ភ្នំពេញៈ លោកស្រីចាយ ផានី អាយុ៥៩ឆ្នាំ ភរិយាមន្រ្តីជាន់ខ្ពស់មួយរូបត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពាក់ព័ន្ធទៅនឹងការចេញសែកស្អុយ។
ការចេញដីកាបង្គាប់ឱ្យចាប់ខ្លួននេះត្រូវបានធ្វើឡើង ក្រោយពីជនត្រូវចោទរូបនេះមានចេតនាគេចវេះមិនព្រមចូលខ្លួន តាមដីកាបង្គាប់ឱ្យចូលខ្លួនចុះថ្ងៃទី២៣ ខែកុម្ភៈកន្លងមក របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។ នេះបើយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោកកូយ សៅ ចៅក្រមស៊ើបសួរចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤នេះ ដែលទើបតែមានការផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។
ដីកាបានសរសេរថា៖«ក្រោយពីបានពិនិត្យ និងស៊ើបសួរចប់សព្វគ្រប់ហើយ យល់ឃើញថា ជនត្រូវចោទឈ្មោះ ចាយ ផានី កើតថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៥ ..ដាក់ក្រោមការត្រួតពិនិត្យពីបទរំលោភលើទំនុកចិត្ត និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្ត នៅចំណុចរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២២ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៩១ និងមាត្រា៣៩២ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់»។
ការចេញដីកាបង្គាប់ឱ្យចាប់ខ្លួននេះក៏សំអាងទៅលើហេតុផលថា បទល្មើសដែលចោទប្រកាន់ជាបទមជ្ឈិម ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ ដែលគប្បីសម្រេចចាប់ខ្លួនឈ្មោះ ចាយ ផានី បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីឆ្លើយបំភ្លឺការពិតក្នុងសំណុំរឿង។
ដីកាបញ្ជាក់ថា៖«ហេតុដូច្នេះសេម្រេច ឱ្យចាប់ខ្លួនឈ្មោះ ចាយ ផានី និង បញ្ជាដល់កងកម្លាំងសាធារណៈឱ្យស្រាវជ្រាវរកចាប់ នឹងនាំខ្លួនជនត្រូវចោទដែលមានសាវតាដូចខាងលើនេះមកប្រគល់ជូន សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់»។
នៅពេលដែលត្រូវបានចោទសួរពីករណីនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោកអ៊ី រិន្ទបានបញ្ជាក់ដោយខ្លីថា៖«ចាំខ្ញុំពិនិត្យមើលសិន»។
នៅក្នុងសប្តាហ៍នេះផងដែរ ករណីឆបោកពាក់ព័ន្ធនឹងលោកឧកញ៉ាលី សាម៉េតក៏ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនិងហួសចិត្តផងដែរ ក្រោយពីប្រធានព្រឹទ្ធសភា លោកហ៊ុន សែនបានធ្វើការលាតត្រដាងពីការចាញ់បោករបស់លោកកន សុខកាយអតីតអភិបាលស្រុកល្វាឯមពីសំណាក់លោក លី សាម៉េត អស់ទឹកប្រាក់ ៣០ម៉ឺនដុល្លាររួចមក។
ប្រធានព្រឹទ្ធសភាបានអះអាងថា លោកលី សាម៉េត បានប្រើឈ្មោះរបស់លោក ដើម្បីបោកប្រាស់មនុស្សជាច្រើននាក់ផ្សេងទៀត ដោយករណីខ្លះមានទឹកប្រាក់រហូតដល់ ១០លានដុល្លារអាមេរិក។
លោកហ៊ុន សែនក៏បានស្នើឱ្យក្រសួងយុត្តិធម៌ ពិនិត្យមើលករណីនេះ ហើយប្រាប់ឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹងទៅតុលាការតាមរយៈក្រុមមេធាវីរបស់លោក។
លោកជិន ម៉ាលីនអ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា តុលាការកំពុងធ្វើការលើសំណុំរឿងនេះ៕