ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧នេះ បានសម្រេចផ្អាកផ្ទេរមុខងារពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិមួយរយៈសិន ដើម្បីត្រួតពិនិត្យ និងពង្រឹងគុណភាពការងារ ក្រោយពីមុខងារជាង ៨០០ប្រភេទ ត្រូវបានផ្ទេរនាពេលកន្លងមក។ នេះការថ្លែងរបស់លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។
ការថ្លែងនេះត្រូវបានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរៀបចំនៅខេត្តរតនគិរី នាថ្ងៃពុធ ទី៩ ខែតុលានេះ។ នេះបើយោងតាមក្រសួងមហាផ្ទៃ។
លោកឧបនាយករដ្ឋមន្រ្តីបានចាត់ទុកការផ្អាកនេះថាជា «ការជាន់ហ្វ្រាំង» ដើម្បីពិនិត្យ កែលម្អ និងបង្កើនគុណភាពលើការអនុវត្តមុខងារដែលបានផ្ទេរទៅហើយ និងធានាថាមុខងារថ្មីៗដែលត្រៀមផ្ទេរទៅបន្ថែមទៀត នឹងត្រូវបានអនុវត្តប្រកបដោយគុណភាព។
លោកបញ្ជាក់ថា៖ «ការជាន់ហ្រ្វាំងផ្អាកមួយរយៈ មិនមែនមានន័យបែបអវិជ្ជមាន ក្នុងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនោះទេ ពីព្រោះឆ្លងកាត់ការអនុវត្តរយៈពេល ១៣ឆ្នាំមកនេះ ប្រជាពលរដ្ឋអ្នកទទួលសេវាក្ដី អង្គការជាតិ អន្តរជាតិ និងប្រទេសជាមិត្ត ដូចជាស្វីស អាល្លឺម៉ង់ និងអូស្ត្រាលីក្ដី បានបង្ហាញការគាំទ្រ និងពេញចិត្តជាខ្លាំង»។
លោកបានបន្តថា ការគាំទ្រ និងពេញចិត្តទាំងនោះ ក៏ព្រោះតែ រាជរដ្ឋាភិបាលនីតិកាលមុន ដែល ដឹកនាំដោយ អតីតនាយករដ្ឋមន្រ្តី លោកហ៊ុន សែន និងដោយ អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធាន គ.ជ.អ.ប. លោក ស ខេង បានផ្ទេរមុខងារជាង ៨០០ប្រភេទ ជាបន្តបន្ទាប់ ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំសង្កាត់។
លោកបានលើកឡើងថា ជាក់ស្ដែងយន្តការច្រកចេញចូលតែមួយ បាននិងកំពុងធ្វើឱ្យរដ្ឋរកចំណូលពីកម្រៃសេវាសាធារណៈរាប់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈប្រជាពលរដ្ឋជាអ្នកស្នើសុំសេវា ក៏បាននិងកំពុងរីករាយសារទរលើការងារនេះ ពីព្រោះសេវានៅកៀកពួកគាត់ ដែលប្រកបដោយតម្លាភាព និងគុណភាព។
ទោះយ៉ាងណា លោកឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់ ដែលរាជរដ្ឋាភិបាលត្រូវពិនិត្យ និងវាយតម្លៃឡើងវិញលើការងារមួយចំនួន។ ស្របពេលជាមួយគ្នានេះ គ.ជ.អ.ប. ក៏កំពុងពិនិត្យមើលបន្ថែមលើប្រភេទសេវាមួយចំនួនទៀត ដែលរដ្ឋបាលថ្នាក់ក្រោមជាតិមានតម្រូវការ ដើម្បីឈានទៅផ្ទេរ ឬកែសម្រួលឱ្យបានកាន់តែល្អប្រសើរ និងចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្ថានភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។
លោកមានប្រសាសន៍ថា៖ «ជាក់ស្ដែងមានមុខងារផ្ទេរទៅខ្លះ កំពុងស្ថិតក្នុងស្ថានភាពខ្វះមន្រ្តីបច្ចេកទេសអនុវត្តនៅថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ដាក់ចេញយន្តការអាទិភាពមួយចំនួន ដើម្បីពង្រឹងគុណភាពធនធានមនុស្សនៅថ្នាក់ក្រោមជាតិឱ្យបានសមស្រប»។
លោកបន្តថា ការបើកសិក្ខាសាលាពិគ្រោះយោបល់នេះ ក៏ជាផ្នែកមួយនៃយន្តការពង្រឹងគុណភាពធនធានមនុស្សផងដែរ។
មន្រ្តីមួយរូបបានលើកឡើងថា តម្រូវការនៃការបណ្តុះបណ្តាល ដើម្បីលើកកម្ពស់សមត្ថភាពមន្រ្តីថ្នាក់ក្រោមជាតិបន្ថែមនោះ គឺធ្វើឡើងទៅតាមមុខជំនាញ ដែលក៏អាចធ្វើជាលក្ខណៈផ្ទៃក្នុងរបស់ស្ថាប័នបានផងដែរ។
លោកថា អង្គភាពនៅតាមបណ្តាខេត្តនីមួយៗនឹងលើកឡើងពីតម្រូវការជាក់ស្តែងរបស់ខ្លួន។ មន្រ្តីជាច្រើនរូបផ្សេងទៀតសុំមិនទាន់ធ្វើអត្ថាធិប្បាយបន្ថែមពីបញ្ហានេះនោះទេ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា អង្គភាព និង ការិយាល័យច្រកចេញចូលតែមួយ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស បានផ្ដល់សេវាជូនប្រជាពលរដ្ឋបានសរុបដល់ទៅ ៤៥៤ ៦៧០ សេវាក្នុងរយៈពេល ៣១ថ្ងៃ នៃខែសីហាកន្លងមកនេះ។ ក្នុងចំណោមសេវា ដែលបានផ្ដល់ជូនពលរដ្ឋជាង ៤៥ម៉ឺនសេវានោះ អង្គភាពច្រកចេញចូលតែមួយរាជធានីខេត្ត បានផ្ដល់សេវារដ្ឋបាលជិត ៨ម៉ឺនសេវា។ ក្នុងនោះសេវាផ្ដល់ជូនច្រើនជាងគេក្នុងចំណោម ១៤វិស័យ គឺសេវាក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលមានរហូតដល់ទៅ ១៧ ៩៣០សេវា។
លោកបញ្ជាក់ថា ចំណូលដែលទទួលបានពីការផ្ដល់សេវាតាមបណ្ដាអង្គភាពច្រកចេញចូលរាជធានី ខេត្ត នេះ មានសរុបចំនួន ១២ ៣៧២ ២១៦ ១៣៥រៀល ស្មើនឹងប្រមាណ៣លានដុល្លារអាម៉េរិក។
លើសពីនោះ មន្ត្រីបានផ្តល់សេវាសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជូនពលរដ្ឋបានជាង១៤ម៉ឺនក្បាលនៅទូទាំងប្រទេស ក្នុងរយៈពេល១ឆ្នាំមកនេះ ដែលគិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤៕