ភ្នំពេញៈ ក្រសួង​សុខា​ភិបាល​បាន​អំពាវ​នាវ​មាតា​បិតា​ ឬ​អាណាព្យា​បាល​ ប្រញាប់​រួស​រាន់​នាំ​កូន​របស់​ខ្លួន ដែល​សង្ស័យ ​ថា​មាន​បញ្ហា​ភ្នែក ​ទៅពិនិត្យ​ព្យាបាល​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ​នៅ​តាម​មណ្ឌល​ថែ​ទាំ​ភ្នែក ឬ​មន្ទីរ​ពេទ្យ ដែល​មាន​ផ្តល់​សេវា​ផ្នែក​ចក្ខុរោគ​ឱ្យ​បាន​ទាន់​ពេល​វេលា។

ការ​អំពាវ​នាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សារ​អបអរ​សាទរ​ទិវា​សុខ​ភាព​ភ្នែក​ពិភព​លោក​ ក្រោម​ប្រធាន​បទ៖​ «ស្រ​ឡាញ់​សុខ​ភាព​ភ្នែក​កូ​ន​អ្នក» នៅថ្ងៃ​ព្រហស្បតិ៍ ​ទី​១០​ ខែ​តុលា​នេះ ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ពី​សារៈ​សំខាន់​នៃ​ការ​ថែ​ទាំ ​និង​ការ​ពារ​សុខ​ភាព​ភ្នែក។

ក្រសួង​បាន​សរសេរ​ថា​៖«ស្រឡាញ់​ភ្នែក​កូន​លោក​អ្នក​ គឺ​ត្រូវ​នាំ​កូនៗ​របស់​អ្នក​ ទៅ​ធ្វើ​តេស្ត​ភ្នែក​របស់​ពួក​គេ​ជា​មួយ​គ្រូ​ពេទ្យ​ជំនាញ ​ដែល​បង្ហាញ​ពី​ការ​ចូល​រួម​ជាមួយ​មាតាបិតា ​និង​អាណាព្យា​បាល​ជុំវិញ​ពិភព​លោក ដែល​កំពុង​ ផ្តល់​អាទិភាព​ដល់​សុខ​ភាព​ភ្នែក​កូន​របស់​ពួក​គេ»។

បើ​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អង្គការ​សុខ​ភាព​ពិភព​លោក​ និង​ទីភ្នាក់អន្តរ​ជាតិ​ស​ម្រាប់​បង្ការ​ភាព​ពិ​ការ​ភ្នែក​បាន​ឱ្យ​ដឹង​ថា កុមារ ​ដែល​បាន​ផ្តល់​វ៉ែន​តាកែ​ត​ម្រូវ​គំហើញ ​អាច​កាត់​បន្ថយ​ភាព​បរាជ័យ​ក្នុង​ការ​សិក្សា​បាន​រហូត​ដល់​ ៤៤​ភាគ​រយ។

ក្រសួង​បាន​ជំរុ​ញ​ឱ្យ ​មាតាបិតា ​អាណា​ព្យា​បាល ​និង​គ្រូប​ង្រៀន​គ្រប់រូប​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ផ្តល់​អាទិភាព​ដល់​សុខ​ភាព​ ភ្នែក​កុមារ​ នៅ​ក្នុង​ចំណោម​បញ្ហា​សុខ​ភាព​អាទិភាពសំ​ខាន់ៗ​ ដទៃ​ទៀត។ ដូច្នេះ​បញ្ហា​គំ​ហើញ​ថយ​ចុះ ​របស់​កុមារ ​ត្រូវ​បាន​ធ្វើ​រោគវិនិច្ឆ័យ ​និង​ព្យាបាល​បាន​ទាន់​ពេល​វេលា។

ពលរដ្ឋមកពិនិត្យក្រោយព្យា​បាលវះ​កា​ត់ជំងឺ​ភ្នែករួច។ រូបថត មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ

ក្រសួង​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​សារ​អបអរ​សាទរ ​ក្រោម​ប្រធាន​បទ៖​​«ស្រ​ឡាញ់​​សុខ​ភាព​ភ្នែក​កូ​ន​អ្នក»គឺ​មាន​ គោលបំ​ណងលើ​ក​កម្ពស់ការ​យល់​ដឹង​ពី​ការ​ថែ​ទាំ ​និង​ការ​ពារ​សុខ​ភាព។ ក្នុង​នោះ​រួម​មាន​ យក​ចិត្ត​ទុក​ដាក់​ផ្តល់​អាទិភាព​ដល់​សុខ​ភាព​ភ្នែក​របស់​កុមារ​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ និង​លើក​កម្ពស់​ការ​យល់​ដឹង ដោយ​បញ្ជ្រាប​ការ​ថែ​ទាំ​សុខ​ភាព​ភ្នែក​ ក្នុង​ការ​ថែ​ទាំ​សុខ​ភាព​ទូទៅ​របស់​កុមារ។

ក្រសួង​គូស​បញ្ជាក់​ថា​៖«ការ​ចុះ​ខ្សោយ​គំហើញ​ចំពោះ​កុមារ​ដែល​មិន​បាន​កែតម្រូវ​ឱ្យបាន​ទាន់ ​ពេល​វេលា អាច​នាំ​ឱ្យ​មាន​ផល​ប៉ះពា​ល់យ៉ា​ងធ្ងន់​ធ្ងរ​ដល់​ការ​សិក្សា​របស់​ពួក​គេ..យើង​ទាំង​អស់​គ្នា​ចូល​រួម​ក្នុង​ការ​ទប់​ស្កាត់ និង​កាត់​បន្ថយ​ភាព​ពិការ​ភ្នែក ​និង​គំហើញ​ចុះ​ខ្សោយ​របស់ ​កុមារ ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ​ឱ្យ​ស្ថិត​នៅ​កម្រិត​ទាប​បំផុត»។

ដើម្បី​ចូល​រួម​អបអរ​សាទរ​ទិ​វា​សុខ​ភាព​ភ្នែក​ពិភព​លោក​ ឆ្នាំ​២០២៤​នេះ ​មន្ទីរសុខា​ភិបាល​ខេត្ត​កំពង់​ស្ពឺ​បាន​រៀប​ចំ​ការ​ពិនិត្យ ​និង​ព្យាបាល​ជំងឺ​ភ្នែក ​រយៈពេល ២ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​៩ ​ដល់ ​ថ្ងៃ​ទី​១០​ ខែ​តុលា​នេះ នៅ​ក្នុង​មន្ទីរ​ពេទ្យ​បង្អែក ​ខេត្ត​កំពង់ស្ពឺ ​និង​មន្ទី​រពេទ្យ​បង្អែក​គង​ពិសី។

លោក​ ហុក ​គ្រី ​ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​កំពង់​ស្ពឺបានឱ្យដឹងថា ​ការ​ពិនិត្យ​ព្យា​បាលវះ​កា​ត់ជំងឺ​ភ្នែក​ជូន​ប្រ​ជា​​ពល​រដ្ឋដោយឥតគិតថ្លៃ ក្នុងរយៈពេល២ថ្ងៃនេះមានចំនួន ២៤២នាក់ (ស្រី១៤៦)។ ក្នុងនោះ វះកាត់​ភ្នែក​ឡើងបាយ ចំនួន ៦០ នាក់(ស្រី៤៦) វះកាត់ជំងឺកន្ទុយថ្លែនភ្នែកចំនួន៧នាក់ (ស្រី៤) និង ផ្តល់វ៉ែនតាចំនួន១៤​ដើម។

ការ​វាយ​តម្លៃ នៃ​ការ​ស្ទង់​មតិ​ពី​ភាព​ពិការ​ភ្នែក​ឆ្នាំ ២០០៧បានបង្ហាញថា​ មូលហេតុ​ចម្បង​បំផុត​នៃ​ភាព​ពិការ​ភ្នែក​ទាំង​សង​ខាង​ក្នុង​ប្រទេស​កម្ពុជា គឺ​បណ្តាល​មក​ពី​ជំងឺ​ភ្នែក​ឡើង​បាយ៕