កាណាដា​គ្រោង​បើក​ស្ថាន​ទូត​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដែល​ជា​ដំណឹង​មួយ​អ្នក​វិភាគ​យល់​ថា​ បង្ហាញ​ពី​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ និង​កិច្ច​ប្រឹងប្រែង​ពិពិធកម្ម​​ការទូត​របស់​កម្ពុជា។

ផែនការ​បើក​ការទូត​នៅ​កម្ពុជា​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​លោក Justin Trudeau នាយក​រដ្ឋមន្ត្រី​កាណាដា ក្នុង​ពេល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ទីក្រុង​វៀងចន្ទន៍ នៅ​ក្រៅ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​កាល​ពី​ថ្ងៃ​ទី១០ ខែតុលា។

ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន ម៉ាណែត បាន​សរសេរ​ដូច្នេះ​ថា៖ «ឯកឧត្តម Justin Trudeau បាន​ជម្រាប​ជូន​សម្ដេច​បវរធិបតី​ថា ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​លើ​វិស័យ​ការ​ទូត ដោយ​កាណាដា​គ្រោង​បើក​ស្ថាន​ឯកអគ្គ​រាជ​រដ្ឋទូត នៅ​រាជធានី​ភ្នំពេញ​នា​ពេល​ឆាប់ៗ​ខាង​មុខ»។

លោក​ Trudeau ​ក៏​បាន​បញ្ជាក់​ពី​ការ​បន្ត​ពង្រឹង​ទំនាក់​ទំនង​ និង​កិច្ច​សហប្រតិបត្តិការ​នៃ​ប្រទេស​ទាំងពីរ​ឱ្យ​កាន់​តែ​រឹង​មាំ​ថែម​ទៀត ដែល​ក្នុង​នោះ ផ្នែក​ពាណិជ្ជកម្ម កាណាដា​នឹង​បញ្ជូន​គណ:​ប្រតិភូ​ពាណិជ្ជកម្ម មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ពិភាក្សា​អំពី​ការ​ជំរុញ និង​លើក​កម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី។

លោក​ក៏​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កាណាដា និង​អាស៊ាន​តាម​រយៈ​​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ​អាស៊ាន-កាណាដា ដែល​នឹង​ត្រូវ​អនុម័ត​នា​ពេល​ខាង​មុខ​នេះ។

លោក ហ៊ុន ម៉ាណែត ក៏​បាន​ប្រាប់​លោក Trudeau ដែរ​ថា កម្ពុជា​ក៏​គ្រោង​បើក​ស្ថាន​ទូត​របស់​ខ្លួន​នៅ​កាណាដា​ផង​ដែរ។ លោក​ថ្លែង​អំណរ​គុណ​ដល់​កាណាដា​ដែល​ចូល​រួម​ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ស្វែង​រក​សុខ​សន្ដិភាព​នៅ​កម្ពុជា តាម​រយៈ​ការ​បញ្ជូន​កង​រក្សា​សន្ដិភាព​នៅ​ទសវត្សរ៍ឆ្នាំ​១៩៩០ ការ​រួម​ចំណែក​បោស​សម្អាត​មីន និង​ការ​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្សេងៗ​មក​កម្ពុជា។

កាណាដា​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ទ្វេភាគី​លំដាប់​ទី៧​ របស់​កម្ពុជា ដែល​បាន​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​កម្ពុជា ដូចជា​ការ​បង្កើត​ការងារ និង​ការ​អភិវឌ្ឍ​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​យុវជន​កម្ពុជា។

ទិន្នន័យ​​កត់ត្រា​ដោយ​អគ្គនាយកដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា (GDCE) បាន​បង្ហាញថា ចាប់​ពី​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០២៤ ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-​កាណាដា មាន​ទឹក​ប្រាក់​សរុប ៨៩៥,៩៨ លាន​ដុល្លារ កើនឡើង ២៨,២​ ភាគរយ​បើ​ធៀប​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២៣។

ក្នុង​នោះ​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​កាណាដា ​មាន​ទឹក​ប្រាក់ ៨៤៨,៦៨ លាន​​​ដុល្លារ កើន​ឡើង ៣០,៨ ​ភាគ​រយ និង​ទំនិញ​កាណាដា​នាំចូល​​មក​កម្ពុជា មាន​ចំនួន ៤៧,៣ ​លាន​ដុល្លារ ធ្លាក់ចុះ ៥,៦ ​ភាគ​រយ។

ទំនិញ​ដែល​កម្ពុជា​នាំទៅ​កាណាដា មាន​ភាគ​ច្រើន​ជា​ផលិតផល​​​សម្លៀក​បំពាក់ កាបូប ស្បែកជើង គ្រឿង​បង្គុំ​អេ​ឡិច​ត្រូ​និក​អគ្គិសនី និង​កង់ ជាដើម​។ ចំណែក​ទំនិញ​កាណាដា នាំចូល​មក​វិញភាគ​ច្រើនគឺ​​ជា​គ្រឿង​អេឡិចត្រូនិក។

ដើម្បី​ជំរុញកិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម និង​ការ​វិនិយោគ កន្លង​មក​ផ្នែកឯកជនកម្ពុជា ដែល​តំណាង​ដោយ​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ទៅ​បើក​កា​រិ​យា​ល័យ​តំណាង​របស់ខ្លួន​នៅ​ទីក្រុង​តូរ៉ន់តូ​នៃ​​ប្រទេស​កាណាដា​ ដើម្បី​ពង្រឹង និង​ពង្រីក​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​កម្ពុជា និង​ផ្តល់​ព័ត៌មាន​ដើម្បី​ទាក់​ទាញ​វិនិយោគិន​កាណាដា​ឱ្យ​មក​បណ្ដាក់​ទុន​ផ្ទាល់​នៅ​កម្ពុជា។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា វា​ជា​ដំណឹង​គួរ​ឲ្យ​រីករាយ​ដែល​កាណាដា​នឹង​បើក​ស្ថានទូត​របស់​ខ្លួន​នៅ​កម្ពុជា​ ដែល​បង្ហាញ​ពី​ការ​រីក​ចម្រើន​និង​វិវត្ត​ជា​វិជ្ជមាន​នៃ​ទំនាក់​ទំនង​នៃ​ប្រទេស​ទាំង​ពីរ។​

លោក​ថា៖ «ម្យ៉ាង​ទៀត ផែនការ​បើក​ស្ថានទូត​នេះ​វា​ស្រប​ជាមួយ​នឹង​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ធ្វើ​ពិពិធកម្ម​ការ​ទូត​របស់​រដ្ឋាភិបាល​ជាមួយ​បណ្ដា​ប្រទេស​ទាំង​អស់ ទាំង​ក្នុង​តំបន់​និង​ពិភពលោក។ នេះ​ក៏​ជា​ការ​រំលេច​ឲ្យ​ឃើញ​ថា កម្ពុជា​មិន​បាន​ផ្កាប់មុខ​ទៅ​រក​តែ​ប្រទេស​ណា​មួយ​នោះ​ទេ។ កម្ពុជា​ចង់​មាន​ទំនាក់​ទំនង​ស៊ីជម្រៅ​ជាមួយ​បណ្ដា​ប្រទេស​ទាំង​អស់​ តាម​គោល​ការទូត​ផ្កា​ចម្រុះ​ពណ៌»៕