ភ្នំពេញៈ សេវាកម្មធ្វើ​តេស្ត​វិភាគ​ រក​កាក​សំណល់​ថ្នាំ​កសិកម្ម ​និង​កាក​សំណល់​ថ្នាំ​ផ្សះ​ជា​ដើម​ត្រូវបានបង្កើត​នៅ​កម្ពុជា​ហើយ ​ដែលនឹង​ជួយ​ឱ្យ​ម្ចាស់​អាជីវ​កម្ម​ផលិត​ផល​កសិកម្ម ​មិន​លំបាក​ទៅ​រក​សេវា​កម្ម​នេះ​នៅ​ក្រៅ​ប្រទេស​ទៀត ដែល​ចំ​ណេញ​ទាំងពេល​វេលា ​ថវិកា ​និង​ជួយ​ពង្រឹង​ភាព​ប្រកួត​ប្រជែង ​សម្រាប់​ការ​នាំ​ចេញ​របស់​កម្ពុជា​ផង​ដែរ។ 

វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​(IPC)​ ​នាថ្ងៃ​ពុធ ​ទី១៦​ខែ​តុលា​នេះ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ ជា​ផ្លូវ​ការ​ នូវ​កិច្ច​សហការ​ក្នុង​ការ​រៀប​ចំ​បង្កើត​សេ​វាកម្ម ​ធ្វើ​តេស្តវិភាគ ​ដោយមា​ន​ការ​ទទួល​ស្គាល់ ​ដែល​ អនុលោម​តាម​ស្តង់​ដារ ISO 17025 សម្រាប់​វិភាគ​រក​ កាក​សំណល់ថ្នាំ​កសិកម្ម ​កាក​សំណល់​ថ្នាំ​ផ្សះ ​និង​លោហៈធ្ង​ន់។​ ការ​ដាក់​ឱ្យ​ដំណើរ​ការនេះ​ មានការ​ការ​គាំទ្រ​ពី​ប្រ​ទេស​អូស្រ្តាលី ​តាម​រយៈ​កម្មវិធី ​ភាព​ជា​ដៃ​គូ ​កម្ពុជា-​អូស្ត្រាលី ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ធន់ ​(CAPRED)​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​របស់​ភាគី​ទាំង​២។

កិច្ច​សហការ​រួម​គ្នា​នេះ​ គឺ​ ដើម្បី​បង្កើន​សុវត្ថិភាព​ចំណី​អាហារ ​និង​ពង្រឹង​ភាពប្រកួត​ប្រជែងសម្រាប់​ការនាំ​ចេញ​របស់​ប្រ​ទេស​កម្ពុជា។

សេច​ក្តី​ប្រកាសបាន​លើក​ឡើងថា​ ​អាជីវកម្ម ​ប្រមាណ ​៧០​ភាគ​រយ​ ជួប​ប្រទះ​នឹង​ឧបសគ្គ ​រាល់​ពេល ដែល​ពួក​គេ​ស្នើ សុំវិញ្ញាបន​បត្រ​បញ្ជាក់ ​ពី​គុណភាព ស​ម្រាប់​ផលិត​ផលក​សិកម្ម ​ផ្នែក​មួយ​នៃ​ឧបសគ្គ​ទាំង​នោះ ​គឺ​ដោយ​សារ​កង្វះ​ខាត សេវាកម្ម ​មន្ទីរពិ​ សោធន៍​ធ្វើ ​តេស្តវិ​ ភាគ​ ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​កន្លង​មក ​អា​ជីវ​កម្ម​ទាំង​នោះ ​បាន​ពឹង​ផ្អែក​លើ​សេវាកម្ម​មន្ទីរពិសោធន៍​នៅ​បរទេស ​ដែល​កត្តានេះ​បណ្តាល​ឱ្យមានការកើន​ឡើង​ហា​និភ័យ​នៃ​ការ​ចម្លង​រោគ ការ​ពន្យា​រពេល​វេលា​ទទួល​បាន​លទ្ធផល​វិភាគ ​ការ​ចំណាយ​ខ្ពស់ ​និង​ការកាត់​បន្ថយភាព​ប្រកួត​ប្រ​ជែង។ 

សេចក្តី​ប្រកាស​សរសរ​ថា៖​ «សេវា​កម្មវិភាគ​ថ្មី​នេះ ​ដែលនឹង​ត្រូវ​បាន​ផ្តល់​តាម​រយៈ​មន្ទីរពិ​សោធន៍​បរិស្ថាន និង​សុវត្ថិ​ភាព​ចំ​ណី​អាហារ​របស់ ​វិទ្យា​ស្ថាន​ប៉ាស្ទ័រកម្ពុជា ​នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណ​ភាព​ផលិត​ផល​ចំណី​អាហារ​ និង​ភាព​ប្រ​កួត​ប្រ​ជែង​នៅ​ទីផ្សារ​ក្នុង​ស្រុក ​និង​អន្តរជាតិ​ ជួយ​បង្កើត​ការងារ​ លើក​កម្ពស់​សុវត្ថិភាព​ចំណី​អាហារ​ និង​ការពារ​អ្នក​ប្រើ​ប្រាស់ ​ព្រម​ទាំង​បង្កើន​លទ្ធភាព​ទទួល​បាន​ទីផ្សារ​សម្រាប់​ផលិត​ផល​កសិកម្ម​កម្ពុជា»។

លោក ​André Spiegel ​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា និង​ឯក​អគ្គរដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ លោកដេរិក យីប ​​​(Derek Yip) បង្ហាញកិច្ច​សហការ​រួម​គ្នា​នេះ​ គឺ​ ដើម្បី​បង្កើន​សុវត្ថិភាព​ចំណី​អាហារ ​និង​ពង្រឹង​ភាពប្រកួត​ប្រជែងសម្រាប់​ការនាំ​ចេញ​របស់​ប្រ​ទេស​កម្ពុជា។ រូបថត សហការី

ឯក​អគ្គរដ្ឋ​ទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ លោកដេរិក យីប ​​​(Derek Yip) មាន​ប្រសាសន៍ថា​ តាម​រយៈ​ការ​ឧបត្ថម្ភ​ក្នុង​ការ​រៀប​ចំបង្កើត​នូវ​មន្ទីរ​ពិសោធន៍​ទាំងនេះ ​អូស្ត្រាលី​កំពុង​តែ​ជួយ​គាំ​ទ្រអាជីវកម្ម​កម្ពុជា​ផលិត​ផលិត​ផល​កសិ-ចំណី​អាហារ​ប្រកប​ដោយ​សុវត្ថិ​ភាព និង​គុណភាព​ខ្ពស់​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ និង​អន្តរជាតិ​និង​ប្រកប​ដោយប្រ​សិទ្ធភាព​លើការ​ចំ​ណាយ។

លោក​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ថា​៖​ «ការ​ទទួល​បាន​សេវា​មន្ទីរ​ពិ​សោធន៍​ធ្វើតេស្តវិភាគក្នុង​ប្រទេសប្រកប​ដោយប្រ​សិទ្ធ​ភាព ​គឺ​ជាគន្លឹះ​នៃ​ការ​រីក​ចម្រើន ​និង​ភាព​ប្រកួត​ប្រជែង​នៅ​ក្នុង​វិស័យ​នេះ»។

ច្បាប់​ស្តី​ពី​សុវត្ថិភាព​ម្ហូប​អាហារ​ឆ្នាំ ​២០២២​ របស់​កម្ពុជា ​ក៏​បាន​លើក​ឡើង​ពីការធានា​សុវត្ថិភាព​ម្ហូបអាហារ​នៅ​ក្នុង​ដំ​ណើរ​ការ​ផលិត​កម្ម​ដែលនេះ​ គឺជា​ហេតុផល​មួយ​ទៀត​បង្ហាញ​ពី​ភាព​ចាំ​បាច់​ដែល​កម្ពុជា​ត្រូវមានសេវា​កម្មធ្វើ​តេស្ត​មន្ទីរ​ពិ​សោធន៍​នៅ​ក្នុង​ស្រុក​ដោយ​ខ្លួន​ឯង ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ និង​គុណ​ភាព​ខ្ពស់។ 

កិច្ច​សហការ​នេះ ​គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​លើក​កម្ពស់​ទិដ្ឋភាព​សុវត្ថិភាព​ចំណី​អាហាររបស់​កម្ពុជា។ តាម​រយៈ​ការ​បង្កើត​មន្ទីរ​ពិសោធន៍​ទំនើប​ចុង​ក្រោយ ​ដែល​មាន​ការ​ទទួល​ស្គាល់​នេះ​ អូស្ត្រាលី និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​កំពុង​គាំ​ទ្រ​ដល់​សុខ​ភាព​សាធារ​ណៈ​អាជីវកម្ម​ក្នុង​ស្រុក ​រួមទាំង​អាជីវកម្ម​ដែល​ដឹ​កនាំ​ដោយ​ស្ត្រី ​ដើម្បី​បំពេញ​តាម​ស្តង់​ដារ​អន្តរ​ជាតិ ​និង​ឈាន​ជើង​ចូល​ទៅ​កាន់​ទីផ្សារ​ថ្មីៗ។

វិទ្យា​ស្ថាន​ប៉ាស្ទ័រ​កម្ពុជា ​(IPC)​ ​​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ ជា​ផ្លូវ​ការ​ នូវ​កិច្ច​សហការ​ក្នុង​ការ​រៀប​ចំ​បង្កើត​សេ​វាកម្ម ​ធ្វើ​តេស្តវិភាគរក​កាក​សំណល់​ថ្នាំ​កសិកម្ម ​និង​កាក​សំណល់​ថ្នាំ​ផ្សះ​ជា​ដើម កាល​ពី​ម្សិលមិញ។ រូបថត សហការី

លោក ​André Spiegel ​នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​បាន​លើក​ឡើង​ថា ​សេវាកម្ម​មន្ទីរ​ពិសោធន៍​ថ្មី​នេះ​ នឹ​ងផ្តល់​លទ្ធ​ភាព​ឱ្យ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា​ផ្តល់​សេវាធ្វើ​តេស្តពិសោធន៍​សម្រាប់​វិស័យ​កសិ-ចំណី​អាហារ​របស់​កម្ពុជា។ 

លោក​មាន​ប្រសាសន៍​ថា​៖«សេវាកម្ម​មន្ទីរ​ពិសោធន៍នេះ​មិន​ត្រឹម​តែ​លើក​កម្ព​ស់​សុវត្ថិភាព​ចំណីអាហារ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​ប្រទេស​ប្រកប​ដោយ​និរន្ត​រភាព ​តាម​រយៈ​ការកើនឡើង​នូវឱកាស​ការ​ធ្វើ​ពា​ណិ​ជ្ជកម្ម​ផងដែរ» ។

លោក ​អួន ស៊ីឡូត​ ប្រធាន​សមាគម​ស្វាយ​ចន្ទី​កម្ពុជា​បាន​ឱ្យ​ដឹង​ថា ​ការ​សុំ​វិញ្ញាបន​បត្រ​បញ្ជាក់ ​ពី​គុណភាព ​ស​ម្រាប់​ផលិ​ត​ផល​កសិកម្ម​ភាគ​ច្រើន​គឺ​ធ្វើ​ឡើង​នៅ​ប្រទេស​វៀត​ណាម​នា​ពេលក​ន្លង​មក​ ដើម្បី​បាន​នាំចេញផលិតផល​ទៅកា​ន់​ទី​ផ្សារ​អន្តរជាតិ ​ទៅតា​ម​ការ​តម្រូវ។ 

លោក​មាន​ប្រសាសន៍​ថា៖​«ការ​បង្កើត​សេវា​ពិសោធន៍​នេះ​នៅ​ស្រុក​ខ្មែរ​យើង​ហ្នឹង​ពិត​ជា​រឿង​មួយ​ល្អមែ​ន​ទែន។ យើង​គ្រាន់​តែ​ចំណាយ​ថវិកា​ជា​ការ​ស្រេច ដោយ​អត់​ពិបាក​ទៅ​ប្រទេស​គេ​ទេ។ បើ​មាន​ក្នុ​ស្រុក​យើង ​ពិត​ជា​ស្រួល​មែន​ទែន ដែល​យើង​អាច​ទទួល​បាន​វិញ្ញាបនប​ត្រ​ស្តង់ដា​រ អនាម័យ​ម្ហូប​អាហារ​ផ្សេង​របស់​ពិភព​លោក ​ហើយ​យើង​អាច​នាំចេញ​បាន​ទៅតា​មត​ម្រូវ​ការ​របស់​ប្រទេស​មួយ​ចំនួន»។ 

ទោះ​យ៉ាង​ណា ​លោក​សង្កេត​ឃើញ​ថា​ កម្ពុជា​នៅ​ខ្វះកា​រ​វិភាគ​លើ​សារធាតុ​ចិញ្ចឹម​ក្នុង​ចំណី​អាហារ ហើយ​បើ​មាន​ការ​បង្កើត​ឱ្យមា​នសេ​វាកម្ម​វិភាគនេះ​មួយទៀ​ត​នោះ គឺ​ជា​ប្រការ​ល្អប្រ​សើរ​មែន​ទែន​ សម្រាប់​កម្ម​វិធី​ចំណី​អាហារ​របស់​កម្ពុជា៕