លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត បាន​ប្រាប់​ឲ្យ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​ រេលវេ កម្ពុជា ពន្លឿន​ការ​ការ​ពិភាក្សា​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ឲ្យ​បាន​យ៉ាង​យូរ​នៅ​ចុង​ឆ្នាំ​២០២៤​នេះ ដើម្បី​បន្ថែម​សមត្ថភាព​ដឹក​ជញ្ជូន​របស់​កម្ពុជា ជា​ពិសេស​តាម​ផ្លូវដែក។

ថ្លែង​ក្នុង​ពិធី​អបអរសាទរខួប ​២០ឆ្នាំ នៃ​ការ​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​របស់​កម្ពុជា នៅ​ថ្ងៃ​ទី១៤ តុលា ២០២៤ លោក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា ការចរចា​លើ​កិច្ច​ការ​នេះ​បាន​ជាប់​គាំង​មក​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​ពេល​នេះ​មិន​អាច​ពន្យារ​បាន​ទៅ​ទៀត​ទេ។ 

លោក​ថ្លែង​ថា៖ «ដូច្នេះ សុំ​ឲ្យ​អ្នក​ឧកញ៉ា គិត ម៉េង និង​ឯក​ឧត្តម​ ប៉េង ពោធិ៍នា ធ្វើ​ម៉េច​ចរចា​ឲ្យ​ចប់​នូវ​ អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រឿង​ផ្លូវ​ដែក​ហ្នឹង ធ្វើ​ឲ្យ​ចប់​ត្រឹម​ដាច់​ឆ្នាំ​នេះ​ដើម្បី​យើង​ធ្វើ​ការ​ងារ​ពង្រឹង​អាហ្នឹង។ ព្រោះ​តែ​អត់​ចរចា​ចប់ ខ្ញុំ​ដក​ហើយ»។ 

លោក​ថ្លែង​បន្ត​ថា ដំណើរការ​នៃ​ការ​អភិវឌ្ឍ​ផ្លូវ​ដែក​នេះ មិន​ចាំ​បាច់​ល្អ​ឥតខ្ចោះ​នៅ​ដំណាក់​កាល​ដំបូង​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​ឲ្យ​គម្រោង​នេះ​ដើរ​ទៅ​មុខ។ បន្ទាប់​មក គុណភាព​នឹង​ត្រូវ​ពង្រឹង​ជា​បន្ត​បន្ទាប់​នា​ពេល​ខាង​មុខ។

លោក​ថា៖ «ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ឯកភាគ​គ្នា​ជា​គោល​ការណ៍​ដើម្បី​អាច​ដំណើរ​ការ​បាន ដូចជា​តាម​រយៈ​ការ​ upgrade ឬ​ជួស​ជុល​យ៉ាង​ណា​ដែល​អាច​ឲ្យ​វា​ដំណើរ​ការ​បាន។ ឥឡូវ​ថវិកា​យើង​មាន​ខ្លះ​សម្រាប់​សិក្សា​ផ្លូវ​ដែក។ ប៉ុន្តែ យើង​ត្រូវ​ចរចា​ឲ្យ​ហើយ​មុន​នឹង​ដាក់​ថវិកា​នេះ​បញ្ចូល​ទៅ​ក្នុង​ផែនការ​ផ្លូវ​ដែក បើ​មិន​ដូច្នេះ​ទេ យើង​នឹង​ចាយ​លុយ​អត់​ប្រយោជន៍»។ 

លោក​បាន​លើក​ឡើង​ពី​ថវិកា​ជាង ៣០០​លាន​យន់ ឬ ជាង ៤២​លាន​ដុល្លារ​ដែល​រដ្ឋាភិបាល​ចិន​បាន​ផ្ដល់​ឲ្យ​កម្ពុជា​ជា​ជំនួយ​ឥត​សំណង ដែល​ការ​ប្ដេជ្ញា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ប្រទេស​ឡាវ​កាល​ពី​សប្ដាហ៍​មុន។ លោក​ថា ថវិកា​នេះ​គឺ​មាន​គោលដៅ​ប្រើប្រាស់​លើ​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ផ្លូវ​ដែក។ 

ដោយ​លើក​ឡើង​ពី​គម្រោង​ពង្រីក​ផ្លូវ​ដែក​ឆ្ពោះ​ទៅ​ទិស​ខាង​កើត លោក ហ៊ុន ម៉ាណែត ក៏​បាន​បង្ហាញ​ពី​សក្ដានុពល​នៃ​ផ្លូវ​ដែក​ដែល​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ដឹក​ជញ្ជូន​បាន​យ៉ាង​ច្រើន។ លោក​ក៏​បង្ហើប​អំពី​ផែនការ​ស្ដារ​ទន្លេ​មេគង្គ​នៅ​ផ្នែក​ខាង​លើ​ផង​ដែរ ដើម្បី​តភ្ជាប់​ផ្លូវ​ទឹក​​របស់​កម្ពុជា ដែល​ការ​ស្ដារ​ទន្លេ​នេះ​រួម​មាន​ទាំង​ការ​បូម​ខ្សាច់​ផង​ដែរ។

យោង​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ​ផ្លូវ​ដែក​កម្ពុជា ត្រូវ​បាន​សាង​សង់​ដំបូង​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៣០ ដល់​ឆ្នាំ​១៩៤០ ដែល​មាន​ចំនួន ២ខ្សែ គឺ​ខ្សែ​ភាគ​ខាងជើង និង​ខ្សែ​ភាគ​ខាងត្បូង ដែល​មាន​ប្រវែង​សរុប ៦៥០គីឡូម៉ែត្រ។ 

ផ្លូវ​ដែក​ភាគ​ខាងជើង មាន​ប្រវែង ៣៨៦គីឡូម៉ែត្រ ពី​ភ្នំពេញ ទៅ​ដល់​ប៉ោយប៉ែត ​កសាង​ឡើង​ចាប់​ពី​ឆ្នាំ​១៩២៩ ដល់​ឆ្នាំ១៩៤២ ក្នុង​សម័យ​អាណានិគម​បារាំង  ចំណែក​​ផ្លូវ​ដែក​ភាគ​ខាងត្បូង ត្រូវ​បាន​កសាង​ឡើង​ចន្លោះ​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៦៩ ក្នុង​សម័យ​សង្គម​រាស្ត្រនិយម​ ប្រវែង​ ២៦៤គីឡូម៉ែត្រ។

បច្ចុប្បន្ន​នេះ​ ផ្លូវ​ដែក​ទាំង​ពីរ​ខ្សែ​ ត្រូវ​បាន​សាងសង់ និង​ជួសជុល​ដាក់​ឱ្យ​ប្រើ​ប្រាស់​ឡើង​វិញ​តាមរយៈ​ការ​សហការ​រវាង​ក្រសួងសាធារណការ និង​ដឹកជញ្ជូន​ និង​ក្រុមហ៊ុន រ៉ូយ៉ាល់ រេលវេ កម្ពុជា (RRC)​ដែល​ផ្ដល់​សេវាកម្ម​ដឹក​អ្នក​ដំណើរ​និង​ទំនិញ៕