គណៈបញ្ជាការដឹកនាំយុទ្ធនាការពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការដោះស្រាយភាពមិនប្រក្រតី បន្តអំពាវនាវឲ្យសាធារណជនដាក់ពាក្យបណ្ដឹង ប្រសិនបើយល់ឃើញថា សំណុំរឿងរបស់ខ្លួនមានភាពមិនប្រក្រតី ឬមានភាពយឺតយ៉ាវ។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី១១ ខែតុលា របស់ក្រសួងយុត្តិធម៌ អំពីលទ្ធផលនៃយុទ្ធនាការពន្លឿនដោះស្រាយសំណុំរឿង និងការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ។ យុទ្ធនាការនេះដឹកនាំដោយលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
ក្រសួងយុត្តិធម៌បានឲ្យដឹងថា យុទ្ធនាការពន្លឿនការដោះស្រាយសំណុំរឿងក្ដី និងភាពមិនប្រក្រតី បានចាប់ផ្ដើមពីថ្ងៃទី៩ ខែមករា។ គិតត្រឹមថ្ងៃទី៩ ខែតុលាកន្លងទៅ សាលាជំនុំជម្រះក្ដីនៅទូទាំងប្រទេសបានដោះស្រាយសំណុំរឿងក្ដីទាំងព្រហ្មទណ្ឌ រដ្ឋប្បវេណី និងសំណុំរឿងផ្សេងទៀត បានជាង ១៣ម៉ឺនករណី ក្នុងចំណោមសំណុំរឿងសរុបជាង ១៨ម៉ឺនករណី ដែលស្មើនឹងជាង ៧៣,៥១ភាគរយ។ សំណុំរឿងទាំងនេះ បានសេសសល់ពីមុនការចាប់ផ្ដើមយុទ្ធនាការ និងសំណុំរឿងដែលចូលក្រោយការចាប់ផ្ដើម។
ក្នុងចំណោមរឿងក្ដីដែលបានដោះស្រាយ ក៏រួមបញ្ចូលទាំងការដោះស្រាយតាមរយៈយន្តការសម្រុះសម្រួលផងដែរ ដែលមាន ២៧៤ករណី។
សម្រាប់ការដោះស្រាយភាពមិនប្រក្រតីវិញ អគ្គលេខាធិការដ្ឋាននៃគណៈបញ្ជាការដឹកនាំយុទ្ធនាការបានទទួលពាក្យបណ្ដឹងដែលមានសុពលភាពអាចចាត់ការបានចំនួន ១៩២៧ករណី។ ក្នុងចំណោមពាក្យបណ្ដឹងទាំងនេះ នៅសល់តែ ៣៥៣ករណីប៉ុណ្ណោះដែលមិនទាន់បានដោះស្រាយចប់។
បណ្ដឹងករណីអត្រានុកូលដ្ឋានក៏ជាករណីចម្បងមួយដែរ ដែលគិតចាប់ពីយុទ្ធនាការនេះចាប់ផ្ដើម មានប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងសុំដោះស្រាយជាង ៣ម៉ឺន៧ពាន់ករណី។ ក្នុងចំណោមសំណុំរឿងទាំងនេះ មានជាង ៣ម៉ឺន៥ពាន់ករណីត្រូវបានដោះស្រាយ ដែលស្មើនឹងជាង ៩៤ភាគរយ។
សំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ បណ្ដាលឲ្យស្លាប់អ្នកដទៃ ឬរបួសធ្ងន់ធ្ងរ ក៏មានតួលេខធំដែរ គឺមានចំនួន ៤៤៧៤ករណី ទាំងមុននិងក្រោយការចាប់ផ្ដើមយុទ្ធនាការនេះ ក្នុងនោះ ៣៦៩៦ ករណីត្រូវបានដោះស្រាយ។
គណៈកម្មការនេះបានបញ្ជាក់ថា៖ «ទន្ទឹមនេះ អ្នកបើកបរដែលល្មើសនឹងច្បាប់ចរាចរណ៍ និងបានបង្កគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឱ្យអ្នកដទៃស្លាប់ គឺត្រូវតែទទួលខុសត្រូវតាមច្បាប់ដោយម៉ឺងម៉ាត់ និងដោយត្រឹមត្រូវតាមច្បាប់ ហើយពាក្យថា បុកគេស្លាប់ បង់លុយ ហើយរួចខ្លួន គឺលែងមានតទៅទៀតហើយនៅក្នុងក្របខ័ណ្ឌនៃការកែទម្រង់នេះ»។
ចំពោះយុទ្ធនាការបង្ក្រាបក្មេងទំនើងដែលចាប់ផ្ដើមពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចនិងតុលាការបានចាត់វិធានការករណីក្មេងទំនើងចំនួន ១១៧៥ករណី ដែលមកទល់ពេលនេះ ៥៨៩ ករណី ឬ ជាង៥០ភាគរយត្រូវបានសម្រេចរួចរាល់។
គណៈកម្មការបញ្ជាក់ដូច្នេះថា៖ «វិធានការម៉ឺងម៉ាត់នេះ បានចូលរួមចំណែកក្នុងការធានាឱ្យបាននូវសុវត្ថិភាព និង សណ្ដាប់ធ្នាប់សង្គម ដោយយើងសង្កេតឃើញជារួមថា បច្ចុប្បន្ននេះ សកម្មភាពក្មេងទំនើងនៅសល់តិចតួចតែប៉ុណ្ណោះ»៕