ភ្នំពេញៈ ប្រមុខ​រដ្ឋា​ភិបាល​ព្រមាន​ប្រើ​ប្រាស់​វិធាន​ការ​ច្បាប់ ​ចំពោះ​អ្នក​ក្លែង​ឯកសារ ​និង​ប្រើប្រាស់​ពលរដ្ឋ ដើម្បី​ស្នើ​សុំ​កាត់​ឆ្វៀល​ដីរដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ ​បន្ទាប់​ពី​រកឃើ​ញ​អ្នក​រៀប​ចំ​ពលរដ្ឋ​ក្រីក្រ​ខ្យល់ ​យក​ទៅ​ស្នើ​សុំ​ដី​នៅ​តំបន់​ឧទ្យាន​ជាតិ​មួយ។

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​ ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍ ​៣០​ឆ្នាំ​ ថ្ងៃ​បង្កើត​កង​ពល​តូច​លេខ​៧០ ​នៃ​កង​ទ័ព​ជើង​គោក​នា​ថ្ងៃ​អង្គារ ​ទី​១៥​ ខែ​តុលា​នេះ។

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន ម៉ាណែត​មាន​ប្រសាសន៍ថា​លោក​បាន​សម្រេច​លុប​ចោល​នូវ​ការ​ស្នើ​សុំ​កាត់​ឆ្វៀល​ដី​មួយ​ចំនួន​ ដោយ​សារ​តែ​មាន​អ្នក​ខ្លះ​អះ​អាង​ថា ​ជា​តំណាង​ពល​រដ្ឋ​ក្រី​ក្ររាប់រយគ្រួសារ។ ប៉ុន្តែ​ជាក់​ស្តែង រកមិនឃើញ ​ពល​រដ្ឋ​​ក្រី​ក្រទាំង​នោះ​ទេ។

លោក​ថ្លែង​ថា៖«ម្សិល​មិញ ​ខ្ញុំ​ស៊ីញ៉េ​លុប​ចោល​ការ​ស្នើ​សុំ​កាត់​ឆ្វៀល​ដី​ចំនួន​២។ តិចៗ​សុំ​កាត់​ឆ្វៀល​ដី។ [អះអាងថា] ខ្ញុំ​តំណាង​ឱ្យ​ប្រ​ជាពលរដ្ឋក្រី​ក្រ​អត់​ដី ​៣០០​គ្រួសារ ​សុំ​កាត់​១ពាន់​ ២ពាន់​ហិក​តា យក​ទៅ​ឱ្យ​ពល​រដ្ឋ។ ខ្ញុំ​ទម្លាក់​ឱ្យ​ឯក​ឧត្តម​សាយ​ សំអាល់​ ឆែក​មើល។ មក​វិញ ​អត់​សោះ។ អត់​ដឹង​ពលរដ្ឋ​ហ្នឹង​នៅ​ណា ហើយ​អាដី​ដែល​អត់​ហ្នឹង ទៅ​យក​ណា​មិន​យក ​យក​សុទ្ធ​តែ​ដី​ឧទ្យាន​ជាតិ។ អត់​ឱ្យ​។ ហើយ​សុំ​អ្នក​ដែល​ចង់​ក្លែង​លែង​វិធី​ហ្នឹង ​នឹង​ប្រឈម​ផ្លូវ​ច្បាប់​ព្រោះ​អា​ហ្នឹង​ចូល​ការ​បោក​បញ្ឆោត»។

លោក​បន្ត​ថា ​ចាប់​តាំង​ពី​ឡើង​កាន់​តួនាទី​ជា​នាយក​រដ្ឋ​មន្រ្តី​មក ​មាន​តិច​ណាស់ ដែល​លោក​បាន​អនុញ្ញា​តឱ្យ​មាន​កា​រ​ឆ្វៀល​ដី​តាម​ការ​ស្នើ​សុំ ​ដោយសា​រ​តែ​រដ្ឋាភិបា​លកំ​ពុង​តែរៀប​ចំនី​តិវិធី​វាស់​វែង​ និង​ចុះប​ញ្ជីដី​ឱ្យបាន​ច្បាស់​លាស់​។  

លោក​ថ្លែងដូច្នេះថា៖ «ចំពោះ​ប្រជាជន​ដែល​អត់​មាន​ដី ​ពិត​ប្រាក​ដយើង​រៀប​ចំ​យន្តការ។ អញ្ជឹង​ធ្វើ​អានេះ​មួយ​តង់​មើល។ ចុះ​បញ្ជី​ឱ្យ​បាន​ច្បាស់ ​ដី​រដ្ឋ ​ដី​ឯក​ជនដី​ក​ន្លែង​ណា។ ថ្ងៃក្រោ​យពេ​លដែ​លសុំ​ យើង​មាន​វាស់​វែង​កំណ​ត់ច្បា​ស់លា​ស់​។  ចៀស​វាង​កណ្តេល​ធំ​បន្លំ​ដេក»។​

លោក​មាន​ប្រសាសន៍​ថា ​រដ្ឋាភិ​បាល​បាន​អនុវត្ត​គោលន​យោបាយ​ដី​សម្បទាន​សង្គម​កិច្ច​ជា​ប្រចាំ ​ដើម្បី​ផ្តល់​ដី​ជូន​ដល់​ អតីត​យុទ្ធជន ​និង​ប្រ​ជា​ពល​រដ្ឋ​ដែល​អត់​មាន​ដី​ពិត​ប្រាក​ដរា​ប់ម៉ឺ​នគ្រួ​សារ ​ហើយ​ថែម​ទាំង​បាន​ធ្វើ​ផ្ទះ​ឱ្យ​ទៀត​ផង។

លោកនា​យករដ្ឋ​មន្រ្តី​បាន​ឱ្យ​ដឹង​ថា យ​ន្តការ​ ដែល​មាន​ស្រាប់ ​រដ្ឋាភិ​បាល​នឹង​បង្កើត​ទៅ​ជា​គណៈ​កម្មា​ធិការ​ជាតិ​ដែល​នឹង​ចាប់​ផ្តើម​អនុវត្ត​ពី​ខែ​កមរា​ខាង​មុខនេះ​ត​ទៅ។ ប៉ុន្តែ នា​ពេល​បច្ចុប្ប​នេះ ​រដ្ឋាភិបាល​កំពុង​តែ​ចុះ​សិក្សា​ទី​តាំង និង​រៀប​ចំនីតិវិធី ​ដើម្បី​បាន​ផ្តល់​ឱ្យ​ប្រជាជន ​ដែល​ខ្វះ​ដី​ពិត​ប្រាកដ ហើយ​ជួយ​នៅ​ក្នុង​ការ​កសាង​ភូមិ​ឃុំ​នៅ​ទីនោះ​ឱ្យ​ពួក​គាត់​ផង​ដែរ។

ប្រមុខ​រដ្ឋាភិបាល​លើក​ឡើង​ថា៖«កន្លង​ទៅយើ​ងមើល​ករណីមួយ​ចំនួន​ខ្លះ​ គឺប្រ​ជា​ពល​រដ្ឋ​ត្រូ​វបាន​មេ​ខ្យល់​បាន​ផ្តល់​ទៅ​ឱ្យ ​ពេលខ្លះ​បាន​ដោះ​ដូរ​ជា​មួយ​ថវិកា។ អញ្ជឹង​សូម​ កុំ​ទៅ​ទន្រ្ទាន​ដី​រដ្ឋ»។

លោក ​ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករ​លួយ​ទប់​ស្កាត់​ការ​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ និង​ការ​ពារ​សិទ្ធិ​មនុស្ស​បាន​សង្កេត​ឃើញ​ថា កន្លង​មក ​មាន​ករណី​ប្រើ​ប្រាស់​ពលរដ្ឋ​ជា​ខែល ​ឬ​ក្លែង​ឯក​សារ​ជា​ច្រើន​ ដើម្បី​ទទួល​បាន​ដីរ​ដ្ឋនៅ​ក្នុ​ង​ខេ​ត្ត​ជា​ច្រើន ​ជា​ពិសេស​គឺ​ដី​អភិរក្ស​ ​ឬដី​ស្ថិត​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជា​ដើម។ ប៉ុន្តែ​អ្នក​ដែល​ប្រព្រឹត្ត​ទាំង​នោះ​ ភាគ​ច្រើន មិន​ត្រូវ​បាន​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។

លោក​បាន​បន្ថែម​ថា ​នៅ​ពេល​ដែល​ឈ្មួញ​ត្រូវ​ការ​ដី​នៅ​កន្លែង​ណា​មួយ ​ពួក​គេ​បាន​រៀប​ចំ​ពលរដ្ឋ​ឱ្យចូ​លកា​ន់​កា​ប់ដី​នោះ ​ហើយ​អាជ្ញាធរ​ បាន​ចេញ​លិខិត​បញ្ជាក់​ការ​ប្រើ​ប្រាស់ ​កាន់​កាប់​ដីធ្លី​នោះ។​ ក្រោយ​មក ​ពួក​គេ​បាន​ដាក់​សំ​ណើ​ទៅ​ក្រសួង​ពាក់​ព័ន្ធ ​ដើម្បី​ស្នើ​សុំ​កាត់​ឆ្វៀល​ដី។

លោក​បញ្ជាក់​ថា៖ «អញ្ជឹង​ប្រជា​ពលរដ្ឋ​ហ្នឹង ​គ្រាន់​តែ​ជា​ឧបកិច្ច ​សម្រាប់​រៀប​ចំ​ដី​លក់​ឱ្យ​ឈ្មួញ​តែ​ប៉ុណ្ណោះ​ទេ។ ដល់​ពេល​កាត់​ចេញ​ជា​ប្លង់​រឹង​ហើយ ​បាន​គេ​ផ្ទេរ​សិទ្ធិ​មក​ឱ្យ​អ្នក​ទិញ... ​តែ​អត់​មាន​ពល​រដ្ឋ​ក្រី​ក្រ​ពិត​ប្រាកដ​ទេ។ បើ​អត់​មាន​ពល​រដ្ឋ​ទេ ​ខាង​ថ្នាក់​ដឹក​នាំ​ក៏​មិន​សម្រេច​ឱ្យ​ដែរ។ នេះ​ជា​ករណី​ក្លែង​ឯកសារ​ជា​សាធារណៈ ​ដើម្បីទ​ន្រ្ទាន​យក​ដី​ព្រៃ​រដ្ឋ​»។

រដ្ឋ​មន្រ្តី ​ក្រសួង​បរិស្ថាន ​លោក​អ៊ាង ​សុផល្លែត​កាល​ពី​ខែ​មេសា​កន្លងមក បាន​ណែ​នាំ​ឱ្យ​អង្គភាព​ក្រោម​ចំណុះ​ក្រសួង​ បញ្ឈប់​ការ​បញ្ជាក់​ទទួល​ស្គាល់ ឬ​ការ​ប្រគល់​ផែន​ទី​ ឬ​ប្លង់​ដី​ព្រៃ​តំបន់​សហគមន៍​ ​ឬ​ដី​ត្រូវ​កាត់​ឆ្វៀល។

លោក​រដ្ឋ​មន្រ្តី​បាន​លើក​ឡើង​ថា​ កន្លង​មក​លោក​បាន​ពិនិត្យ​ឃើញ​មាន​ការ​បញ្ជាក់​ទទួល​ស្គាល់​ប្លង់​ដី ​ឬផែ​នទី​ ​និង​មាន​ការ​ប្រគល់​ប្លង់​ដី​ ឬ​ ផែន​ទី​ឱ្យ​ទៅ​ស្ថាប័ន ​អង្គការ​ ឬ​អតិថិជន ​ដោយ​គ្មាន​សណ្តាប់​ធ្នាប់ ​និង​គ្មាន​ការ​សុំអ​នុញ្ញាត​ពី​​ប្រធា​នស្ថា​ប័ន។ ការ​បញ្ជាក់​ទទួល​ស្គាល់ ​ឬ ​ការ​ប្រគល់​ឯក​សារ​ទាំង​អស់​នេះ ​ដោយ​គ្មាន​ការ​សម្រេ​ច​ពីប្រ​ធាន​ស្ថាប័ន​បែប​នេះ ​បាន​ធ្វើ​ឱ្យ​មាន ​ភាព​ច្របូក​ច្របល់ ​និង​ការ​ប្រើ​ប្រាស់​ខុស​ទិស​ដៅ និង​ឈាន​ទៅ​បង្ក​ឱ្យ​មាន​ផល​វិបាក ឬ​ផល​អវិជ្ជមាន​ដល់ ​ការ​គ្រប់​គ្រង​វិស័យ​បរិស្ថាន។

លោក​រដ្ឋ​មន្រ្តី​បញ្ជាក់​ថា​៖« ដើម្បី​រក្សា​បាន​នូវ​សណ្តាប់​ធ្នាប់​ការ​ងារ ​និង​ការ​គ្រប់​គ្រង​វិស័យ​បរិស្ថាន​ឱ្យ​មាន​ ប្រសិទ្ធ​ភាព ជៀស​ផុត​ពី​ការ​ប្រើ​ប្រាស់​ឯក​សារ​ក្នុង​គោល​ដៅអ​វិជ្ជ​មាន​ ខ្ញុំ​សូម​ជម្រាប​ថា ​រាល់​ការ​សម្រេច​បញ្ជាក់ ​ទទួល​ស្គាល់ ​ឬ​ប្រ​គល់​ផែន​ទី​ ឬ​ប្លង់​ដី​ព្រៃ​ ឬដី​ត្រូវ​កាត់​ឆ្វៀល ​ចាំ​បាច់​ត្រូវ​មាន​ការ​សម្រេច​ពី​ខ្ញុំ​ជា​មុន»។

ក្នុង​ឱកាស​នោះ​ផង​ដែរ ​លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​បញ្ជា​ឱ្យ​កង​ទ័ព​ជើង​គោក​ត្រៀម​លក្ខណៈ​ចូល​រួ​មគាំ​ទ្រដល់​កងរាជ​អាវុធ​ហត្ថ​ និង​កង​នគរបាល​ជាតិ ​ដើម្បី​ទប់​ស្កាត់​នូវ​រាល់​បទ​ល្មើស​ធន​ធាន​ធម្មជាតិ ​និង​បទ​ល្មើស​នានា៕