ភ្នំពេញៈ អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​បាន​បញ្ចប់​ការ​ស្រាវ​ជ្រាវ​លើ​វីដេអូ​ឃ្លីប​ផឹក​ស៊ី និ​ងរាំ​របស់​ជន​ជាតិ​ចិន ​និង​ខ្មែរ​នៅ​មណ្ឌ​ល​អប់​​រំកែ​ប្រែម១​ (ព្រៃស)​ ​​នោះ​ហើយ ​ដែល​លទ្ធផល​បាន​បង្ហាញ​ថា​ វីដេអូ​នោះ​គឺ​ជា​វីដេ​អូ​ចាស់ ​កាលពី ​២០២៣ ​កន្លង​មក ខណៈ​ដែល​អគ្គាធិការ​ដ្ឋាន ​ក្រសួង​មហា​ផ្ទៃ​កំពុង​តែ​បន្ត​ស្រាវ​ជ្រាវ​លើ​ករណី​នេះ​បន្ថែម​ទៀត។   

លទ្ធ​ផល​នៃ​ស្រាវ​ជ្រាវ​របស់​មន្រ្តី​ជំនាញ​ នៃ​អគ្គនាយក​ដ្ឋាន​ពន្ធនា​គារ​លើ​វីដ​អូ​ដែល​គេ​បង្ហោះតាម​បណ្តាញ​សង្គម​ចាប់​ពី​ថ្ងៃ​អាទិត្យ ​ទី​១៣ ​ខែ​តុលា​បាន​បង្ហាញ​ថា ​វី​ដេអូ​នោះ គឺជាវីដអូចាស់ ដែលកើតឡើង​តាំង​ពី​ឆ្នាំ​២០២៣។ នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ ​អគ្គនា​យកដ្ឋាន​ពន្ធនា​គារ ​លោក ​នុត ​សវនា។

លោក​ នុត ​សវនា ​បាន​ប្រាប់​ភ្នំពេ​ញ ប៉ុ​ស្តិ៍​នៅ​ថ្ងៃពុ​ធ​នេះ​ថា៖ «វីដេ​អូ​ហ្នឹង​ពី​ឆ្នាំ​២០២៣។ ​វីដេ​អូចាស់ ហើយ​ជាក់​ស្តែង​យើង​ហ៊ាន​ថា​អញ្ជឹង​ដោយ​សារ​ម្នាក់​ក្នុង​ចំណោម​គ្នា​គាត់​ក្នុង​វីដេ​អូ​ហ្នឹង​ត្រូវ​បាន​ដោះ​លែង​ដូច​ជា​កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០២៤​។​ អញ្ជឹង​បាន​ន័យ​ថា ​ហេតុ​ការ​ហ្នឹង ​វា​កើត​ឡើង​មុន​ហ្នឹង​។ វា​មិន​អាច​ថា ​ខែ​កញ្ញា ​ខែ​អី​ថ្មីៗ​នេះ​ទេ។ យើង​ស៊ើប​សួរ​ដោយ​សំងាត់ ​រវាង​មន្រ្តី ​ហើយ​នឹង​ជន​ជាប់​ឃុំ​ដែល​ពាក់​ព័ន្ធ​ហ្នឹង​ឃើញ​ថា​ វីដេ​អូ​ហ្នឹង​កើត​ឡើង​នៅ​ពេល​ហ្នឹង»។ 

លោក​បន្ត​ថា ​ទោះ​យ៉ាង​ណា​ អគ្គាធិកា​រដ្ឋាន​ ក្រសួង​មហាផ្ទៃ ​ទើប​តែ​បាន​ចាត់​ក្រុម​ការ​ងារ​ចុះ​ស្រាវ​ជ្រាវ​លើ​ក​រណី​នេះ​ទៀត​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​នេះទី​១៦ ​ខែ​តុលា​នេះ។

លោក​បាន​លើកឡើង​ថា ​ការ​ចុះ​ស្រាវ​ជ្រាវ​ដោយ​អង្គ​ភាពផ្សេ​ង​គ្នា​នេះ គឺ​ដើម្បី​ធានា​ឱ្យ​បាន​នូវសុចរិត​ភាព សុ​ក្រិត​ភាព ​ប្រសិទ្ធ​ភាព ​និង​ឯករា​ជភាព​ក្នុង​ធ្វើ​ការ​ស្រាវ​ជ្រាវ។

អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហា​ផ្ទៃ​ លោក​ ទូច​ សុឃៈ​ បាន​ឱ្យ​ដឹង​ថា ​ក្នុង​ចំណោម​អ្នក​ក្នុង​វីដេអូឃ្លីប​នោះ គឺ​មា​នម្នា​ក់បា​ន​ចេញ​ពី​ពន្ធនាគារ​រួច​ហើយ ​បន្ទាប់​ពី​បាន​អនុវ​ត្តទោ​សរ​យៈពេ​ល ​២ឆ្នាំ។ ទោះ​យ៉ាង​ណា​ មន្រ្តី​ជំនាញ​របស់​ក្រសួង​នៅ​តែ​បន្ត​ស្រាវ​ជ្រាវ​តទៅ​ទៀត ​ក្នុង​ការ​ប្រមូល​វី​ដេអូ​ផ្សេងៗ​ និងឯក​សារ​ដែល​ពាក់​ព័ន្ធ។

លោក​បញ្ជាក់​ថា​៖ «កន្ល​ងទៅ​ ថ្មីៗ​នេះ ​ក្រសួង​មហា​ផ្ទៃក៏​បា​នធ្វើ​ការ​បោស​សម្អាត​ភាព​មិន​ប្រក្រតី​ក្នុង​ពន្ធនាគារ​មួយ​ចំនួន ដែល​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​ដុត​ដៃ​ដុត​ជើង​លើក​រណី​ហ្នឹង។ វីដេអូមួយ​ចំនួន ​អាច​ជា​វីដេ​អូចាស់​ ដែល​វា​ ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ការបោស​សម្អាត​ហ្នឹង​។ វីដេអូមួយ​ចំនួន​ វា​អាច​ថា​តើ ​ជាប់​ពាក់​ព័ន្ធ​ទៅនឹ​ង​រឿ​ងថ្មីៗ​ដែរ​ ឬ​ក៏អ​ត់។ អញ្ជឹង​គឺថា​ យើង​បន្ត​ស្រាវ​ជ្រាវ ឱ្យ​កាន់​តែ​ច្បាស់លា​ស់ប​ន្តទៅ​ទៀ​ត»។

លោក​ក៏បា​នឱ្យ​ដឹង​ផង​ដែរ​ថា ​កាលពី​ថ្ងៃ​អង្គារ​ ​ទី១៥​ ខែ​តុលា​នេះ​ លោក​ឧប​នាយក​រដ្ឋ​មន្រ្តី ​ស សុខា ​រដ្ឋ​មន្រ្តី​ក្រ​សួង​មហា​ផ្ទៃ​បាន​ដឹក​នាំ​កិច្ច​ប្រជុំ​បន្ទាន់​ពិសេស​មួយ ​ជាមួយ​មន្រ្តី​ជំនាញ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ។​ ក្នុង​ឱកាស​នោះ លោក​ឧប​នាយករដ្ឋ​មន្រ្តី ​បាន​អនុវត្ត​តាម​ការ​​ដឹក​នាំ​របស់ ​ប្រ​មុខ​រដ្ឋា​ភិបាល ​ដោយ​បាន​ណែ​នាំ​ឱ្យ​មាន​ការ​អង្កេត​ស្រាវ​ជ្រាវ​ ផ្ទៀង​ផ្ទាត់ ​ឬ ​ធ្វើ​អធិការ​កិច្ច​ឱ្យ​ច្បាស់​លាស់​ជា​បន្ត​ទៀត ​ដើម្បី​រក​ភាព​ពិត​ឱ្យ​ឃើញ។ 

លោក​ថ្លែង​ដូច្នេះ​ថា​៖«ក្នុ​ងក្រម​ខណ្ឌ​ដែល​រក​ឃើញ ​មន្រ្តី​ណាដែ​ល​ពាក់​ព័ន្ធ​ ឬ​ក៏​ធ្វើ​ឱ្យ​មាន​បាតុ​ភាព​បែប​ហ្នឹង​កើត​ឡើង ដែល​យើង​គិត​ថា ​បើសិ​នជា​រក​ឃើញ​ថា​ ​វីដេ​អូហ្នឹ​ង ​ជា​វីដេ​អូ​ថ្មី ហើយ​មន្រ្តីទាំង​ឡាយណា​ដែល​បង្កឱកាស​ឱ្យមាន​ការ​ធ្វើ​សកម្មភាព​បែប​ហ្នឹង ​គឺ​ថា​ត្រូវ​តែ​កែ​សម្រួល​ហើយ»។ 

លើស​ពីនោះ​ លោក​ ស សុខា​ក៏​បាន​ដាក់​បទ​បញ្ជា​បន្ថែម​ទៀត​គឺ​ត្រូវ​រក​ឱ្យ​ឃើញ​ថា​តើ ​ពិត​ជា​មាន​បន្ទប់​ ដែល​បំពាក់​នូវ​ឧបករណ៍​សម្ភារ​ទំនើបៗ​ ទូរទស្សន៍ ​ឬ​ក៏​កន្លែង​ផ្សេងៗ ​ដែល​អាច​ច្រៀង​ និង​រាំ ​ខុស​ពី​ស្តង់​ដារ​ពន្ធ​នាគា​រដែ​រ​រឺ​អត់។ ​ប្រ​សិន​បើ ​រក​ឃើញ​ថាមាន​មែន ​គឺ​ត្រូវ​តែ​ធ្វើ​ការ​បោស​ម្អាត​ឱ្យ​ស្អាត​។

ចំពោះ​ក្រុម​ឧក្រិដ្ឋ​ជន​ ជា​ក្រុមៗ​ ដែល​ជា​បក្ស​ពួក​របស់​ពួក​គេ ​ឬ​មាន​ចរិ​តគ្រោះ​ថ្នាក់​ ត្រូវ​តែ​បំបែក​ពួក​គេ​ ដែល​មិន​អាច​ឱ្យ​ពួក​គេនៅជុំគ្នា​បាន​ទេ​នៅ​ក្នុង​ពន្ធនាគារ ​ឬ​មន្ទីរ​ឃុំ​ឃាំង​តែមួ​យបា​ន​ទេ។ លោករដ្ឋមន្រ្តី​បាន​ណែ​នាំ​ឱ្យ​មាន​ការ ​បញ្ជូន​ពួក​គេ​ទៅ​ពន្ធនា​គារ​តាម​ប​ណ្តាខេ​ត្តមួយ​ចំនួន ​ដែល​អាច​ធ្វើ​ឡើង​វិល​ជុំ​ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ។ 

ប្រ​មុខ​រដ្ឋា​ភិបាល​ក៏​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ផង​ដែរ​កាល​ពី​ថ្ងៃ​អង្គារ​។ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន ម៉ា​ណែត​បាន​ពិ​ភាក្សា​ និងប្រ​គល់​ភារៈ​កិច្ច​ ដល់​លោក​ឧបនា​យក​រដ្ឋ​មន្រ្តីស​ សុខា ​ឱ្ពិ​ពិនិត្យ​ករណីនេះ​ឡើង​វិញ។

លោក​នាយ​ករ​ដ្ឋមន្រ្តី​មាន​ប្រសាស​ន៍ថា​៖«ឆែក​មើល​ ស្រាវ​ជ្រាវ​មើល​រឿង​ហ្នឹង​។ វា​យ៉ាង​ម៉េច​ ព្រោះ​ឥ​លូវ​អា​តាម​ហ្វេស​ប៊ុក​នេះ​ វា​មិន​ដឹង​ថា​ ស្អី​ជា​ស្អី​ទេ។ ជួន​កាល​ អា​១០​ឆ្នាំមុ​ន ក៏​ចេញម​កឥ​លូវ​ដែរ។ ប៉ុន្តែ​ឱ្យ​ធ្វើ​យ៉ាង​ណា ​ជា​ពិ​សេស​ធ្វើ​ការ​កែ​ទម្រង់ ​ពង្រឹង ​ពន្ធនាគារ​របស់​យើង ​នៅ​ទូ​ទាំង​ប្រទេ​ស។ ម្សិល​មិញឯ​កឧត្ត​មស ​សុខា​បាន​រាយការណ៍​មក​ ខ្ញុំ​ឯ​កភាព។ ទី១ ​ពង្រឹង​ម១​នេះ​តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ក្បាល​ម៉ា​ស៊ីន​ដឹ​កនាំ តែម្ត​ង ​ដើម្បី​ពង្រឹង​ស្ថាប័ន​នេះ»។ 

លោក​នុត ​សវនា​ក៏​បា​នឱ្យ​ដឹង​ផង​ដែរ​ថា ​លោក​យិន គន្ធ​បាន​ចូល​និវត្តន៍​ពី​ការ​ងារ​ជា​ប្រធាន​មណ្ឌ​ល​អប់​រំកែ​ប្រែម១ កាល​ពី​ថ្ងៃ​ទី៩​ ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​ហើយ​លោក​ឧត្តមអគ្គានុ​រក្ស​ថ្នាក់​លេខ​២ ​ម៉ុង ម៉េងអ៊ាន់ត្រូ​វបាន​តែង​តាំង​ជា​ប្រ​ធាន​ស្តី​ទី​មណ្ឌល​នេះ​ចាប់​ពី​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​មក។

លោក​បន្ថែម​ថា ​មណ្ឌល​នេះ​មាន​អ្នក​កំពុង​តែ​ជាប់​ឃុំ​ជិត​៨ពាន់​នាក់​នា​ពេល​ប្ចុប្បន្ន​នេះ៕