ស្ទឹងត្រែងៈ ការ​សិក្សា​ និង​វាយ​តម្លៃ​ ដើម្បី​អនុវត្ត​គម្រោង​រេដបូក​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​សៀម​ប៉ាង​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​ ក្រោយ​ពី​ក្រសួង​បរិស្ថាន​បាន​អនុម័ត​ផ្តល់​សិទ្ធិ​ដល់​ក្រុម​ហ៊ុន ​រ៉ាយហ្ស៊ីងហ្វីនិក​ធ្វើ​ការ​អភិវឌ្ឍ​គម្រោង​រេដបូក​នេះ កាល​ពី​ខែកុម្ភៈ​ ឆ្នាំ​ ២០២៣។ ​ 

អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន ​លោក ​ខ្វៃ​អាទិត្យា​បាន​ឱ្យ​ដឹង​ថា ​ក្រសួង​បរិស្ថាន ​និង​ក្រុមហ៊ុន​រ៉ាយហ្ស៊ីងហ្វីនិកបាន​កំពុង​តែ​សហ​ការគ្នា ​ដើម្បី​ធ្វើ​ការ​សិក្សា ​និង​វាយ​តម្លៃ​ជា​ជំហានៗ​ក្នុង​គម្រោង​ឥណទាន​កាបូន​ ប្រមាណ​ជា​១០​ម៉ឺន​ហិកតា ក្នុង​ចំណោម​ផ្ទៃ​ដី​ជាង​១៣​ហិកតា ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​សៀម​ប៉ាង។ 

លោក​មាន​ប្រសាសន៍​ថា៖«ជារួម​ការ​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​បរិមាណ​កាបូន ​ដើម្បី​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​លើ​បរិ​យា​កាស​នេះ ​គឺ​ក្រសួង​ធ្វើ​ការ​ជាមួយ​ក្រុម​ហ៊ុន​នេះ ​ដើម្បី​សិក្សា​ជា​ជំហាន​ អញ្ជឹង​ការ​សិក្សា​ត្រូវ​មាន​របាយការណ៍ ​និង​ការ​ផ្ទៀត​ផ្ទាត់​បន្ថែម​ទៀត​ទើប​យើង​ឈាន​ឆ្ពោះ​ទៅ​ការ​ធ្វើ​ពាណិ​ជញ្ជកម្ម​កាបូន»។ 

លោក​បាន​លើក​ពី​គោល​បំណង​នៃ គម្រោង​រេដបូក​ថា​ គម្រោង​នេះ​មាន​គោល​បំណ​ងធំៗ​ពី​រ ​គឺការពា​រព្រៃ​ឈើ​ឱ្យ​បាន​គង់​វង្ស​សម្រាប់​ជា​ប្រយោ​ជន៍​ជាតិ និង​ការ​ចូល​រួ​មកាត់​បន្ថយ​ការ​ប្រែប្រួល​អាកាស​ធាតុ​សកល​ក្នុង​អនុសញ្ញា​ក្រប​ខ័ណ្ឌ​សហ​ប្រ​ជាតិ​ស្តី​ពី​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។
 
ក្រៅ​ពី​ផល​ប្រយោជន៍​ជា​ឈើ​ប្រើ​ប្រាស់​ និង​ជា​មុខ​ងារ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ​ព្រៃ​ឈើនៅ​មាន​មុខងា​រដ៏សំខាន់​មួយ​ទៀត គឺ​ការ​ស្រូប​យក​ឧស័្មន​កាបូនិច ​(ឧស័្មនផ្ទះ​កញ្ចក់)​ ពី​បរិយាកាស​ដែល​មុខ​ងារ​នេះ​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ឧស័្មន​ផ្ទះ​កញ្ចក់​សកល។

លោក​ថ្លែង​ដូច្នេះ​ថា​៖«គម្រោង​រេដ​បូក​នេះ​មាន​សារៈ​សំខាន់​ ដែល​ចំណុច​ទី១​យើង​យក​ទៅ​ធ្វើ​ការ​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ ​តាម​រយៈ​ការ​ល្បាត​ ការ​ការពារ​ពី​មន្រ្តី​ឧទ្យានុរក្ស​ក៏​ដូច​ជា​សហគមន៍។ ទី២ ​យើង​ជួយ​សហគមន៍​នៅ​ក្នុ​ងតំ​បន់​ការ​ពារ​ធម្មជាតិ​ហ្នឹង ​ចូល​រួម​អភិរក្ស ​ដាំដើម​ឈើ ​ជាពិសេស​គឺ​បង្កើន​គម្រប​បៃតង ​ហើយគាត់​អាច​ទាញ​យក​ប្រយោជន៍​ពី​ធន​ធាន​ធម្មជាតិ​តាមរ​យៈទេសចរណ៍​ធម្មជាតិ»។
 
យ៉ាង​ហោច​ណាស់​គម្រោង​រេដបូក​ចំនួន​២​កំពុង​តែ​ដំណើរ​ការ​នៅ​កម្ពុជា ​ដូច​ជា​គម្រោង​រេដបូក​កែវ​សីមា ​ស្ថិត​ក្នុង​ខេត្ត​មណ្ឌល​គិរី និង​គម្រោង​រេដបូក​ជួរ​ភ្នំ​ក្រវាញ​ខាង​ត្បូង (Southern Cardamom Redd+ project)​។

ក្រៅពីនោះ ​គម្រោង​រេដបូក ផ្សេងទៀតដែល​កំពុង​តែ​ស្ថិត​ក្នុង​ដំណាក់​កាល​សិក្សា​ដូចជា ​គម្រោង​នៅ​ក្នុង​ដែន​ជម្រក​សត្វ​​ព្រៃ​លំផាត់ តំបន់​ជួរ​ភ្នំ​ក្រវាញ​កណ្តាល ដែន​ជម្រក​សត្វព្រៃ​ភ្នំត្នោត តំបន់​ទេសភាព​វាល​ទំនាប​ខាង​ជើង ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ និង ដែន​ជម្រក​សត្វព្រៃ​ភ្នំសំកុស។​ 

គម្រោង​ USAID​ មរតក​បៃតង ​កំពុង​តែ​គាំ​ទ្រ​ក្រុម​ហ៊ុន​ រ៉ាយហ្ស៊ីង ហ្វីនិក ​ដើម្បី​អនុវត្ត​ការ​វាយ​តម្លៃពី​ផលប៉ះ​ពាល់ ​ផ្នែក​សង្គម ​និង​ជីវៈ​ចម្រុះ​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​រេដបូក​សៀម​ប៉ាង​នេះ។

USAID ​មរតក​បៃតង ​និង​ក្រុម​ហ៊ុន​ រ៉ាយហ្ស៊ីង ហ្វីនិក ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​បណ្តុះ​បណ្តាល​ជំនាញ ​និង​ចំណេះ​ដឹង​ដល់​បុគ្គលិក​គម្រោង​ និង​អ្នក​ពាក់​ព័ន្ធ ​ដោយ​ផ្តោត​សំខាន់​លើ​ការ​វាយ​តម្លៃលើ​ផល​ប៉ះពាល់​ផ្នែក​សង្គម​ និង​ជីវៈ​ចម្រុះ​ (SBIA)។ នេះ​គឺ​ជា​ជំហាន​សំខាន់​មួយ ក្នុងការ​ធានា​ថា ​គម្រោង​រេដបូក​ត្រូវ​បាន​អនុវត្ត​ប្រកប​ដោយ​សមធម៌​សង្គម ​និរន្តរភាព​បរិស្ថាន ​ដែល​ស្រប​តាម​ស្តង់​ដា​អន្តរ​ជាតិ ​និង​ការ​អនុវត្ត​ល្អ​បំផុត​។

គម្រោង ​USAID ​មរតក​បៃតង ​បាន​ឱ្យ​ដឹង​ថា ​វគ្គ​បណ្តុះ​បណ្តាល​នេះ​ត្រូវ​បាន​ដឹក​នាំ​ដោយ​អ្នក​ប្រឹក្សា​ពី ​EarthShot ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ពីរ​ដំណាក់​កាល។ ដំណាក់​កាល​ដំបូង​បាន​សង្កត់​ធ្ងន់​លើ​ការ​យល់​ដឹង​អំពី​ទ្រឹស្តីនៃ ​ការ​ផ្លាស់​ប្តូរ (Theory of Change) ដើម្បី​ប្រើ​ប្រាស់​ក្នុង​ការ​វិភាគ​ស្ថាន​ភាព ​ជាពិសេស​ក្នុង​ការ​ប្រមូល​ព័ត៌​មាន ​និង​ការ​ចូល​រួម​របស់​សហ​គមន៍។ ដំណាក់​កាល​នេះ​ផ្តោត​លើ​ចំណុច​សំខាន់ៗ​ដូច​ជា កា​រកំណត់​បញ្ហា ​ការ​បង្កើត​គំរូ​ស្ថាន​ភាព ​ការ​បង្កើត​ខ្សែ​ច្រវាក់​លទ្ធ​ផល​ និង​ការ​វិភាគ​ហានិភ័យ ​និង​ផល​ប៉ះពា​ល់អ​វិជ្ជមាន​នៃ​គម្រោង។ 

បន្ទាប់​ពី​វគ្គ​ទ្រឹស្តី ​អ្នក​ចូល​រួម​បាន​ចុះ​អនុវត្ត​ជាក់​ស្តែង​ជាមួយ​សមាជិក​សហគមន៍​ចំនួន​៣០​នាក់​ នៅ​ក្នុង​ភូមិ​ខិះ​ស្វាយ​ស្ថិត​ក្នុង ​ឃុំ​ព្រែក​មាស ​ស្រុក​សៀម​ប៉ាង។ ភូមិ​នេះ ​ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​គោល​ដៅ​រេដ​បូក​ចំនួន ​១៦ ​ដែល​នឹង​តម្រូវ​ឱ្យ​មាន​ការ​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​ផ្នែក​សង្គម ​និង​ជីវៈ​ចម្រុះ​នេះ។

គម្រោង​រេដ​បូក​សៀមប៉ាង ​ត្រូវ​បាន​ផ្តួច​ផ្តើម​ស្រប​តាម​ចក្ខុវិស័យ​របស់​ក្រុម​ហ៊ុន ​រ៉ាយ​ហ្ស៊ីង​ហ្វីនិក​ គឺ​«ប្រែក្លាយ​ដែន ជម្រក ​សត្វ​ព្រៃ​សៀម​ប៉ាង ​ឱ្យ​ទៅ​ជាឋាន​សួគ៌ ​ដែលស​ម្បូរ​សប្បាយ​ និង​រីក​ចំរើន​សម្រាប់​សត្វ​ព្រៃ ​និង​អាច​បង្កើត​ប្រាក់​ចំណូល ​និង​ផ្តល់​អត្ថ​ប្រយោជន៍​សម្រាប់​សហគមន៍ ​និង​ការ​អភិវឌ្ឍ​ជាតិ»។ ​

នៅពេល​នេះ​ក្រុម​ការ​ងារ ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ​ហើយ​នឹង​បន្ត​ដឹក​នាំ​ការ​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​ផ្នែក​សង្គម​ និង​ជីវៈ​ចម្រុះ​នេះ​ នៅ​តាម​ភូមិ​ចំនួន​ ១៥ ទៀត​ដែល​នៅ​សេស​សល់។ នេះបើ​យោង​តាម ​USAID មរត​ក​បៃត​ង។

លោក​អនុ​រដ្ឋ​លេខា​ធិការ ​ខ្វៃអាទិត្យា​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​ក្រុម​ហ៊ុន​មាន​ពេល​ធ្វើ​ការ​សិក្សា​រហូត​ដល់​ឆ្នាំ​២០២៥ ហើយ​ដាក់​របាយការណ៍​ទៅ​ក្រសួង​បរិស្ថាន ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​មើល​ទំហំ ​ដែល​ អាច​គណ​នាពី​ការបំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​លើ​បរិយាកាស។ 

លោក​មាន​ប្រសាសន៍​ថា៖«យើង​នៅ​រង​ចាំ​មើល​របាយការណ៍ ​ដែល​កំពុង​តែ​ធ្វើ​ការវាយ​តម្លៃ​។ ការ​ធ្វើ​របាយការណ៍​នេះ វា​ត្រូវ​ឆ្លង​កាត់​នីតិ​វិធី ​ត្រូវ​ការ​វាយ​តម្លៃ​បន្ថែម​ពី​ទី​ភ្នាក់​ងារ​វាយ​តម្លៃ​ឯករាជ្យ​ ហើយ​នឹ​ងផ្ទៀត​ផ្ទាត់​ ដោយ​ទី​ភ្នាក់​ងារ​អន្តរ​ជាតិ​វេរ៉ា​(VERRA)​ មុន​នឹង​យើង​អាច​ធ្វើការ​ពាណិជ្ជកម្ម​កាបូន​នេះ​ជា​មួយ​នឹង​ដៃគូ​បាន»។

តាម​រយៈ​សំណើរ​បស់​ក្រសួង​បរិស្ថាន ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេច​ចេញ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី៦​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩ ដើម្បី​ដាក់​បញ្ចូល​ដែន​ជម្រក​សត្វ​ព្រៃ​សៀម​ប៉ាង​ខាង​លិច ​និង​ដែន​ជម្រក​សត្វព្រៃ​សៀមប៉ាង​ទៅជា​តំបន់​ការ​ពារ​ធម្ម​ជាតិ​តែ​មួយ​មាន​ឈ្មោះ​ថា​«ដែន​ជម្រក​សត្វ​ព្រៃ​សៀម​ប៉ាង»។ ដែន​ជម្រ​កនេះ​មាន​ផ្ទៃ​ដី​ទំហំ​ស​រុប​ចំនួន ​១៣៣ ៧០៧, ៧៣ហិកតា ​ស្ថិត​នៅ​ក្នុង​ឃុំ​សន្តិភាព​ ឃុំ​ថ្មកែវ ​និង​ឃុំ​ព្រែកមាស ​ស្រុក​សៀម​ប៉ាង ​ខេត្ត​ស្ទឹង​ត្រែង។ 

ការ​ដាក់​បញ្ជូល​គ្នា​ បង្កើត​ជា​«ដែន​ជម្រក​ស​ត្វព្រៃ​សៀម​ប៉ាង»នេះ​ មាន​គោល​បំណង​ ធានាឱ្យ​មាន​ការ​ថែ​ទាំ​ទី​ជម្រក​សត្វ​ព្រៃ​និង​ប្រព័ន្ធ​អេកូឡូ​ស៊ី ​ព្រម​ទាំង​ធានា​ឱ្យ​មាន​ការ​បំពេញ ​លក្ខ​ខណ្ឌ​ចាំបាច់​សម្រាប់​ប្រភេទ​ណា​មួយ​នៃ​សត្វ រុក្ខជាតិ ​និង​ជីវៈចម្រុះ​។ លើស​ពីនោះ ​គឺ​ដើម្បី​ផ្តល់​ផលិត​ផល​និង​សេវា​កម្ម​ធម្មជាតិ​សម្រាប់​ការ​ប្រើ​ប្រាស់​ប្រកប​ដោយ​និរន្តរ​ភាព​ និង​ ដើម្បី​លើក​កម្ពស់​ការ​ចូល​រួម​របស់​សហគមន៍​មូល​ដ្ឋាន​ក៏​ដូច​ជា​សាធា​រណ​ជន ក្នុង​ការ​រួម​ចំណែក​ដល់​ការ​គ្រប់​គ្រង ការ​ការ​ពារ ​និង​ការ​អភិរក្ស​ជីវៈ​ចម្រុះ​និង​ធន​ធាន​ធម្មជាតិ​ក្នុង​តំបន់៕