ភ្នំពេញៈ ក្រសួងបរិស្ថាន​បាន​ចុះ​កិច្ច​ព្រម​ពៀង​សហ​ប្រតិបត្តិការ​ជាមួយ​និង ​មជ្ឈ​មណ្ឌល​កោង​កាង​អន្តរជាតិក្នុង​ប្រទេ​ស​ចិន​ ដើម្បី​ពង្រឹង​កិច្ចសហការ ​ក្នុង​ការ​ស្តារ​ព្រៃ​កោង​កាង​ឡើង​វិញ ​ខណៈ​ដែល​កម្ពុជា​មាន​ព្រៃ​កោង​កាង​ជាង ​៥​ម៉ឺន​ហិ​ក​តា​ក្នុង​ខេត្ត​ឆ្នេរ​សមុទ្រ​ចំនួន​៤។ 

ការ​ចុះ​កិច្ច​ព្រម​ពៀង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ​ខែ​តុលា រវាង ​លោកស្រី ស៊ុនលាង ​អគ្គនាយកដ្ឋាន​តំបន់​ការពារ​ធម្មជាតិ ​នៃ​ក្រសួង​បរិស្ថាន ​និង​លោក​ Kong Fanchang អគ្គ​នាយករង ​និង​ជា​តំណាង​មជ្ឈមណ្ឌលកោងកាង​អន្តរជាតិ (the International Mangrove Center-IMC) ដែល​មាន​ទី​ស្នាក់កា​រនៅ​ទី​ក្រុង​ Shenzhen នៃ​ប្រទេស​ចិន។ នេះបើ​យោង​តាម​ក្រ​សួង​បរិ​ស្ថាន​នា​ថ្ងៃ​អាទិត្យ ​ទី​១៣ ​ខែ​តុលា​នេះ។

ក្រសួង​បញ្ជាក់​ថា​៖«កិច្ច​ព្រម​ពៀង​សហ​ប្រតិបត្តិការ​នេះ​ គឺ​ផ្តោត​លើ​ការ​ពង្រឹង​កិច្ច​សហការ ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ និង​ការ​ស្តារ​ព្រៃ​កោង​កាង ​ក៏​ដូច​ជា​ការ​លើក​កម្ពស់​ការ​យល់​ដឹង​សាធារណៈ​អំពី​សារៈសំខាន់ នៃប្រព័ន្ធ​អេកូឡូស៊ី​ព្រៃ​កោង​កាង»។

លោក​ស៊ុន​លាង​បាន​ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ច​ព្រម​ពៀង​នោះ​ថា ព្រៃកោ​ងកាង​បាន​ផ្តល់​ជា​សេវាកម្មប្រព័ន្ធ​អេកូឡូ​ស៊ី​ដល់​ប្រជាព​លរដ្ឋ​នៅ​តាម​តំបន់​ឆ្នេរ​ និង​ជាគោល​ដៅ​លំហែ​បៃតង​ ដែល​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិតែង​តែចូល​ចិត្តទៅ​កំ​សាន្ត។

លើស​ពី​នោះ ​លោក​ក៏​បាន​លើក​ឡើង​ពី​យុទ្ធ​សាស្ត្រ​ចក្រា​វិស័យ​បរិស្ថាន​របស់​កម្ពុជា ​ដែល​ផ្តោត​លើ «ភាពស្អាត» «ភាព​បៃតង»​ និង​«ចីរភាព»។ ចំពោះ​ភាព​បៃ​តង គឺ​ក្រសួង​បរិស្ថាន ​បាន​ធ្វើ​ការ​ចែក​កូន​ឈើ​ដោយ​ឥត​គិត​ថ្លៃ​ដល់​សា​ធារ​ណជន ​ដែល​មាន​បំណង​ចូល​រួម​ដាំ​ស្តារ ​និង​បង្កើន​ភាព​បៃ​តង​ក្នុង​សហគមន៍។ ​ក្នុង​នោះ​ក៏​មាន​ការចែក​កូន​កោង​កាង​នៅ​តាម​ខេត្ត​តំបន់​ឆ្នេរ​ទាំង​៤ផង​ដែរ ដូច​ជា ខេត្ត​កោះកុង ​ព្រះសីហនុ ​កំពត​ និង​ខេត្ត​កែប។

ក្រសួងបញ្ជាក់ថា​៖«កិច្ច​សហប្រតិបត្តិការ​នេះ ​គឺ​ស្រប​ទៅ​និង​«ភាពបៃតង»​ ដោយ​ការ​ចូល​រួម​ស្តារ​ព្រៃ​កោង​កាង និង​អភិរក្ស​ព្រៃ​កោងកាង ​ហើយ​ឯក​ឧត្តម​សង្ឃឹម​យ៉ាង​មុត​មាំ​ថា​ តាមរយៈ ​ការបង្កើត​មជ្ឈមណ្ឌល​កោងកាង​អន្តរជាតិ យើង​នឹង​អាច​រួម​កំលាំង​គ្នា​ជា​សកល​ក្នុង​ការ​ស្តារ និង​អភិរក្ស​ព្រៃ​កោង​កាង​ទាំង​ក្នុង​ប្រទេស​ខ្លួន ​នៅ​ថ្នាក់​តំបន់​ និង​សក​ល​លោក»។

លោក​បាន​ក៏​បាន​ស្វាគមន៍​ដល់​ប្រតិភូ​ចិន ​ដែល​បាន​មក​បំពេញ​ទស្សន​សិក្សា​អំពី​ព្រៃ​កោង​កាង​នៅ​កម្ពុជា​ផង​ដែរ។

កម្ពុជា​មាន​ព្រៃ​កោង​កាង​ជាង ​៥​ម៉ឺន​ហិ​ក​តា​ក្នុង​ខេត្ត​ឆ្នេរ​សមុទ្រ​ចំនួន​៤។ រូបថត អង្គការ​សត្វ ព្រៃ​និង​រុក្ខជាតិ​កម្ពុជា (Fauna & Flora- Cambodia Programme)​

លោក ​Kong Fanchang បាន​ថ្លែង​អំណរ​គុណ ដល់​ក្រសួង​បរិស្ថាន​ដែលបាន​គាំ​ទ្រ​ដល់​ការ​បង្កើត​មជ្ឈ​មណ្ឌលកោង​កាង​អន្តរជាតិ​ ដែល​ចាប់​តាំង​ពី​ដំបូង​ រហូត​មក​ដល់​បច្ចុប្បន្ន ​មាន​ប្រទេស​ជាង​២០​បាន​ចូល​រួម​គាំ​ទ្រ​ជា​បន្ត​បន្ទាប់។ នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ចំណង​មិត្ត​ភាព​ដ៏​រឹង​មាំរ​វាងកម្ពុជា ​និង​ចិន។ នេះ​បើ​យោង​តាម​ប្រភព​ដដែល​នេះ។

លោក​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ​នៅថ្ងៃ​ទី៥​ ខែវិចិ្ឆកា​ខាង​មុន​នេះ ​នឹង​មាន​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​បង្កើត​មជ្ឈ​មណ្ឌល​កោង​កាង​អន្តរជាតិ​ជា​ផ្លូវការ​ នៅ​ទី​ក្រុង​Shenzhen ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹក​នាំ​ជា​ច្រើន​ប្រទេស។ កម្ពុជា និង​សាធារណរដ្ឋ ម៉ា​ដាហ្គា​ស្កា ​គឺ​ជា​ភ្ញៀវ​ដ៏​សំខាន់​ ព្រោះថា​ កម្ពុជា​ និងប្រទេស​ម៉ាដាហ្គាស្កា គឺ​ជា​ប្រទេស​សហ​ស្ថាបនិក ​ក្នុង​ការ​បង្កើត​មជ្ឈ​មណ្ឌល​នេះ​ឡើង។

កម្ពុជា​មាន​ផ្ទៃដី​ព្រៃ​កោង​កាង​សរុប​ចំនួន ៥៨ ៨០០​ហិកតា។ ក្នុង​នោះ​ ខេត្តកោះ​កុង​ មាន​ព្រៃ​កោង​កាង​ទំហំ ៤៦ ៥២៩​ហិកតា​ ដែល​ជា​ខេត្ត ​មាន​ព្រៃកោង​កាង​ច្រើន​ជាង​គេ ​ក្នុង​ចំណោម​ខេត្ត​ជាប់​មាត់​សមុទ្រ​របស់​ក​ម្ពុ​ជា។ ក្រៅ​ពី​នោះ​ខេត្ត​ព្រះ​សីហនុ ​ដែល​មាន​ព្រៃ​កោង​កាង​ទំហំ ៩ ៣៥២ហិកតា ​ខេត្ត​កំពត​មាន​ទំហំ ​១ ៩៦៦​ហិកតា និង​ខេត្ត​កែប​​ទំហំ ១ ០០៥​ហិកតា។

លោក​សុខ សុខុម ប្រធាន​អង្គការ​ ស្រលាញ់ធនធានធម្មជាតិកម្ពុជា (CNRO) ដែល​កំពុង​តែ​ចូល​រួម​ធ្វើ​សកម្មភាព​អភិរក្ស​ធន​ធាន​ធម្មជាតិ​បាន​គាំ​ទ្រ​ចំពោះ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នេះ។

លោក​បាន​លើក​ឡើ​ថា​ ប្រសិន​បើ​មិន​មាន​ការ​រួម​គ្នា​ក្នុង​ការ​ការ​ពារ ​និង​ដាំ​ស្តារ​ឡើង​វិញ​នោះ​ទេ ព្រៃ​កោង​កាង​នឹង​បាត់​បង់​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន​ឡើយ។ 

អង្គការ​CNRO បាន​ដាំកោងកាងចំនួន១៥០០ដើម នៅថ្ងៃទី១៦/៩/២០២៤នៅសហគមន៍នេសាទកែវផុស ស្រុក​ស្ទឹង​ហាវ​ខេត្ត​ព្រះសីហនុ

លោក​ថ្លែង​ដូច្នេះ​ថា៖«បើ​យើង​រួម​គ្នា​ធ្វើ​ឱ្យ​មាន​ពណ៌​បៃតង​ឡើង​ វា​ធ្វើ​ឱ្យ​សុខ​មាល​ភាព​ពលរ​ដ្ឋល្អ​ប្រសើរ​ និ​ង​ជីវភាព​ក៏​ប្រសើរ​ដែរ..ឱ្យ​តែ​រួម​គ្នា​អភិវឌ្ឍ ​កុំ​រួម​គ្នា​បំផ្លាញ ខ្ញុំគាំទ្រ និងចូលរួម​។ បើ​មិន​រួម​គ្នា​អភិរក្ស​ទេ ​បាត់​បង់​អស់​ហើយ​ព្រៃ​កោង​កាង។ បាត់​បង់​ទាំង​ធន​ធាន​ធម្មជាតិ ​បាត់​បង់​ទាំង​ភ្ញៀវ​ទេស​ចរ»។

លោក​បន្ត​ថា ធន​ធាន​ធម្ម​ជាតិ​ជីវៈ​ចម្រុះ​សមុទ្រ​ជា​ច្រើន​ប្រភេទ​កើត​មាន​ឡើង​ និង​រស់នៅដោយ​ពឹង​អាស្រ័យ​លើ​ព្រៃ​កោង​កាង​នេះ។ លោក​ជឿ​ជាក់​ថា ការ​ចុះ​កិច្ច​ព្រម​ពៀង​សហ​ប្រតិ​បត្តិ​ការ​នេះ​នឹង​ជួយ​នាំ​មក​នូវ​ គម្រោង​ថវិកា​ ដើ​ម្បី​ចូល​រួម​ការ​ពារ ​និង​ដាំ​ស្តារ​ព្រៃ​កោង​កាង​នៅ​កម្ពុជា​ឡើង​វិញ​បន្ថែម​ទៀត។

អង្គការ​សត្វ ព្រៃ​និង​រុក្ខជាតិ​កម្ពុជា (Fauna & Flora- Cambodia Programme)​ ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​កោង​កាង​ពិត​ជាមានសារ​:សំខា​ន់ណា​ស់។​ ពួកវា​មិន​ត្រឹម​តែ​ការពារ​ឆ្នេរ​ទប់​ទល់​និង​រលក​យក្ស​និង​ការ​ហូរ​ច្រោះ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ ថែម​ទាំង​ផ្ទុក​ទៅ​ដោយ​កាបូន​ដែល​ជួយ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​និង​គាំ​ទ្រ​ដល់​ជីវៈចម្រុះ​រាប់​ពាន់​ប្រភេទ​នៅ​ក្នុង​សមុទ្រ​ផង​ដែរ។

អង្គ​ការ​បា​នអំពាវ​នាវ​ដូ​ច្នេះ​ថា៖«យើង​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​ការ​ពារ​តាម​រយ:​ការ​មិន​កាប់​បំផ្លាញ​ព្រៃ​កោង​កាង ហើយ​​ចូល​និយាយ​ថា “​ទេ” ​ចំពោះ​ការ​បូម​ខ្សាច់ ​និង​សកម្មភាព​ផ្សេងៗ​ទៀត​ដែល​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​អេកូឡូ​ស៊ី​ដល់​សំ​ខាន់​ទាំង​នេះ»៕