ភ្នំពេញៈ អង្គការ WWF Cambodia បានសម្តែងក្តីបារម្ភចំពោះការធ្លាក់ចុះចំនួនសត្វឈ្លូសដោយក្នុងរយៈពេលត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ ចំនួនប្រភេទសត្វនេះបានធ្លាក់ចុះរហូតដល់ទៅជាង ៦០ភាគរយនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចស្ថិតក្នុងខេត្តមណ្ឌលគិរី ដោយសារតែអន្ទាក់និងការជួញដូរសត្វព្រៃ។
អន្ទាក់បានគំរាមកំហែងដល់ ៨០ភាគរយនៃប្រភេទថនិកសត្វនៅអាស៊ីអាគ្នេយ៍។ វិបត្តិដែលបណ្តាលមកពីការជួញដូរសត្វព្រៃខុសច្បាប់ និងការកើនឡើងនៃតម្រូវការសាច់សត្វព្រៃ កំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើចំនួនសត្វព្រៃ ដូចជាសត្វឈ្លូសជាដើម។ នេះបើយោងតាមរបាយការណ៍របស់អង្គការ WWF។
អង្គការ WWF Cambodia បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា៖«ការបរបាញ់ និងការដាក់អន្ទាក់ដែលកំពុងរីករាលដាលកំពុងបង្កគ្រោះថ្នាក់ដល់សត្វឈ្លូស ដែលបណ្តាលឱ្យដង់ស៊ីតេរបស់វាធ្លាក់ចុះ ៦៤ភាគរយ ក្នុងរយៈពេលត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេចរបស់កម្ពុជា»។
អង្គការអភិរក្សនេះបានអំពាវនាវឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងជួយការពារសត្វឈ្លូស ក៏ដូចជាប្រភេទសត្វជិតផុតពូជដទៃទៀត។
លោកឌិន ប៊ុនធឿន ប្រធានស្តីទីមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឱ្យដឹងថា ការធ្លាក់ចុះនៃចំនួនសត្វឈ្លូសក៏បណ្តាលមកពីកត្តាបាត់បង់របបចំណីអាហាររបស់វា ដូចជា រុក្ខជាតិនិងកត្តាប្រែប្រួលអាកាសធាតុ។
លោកបញ្ជាក់ថា៖ «វាថយ ដោយសាររបបអាហារ ដែលវាផ្លាស់ប្តូរទៅតាមរដូវ។ របបអាហារថយចុះដែរ ដូចជាប្រភេទរុក្ខជាតិដែលជាអាហាររបស់ឈ្លូស។ ការប្រែប្រួលអាកាសធាតុក៏អាចប៉ះពាល់ដែរ ធ្វើឱ្យមានជម្ងឺឈឺអីហ្នឹង។ មួយចំនួនទៀតដែរ គឺនៅមានអ្នកលួចបរបាញ់»។
លោកបានឱ្យដឹងថា យុទ្ធនាការអន្ទាក់សូន្យ ត្រូវបានធ្វើឡើងចំនួន ២លើករួចមកហើយនៅក្នុងខេត្តមណ្ឌលគិរី ដែលធ្វើឱ្យប្រជាពលរដ្ឋមានការយល់ដឹងបានច្រើនពីបញ្ហាសត្វព្រៃនេះ។ លើសពីនោះ ការ ដាក់ឱ្យប្រើប្រាស់ក្រមបរិស្ថាន និងធនធានធម្មជាតិកាលពីមិថុនាកន្លងមក ក៏បានកំពុងតែរួមចំណែកដល់ការពង្រឹងដល់ការការពារសត្វព្រៃផងដែរ ព្រោះថា ច្បាប់ត្រូវបានអនុវត្ត ១០០ភាគរយទៅលើបទល្មើស។ ទោះយ៉ាងណា ក៏នៅតែមានអ្នកលួចប្រព្រឹត្តខ្លះផងដែរ បើទោះបីជាក្រុមមន្រ្តីឧទ្យានុរក្សខិតខំល្បាតយ៉ាងណាក៏ដោយ។ ប៉ុន្តែ បទល្មើសមិនមានកើតឡើងច្រើនដូចមុននោះទេ។
លោកថ្លែងថា៖«វានៅមាន តែមិនច្រើនដូចមុន ព្រោះពលរដ្ឋមានការយល់ដឹង ហើយណាមួយយើងចេញក្រមបរិស្ថានហើយដែរ។ យើងបានផ្សព្វផ្សាយទៅគាត់បានជ្រួតជ្រាបនិងយល់ដឹង។ ក្រៅពីនោះក៏មានផ្ទាំងរូបភាព ត្រូវបានផ្សព្វផ្សាយកុំឱ្យបរិភោគសាច់សត្វព្រៃផងដែរ នៅគ្រប់ភោជនីយដ្ឋានទាំងអស់»។
ដែនជម្រកសត្វព្រៃភ្នំព្រេច ស្ថិតក្នុងចំណោមតំបន់ការពារតំបន់ធនធានធម្មជាតិជាង១លានហិកតានៅខេត្តមណ្ឌលគិរីមានដូចជាដែនជម្រកសត្វព្រៃកែវសីមា ស្រែពក ភ្នំណាមលៀ និង ដែនជម្រកសត្វព្រៃលំផាត់។
អង្គការ WWF Cambodia ក៏បានលើកឡើងផងដែរថា ចំនួនសត្វព្រៃផ្សេងៗទៀតក៏កំពុងតែធ្លាក់ចុះផងដែរ ដូចជាសត្វខ្សិប(Bengal florican) សត្វទន្សោង (banteng) និងសត្វខ្ទីង (Gaur) ជាដើម៕