ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​ចែក​ស្រូវ​ពូជ​ជាង ៤៦៧​តោន​ដល់​ប្រជាកសិករ​ជាង ៤​ពាន់​គ្រួសារ ដែល​រងគ្រោះ​ដោយ​សារ​តែ​ជំនន់​ទឹក​ភ្លៀនៅ​ ៨​ ក្រុង-ស្រុក ក្នុង​ខេត្ត​កំពង់ធំ ដើម្បី​ឱ្យ​ពួកគាត់​យក​ទៅ​ដាំ​ដុះ​ស្តារ​ផល​ប៉ះពាល់​ឡើង​វិញ។

លោក ប៉ែន វណ្ណរិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ​បាន​ឱ្យ​ដឹង​ថា ស្រូវ​ពូជ​ដែល​ត្រូវ​បាន​ចែក​ជូន​ពលរដ្ឋ​នោះ​ជា​ប្រភេទ OM៥៤៥១ ដែល​ជា​ពូជ​មិន​ប្រកាន់​រដូវ​និង​ផ្តល់​ផល​ក្នុង​រយៈពេល​ខ្លី។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ចន្ទ ​ទី​២១ ខែ​តុលា​នេះ​ថា៖​«ក្រោយពី​ទទួល​បាន​ស្រូវពូជ កសិករ​អាច​ចាប់​ផ្តើម​ធ្វើការ​ដាំដុះ​ឱ្យ​ទាន់​ពេល​ក្នុង​រដូវ​ទឹក​សម្រក​នេះ​ ដែល​ស្រូវ​នេះ​ផ្តល់​ផល​ប្រហែល​ក្នុង​រយៈពេល ៣ខែ។ កន្លែង​ណា​មាន​ប្រភព​ទឹក គឺ​អាច​ដាំដុះ​ស្តារ​ឡើង​​វិញ​បាន​ចង់​ទាំងអស់។ ខេត្ត​យើង​នេះ​ធ្វើ​ទាំង​រដូវ​វស្សាផង​និង​ប្រាំង​ផង»។

លោក​បាន​ឱ្យ​ដឹង​ថា ការ​បង្ក​បង្កើន​ផលស្រូវ​ក្នុង​ខេត្ត​កំពង់ធំ​នា​ឆ្នាំ​នេះ សម្រេច​បាន​លើស​ផែនការ គឺ​រហូត​ដល់​ទៅ​ជាង​២២​ម៉ឺន​ហិកតា​ដែល​ស្មើ​នឹង​១០៣​ភាគរយ​នៃ​ផែនការ។

ខេត្ត​កំពង់ធំ​បាន​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ​ពី​គ្រោះ​មហន្តរាយ​ជំនន់​ទឹក​ភ្លៀង​ក្នុង​ដំណាក់​កាល​ទី១ ដែល​បំផ្លាញ​ស្រូវ​ជាង ៣​ពាន់​ហិកតា ក្នុង​ចំណោម​ជាង ៦​ពាន់​ហិកតា ដែល​រង​ផល​ប៉ះពាល់​គិត​ត្រឹមដើមខែ​សីហា​កន្លងមក។

ក្នុង​អំឡុង​ពេល​ចែក​ស្រូវ​ពូជ នា​ថ្ងៃទី​១៨​ ខែ​តុលា​នេះ រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក ឌិត ទីណា បាន​ផ្តល់​អនុសាសន៍​ដល់​ប្រជាកសិករ​ឱ្យ​ចូលរួម​សហការ​គិតគូរ​ឱ្យ​បាន​វែងឆ្ងាយ ទទួល​ស្តាប់​នូវ​ការណែ​នាំ​របស់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ពី​ការ​ព្យាករណ៍​ធាតុ​អាកាស​និង​បម្រែបម្រួល​អាកាស​ធាតុ​ដើម្បី​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​ដោយ​មិន​ប្រថុយ​ធ្វើ​ស្រែ​ទាំង​មាន​ហានិភ័យ​ខ្ពស់​នោះទេ។

លោក​រដ្ឋមន្រ្តី​បាន​លើក​ឡើង​ថា គោលដៅ​របស់​រាជរដ្ឋាភិបាល​​គឺ​ជួយ​ប្រជាកសិករ​ឱ្យ​មាន​សន្តិសុខ​ស្បៀង​និង​មាន​ប្រសិទ្ធភាព​សេដ្ឋកិច្ច ពោល​គឺ​មាន​ការ​ហូប​គ្រប់គ្រាន់​និង​មាន​បាន​ដោយ​រាជ​រដ្ឋាភិបាល​មិន​ទុក​នរណា​ម្នាក់​ចោល​នោះ​ទេ​ ហើយ​តែងតែ​យក​ចិត្ត​ទុក​ដាក់​ ផ្តល់​ជំនួយ​ព្រម​ទាំង​ជួយ​ស្តារ​នូវ​ផល​ប៉ះពាល់​ជានិច្ច​កន្លងមក។

លើស​ពី​នោះ រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កម្មវិធី​គោល​នយោបាយ​អាទិភាព​ក្នុង​ការ​រក្សា​ស្ថេរភាព​ថ្លៃ​កសិផល កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​ ការ​ដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅ​គ្រប់​ឃុំ-សង្កាត់ និង​ការ​រៀប​ចំ​សហគមន៍​កសិកម្ម​ទំនើប ដើម្បី​ជួយ​គាំទ្រ​លើ​ផ្នែក​បច្ចេកទេស ការ​ផ្តល់​ព័ត៌មាន ការ​ប្រឹក្សា​យោបល់ និង​ជួយ​ដោះស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​ការងារ​កសិកម្ម​ដល់​កសិករ។ ទំាងនេះ​គឺ​ក្នុង​គោល​បំណង​បង្កើន​ផលិតភាព​កសិកម្ម ជំរុញ​ជីវភាព ធានា​បាន​នូវ​សន្តិសុខ និង​សុវត្តិភាព​ស្បៀង​ផងដែរ។

ក្រសួងកសិកម្ម​តែងតែ​ត្រៀម​បម្រុង​ពូជ​សុទ្ធ​ចំនួន​​ ២​ពាន់​តោន ​និង​ជា​សាច់​ប្រាក់​ដែល​ត្រៀម​បម្រុង​ ៣​ពាន់​តោន​ទៀត​ជា​រៀងរាល់ ដើម្បី​ចែក​ជូន​ពលរដ្ឋ​ដែល​រងគ្រោះ។ ស្រូវ​ពូជ​ជាង ៦០០​តោន​ក៏​ត្រូវ​បាន​ចែក​ជូន​កសិករ​ក្នុង​ខេត្ត​ក្រចេះ ដែល​រងគ្រោះ​ដោយសារ​ត​ជំនន់​ទឹក​ភ្លៀង​ផងដែរ។

ជំនន់​ទឹក​ភ្លៀង​ដែល​ធ្លាក់​ពី​តំបន់​ជួរ​ភ្នំ មក​អូរ​ព្រំដែន​កម្ពុជា-ថៃ កាលពីថ្ងៃទី ១៩ តុលា។ រូបថត រដ្ឋបាលខេត្ត​ប៉ៃលិន

ជំនន់​ទឹក​ភ្លៀង​ក៏​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ១៨០​គ្រួសារ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ផងដែរ កាល​ពី​ចុង​សប្តាហ៍​មុន​ ក្រោយ​ពី​ទឹក​ហូរ​ធ្លាក់​ពី​តំបន់​ជួរភ្នំ ទៅ​អូរ​ព្រំដែន​កម្ពុជា-ថៃ។ គ្រោះ​ធម្មជាតិ​នេះ​បាន​បណ្តាល​ខូចខាត​ផ្ទះ​សម្បែង សម្ភារៈ​ប្រើប្រាស់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន ប៉ុន្តែ​មិន​មាន​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ពលរដ្ឋ​នោះ​ទេ។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្ត​ប៉ៃលិន។

ទាក់ទង​ទៅ​នឹង​បញ្ហា​ទឹក​ជំនន់​នេះ​ដែរ រដ្ឋ​លេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម លោក ចាន់ ស៊ីណាត នា​ថ្ងៃ​អាទិត្យ ទី​២០ ខែ​តុលា​នេះ បាន​ដឹក​នាំ​មន្ត្រី​បច្ចេកទេស​ក្រសួង ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង​នៅ​តំបន់​ភ្នំក្រវាញ ភ្នំឱរ៉ាល់ និង​តំបន់​ជ្រោះ​ពេជ្រនិល ដើម្បី​ធ្វើ​ការ​រៀប​ចំ​យុទ្ធ​សាស្ត្រ​ក្នុង​ការ​ស្តុក​ទឹក​ជា​ប្រព័ន្ធ​ដំណាក់​បន្ត​ឱ្យ​បាន​ច្រើន ដើម្បី​កាត់​បន្ថយ​ធារ​ទឹក​ស្ទឹង​ព្រែកត្នោត។ នេះបើ​យោង​តាម​ក្រសួង​ធនធាន​ទឹក។

ជំនន់​ទឹក​ភ្លៀង​ដែល​ធ្លាក់​ពី​តំបន់​ជួរ​ភ្នំ មក​អូរ​ព្រំដែន​កម្ពុជា-ថៃ កាលពីថ្ងៃទី ១៩ តុលា។ រូបថត រដ្ឋបាលខេត្ត​ប៉ៃលិន

លោក​រដ្ឋលេខាធិការ​ឱ្យ​ដឹង​ថា ការ​ចុះ​ពិនិត្យ​ជាក់​ស្តែង​នា​ពេល​នេះ គឺ​ដើម្បី​វាយ​តម្លៃ​ធ្វើការ​រៀបចំ​យុទ្ធសាស្រ្ត​ដ៏មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​គ្រប់គ្រង បញ្ជា និង​ប្រើប្រាស់​ទឹក​ប្រកប​ដោយ​ស័ក្តិសិទ្ធិភាព​ក្នុង​រដូវវស្សា។ ទន្ទឹម​នឹង​នេះ ក្រសួង​នឹង​ធ្វើការ​ស្តុក​ទឹក​ទុក​ឱ្យ​បាន​ច្រើន​ជា​អតិបរមា​នូវ​បរិមាណ​ទឹក​ភ្លៀង​ជា​ប្រព័ន្ធ​ដំណាក់​បន្ត (Cascade Systems) នៅក្នុង​តំបន់​ជ្រលង​ភ្នំ​ក្រវាញ ភ្នំឱរ៉ាល់ និង​តំបន់​ជ្រោះ​ពេជ្រនិល ដើម្បី​ជួយ​កាត់​បន្ថយ​ធារ​ទឹក​របស់​ស្ទឹង​ព្រែកត្នោត។

លោក​បញ្ជាក់​ថា៖ «ទឹក​ដែល​បាន​ស្ដុក​ទុក​នឹង​បញ្ចេញ​មក​វិញ​នៅ​រដូវប្រាំង ដើម្បី​ជួយ​ដោះស្រាយ​នូវ​បញ្ហា​គ្រោះ​រាំងស្ងួត ព្រម​ទាំង​ជា​ប្រភព​ទឹក​ដ៏​ល្អ​សម្រាប់​បម្រើ​វិស័យ​គមនាគមន៍​ផ្លូវទឹក អេកូ​ទេសចរណ៍ កសិកម្ម និង​សម្រាប់​បម្រើ​ឱ្យ​ការ​ចញ្ចឹម​សត្វ​គ្រប់​ប្រភេទ ហើយ​ផ្គត់ផ្គង់​ទឹក​ស្អាត​សម្រាប់​ការ​ប្រើប្រាស់​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​និង​ឧស្សាហកម្ម»៕