លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបង្ហើបឲ្យដឹងថា សំណុំរឿងព្រហ្មទណ្ឌកម្រិតស្រាលដែលមិនប៉ះពាល់ដល់រូបរាងកាយនិងសន្តិសុខ អាចនឹងត្រូវបានតម្កល់ទុកមិនចាត់ការ ប្រសិនបើភាគីជម្លោះអាចស្រុះស្រួលគ្នានៅដំណាក់កាលព្រះរាជអាជ្ញា។
ថ្លែងនៅក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងការប្រកាសការចូលកាន់តំណែងនៃប្រធានថ្មីរបស់គណៈមេធាវី កាលពីថ្ងៃទី១៦ ខែតុលា លោក កើត រិទ្ធ បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងយុត្តិធម៌កំពុងពិភាក្សាទៅលើការធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ ដែលជាផ្នែកមួយនៃការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។
លោកថ្លែងដូច្នេះថា៖ «ឥឡូវនេះក្រសួងយុត្តិធម៌កំពុងធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌ ដែលយើងប្រជុំរៀងរាល់សប្ដាហ៍ដែលក្នុងនោះចំណុចថ្មីមួយ ដែលឯកឧត្តមលោកជំទាវខ្លះមិនទាន់បានដឹងទេ ប៉ុន្តែ ចង់លើកកន្លែងនេះឲ្យដឹងឲ្យហើយ គឺយើងកំពុងតែគិតរៀបចំបង្កើតនូវយន្តការសម្រុះសម្រួលក្នុងរឿងព្រហ្មទណ្ឌ។ ប៉ុន្តែ មិនមែនគ្រប់រឿងព្រហ្មទណ្ឌទេ គឺអនុញ្ញាតឲ្យសម្រុះសម្រួលរឿងក្ដីព្រហ្មទណ្ឌតូចតាចមួយចំនួន»។
លោកបន្តថា៖ «ឧទាហរណ៍ដូចជារឿងចេញសែកអត់ប្រាក់ ដែលគេហៅថាចេញសែកស្អុយ។ ករណីដូច្នេះ វាអត់មានភាពចាំបាច់ដែលត្រូវចាប់គេដាក់គុកទេ។ បើសិនជាគូភាគីនោះគាត់ត្រូវគ្នា ព្រះរាជអាជ្ញាដែលជាម្ចាស់បណ្ដឹងអាជ្ញាគាត់មានសិទ្ធិតម្កល់រឿងមិនចាត់ការបាន នៅពេលមានការសម្រុះសម្រួលតាមលក្ខខណ្ឌណាមួយ។ ឥឡូវនេះកំពុងតែរៀបចំនូវលក្ខខណ្ឌ ប៉ុន្តែ នៅតែគោរពគោលការណ៍ដែលថា រឿងក្ដីព្រហ្មទណ្ឌមិនត្រូវមានការសម្រុះសម្រួលទេ»។
លោកពន្យល់ថា ការសម្រុះសម្រួលនេះត្រូវធ្វើឡើងដោយព្រះរាជអាជ្ញា ឬក្រោមការទទួលខុសត្រូវរបស់ព្រះរាជអាជ្ញា ដែលករណីដូច្នេះ ត្រូវបានអនុវត្តនៅប្រទេសបារាំង សម្រាប់រឿងព្រហ្មទណ្ឌមួយចំនួនដែលច្បាប់អនុញ្ញាតឲ្យសម្រុះសម្រួល។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រូវបានបង្កើតឡើង ក្នុងគោលបំណងកាត់បន្ថយការកក់សន្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី។ កំណត់ហេតុនៃការសម្រុះសម្រួលសម្រាប់វិវាទនីមួយៗមានអំណាចស្មើនឹងសេចក្ដីសម្រេចរបស់តុលាការ។
លោក កើត រិទ្ធ លើកឡើងថា ក្នុងករណីដែលការធ្វើវិសោធនកម្មក្រមនីតិវិធីព្រហ្មទណ្ឌអនុញ្ញាតឲ្យមានការសម្រុះសម្រួលរឿងក្ដីព្រហ្មទណ្ឌកម្រិតស្រាល សមត្ថកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការអាចត្រូវបានកែសម្រួលឡើងវិញ ហើយអាជ្ញាធរនេះអាចយករឿងក្ដីព្រហ្មទណ្ឌមួយចំនួនទៅសម្រុះសម្រួល ក្រោមការទទួលខុសត្រូវរបស់ព្រះរាជអាជ្ញា។
យ៉ាងណាក៏ដោយ លោកបញ្ជាក់ដូច្នេះថា៖ «ប៉ុន្តែ មិនអាចអនុញ្ញាត ដូចជាបទឧក្រិដ្ឋ បទប៉ះពាល់ទៅដល់រូបរាងកាយ ដូចជាករណីរំលោភសេពសន្ថវៈ ករណីសម្លាប់មនុស្ស គឺគេអត់អនុវត្តទេ»។
បើតាមលោករដ្ឋមន្ត្រីយុត្តិធម៌ ការអនុញ្ញាតឲ្យមានដំណោះស្រាយតាមរយៈការស្រុះស្រួលគ្នានេះ គឺជាការអនុវត្តតាមគោលការណ៍មិនយកឈ្នះចាញ់ក្នុងចំណោមភាគីពាក់ព័ន្ធ ដែលអាចកាត់បន្ថយការកក់ស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី។ យ៉ាងណាក៏ដោយ លោកថា យន្តការនេះលើកលែងករណីប៉ះពាល់ដល់បញ្ហាសន្តិសុខ។
កាលពីដើមឆ្នាំនេះ ក្រសួងយុត្តិធម៌បានដាក់ចេញយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាជម្រះក្ដី និងការដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ក៏ដូចជាការពន្លឿនការដោះស្រាយសំណុំរឿងគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍។
គិតត្រឹម ៩ ខែឆ្នាំនេះ រឿងក្ដីជាង ១៣ម៉ឺនសំណុំរឿងក្នុងចំណោមរឿងក្ដីជាង ១៨ម៉ឺនករណី ត្រូវបានដោះស្រាយ ដែលស្មើនឹង ជាង ៧២ភាគរយ។ លោក កើត រិទ្ធ ចាត់ទុកការសម្រេចនេះជាជោគជ័យដ៏ធំមួយ។
លោកថា រដ្ឋាភិបាលអាណត្តិទី៧នេះ យកការកែទម្រង់ប្រព័ន្ធតុលាការជាការងារអាទិភាពមួយ ដែលចាប់ផ្ដើមពីការដោះស្រាយការកកស្ទះសំណុំរឿង មុននឹងយុទ្ធនាការបន្ទាប់ចាប់ផ្ដើម ដែលផ្ដោតទៅលើគុណភាពនៃការដោះស្រាយរឿងក្ដី។
លោកលើកឡើងដូច្នេះថា៖ «អ៊ីចឹង បើតុលាការសល់សំណុំរឿងតិចក្នុងដៃ ត្រូវពង្រឹងលើអីវិញ? គឺពង្រឹងលើគុណភាព។ អីចឹង ដំណាក់កាលទី២គឺសង្កត់ធ្ងន់លើគុណភាព»។
លោក អំ សំអាត នាយកកិច្ចការទូទៅនៃអង្គការលីកាដូ ក៏យល់ឃើញថា រឿងព្រហ្មទណ្ឌកម្រិតស្រាលដែលមិនប៉ះពាល់ដល់រូបរាងកាយបុគ្គលគួរតែអាចដោះស្រាយបានតាមរយៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។
លោកថា៖ «កន្លងមក រឿងបរិហារកេរ្តិ៍នេះភាគច្រើនគឺជាការចង់ចាញ់ចង់ឈ្នះ ហើយប្ដឹងទៅតុលាការ ជួនកាលប្ដឹងទារសំណងច្រើនទៅទៀត។ យើងមើលទៅឃើញថា បើទារសំណងច្រើន ទោះបីជាមិនជាប់ពន្ធនាគារ ប៉ុន្តែ បើអត់មានប្រាក់សងក៏វាអាចជាប់ ដូចជាត្រូវរឹបអូសទ្រព្យសម្បត្តិយកទៅលក់ឡាយឡុងអីជាដើម»។
លោកបន្តថា៖ «បើករណីបរិហារកេរ្តិ៍ក្នុងកម្រិតដែលមិនប៉ះពាល់ដល់សន្តិសុខជាតិ ឬ គ្រាន់តែជាកម្រិតនៃការឈ្លោះគ្នា គួរតែអាចដោះស្រាយបាន[តាមយន្តការស្រុះស្រួលគ្នា]។ មួយទៀតរឿងចេញសែកស្អុយ យើងមើលទៅអាចទៅជារឿងរដ្ឋប្បវេណី ដែលរាល់ដងត្រូវបានប្ដឹងជារឿងព្រហ្មទណ្ឌ ហើយអ្នកជាប់ពន្ធនាគាររឿងនេះក៏ច្រើនដែរ។ ដូច្នេះ បើការចេញសែកស្អុយអាចដោះស្រាយបានក៏ជារឿងល្អមួយដែរ»។
លោកយល់ថា ការដោះស្រាយតាមយន្តការនេះកាត់បន្ថយជម្លោះ ភាពចង្អៀតណែនតាមពន្ធនាគារ និងការកកស្ទះសំណុំរឿងនៅតាមតុលាការ៕