ភ្នំពេញ៖ យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត នឹង​ចាប់​ផ្ដើម​​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្ត​បាត់ដំបង​ចាប់​ពី​ថ្ងៃទី២១ ខែ​តុលា ដល់​ថ្ងៃទី១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

ក្រុម​ចាក់​វ៉ាក់សាំង ៣០០​ក្រុម​នឹង​ទៅ​ដល់​តាម​សហគមន៍​ពីផ្ទះមួយ​ទៅផ្ទះមួយ ដែល​នេះ​ជា​ផ្នែក​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ជីវិត​មនុស្ស​និង​សត្វ​របស់​អ្នក​ពី​ជំងឺ​ឆ្កែឆ្កួត។

យុទ្ធនាការ​នេះ​ក៏​ត្រូវ​បាន​បញ្ចូល​ជាមួយ​ផែនការ​នៃ​យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ​សម្រាប់​ការ​គ្រប់គ្រង និង​លុបបំបាត់​ជំងឺ​ឆ្កែឆ្កួត​នៅ​កម្ពុជា ដែល​ត្រូវ​ដឹកនាំ​ដោយ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ (GDAHP) និង​អង្គការ​បេសកកម្ម​ជំងឺ​ឆ្កែឆ្កួត ​ដែល​ជា​គម្រោង​របស់​អង្គការ​សប្បុរសធម៌​ផ្តល់​សេវា​បសុពេទ្យ​អន្តរជាតិ និង​អង្គការ​សង្ក្រោះ​សត្វ​នៅ​កម្ពុជា។

ការ​ចម្លង​ដោយ​សុនខខាំ​គឺជា​មូលហេតុ​ចម្បង​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​ឆ្កែឆ្កួត​ចំពោះ​មនុស្ស ដែល​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​មនុស្ស​ប្រហែល ៣០​ម៉ឺន​នាក់​ត្រូវ​បាន​សុនខខាំ​ជា​រៀងរាល់​ឆ្នាំ​នៅ​ក្នុង​ប្រទេសកម្ពុជា។

កម្មវិធី​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្គួត​ដល់​សត្វ​សុនខ ត្រូវ​បាន​គេ​បញ្ជាក់​ថា ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​គ្រប់គ្រង​ការ​រីករាល​ដាល​នៃ​ជំងឺ​ឆ្កែឆ្កួត ដែល​ជំងឺ​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​នៅពេល​មាន​រោគ​សញ្ញា​ចាប់​ផ្តើម​វិវត្តន៍។ 

លោក​បណ្ឌិត តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ (GDAHP) លើក​ទឹកចិត្ត​ដល់​ម្ចាស់​សត្វ​សុនខ​ទាំងអស់​នាំ​យក​សត្វ​របស់​ខ្លួន​ចូលរួម​ក្នុង​ការ​ចាក់​វ៉ាក់សាំង​នេះ។

លោក​បាន​ថ្លែង​ថា​៖ «ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ដើម្បី​ការពារ​អាយុ​ជីវិត​មនុស្ស​និង​សត្វ ហើយ​យើង​ប្តេជ្ញា​ថា​នឹង​បន្ត​ការងារ​របស់​យើង​ឆ្ពោះ​ទៅ​រក​ប្រទេស​ដែល​គ្មាន​ជំងឺ​ឆ្កែឆ្កួត​នៅ​កម្ពុជា។ យើង​ស្នើឱ្យ​ម្ចាស់​សត្វ​សុនខទាំងអស់ ធ្វើ​កិច្ច​សហការ​ជាមួយ​គម្រោង​នេះ និងទទួល​បាន​វ៉ាក់សាំង​ដោយ​ឥត​គិតថ្លៃ​សម្រាប់​សត្វ​សុខន​របស់​ពួកគេ»។ 

ពិធី​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួត ថ្ងៃទី ១៤ តុលា​នេះ។ រូបថត​ ហុង រស្មី

យុទ្ធនាការ​ឆ្នាំ ២០២៤​ នេះ​ បាន​បន្ត​ពី​គម្រោង​កាល​ពី​ឆ្នាំ ២០២៣​ ដែល​កាល​ពី​ឆ្នាំ​ទៅ​សត្វ​សុនខ ចំនួន ៧៤៩៨៣​ ក្បាល​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ក្នុង​អំឡុងពេល​យុទ្ធនាការ​ ត្រឹម​តែ​រយៈពេល ១០ ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ដែលធ្វើ​ឱ្យ​មាន​ការ​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​ឆ្កែឆ្កួត​នៅ​កម្ពុជា។

លោកស្រី ហេង ម៉ូរ៉ានី អគ្គនាយិការង​នៃ​អគ្គនាយក​ដ្ឋានសុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បាន​ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនាការ​ថ្ងៃទី ១៤ តុលា​នេះ​​ថា​៖ «​ជា​បញ្ហា​មួយ​គួរឱ្យ​ព្រួយបារម្ភ និង​ជា​អាទិភាព​នៅក្នុង​តំបន់ ក៏ដូចជា​នៅក្នុង​សកលលោក​ទាំងមូល​។ ដើម្បី​ធានាបាន​នូវ​ការថែរក្សា​សុខភាព​មនុ​ស្ស​និង​សត្វ យុទ្ធនាការ​នេះ បាន​ចុះ​អប់រំ​ណែនាំ ផ្សព្វផ្សាយ​ដល់​សាធារណៈជន​ទាំងអស់ ដើម្បី​បង្កើន​ការ​យល់ដឹង និង​ការផ្លាស់ប្តូរ​ឥរិយាបទ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជាក់ស្ដែង និង​តម្រូវការ ពិតប្រាកដ​ក្នុងការ​លុបបំបាត់​ជំងឺ​ឆ្កែឆ្កួត​នៅ​កម្ពុជា ស្របតាម​គោលដៅ​សកល​លុបបំបាត់​ជំងឺ​នេះ នៅ​ឆ្នាំ​២០៣០​»។​

វេជ្ជបណ្ឌិត Amy Nicole Lewis អ្នក​គ្រប់គ្រង​គម្រោង​អន្តរជាតិ​នៅ​អង្គការ​ផ្តល់​សេវា​បសុពេទ្យ​អន្តជាតិ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជំងឺ​ឆ្កែឆ្កួត​បង្ក​ការ​ឈឺចាប់​យ៉ាង​ខ្លាំង​សម្រាប់​មនុស្ស​និង​សត្វ។ ទោះជាយ៉ាង​នេះ​ក្តី ក៍វានៅ​តែ​អាច​ការពារ​បាន ១០០​ភាគរយ​ផងដែរ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ដថា​៖ «ដើម្បី​សម្រេច​បាន​នូវ​ការ​កាត់​ផ្តាច់​ជំងឺ​នេះ​នៅ​ក្នុង​ហ្វូង​សត្វ​សុនខ និង បញ្ឈប់​ជំងឺ​នេះ​ពី​ដំណើរការ​របស់​វា យ៉ាង​ហោច​ណាស់ យើង​ត្រូវ​ចាក់​វ៉ាក់សាំង​ឲ្យ​សត្វ​សុខន​ឲ្យ​បាន ៧០ភាគរយ​នៃ​សត្វ​សុនខ​ទាំងអស់»។ 

លោក Lewis បន្ថែម​ថា​៖ «ដើម្បី​ធ្វើ​ដូចនេះ​បាន ក្រុម​របស់​យើង​ពឹង​ផ្អែក​លើ​ម្ចាស់​សត្វ​ដែល​ពួក​គាត់​ត្រូវ​នាំ​សត្វ​របស់​ពួកគាត់​ដោយ​ផ្ទាល់​នៅ​ពេល​ដែល​ចាក់​វ៉ាក់សាំង។ ប្រសិន​បើ​សុនខ​របស់​អ្នក​មិន​ធ្លាប់​ប្រលែងនោះ​ទេ សូម​យក​ឱកាស​នេះ ក្នុង​ការ​នាំយក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ ដើម្បី​ឱ្យ​សុនខ​របស់​អ្នក​កាន់​តែ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​នឹង​មនុស្ស។ ការ​ចាប់​កាន់​និង​អង្អែល​ពួកគេ​ថ្នមៗ គឺជា​ការ​ចាប់​ផ្តើម​ដ៏​ល្អ​មួយ ហើយ​ត្រូវ​ចាប់​ពួកគេ​ឲ្យ​ជាប់​នៅ​ក្នុង​រយៈពេល​ពីរបី​វិនាទី ដើម្បី​ធ្វើការ​ចាក់វ៉ាក់សាំង​ឱ្យ​បាន​សម្រេច»។

វា​មាន​សារៈសំខាន់​ណាស់ ដែល​មនុស្ស​ជាច្រើន​អាច​បង្ហាញ​ពី​វត្តមាន​របស់​សត្វ​សុនខ​របស់​ពួកគេ សម្រាប់ការ​ទទួល​ការ​ចាក់​ថ្នាំ​បង្ការ​ដើម្បី​គាំទ្រ​ដល់​បេសកកម្ម​សង្គ្រោះ​ជីវិត​មួយ​នេះ។

អ្នកស្ម័គ្រចិត្តចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែឆ្កួតកាលពីឆ្នាំមុន។ រូបថត​ សហការី

អ្នក​ស្ម័គ្រ​ចិត្ត​កម្ពុជា​និង​អន្តរជាតិ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​ចាក់វ៉ាក់សាំង​ដោយ​ផ្ទាល់​តែ​ម្តង​ដោយ​ក្នុង​នោះ​មាន​និស្សិត​ពេទ្យ​សត្វ​ចូលរួម​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម និង​វិទ្យាស្ថាន​ជាតិ​កសិកម្ម។ ដៃគូ​សំខាន់ៗ​ផ្សេង​ជាច្រើន​ទៀត រួមមាន វិទ្យាស្ថានជាតិ​សុខភាព​សាធារណៈ (NIPH) និងនាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង ក្រសួង​សុខាភិបាល​ដែល​បាន​ផ្តល់​ថ្នាំ​បង្ការ​មុន​ពេល​ប៉ះពាល់​សត្វ​សុនខ​ដល់​អ្នក​ស្ម័គ្រ​ចិត្ត​ទាំងអស់ និង​សមាគម​សុខុមាលភាព​សត្វ​ភ្នំពេញ (PPAWS) ជាមួយ​អង្គការ​សង្គ្រោះសត្វ​កម្ពុជា (ARC) សម្រាប់​ការ​ផ្តល់​ការ​ព្យាបាល​សត្វ។ 

ការ​គ្រប់គ្រង​នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​សត្វ​នៃ​វិទ្យាស្ថានជាតិ​កសិកម្ម​បាន​ឲ្យ​តម្លៃ​នៃ​យុទ្ធនាការ​នេះ ដោយ​ផ្តល់​សិស្ស​របស់​ពួកគាត់​ចូល​រួម​ក្នុង​សហគមន៍​យ៉ាង​ទូលំទូលាយ​មួយ​នេះ។

វេជ្ជបណ្ឌិត​បាន​លើក​ឡើង​ថា​៖ «ក្នុង​នាម​យើង​ខ្ញុំ​ជា​ដៃគូ​ជាមួយ​អង្គការ​បសុពេទ្យ​អន្តរជាតិ (WVS) លើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ជំងឺ​ឆ្កែឆ្គួត​ដល់​សត្វ​សុនខ និស្សិត​នៃ​មហាវិទ្យាល័យ​បសុពេទ្យ​នៃ​វិទ្យាស្ថាន​ជាតិ​កសិកម្ម (NIA) បាន​ទទួល​ចំណេះ​ដឹង និង​ជំនាញ​ពី​ការ​រៀបចំ​យុទ្ធនាការ​ចាក់ថ្នាំ​បង្ការ និង​គ្រប់គ្រង​ការ​ចាក់​វ៉ាក់សាំង​សម្រាប់​សត្វ​សុនខ​នៅ​ក្នុង​ទីក្រុង និង​សហគមន៍។ លើស​ពី​នេះ​ទៅ​ទៀត យុទ្ធនាការ​ចាក់​វ៉ាក់​សាំង​ការពារ​សុនខ​លក្ខណ​ទ្រង់ទ្រាយ​ធំ​មួយ​នេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិ​ភ័យ​ពី​ជំងឺ​ឆ្កែឆ្កួត​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​គោលដៅ​ផ្សេង​ទៀត។  យើង​សង្ឃឹម​ថា​យុទ្ធនាការ​នេះ​នៅ​តែ​បន្ត​សកម្មភាព​របស់​ខ្លួន​បន្ត​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

សម្រាប់​សាធារណៈ​ត្រូវ​បាន​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​រាយការណ៍​អំពី​សត្វ​ដែល​សង្ស័យ​ថា​មាន​ជំងឺ​ឆ្កែឆ្គួត ដែល​ពួកគេ​អាច​ទំនាក់ទំនង​ទៅ​កាន់​លេខ ១១៥ ដែល​អ្នក​ជំនាញ​នឹង​ផ្ដល់​​ដំបូន្មាន និង​ផ្ដល់​ប្រឹក្សា​ពី​សុខភាព​មនុស្ស​អំពី​ជំងឺ​ឆ្កែឆ្កួត។

សញ្ញា​នៃ​ជំងឺ​ឆ្កែឆ្កួត​នៅ​ក្នុង​សត្វ​សុនខ ឬ​ថនិក​សត្វ​ផ្សេង​ទៀត មាន​ដូចជា​ខឹង​ម៉ួម៉ៅ ការ​ផ្លាស់ប្តូរ​ការ​ព្រុស ការ​ខាំ ចលនា​សកម្មភាព​ប្លែកៗ ការ​ហៀរ​ទឹកមាត់ និង​ការ​ស្លាប់​ដោយ​មិន​បាន​រំពឹងទុក។ 

កាលវិភាគ​ចាក់​វ៉ាក់សាំង​ក្នុង​យុទ្ធនាការ​និង​ព័ត៌មាន​បន្ថែម​លោក​អ្នក​អាច​មើល​បាន​នៅ​តាម៖ 
cambodia.missionrabies.com.  

ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​អំពី​យុទ្ធនាការ​នេះ​លោកអ្នក​អាច​ចូល​តេលេក្រាម Channel របស់ Mission Rabies Cambodia នៅទីនេះបាន៖ https://t.me/missionrabiescambodia