ក្រសួង​ស្ថាប័ន អង្គការ​ពាក់​ព័ន្ធ តួយ៉ាង​ក្រសួង​អធិការកិច្ច គណៈ​មេធាវី រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល អង្គការ​សង្គម​​ស៊ីវិល និង​ដៃគូ​អភិវឌ្ឍន៍​នានា ដែល​ធ្វើការ​ជុំវិញ​ការសម្របសម្រួល​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​។​

​ជុំវិញ​រឿងនេះ លោក ​ជិន ម៉ា​លីន រដ្ឋ​​លេខាធិការ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​ប្រចាំការ​នៃ ​(​អ​.​ដ​.​ក​) បាន​ប្រាប់ឱ្យដឹង​បន្ថែម​នៅ​ថ្ងៃទី ៩ ខែមករា​ថា បានជា​អាជ្ញាធរ​ជាតិ​នេះ​សម្រេច​កំណត់​យក​ខែមីនា​ដើម្បី​ទទួល​ពាក្យបណ្តឹង​ដោយ​ចង់​ទុកពេល​គ្រប់គ្រាន់​ក្នុងការ​ជ្រើសរើស​មន្ត្រី​ជំនាញ​ដោយ​ក្នុងដំណាក់កាល​ទី ​១ មាន ​២​ ប្រភេទ​។​

​លោក​បន្តថា ពោលគឺ​ ៥០ ​ភាគរយ​ចេញពី​ការប្រឡងប្រជែង​ទៅតាម​គុណ​វុឌ្ឍិ​របស់​អាជ្ញាធរ ហើយ​ទទួល​ការ​​បណ្តុះបណ្តាល និង​៥០​ភាគរយ​យកចេញ​ពី​អតីតមន្ត្រី មេធាវី អតីត​ព្រះរាជ​អាជ្ញា អតីត​ចៅក្រម​ដែលមាន​បទ​ពិសោធន៍​បូកផ្សំ​វគ្គ​តម្រង់ទិស​បន្ថែម​។​

​លោក ​ជិន ម៉ា​លីន បាន​ថ្លែងថា​៖«​សម្រាប់​គុណវុឌ្ឍិ​សម្រាប់​ជ្រើសរើស​មន្ត្រី​ដោះស្រាយ​វិវាទ​នេះ​ខាង​អគ្គលេខា​​ធិ​ការដ្ឋាន​នឹង​ប្រកាសជូន​ជា​សា​ធា​​រណៈ​ដែល​នឹង​កំណត់​ទាំង​កម្រិត​អាយុ ទាំង​សញ្ញាបត្រ ទាំង​ជំនាញ​ផ្សេងៗ គ្រាន់តែ​លក្ខខណ្ឌ​តម្រូវ​រវាង​ក្រុម​អ្នក​ប្រឡង និង​ជ្រើសរើស​ផ្ទាល់​នោះ មាន​បែបបទ​ខុសគ្នា​»​។​

លោក​បាន​សង្កត់ធ្ងន់ថា ដំណើរការ​នេះ​មិនអាច​ខ្វះ​បាន​នូវ​ការចូលរួម​សហ​​ការ និង​គាំទ្រ​ពី​អង្គការ​សង្គម​ស៊ីវិល និង​ដៃគូ​ដែល​ធ្វើការ​ពាក់ព័ន្ធ​ការដោះស្រាយ​វិវាទ​ដែល​អាជ្ញាធរ​នឹង​ស្នើសុំ​កិច្ច​សហ​​ការ ឬ​ការគាំទ្រ​ផ្នែក​បច្ចេកទេស ផ្នែក​សម្ភារ ហិរញ្ញវត្ថុ ជាដើម​។​

​លោក​បាន​បញ្ជាក់ថា​៖ «​អាជ្ញាធរ​​ជាតិ​នេះ នឹង​បង្ខិត​សេវា​យុត្តិធម៌​ទៅជិត​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ប្រើ​យន្ត​​ការ​មិនសូវមាន​ភាព​ស្មុគស្មាញ​ក្នុងការ​ដោះស្រាយ​វិវាទ​ដូច​តុលាការ នីតិវិធី​មិន​ចំណាយពេល​វេលា​យូរ និង​ចំណេញ​ថវិកា ហើយ​រក្សា​ការសម្ងាត់​ជូន​ភាគី​ជម្លោះ ដែល​នឹង​ជួយ​សម្រួល​ដល់​ការ​​កកស្ទះ​សំណុំរឿង​នៅ​តុលាការ​»​។​

​លោក​ថា យន្តការ​នេះ​ក៏​បង្កើត​សុខដុម​នីយកម្ម​ក្នុង​សហគមន៍ បន្ទាប់ពី​ដោះ​​ស្រាយ​រួច​ខណៈ​ប្រើ​យន្តការ​ឈ្នះ​ឈ្នះ ពោលគឺ​ឈ្នះ​ទាំងសងខាង មិនមាន​អ្នកចាញ់​។​

​ជាមួយគ្នានេះដែរ លោក ប៉ា ចន្ទ​រឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជាបាន​ថ្លែងថា ការបង្កើត​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នេះ​វិ​វត្ត​យ៉ាង​វិជ្ជមាន ឈាន​មកដល់​ការ​​ជ្រើសរើស​មន្ត្រី​ជំនាញ​សម្រាប់​បម្រើការ តែ​យ៉ាងណា​លោក​មិនទាន់​អាច​វាយ​​តម្លៃ​លើ​ការងារ​ស្ថាប័ន​នេះ​បានឡើយ ខណៈ​លោក​ថា កម្ពុជា​នៅ​ខ្វះ​តុល្យភាព​នៃ​ការត្រួតពិនិត្យ​ការងារ​នេះ​។​

​យ៉ាងណាក្ដី លោក​បាន​រំពឹងថា យន្ត​​ការ​នេះ​នឹង​ប្រព្រឹត្ត​ទៅដោយ​តម្លាភាព គណនេយ្យភាព និង​ចៀសវាង​បង្កប់​និន្នាការ​នយោបាយ ដើម្បី​លើកស្ទួយ​វិស័យ​យុត្តិធម៌​។​

​លោក ប៉ា ចន្ទ​រឿន បាន​ថ្លែងថា​៖ «​សម្រាប់​ខ្ញុំ​ស្ថានភាព​យុត្តិធម៌​នៅ​កម្ពុជា​...​ពិបាក​រំពឹង​រក​យុត្តិធម៌​ណាស់ ហើយ​យន្តការ​ស្វែងរក​យុត្តិធម៌​ចំណាយពេល​យូរ ពិបាក​រំពឹង​រក​យុត្តិធម៌ សូម្បី​រឿង  ក្តីក្តាំ​ធម្មតា ក៏​ចំណាយពេល​យូរ និង​មាន​ភាពស្មុគស្មាញ​» ។​

​លោក​ថា ដើម្បីឱ្យ​អាជ្ញាធរ​ជាតិ​នេះ​អាច​ដំណើរការ​ទៅបាន​ប្រសើរ​គឺជា​ជំហាន​ដំបូង​ត្រូវ​ទាមទារ​តម្លាភាព គណនេយ្យភាព​នៃ​ប្រព័ន្ធយុត្តិធម៌​ជាមុនសិន​ជាមួយ​កំណែទម្រង់​ដ៏​ច្បាស់លាស់​មួយ ហើយ​ជាពិសេស​យន្តការ​​ត្រួតពិនិត្យ និង​តាមដាន​ការអនុវត្ត​ការងារ​ដោះស្រាយ​វិវាទ​របស់​ក្រុមមន្ត្រី​ជំនាញ​របស់​អាជ្ញាធរ​ជាតិ​នេះ​។​

​សូមជម្រាបថា កំណែទម្រង់​វិស័យ​យុត្តិធម៌​ជា​វិស័យ​អាទិភាព​មួយ​របស់​រដ្ឋាភិបាល​អាណ​ត្តិ​ទី​៧ ​នៃ​រដ្ឋសភា ក្នុងនោះ​ការបង្កើត​អ​.​ដ​.​ក​.​ក៏​ជា​យន្តការ​មួយ​ក្នុងទិសដៅ​ការងារ​របស់​រដ្ឋា​ភិ​បាល​ក្នុងការ​លើកស្ទួយ​វិស័យ​យុត្តិធម៌ នៅ​កម្ពុជា​ដែរ​៕