ប្រធានថ្មីនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ប្ដេជ្ញាចិត្តដឹកនាំស្ថាប័ននេះទៅរកភាពជោគជ័យ ខណៈដែលការប្រកបវិជ្ជាជីវៈមេធាវីនៅជួបបញ្ហាប្រឈមមួយចំនួន រួមមានទាំងការការពារកូនក្ដីនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌។
លោក សាំង វណ្ណៈ អាយុ ៤៩ឆ្នាំ ដែលបានបំពេញការងារជាមេធាវីចាប់ពីឆ្នាំ២០០៦ រហូតមកទល់បច្ចុប្បន្ន ត្រូវបានបោះឆ្នោតឲ្យធ្វើជាប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិទី១៥ ពីឆ្នាំ២០២៤ដល់២០២៦។
លោកថ្លែងថា បានសម្រេចចិត្តឈរឈ្មោះជាប្រធានគណៈមេធាវីក្នុងគោលបំណងពង្រឹង និងលើកគុណតម្លៃវិជ្ជាជីវៈមេធាវី ប្រកបដោយកិត្យានុភាព និងឧត្តមភាព ឈានឆ្ពោះទៅវិបុលភាពនៃវិជ្ជាជីវៈនេះ។
លោកថ្លែងនៅក្រោយការប្រកាសលទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី១៦ ខែតុលា ដូច្នេះថា៖ «ខ្ញុំបាទប្ដេជ្ញាចិត្តដឹកនាំគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបានជោគជ័យដើម្បីឈានឆ្ពោះទៅកាន់វិបុលភាពក្រោមគោលនយោបាយ៩ចំណុចដែលបានដាក់ចេញ»។
លោក វណ្ណៈ លើកឡើងថា ក្នុងអាណត្តិរបស់លោក លោកនឹងចូលរួមជាមួយតួអង្គពាក់ព័ន្ធដើម្បីពង្រឹងយុត្តិធម៌សង្គម និងការគោរពច្បាប់, ពន្លឿនការធ្វើវិសោធនកម្មច្បាប់ស្ដីពីលក្ខន្តិកៈមេធាវីឲ្យស្របទៅតាមការវិវត្តនៃសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា។
លោកថា លោកនឹងពង្រឹងការអនុវត្តវិជ្ជាជីវៈមេធាវី ការពារមេធាវីក្នុងការប្រកបវិជ្ជាជីវៈមេធាវី និង ជំរុញកិច្ចសហការនៃការប្រកបវិជ្ជាជីវៈមេធាវីនៅគ្រប់ដំណាក់កាលនៃនីតិវិធី ជាពិសេសនៅដំណាក់កាលនគបាលយុត្តិធម៌។
លើសពីនេះទៀត លោកនឹងពង្រីកការបណ្ដុះបណ្ដាលសមត្ថភាពមេធាវី ពង្រឹងការចូលប្រកបវិជ្ជាជីវៈមេធាវីតាមគោលការណ៍ដេលមានតម្លាភាព និងសមត្ថភាព តាមពាក្យស្លោកចេះគឺជាប់។ លោកក៏នឹងពង្រីកការធ្វើទំនើបកម្ម និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថាប័នគណៈមេធាវី ស្របតាមសង្គមឌីជីថល កិច្ចសហការជាមួយគ្រប់ភាគីដើម្បីពង្រឹងសមត្ថភាពមេធាវី និងគោលការណ៍ផ្សេងៗទៀត។
លោក លី ច័ន្ទតុលា អតីតប្រធានគណៈមេធាវីដែលត្រូវចេញពីតំណែងនេះ បានរៀបរាប់អំពីសមិទ្ធផលនានារបស់គណៈមេធាវីក្រោមការដឹកនាំរបស់លោក។ យ៉ាងណាក៏ដោយ លោកអះអាងថា មេធាវីនៅជួបបញ្ហាមួយចំនួនក្នុងការអនុវត្តតួនាទីរបស់ពួកគេ រួមមានទាំងនៅដំណាក់កាលនគរបាលយុត្តិធម៌ផងដែរ។
លោកថ្លែងដូច្នេះថា៖ «ទោះបីមានការផ្លាស់ប្ដូរជាវិជ្ជមានក៏ដោយ ក៏ការទទួលស្គាល់សិទ្ធិមេធាវីនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ក្នុងករណីស៊ើបអង្កេតបឋមលើបទល្មើសមិនជាក់ស្ដែងនៅតែជាបញ្ហាប្រឈមដដែល»។
លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានចូលរួមក្នុងពិធីប្រកាសលទ្ធផលបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវី បានកោតសរសើរដល់កិច្ចការដែលគណៈមេធាវីបានធ្វើកាលពីឆ្នាំកន្លងទៅ ដូចជាការការពារជនក្រីក្រ និងការពិគ្រោះយោបល់ផ្លូវច្បាប់ដោយឥតគិតថ្លៃ ការបង្កើតការផ្សព្វផ្សាយច្បាប់ដល់សាធារណជន ការពង្រឹងសមត្ថភាព និងវិជ្ជាជីវៈរបស់មេធាវី និងការងារពាក់ព័ន្ធមួយចំនួនទៀត។
លោកលើកឡើងពីតួនាទីរបស់មេធាវីក្នុងវិស័យយុត្តិធម៌ ដែលមានបេសកកម្មចូលរួមលើកកម្ពស់សង្គមនីតិរដ្ឋ តាមរយៈការការពារសិទ្ធិរបស់ប្រជាពលរដ្ឋ។ លោកថា បច្ចុប្បន្ននេះ តួនាទីរបស់មេធាវីកាន់តែមានសារៈសំខាន់ដោយផ្អែកលើការវិវត្តរបស់សង្គមដែលកាន់តែស្មុគស្មាញ ជាពិសេសការរីកចម្រើននៃសង្គមនីតិរដ្ឋដែលឯកសារគតិយុត្តិកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងមួយឆ្នាំទៅមួយឆ្នាំ និងប្រឈមមុខនឹងការវិវត្តនៃបច្ចេកវិទ្យា។
បើតាមលោក កើត រិទ្ធ ការការពារជនក្រីក្រងទទួលបានកញ្ចប់ថវិកាពីរាជរដ្ឋាភិបាល ហើយចំនួនទឹកប្រាក់មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ នៅឆ្នាំ ២០០៣ កញ្ចប់ថវិកាមានទឹកប្រាក់ ២០០លានរៀល ប៉ុន្តែ បច្ចុប្បន្ននេះ បានកើនដល់ ២ ៦០០លានរៀល២០២៤ និងបន្តដដែលនៅឆ្នាំ២០២៥។
លោកលើកទឹកចិត្តឲ្យមេធាវីបន្តចូលរួមកិច្ចការបែបសប្បុរសនេះឲ្យកាន់តែផុលផុសថែមទៀត ដើម្បីធានាសិទ្ធិទទួលបានយុត្តិធម៌សម្រាប់ពលរដ្ឋមានជីវភាពខ្វះខាតដែលជាកាតព្វកិច្ចសង្គម និងកាតព្វកិច្ចដែលមានចែងក្នុងច្បាប់។
លោក កើត រិទ្ធ ក៏លើកទឹកចិត្តឲ្យមេធាវីទាំងអស់ចូលរួមក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលជាយន្តការថ្មី ដែលកំណត់ហេតុនៃដំណោះស្រាយវិវាទនីមួយៗមានអំណាចស្មើសេចក្ដីសម្រេចរបស់តុលាការ។
បើតាមលោក កើត រិទ្ធ បច្ចុប្បន្ននេះ មន្ត្រីអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធតុលាការដែលធ្វើការពេញម៉ោង មានចំនួនតែ ២៦រូបប៉ុណ្ណោះ តែបើបូកទាំងអ្នកស្ម័គ្រចិត្តមាន៨៦រូប ដែលក្នុងនោះមេធាវីមាន ៣៣រូប៕