កំពង់ឆ្នាំង៖ នៅក្នុងគំនិតផ្តួចផ្តើមមួយក្នុងគោលបំណងអភិរក្សប្រភេទត្រីក្នុងស្រុក និងគាំទ្រដល់ការនេសាទប្រកបដោយនិរន្តរភាព ជណ្ដើរត្រីស្វាយចេក ត្រូវបានបើកជាផ្លូវការ ដោយផ្តល់នូវដំណោះស្រាយបច្ចេកទេសសំខាន់ៗដើម្បីតភ្ជាប់ជម្រកជលផលឡើងវិញ។
ហេដ្ឋារចនាសម្ព័ន្ធថ្មីនេះត្រូវបានរំពឹងថានឹងជួយបង្កើនប្រាក់ចំណូលពីផលនេសាទដល់ទៅ ១៩០០០ គ្រួសារនៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងជួយអភិរក្សពូជត្រីក្នុងស្រុកជាង ១០០ ប្រភេទ។
ជណ្ដើរត្រីនេះគឺជាសមិទ្ធផលទីបីដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលីតាមរយៈមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) ក្រោមកម្មវិធីភាពជាដៃគូ មេគង្គ-អូស្ត្រាលី។
បង្កើតឡើងដោយសហការជាមួយសាកលវិទ្យាល័យ Charles Sturt (CSU) និងរដ្ឋបាលជលផលកម្ពុជា ជណ្តើរត្រីស្វាយចេក ផ្តល់ដំណោះស្រាយជាបច្ចេកទេសដើម្បីបង្កើតជម្រក និងផ្តល់បរិស្ថានល្អសម្រាប់ការលូតលាស់របស់ត្រីឡើងវិញ។
ក្នុងពិធីសម្ពោធកាលពីថ្ងៃទី៩ ខែតុលា លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានចូលរួមជាមួយតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងការបើកសម្ពោធជណ្ដើរត្រីស្វាយចេក។
លោក យីប បានថ្លែងថា៖ «កិច្ចសហការស្រាវជ្រាវបែបវិទ្យាសាស្ត្ររបស់ ACIAR និងសាកលវិទ្យាល័យ Charles Sturt ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាដៃគូអភិវឌ្ឍន៍ បានពង្រឹងសមត្ថភាព និងការស្រាវជ្រាវក្នុងតំបន់»។
លោកបន្ដថា៖ «ការទទួលបានព័ត៌មានច្បាស់លាស់ជួយដល់ស្ថាប័នពាក់ព័ន្ធនានា ក្នុងការទាញយកព័ត៌មានទាំងនោះមកធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ដើម្បីធានាលទ្ធផលជាវិជ្ជមានរយៈពេលយូរអង្វែង សម្រាប់កិច្ចការងារគ្រប់គ្រងពូជត្រីក្នុងស្រុក ទឹក និងសេដ្ឋកិច្ច»។
ជណ្តើរត្រីស្វាយចេក ត្រូវបានសាងសង់ឡើងដោយផ្អែកលើទិន្នន័យពីកម្មវិធីស្រាវជ្រាវអស់រយៈពេលពីរទសវត្សរ៍ស្តីពីផ្លូវត្រីក្នុងទន្លេមេគង្គ ដែលត្រូវបានកែសម្រួលឱ្យសមស្របទៅនឹងសមត្ថភាពបម្លាស់ទីរបស់ត្រីក្នុងតំបន់ផ្សេងៗគ្នា។
វានឹងក្លាយជាទីតាំងគំរូមួយ ដើម្បីចែករំលែកព័ត៌មាន និងផ្តល់ការណែនាំស្តីពីការសាងសង់ជណ្តើរត្រីដល់ទីតាំងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។
លោកស្រីសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិ ACIAR បានឱ្យដឹងថា៖ «ការសាងសង់ជណ្តើរត្រីស្វាយចេក នឹងជួយការពារជីវចម្រុះរបស់ត្រី ការពារសន្តិសុខស្បៀង និងជីវភាពរបស់ប្រជាជនរាប់ពាន់គ្រួសារដែលរស់នៅតាមទីជនបទ ហើយសំណង់ជណ្តើរត្រីថ្មីនេះក៏នឹងផ្តល់ជាចំណេះដឹងដ៏មានតម្លៃមួយសម្រាប់ប្រទេសកម្ពុជា ប្រទេសម្ចាស់ជំនួយ អ្នកវិនិយោគ និងស្ថាប័នផ្នែកធារាសាស្ត្រ ដើម្បីធ្វើការសម្រេចចិត្តថា តើគួរត្រូវបញ្ចូលបច្ចេកវិទ្យា ជណ្តើរត្រីនេះ ទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ពួកគេដែរឬទេ»។
លោកស្រីបន្ដថា ជណ្តើរត្រីស្វាយចេក ដែលបានសាងសង់ឡើងប្រកបដោយភាពច្នៃប្រឌិតនេះ បានបង្ហាញថា ការសាងសង់ជណ្តើរត្រី ពិតជាអាចសាងសង់រួមបញ្ចូលជាមួយគម្រោងអភិវឌ្ឍន៍ ធារាសាស្ត្រប្រកបដោយប្រសិទ្ធភាពពិតប្រាកដមែន។
នាយកប្រតិបត្តិ ACIAR បានលើកឡើងថា វាជាគំរូមួយសម្រាប់ប្រទេសដទៃទៀតដើម្បីសិក្សាពីកម្ពុជា។ ម្យ៉ាងទៀត ជណ្តើរត្រីស្វាយចេកនេះ ក៏អាចប្រើជាគំរូសម្រាប់ការសិក្សាវាយតម្លៃស្តីពីផលចំណេញ និងថ្លៃចំណាយ នៅពេលដែលពួកគេចង់រាប់បញ្ចូលការសាងសង់ជណ្តើរត្រីទៅក្នុងគម្រោងស្រដៀងគ្នានេះ។
ក្នុងថ្ងៃបើកសម្ភោធ ជណ្តើរត្រីស្វាយចេក លោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបរិភោគសាច់ត្រីសម្រាប់ការលូតលាស់របស់កុមារ និងស្ត្រីតាមសហគមន៍ជនបទក្នុងប្រទេសកម្ពុជា។
លោកបានថ្លែងថា៖ «ការបរិភាគសាច់ត្រី បានផ្តល់មីក្រូសារជាតិសំខាន់ៗជាច្រើន ដែលមានសារៈសំខាន់សម្រាប់ការទ្រទ្រង់សុខភាពរបស់កុមារអាយុក្រោម ៥ឆ្នាំ និងសម្រាប់សុខភាពល្អរបស់ស្ត្រីមានផ្ទៃពោះ។ ក្នុងតំបន់ទន្លេមេគង្គ ត្រីមិនត្រឹមតែជាអាហារប៉ុណ្ណោះទេ ប៉ុន្តែវាមានសារ:សំខាន់សម្រាប់អាហារូបត្ថម្ភ និងការលូតលាស់ ជាពិសេសសម្រាប់ប្រជាជនដែលងាយរងគ្រោះ»។
លោកបានបញ្ជាក់ថា៖ «ការសាងសង់ជណ្តើរត្រី គឺជាការអភិរក្សពូជត្រី ប្រកបដោយនិរន្តរភាព វាមានសារសំខាន់ខ្លាំងណាស់ ដើម្បីធានាសន្តិសុខស្បៀង និងលើកកម្ពស់សុខុមាលភាពសម្រាប់សហគមន៍ទាំងមូល»។
ជណ្ដើរត្រីស្វាយចេក ត្រូវបានសាងសង់នៅលើស្ទឹងស្វាយចេក ដែលមានប្រភពចេញពីភ្នំឱរ៉ាល់ ជាភ្នំដែលខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា។ ស្ទឹងនេះបានផ្តល់ទឹកសម្រាប់ការលូតលាស់របស់ត្រី និងការធ្វើកសិកម្មដាំដុះស្រូវ។ វាបានបំរើផលប្រយោជន៍ដល់ឃុំចំនួនប្រាំបួន មុននឹងហូរចូលទៅកាន់បឹងទន្លេសាប។
ជណ្តើរត្រីស្វាយចេកនេះ អាចជួយឱ្យត្រីធ្វើបម្លាស់ទីដោយសេរី តាមខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោម ហើយអាចជួយឱ្យត្រីហែលឆ្លងកាត់ឧបសគ្គ ត្រង់ទំនប់គ្រប់គ្រងទឹកជំនន់ ដើម្បីទៅកាន់ប្រភពអាហារ និងកន្លែងពងកូនរបស់វា ខណៈប្រព័ន្ធធារាសាស្ត្រ នៅតែអាចស្រោចស្រពទឹកសម្រាប់ការធ្វើកសិកម្មដាំដុះស្រូវដដែល៕