ភ្នំពេញៈ អាជ្ញាធរ​ទន្លេ​សាប​បាន​បញ្ចប់​ការ​បោះ​បង្គោល​ព្រំ​តំប​ន់៣ ​ដែល​មាន​ចំនួន​១ ២២៤​បង្គោល​នៅ​ក្នុង​ខេត្ត​ទាំង​៦ ជុំវិញ​បឹង​ទន្លេសាប ​ដែល​សម្រេច​បាន​តាម​ផែន​គ្រោង​ទុក ​ហើយ​និង​ត្រៀម​​បន្ត​បោះ​បង្គោល​ជំហាន២ ​នៅ ​តំប​ន់​កាត់​ឆ្វៀល​នាឆ្នាំ​២០២៥​ខាង​មុខ។

បង្គោល​សរុប​ចំនួន​១ ២២៤ ​ដែល​ត្រូវ​បាន​បោះក្នុង​ខេត្ត​ទាំង​៦​ជុំវិញ​បឹង​ទន្លេ​សាប​នោះ​រួម​មាន ​ខេត្តកំ​ពង់​ឆ្នាំ​ង​ចំនួន ២១៥ ​បង្គោល ​ពោធិ៍​សាត់​ចំនួន១៤៦​បង្គោល ​បាត់​ដំបង​ចំនួន​ ១៧១​បង្គោល ​បន្ទាយ​មាន​ជ័យ​ចំនួន៤៧​បង្គោល​ សៀម​រាប​ចំនួន២៩៩​បង្គោល ​និង​ខេត្តកំពង់ធំ​មាន​ចំនួន​៣៤៦​បង្គោល។ នេះ​បើ​យោង​តាម​អាជ្ញាធរ​ទន្លេ​សាប​នៅ​ថ្ងៃ​ចន្ទ​ ទី​២១ ខែ​តុលា​នេះ។

អាជ្ញាធរ​ទន្លេសាប​បញ្ជាក់​ថា៖​«ជារួម​ការ​ងារ​បោះប​ង្គោល​ព្រំ​តំបន់៣​ ចំនួន​១ ២២៤ ​បង្គោល ​នៅ​ក្នុង​ខេត្ត​ទាំង​៦ ​ជុំវិញ​បឹង​ទន្លេ​សាប បាន​បញ្ចប់​តាម​ផែន​ការ​ការ​ងារ​ដែល​បាន​គ្រោង​ទុក​សម្រាប់​ឆ្នាំ ​២០២៤​នេះ ​១០០ភាគ​រយ...​ក្រុម​ការ​ងារ​បាន​យក​ចិត្ត​ទុក​ដាក់​អនុវត្ត​ការងារ​តាម​ជំហ៊ាន​ទាំង​ថ្ងៃ ​ទាំង​យប់​ពេល​ខ្លះ ​ទោះ​មាន​ឧបសគ្គ​ច្រើន​យ៉ាង​ណា ​ក៏​ ខិត​ខំបំ​ពេញ ​និង​ដោះ​ស្រាយ ​សម្រប​សម្រួល​រហូត​ឈាន​ដល់​សម្រេច​បាន​ជោគជ័យ​១០០​ភាគ​រយ»។

ក្រុម​ការ​ងា​រក៏​ត្រៀមអ​នុវត្ត​ការ​ងារ​បន្ត ​សម្រាប់​ការ​ងារ​បោះ​បង្គោល​ជំហ៊ាន​២ ​តំបន់​កាត់​ឆ្វៀល ​តំបន់១​ និង​តំបន់២​ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​៣ ​(បង្គោលឃ្លុំ) ​ក្នុង​ឆ្នាំ ​២០២៥​ខាង​មុ​ខនេះ​ផង​ដែរ។

អគ្គ​លេខាធិការ​អាជ្ញាធរ​ទន្លេ​សាប ​លោក​សរ គឹមសាន្ត ​និង​ប្រតិភូ​តំណាង​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ថ្នាក់​ដឹក​នាំ និង​ក្រុម​ការងារ​បច្ចេក​ទេសអាជ្ញាធរ​ទន្លេ​សាប​ក៏​បាន​ចុះ​ពិនិត្យ ​និង​វាយត​ម្លៃ ​បញ្ចប់​ការ​ងារ​បោះប​ង្គោល​ព្រំតំ​បន់​៣ ​ការ​ពារ​ដែនព្រៃលិចទឹ​ក ​និង​ព្រៃ​លិច​ទឹក​ នៅខេត្ត​ទាំង៦​ ជុំវិញ​បឹង​ទន្លេ​សាប​ចាប់​ពីថ្ងៃ​ទី១៦ ​ដល់​ថ្ងែទី​២០​ ខែ​តុលានេះ​ផង​ដែរ​។

អនុ​ប្រធាន​ក្តាប់​រួម នៃ​អាជ្ញាធរ​ទន្លេ​សាប​ លោក​ហ៊ែល តូនី​ជាប់​ប្រ​ជុំមិន​អាច​មាន​ប្រសាសន៍​បាន​ទេ​នា​ថ្ងៃ​ចន្ទ​នេះ។

ការ​បោះ​បង្គោល​ព្រំ​នេះ​ធ្វើឡើង​ទៅ​តាម​អនុសាសន៍​ណែនាំ​របស់ប្រមុខរដ្ឋាភិបាល លើ​ការ​រៀប​ចំ​ធ្វើ​បច្ចុប្បន្ន​ភាព​ផែនទី និង បោះ​បង្គោល​តំបន់១ តំបន់២ និង​តំបន់​៣ នៃ​តំបន់​ទន្លេសាប ឱ្យ​បាន​ត្រឹម​ត្រូវ និង​សុក្រឹតភាព​ឡើង​វិញ ក្នុង​ការ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ថែ​រក្សា ការពារ និង​គ្រប់គ្រង​តំបន់​ទន្លេសាប​ប្រកប​ដោយ​ចីរភាព និង​និរន្តរភាព​សម្រាប់​បន្ត​ដល់​កូនចៅ​ជំនាន់​ក្រោយ។

លោកនាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ​ម៉ាណែត​ បាន​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ការ​ពារ​បឹង​ទន្លេ​សាប ​ដើម្បី​ទុក​ចិញ្ចឹម​ប្រជាជន​ទូ​ទាំង​ប្រទេស ​ហើយ​រាជរដ្ឋាភិបាល​នឹង​ខិត​ខំ​រក​លទ្ធភាព ​ដើម្បី​ស្តារ​បឹង​ទន្លេ​សាប​បន្ថែម​ទៀត។

កាល​ពី​ខែ​មករា​ កន្លង​មក​ លោក​ក៏​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ខេត្ត​ជាប់​បឹង​ទន្លេ​សាប ត្រូវ​តែ​ទប់ស្កាត់កា​រទន្រ្ទាន​ដីតំបន់​៣​ឱ្យ​បាន​ផង​ដែរ។

តំបន់​បឹង​ទន្លេសាប ត្រូវ​បាន​បែងចែក​ជា ៣ តំបន់។ ក្នុង​នោះ​រួម​មាន​តំបន់១ ជាតំបន់​លំនៅដ្ឋាន ឬ​ភូមិ​ករ និង​ជា​តំបន់​បង្ក​បង្កើន​ផល​របស់​ប្រជាពលរដ្ឋ ដែល​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ស្រប​ច្បាប់ (ប័ណ្ណ​កម្មសិទ្ធិ)។

តំបន់២ ជា​តំបន់​ប្រើប្រាស់​អាស្រ័យ​ផល ស្រូវ​ឡើង​ទឹក​និង​ប្រដេញ​ទឹក និង​ក៏​ជា​តំបន់​ទ្រនាប់​ការពារ និង​តំបន់៣ តំបន់​ព្រៃលិចទឹក ហាម​ប៉ះពាល់​ដាច់​ខាត និង​ត្រូវ​ការពារ​ឱ្យ​ខាន​តែ​បាន៕