កម្ពុជា​កែសម្រួល​ការ​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​កងទ័ព​មួក​ខៀវ​ដោយ​ដក​តួនាទី​នេះ​ពី​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ មក​នៅ​ក្រោម​ក្រសួង​ការពារ​ជាតិ​ទាំង​ស្រុង ដោយ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត លើក​ឡើង​ថា បេសកម្ម​ការពារ​សន្តិភាព​ជាប់​ពាក់​ព័ន្ធ​ផ្ទាល់​នឹង​វិស័យ​ការពារ​ជាតិ។

លោក​ ហ៊ុន ម៉ាណែត បាន​បញ្ជាក់​អំពី​ការ​កែ​សម្រួល​នេះ​នៅ​ក្នុង​ពិធី​រំឭក​ខួប​ ៣០​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​កងពលតូច​លេខ​៧០ ដែល​ប្រព្រឹត្តិ​ទៅ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​តុលា។

លោក​បាន​ថ្លែង​ដូច្នេះ​ថា៖ «ល្ងាច​មិញ​នេះ (១៤​ តុលា) ខ្ញុំ​បាន​សម្រេច​ក្រោយ​ពី​ពិភាក្សា​ជាមួយ​ឯក​ឧត្តម ទៀ សីហា និង​ឯក​ឧត្តម សុខ ចិន្តាសោភា ដើម្បី​កែ​សម្រួល​គណៈកម្មការ​ជាតិ​កិច្ច​ការ​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ ដែល​ពី​មុន​ដឹក​នាំ​ដោយ​រដ្ឋមន្ត្រី​ការបរទេស។ ឥឡូវ​កិច្ច​ការ​នេះ​ភាគច្រើន​ពាក់​ព័ន្ធ​ទៅ​នឹង​ការការពារ​ជាតិ និង​កង​ទ័ព។

លោក​បន្ត​ថា៖ «អីចឹង​បាន​សម្រេច​ឲ្យ​កែ​សម្រួល​ដោយ​ជូន​ទៅ​ឯក​ឧត្តម​ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ធ្វើ​ជា​ប្រធាន​វិញ ដើម្បី​ឲ្យ​មូល​តែ​ម្ដង​ក្នុង​ការ​ដឹកនាំ​សម្រប​សម្រួល​កង​កម្លាំង PKO នៅ​ក្រោម​ក្រសួង​ការពារ​ជាតិ»។

រចនា​សម្ព័ន្ធ​ថ្មី ​នឹង​មាន​រដ្ឋលេខា​ធិការ​ក្រសួង​ការបរទេស​ជា​អនុប្រធាន​ ដើម្បី​សម្រប​សម្រួល​ទំនាក់​ទំនង​ការទូត​ជាមួយ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​នានា។

រហូត​ទល់​ពេល​នេះ កម្ពុជា​បាន​បញ្ជូន​កង​ទ័ព​មួក​ខៀវ​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាតិ​ជិត​ ១​ម៉ឺន​នាក់​ហើយ​នៅ​ក្នុង​ប្រទេស​និង​តំបន់​សរុប​ចំនួន​១០ គិត​ចាប់​ពី​ឆ្នាំ​២០០៥​មក។

បច្ចុប្បន្ន​ កងទ័ព​កម្ពុជា​ជំនួន​ ៦២៧​នាក់ (ស្រី​១៣០)​ កំពុង​បំពេញ​បេសកម្ម​នៅ​ប្រទេស​ចំនួន​ ៤​ប្រទេស រួម​ទាំង​នៅ​លីបង់ ដែល​ជា​ទីតាំង​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​អ៊ីស្រាអែល និង​ក្រុម​ហេសបូឡា​ផងដែរ។ នៅ​ទី​នេះ​មាន​កម្ពុជា​ជិត ១៨០​នាក់។

លោក​ ហ៊ុន ម៉ាណែត ក៏​បាន​ប្រាប់​ឲ្យ​លោក ទៀ សីហា រដ្ឋមន្ត្រី​ការពារ​ជាតិ​តាម​ដាន​សភាពការណ៍​នៅ​ប្រទេស​លីបង់ ​ដើម្បី​អាច​មាន​វិធានការ​ទាន់​ពេល​វេលា រួម​មាន​ការ​ជម្លៀស​ចេញ​ក្នុង​ស្ថានភាព​ចាំ​បាច់។

លោក យង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា បាន​ថ្លែង​ថា ការ​ផ្ទេរ​ការ​គ្រប់គ្រង​ពី​ក្រសួង​មួយ​ទៅ​ក្រសួង​មួយ​ទៀត មិន​មាន​អ្វី​ទាស់​ខុស​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន​គឺ​ប្រសិទ្ធភាព​នៃ​ការ​ធ្វើការ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «ទី១ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ប្រសិទ្ធភាព ទី២​ត្រូវ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​ច្បាប់​របស់​កម្ពុជា និង​ស្រប​តាម​គោលការណ៍​របស់​អង្គការ​សហប្រជាជាតិ។ វា​ជា​រឿង​ត្រឹម​ត្រូវ​ដែល​ដាក់​ការងារ​នេះ​ឲ្យ​ស្ថិត​នៅ​ក្រោម​ក្រសួង​ការពារជាតិ ពីព្រោះ​រឿង​ខ្លះ​អាច​ជា​កិច្ច​ការ​ពាក់​ព័ន្ធ​និង​ការ​លាក់​ការណ៍​សម្ងាត់​ផង​ដែរ»៕