ភ្នំពេញៈ អគ្គស្នងការនគរបាលជាតិនៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលានេះបានចេញសេចក្តីសម្រេចលុបទិន្នន័យានយន្តជិត២ពាន់គ្រឿងចេញពីបញ្ជីគ្រប់គ្រងយានយន្ត ដែលបំពាក់ផ្លាកលេខនគរបាលជាតិ ក្នុងដំណាក់កាលទី១ ក្រោយពីប្រមុខរដ្ឋាភិបាលបានណែនាំឱ្យពង្រឹងប្រសិទ្ធិភាពក្នុងការគ្រប់គ្រងផ្លាកលេខ «ន.ប» និង «ខ.ម» ឱ្យបានត្រឹមត្រូវ។
សេចក្តីសម្រេច ស្តីពីការលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្តនគរបាលជាតិ ដែលចុះហត្ថលេខាដោយ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិបានសម្រេចលុបទិន្នន័យានយន្តចំនួន១ ៩៤៧គ្រឿង ចេញពីបញ្ជីគ្រប់គ្រងយានយន្ត ដែលបំពាក់ផ្លាកលេខនគរបាលជាតិ។ ក្នុងនោះរួមមានរថយន្តទេសចរណ៍ ១ ១៣៩គ្រឿង រថយន្តដឹកទំនិញធុនស្រាល ១៦២គ្រឿង និងទោចក្រយានយន្ត ៦៤៦គ្រឿងផងដែរ។
យានយន្តទាំងនេះ មាននៅក្នុងបញ្ជីតារាងឧបសម្ព័ន្ធលេខ៦៦៧ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។
ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ ៣០ឆ្នាំ ថ្ងៃបង្កើតកងពលតូចលេខ៧០ នៃកងទ័ពជើងគោកនាថ្ងៃអង្គារ ទី១៥ ខែតុលានេះ លោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតបានធ្វើការណែនាំឱ្យក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃធ្វើការគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការបង្កបញ្ហាចរាចរណ៍ក្នុងសង្គម។
ប្រមុខរដ្ឋាភិបាលបានប្រកាសថា ចាប់ពីពេលនេះទៅ មានតែនាយទាហានជាន់ខ្ពស់ប៉ុណ្ណោះដែលមានសិទ្ធិប្រើប្រាស់ផ្លាកលេខ ខ មនេះ។
លោកនាយករដ្ឋមន្រ្តីបានណែនាំថា៖«សូមគ្រប់គ្រងឱ្យបាន ទាំងការចេញលេខឱ្យទាំងការប្រើប្រាស់។ ឥលូវចាប់ពីពេលនេះទៅគឺប្រើប្រាស់ឱ្យចំគោលដៅ គឺតែនាយទាហានជាន់ខ្ពស់ ដែលត្រូវ ប្រើខ ម។ អញ្ជឹង អ្នកផ្សេងជិះលេខខ្មៅទៅមិនអីទេ។ អត់មានពីណាមកធ្វើឃាតទេ»។
លោកបញ្ជាក់ថា៖«បើសិនជាមានហានិភ័យលេខឡានក៏ជួយមិនរួចដែរ តែផ្ទុយទៅវិញ វាធ្វើឱ្យច្របូកច្របល់។ អ្នកបើកមិនពិតប្រាកដ។ ជួនកាលបើកសាហាវជាងអ្នកពិប្រាកដ ដល់អញ្ជឹងដល់អ្នកពិតប្រាកដទៅខូចឈ្មោះ។ នេះគឺជាបញ្ហា។ គឺសុំយកចិត្តទុកដាក់គ្រប់គ្រងទៅលើកិច្ចការងារនេះ»។
ទាក់ទងទៅនឹងរឿងចរាចរណ៍នេះដែរ គ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញ កាលពីខែកញ្ញាកន្លងមកកើតមានចំនួន ៧២ករណី ដែលបានបណ្តាលឱ្យមានជនរងគ្រោះ១២៤នាក់។ ក្នុងនោះ ស្លាប់ចំនួន២៩នាក់ និងរបួស៩៥នាក់ និង ខូចខាតមធ្យោបាយចំនួន១៣១គ្រឿងផងដែរ។ នេះបើយោងតាមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើប្រៀបធៀបទៅនឹងខែសីហា គ្រោះថ្នាក់ចរាចរណ៍មានការថយចុះ៩ករណី ស្មើនឹង១១ភាគរយ តែ អត្រាអ្នកស្លាប់កើនឡើង៨នាក់ ស្មើនឹង៣៨ភាគរយ។ រីឯ ចំនួនអ្នករបួសថយចុះ១៤នាក់ ស្មើនឹង១៣ភាគរយ។
មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចណ៍ រួមមានបើកបរលឿន២៥លើក បើកបរមិនគោរពសិទ្ធិអាទិភាព២១លើក បើកបរវារជែង៧លើក បើកបរធ្វេសប្រហែស៦លើក បើកបរមិនប្រកាន់ស្តាំ៤លើក និងបើកបរស្រវឹង៣លើកជាដើម។ នគរបាលបានអនុវត្តនីតិវិធី ដោយបានកសាងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះបញ្ជូនទៅតុលាការចំនួន៤៧ ករណី ផងដែរ៕