ភ្នំពេញៈ ក្នុងចំណោមប្រទេសគោលដៅនានាប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសគោលដៅដែលផ្តល់ឱកាសការងារដល់ពលករទេសន្តរប្រវេសន៍កម្ពុជា។ ជាមួយគ្នានេះដែរ ប្រាក់ចំណូលដែលពលករខ្មែរទទួលបានពីការងារទេសន្តរប្រវេសន៍នៅកូរ៉េនេះ បានរួមចំណែកក្នុងការជួយដោះស្រាយកម្រិតជីវភាពក្រុមគ្រួសាររបស់ពួកគេនៅឯស្រុកកំណើតផងដែរ។
លោក សន សុខន ពលករខ្មែរបម្រើការនៅប្រទេសកូរ៉េ ដែលទទួលបានប្រាក់ខែចន្លោះពី ២ ០០០ ទៅ ២ ៥០០ ដុល្លារប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រាក់ចំណូលប្រចាំខែដែលលោកទទួលបាន បានជួយលោកបានច្រើន ដែលកន្លងមកលោកបានទិញដីចម្ការបានខ្លះ និងមួយចំណែកទៀតបង់ការប្រាក់ធនាគារប្រចាំខែនៅកម្ពុជា។ មួយទៀត ប្រាក់ចំណូលនេះក៏បានជួយដល់លោកក្នុងការចិញ្ចឹមកូនតូចអាយុជាង ១ ឆ្នាំ នៅឯស្រុកកំណើតផងដែរ ដូចជាចំណាយលើការទិញទឹកដោះគោជាដើម។
ក្រៅពីនេះប្រាក់ចំណូលនេះក៏ជួយដោះស្រាយជីវភាពប្រចាំថ្ងៃសម្រាប់រូបលោកផ្ទាល់នៅកូរ៉េ ដូចជាដំណើរកម្សាន្តខ្លះ ពេលទំនេរពីការងារ។ លោកក៏បានលើកឡើងអំពីការចំណាយច្រើនប្រចាំថ្ងៃទៅលើកូនតូចរបស់លោក ដូចជាពេលកូនឈឺថ្កាត់ត្រូវផ្តល់ប្រាក់ទៅឱ្យជាប្រចាំ និងថ្លៃទឹកដោះគោជាដើម។ ចំពោះក្រុមគ្រួសារលោកវិញ លោកក៏បានផ្តល់ប្រាក់ចំណូលទាំងនេះដល់ពួកគាត់ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ និងចំណាយផ្សេងៗដូចជាចំណាយលើចំណងដៃនៃពិធីមង្គលការ ការទៅចូលរួមពិធីបុណ្យទាន ការឈឺថ្កាត់ និងជួយប្អូនៗ និងក្មួយៗរៀនសូត្របានខ្លះផងដែរ។
លោក សន សុខន ដែលមានស្រុកកំណើតនៅខេត្តកំពង់ចាមលើកឡើងថា៖ «វា [ប្រាក់ចំណូល] ជួយបានគ្រាន់បើដែរ។ កាលនៅខ្មែរយើងប្រាក់ខែធ្លាប់ធ្វើការវាបានតែមួយរស់ៗ វា [អត់] បានសល់ទិញជារបស់របរអ៊ីចឹង។ ពេលមកដល់កូរ៉េទៅ យើងបានជួយជីវភាពគ្រួសារបានច្រើនគ្រាន់បើ។ ខ្ញុំបានទិញដីទិញអីបានខ្លះអ៊ីចឹង និងជួយដូចជាបានជួយគ្រួសារកាលពីប៉ុន្មានឆ្នាំមុនកាលខ្ញុំនៅកំលោះ! ជួយគ្រួសារបានច្រើន និងជួយធ្វើផ្ទះឱ្យម្តាយនៅដែរ តែគ្រាន់តែមួយចំណែកតូច មិនមែនទាំងស្រុងទេ»។
លោកក៏បានផ្ញើប្រាក់ទាំងនេះមកកាន់ក្រុមគ្រួសារដើម្បីមើលការខុសត្រូវ និងមើលថែចម្ការស្វាយចន្ទី ដូចជាបាញ់ថ្នាំចម្ការ និងប្រមូលផលជាដើម ហើយចម្ការនេះក៏បានផលច្រើនផងដែរ ដោយសារក្រុមគ្រួសារលោកចេះទុកដាក់ និងចាត់ចែងថវិកាក្នុងការទិញរបស់របរ។
លោកថា៖ «បានទទួលផលដូចថា លុយផ្តល់ឱ្យគាត់ហ្នឹងគាត់យកទៅប្រើប្រាស់ទៅទិញសម្ភារនៅចម្ការ ហើយពេលដល់ឆ្នាំក៏ផលបានពីចម្ការមកវិញក៏គាត់ប្រើប្រាស់នៅហ្នឹងទៅ។ ខ្ញុំអត់បានយកអីពីគាត់មកវិញទេ គ្រាន់ថា ជួយផ្តល់ឱ្យគាត់អ៊ីចឹងទៅ»។
លោក សន សុខន បន្ថែមថា៖ «ដោយសារថវិកាហ្នឹងទើបគាត់មានលទ្ធភាពបានទិញដីចម្ការទិញអីគាត់មើលថែរាល់ថ្ងៃហ្នឹងដោយសារលុយហ្នឹងដែរ។ តែយើងមិនមែនមានលុយទាំងស្រុងដែរ កាលហ្នឹងយើងមានខ្លះខ្ចីធនាគារខ្លះ។ បន្ទាប់មកយើងត្រូវបង់ធនាគារលុយដែលយើងយកមកទិញចម្ការ ទិញអីហ្នឹង។ តែមិនទាន់សងគេដាច់ដែរទេនៅជំពាក់ធនាគារ។ បង់ធនាគារប្រចាំខែខ្លះជាហូរហែអ៊ីចឹងទៅ តែគ្រាន់ថា យើងទៅវិញយើងបានសល់របស់។ ទៅវិញសល់បានចម្ការ បានអីអ៊ីចឹងទៅ»។
ចំណែក លោក ពេជ្រ វីរៈ អាយុ ៣៣ ឆ្នាំ ដែលទទួលបានប្រាក់ខែចន្លោះពីប្រមាណពី ១ ៥០០ ដល់ ១ ៧០០ ដុល្លារក្នុង ១ ខែ បានលើកឡើង ៤ចំណុចទាក់ទងនឹងប្រាក់ចំណូលដែលលោកទទួលបានពីការធ្វើការនៅប្រទេសកូរ៉េអាចជួយដល់លោក។ ទី១ អាចជួយឱ្យលោកមានសុខភាពផ្លូវចិត្តដោយមិនព្រួយបារម្ភអំពីបញ្ហា «រឿងលុយកាក់» ដូចកាលពីមុន ទី២ អាចជួយឱ្យលោកមានរបស់របរប្រើប្រាស់ផ្ទាល់ខ្លួនសមរម្យ។
លោកបន្ថែមថា៖ «ទី៣ អាចជួយឱ្យក្រុមគ្រួសាររបស់ខ្ញុំរួចផុតពីភាពក្រីក្រ មានលុយធ្វើផ្ទះថ្មីនៅ និងមានដើមទុនដើម្បីបង្កើតមុខរបរពេលដែលខ្ញុំត្រឡប់ទៅប្រទេសកម្ពុជាវិញ។ ទី៤ គឺខ្ញុំមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅដល់ឪពុកម្ដាយរបស់ខ្ញុំបានជារៀងរាល់ខែ។ ទាំងនេះគឺជាអ្វីដែលខ្ញុំទទួលបានពីការធ្វើការនៅក្នុងប្រទេសកូរ៉េ»។
រីឯពលការិនីម្នាក់ទៀត កញ្ញា ម៉ា ស្រីនិច អាយុ ២៦ ឆ្នាំ ដែលទទួលបានប្រាក់ខែចន្លោះប្រមាណពី ១ ៥០០ ដល់ ១ ៧០០ ដុល្លារក្នុង ១ ខែដែរនោះថ្លែងថា ប្រាក់ចំណូលដែលកញ្ញាទទួលបានពីការធ្វើការនៅក្នុងប្រទេសកូរ៉េ «ពិតជា» បានជួយផ្តល់អត្ថប្រយោជន៍ក៏ដូចជាជួយសម្រាលបន្ទុកដល់កញ្ញា ក៏ដូចជាក្រុមគ្រួសារកញ្ញាបានយ៉ាងច្រើននៅឯប្រទេសកម្ពុជា។
កញ្ញាបន្ថែមថា កាលពីមុន កញ្ញាមិនមានសមត្ថភាពជួយក្រុមគ្រួសារកញ្ញាឱ្យមានជីវភាពធូរធារទេ តែពេលនេះកញ្ញាមានសមត្ថភាពជួយឱ្យប្អូនៗកញ្ញាបានរៀនសូត្រច្រើន ជួយសម្រាលបន្ទុកម្ដាយនៅឯកម្ពុជា ជួយផ្តល់ថវិកាមួយចំនួនដើម្បីបង្កើតអាជីវកម្មជូនដល់ម្ដាយដើម្បីឱ្យគាត់អាចចិញ្ចឹមជីវិតខ្លួនឯង ក៏ដូចជាប្រកបអាជីវកម្មខ្លួនឯងនៅឯប្រទេសកម្ពុជាផងដែរ។
កញ្ញា ម៉ា ស្រីនិច ថ្លែងថា៖ «មិនត្រឹមតែប៉ុណ្ណឹងទេ ប្រាក់ចំណូលមួយចំនួនដែលនាងខ្ញុំរកបាននាងខ្ញុំក៏អាចឆ្លៀតបែងចែកសន្សំទុកសម្រាប់ខ្លួនឯងដើម្បីថ្ងៃក្រោយទៅ នៅពេលដែលនាងខ្ញុំទៅធ្វើការ ទៅនៅប្រទេសខ្មែរវិញគឺនាងខ្ញុំមានសមត្ថភាពបើកជាអាជីវកម្មតូចមួយសម្រាប់ខ្លួនឯង ចិញ្ចឹមខ្លួនឯង នៅពេលថ្ងៃអនាគតផងដែរ»។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ថា ពលករខ្មែរដែលធ្វើការនៅក្រៅប្រទេសដែលមានចំនួនជាង ១,៣ លាននាក់បានផ្តល់ចំណូលចូលមកកម្ពុជាវិញជាង ២ ៧០០ លានដុល្លារក្នុង ១ ឆ្នាំ ដែលនេះជាសក្តានុពលមួយធំណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
លោក ភន ភាព ដែលរស់នៅខេត្តកំពង់ឆ្នាំង ដែលមានកូនទើបទៅធ្វើការជាពលករនៅកូរ៉េបានរយៈពេលជាង ១ ខែ បានប្រាប់ថា ប្រាក់បន្តិចបន្តួចដែលកូនលោកបានផ្ញើពីកូរ៉េត្រូវបានប្រើប្រាស់ក្នុងការបង់ធនាគារ និងចំណាយលើរបស់របរផ្សេងៗទៀត។ លោក ភន ភាព ក៏មានកូនបម្រើការងារជាពលករនៅប្រទេសជប៉ុនផងដែរ។
លោកថា ប្រាក់ដែលកូនលោកផ្ញើមក ទោះបីបន្តិចបន្តួចក្តី ក៏សម្រាប់គ្រាន់ដោះស្រាយការចំណាយផ្សេងៗនៅក្នុងគ្រួសារ ដែលក្នុងនោះក៏ត្រូវចំណាយទៅលើការឈឺថ្កាត់សម្រាប់សមាជិកក្នុងក្រុមគ្រួសារ ចំណាយលើការទិញជី និងថ្នាំកសិកម្មផ្សេងៗសម្រាប់ដាក់ស្រែជាដើម។
លោកថ្លែងថា៖ «ជួយសម្រាប់ដូចថា ម៉ែឪចាយវាយនៅផ្ទះ ឬក៏យើងខ្វះខាតអី យើងត្រូវធ្វើនេះធ្វើនោះ! ពេលខ្លះយើងយកមកដោះស្រាយការហូបចុកខ្លះ យើងដូចថា ទិញរបស់របរបន្តិចបន្តួច»។
លោក ជ័យ តិច អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រាក់ដែលពលករនៅក្រៅប្រទេស បានផ្ញើចូលមកកម្ពុជា គឺគ្រួសារពួកគាត់ជាធម្មតាគឺគាត់ប្រើប្រាស់ចាយវាយនៅក្នុងស្រុក ដែលទាក់ទងទៅនឹងការហូបចុកការសាងសង់ផ្ទះ ការទិញអចលនទ្រព្យនិងការពង្រីកមុខរបរ ក៏ដូចជាសម្រាប់ពលករដែលវិលត្រឡប់មកវិញអាចមានមុខរបរផ្ទាល់ខ្លួន។ល។ ការចាយវាយ និងការវិនិយោគទាំងនេះ គឺជាចលករបន្ថែមទៀតក្នុងការជួយជំរុញសេដ្ឋកិច្ចរបស់កម្ពុជា។
លោកថ្លែងថា៖ «ទោះយ៉ាងណាសម្រាប់កម្មករដែលគាត់ធ្វើការនៅបណ្ដាប្រទេសជឿនលឿនមួយចំនួនហើយបើសិនជាគាត់ជាកម្មករជំនាញទៀត នោះចំណូលប្រាក់បៀវត្សរ៍គាត់នឹងមានកម្រិតកាន់តែខ្ពស់។ វាជារឿងល្អដូចជាករណីកម្មករកម្ពុជាធ្វើការនៅប្រទេសជប៉ុនធ្វើនៅប្រទេសកូរ៉េនោះប្រាក់ដែលគាត់ផ្ញើមកស្រុកកំណើតវិញគឺវាអាចធ្វើឱ្យគាត់ពង្រីកមុខរបរឬក៏បានជំនាញដែលគាត់ធ្វើការនៅទីនោះយកមកអនុវត្តជាអាជីវកម្មរបស់គាត់ទៅអនាគតហើយក៏ដូចជាសន្សំជាដើមទុនដើម្បីប្រកបមុខរបរអាជីវកម្មរបស់គាត់»។
លោក ជ័យ តិច បន្ថែមថា៖ «ដូច្នេះ ជាសំណូមពរ យើងមិនមានការហាមឃាត់ឬក៏បដិសេធទាក់ទងនឹងការធ្វើការងាររបស់ពលករយើងនៅខាងក្រៅទេ ប៉ុន្តែសម្រាប់លក្ខខណ្ឌការងារទាក់ទងប្រាក់កម្រៃគឺមានសារៈសំខាន់ណាស់។ នេះត្រូវមានការប្រឹងប្រែងពីរាជរដ្ឋាភិបាលបន្ថែមទៀត ក្នុងការចរចាជាមួយប្រទេសជាមិត្តដែលប្រជាពលរដ្ឋយើងត្រូវទៅធ្វើការនោះឱ្យមានផ្តល់ជា skill [ជំនាញ]ផ្តល់ជាប្រាក់កម្រៃបានខ្ពស់ក៏ដូចជាទាក់ទងលក្ខខណ្ឌការងារបានល្អហើយនិងមានប្រព័ន្ធការពារសុវត្ថិភាពរបស់កម្មកររបស់យើងដែលធ្វើការនៅបណ្ដាប្រទេសទាំងនោះឱ្យបានល្អចៀសវាងឱ្យមានជាបន្ទុកឬមានផលប៉ះពាល់រយៈពេលយូរ តាមរយៈការងាររបស់គាត់នៅខាងក្រៅ»៕