ក្រសួង​ការងារ និង​បណ្ដុះ​បណ្តាល​វិជ្ជា​ជីវៈ​ នៅ​ថ្ងៃ​ទី១៤ ខែតុលា​នេះ បាន​ប្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​កំពុង​ព្យាយាម​ចេញ​ទៅ​រក​ការងារ​នៅ​ប្រទេស​ថៃ ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ដែល​ជន​ឆបោក​ឬ​មេខ្យល់​មួយ​ចំនួន​បាន​ព្យាយាម​អូសទាញ​ពលករ​ក្នុង​ស្រុក​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់។

ក្រសួង​ការងារ​បាន​ឲ្យ​ដឹង​ថា កាល​ពេល​ថ្មីៗ​នេះ​មាន​ការ​អូស​ទាញ​របស់​មេ​ខ្យល់ និង​ក្រុមហ៊ុន​មួយ​ចំនួន​ឱ្យ​ចូល​ពលរដ្ឋ​ដែល​ចង់​ទៅ​ធ្វើ​ការ​នៅ​ថៃ ប្រើ​ទិដ្ឋាការ​ទេសចរណ៍ ហើយ​បាន​អះអាង​ថា ពួក​គេ​មិន​ចាំ​បាច់​មាន​​ឯកសារ​គ្រប់​គ្រាន់​ទេ។

ការ​អះអាង​របស់​ពួក​គេ​ធ្វើ​ឡើង​តាម​សេចក្តី​សម្រេច​របស់​គណៈ​រដ្ឋមន្ត្រី​ថៃ ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ​២០២៤​ កន្លង​ទៅ។​ 

ប៉ុន្តែ ក្រសួង​សូម​បញ្ជាក់​ថា ការ​ចុះ​ឈ្មោះ​នេះ​ទទួល​និង​ការ​ទទួល​យក​ទិដ្ឋាការ​ទេសចរណ៍​នេះ​ គឺ​សម្រាប់​តែ​ពលករ​កំពុង​ស្នាក់​នៅ ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ​ស្រាប់​ជាមួយ​និយោជក (ថៅកែ) ហើយ​ពួក​គេ​​មិន​មាន​ឯកសារ​គ្រប់​គ្រាន់។ ការ​អនុវត្ត​នេះ​មិន​សម្រាប់​ពលករ​ដែល​ទើប​ឆ្លង​ដែន​ចូល​ប្រទេស​ថៃ​នា​ពេល​ថ្មីៗ​នេះ​ទេ។

ក្រសួង​ការងារ​បញ្ជាក់​ដូច្នេះ​ថា៖ «សូម​បង​ប្អូន​ពលករ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចៀសវាង​ការ​ចាញ់​បោក​មេខ្យល់ ​តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ក្នុង​ន័យ​អូស​ទាញ​ឲ្យ​ឆ្លងដែន​ទៅ​ធ្វើ​ការ នៅ​ប្រទេស​ថៃ​ដោយ​គ្មាន​ឯកសារ​ស្រប​ច្បាប់​ ដែល​អាច​បណ្តាល​ឱ្យ​ខាត​បង់​ពេលវេលា ប្រាក់​កាស​ និង​អាច​ធ្លាក់​ខ្លួន​ជា​ជន​រងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស ​និង​ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម ​ព្រម​ទាំង​ប្រឈម​មុខ​នឹង​វិធាន​ការ​ច្បាប់​របស់​ប្រទេស​ថៃ»។

ពលរដ្ឋ​ខ្មែរ​ជាង​ ១​លាន​នាក់​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​ដែល​មិន​មាន​ឯកសារ​គ្រប់​គ្រាន់​ផងដែរ។ 

កាល​ពី​ខែ​កញ្ញា​ អាជ្ញាធរ​ថៃ​បាន​ឃាត់​ខ្លួន​ពលករ​ខុស​ច្បាប់​ពី​​ប្រទេស​នានា​ដែល​បាន​ចូល​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ នៅ​ក្នុង​យុទ្ធនាការ ​១២០​ថ្ងៃ​របស់​ខ្លួន។

ក្នុង​យុទ្ធនាការ​ដែល​ប្រព្រឹត្ត​ទៅ​បាន ១០៦ ថ្ងៃ ពលករ​ខុស​ច្បាប់​ជាង ២៥ម៉ឺន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ដែល​ក្នុង​នោះ​ភាគ​ច្រើន​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា ដែល​មាន​រហូត​ដល់​ទៅ​ជិត​២០​ម៉ឺន​នាក់។ ចំណែក​ពលករ​ខុស​ច្បាប់​ពី​កម្ពុជា​មាន​ចំនួន ៣៩៧៣៦​នាក់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation Thailand៕