ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍កំពុងសហការជាមួយនឹងភាគីពាក់ព័ន្ធទាំងក្នុងនិងក្រៅប្រទេស ក្នុងការស្រាវជ្រាវរកអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៨ពាន់នាក់ ដើម្បីសម្រេចគោលដៅជាតិចុងក្រោយ ពីការធ្វើរោគវិនិច្ឆ័យ និងដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍របស់អ្នកជំងឺ។
អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (National AIDS Authority-NAA) លោក ឈឹម ឃិនដារ៉េត បានឱ្យដឹងថា តាមការប៉ាន់ស្មាន កម្ពុជាមានអ្នកផ្ទុកជងឺអេដស៍៧៦ ០០០នាក់ក្នុងឆ្នាំ២០២៣។ ប៉ុន្តែគិតមកដល់ត្រីមាសទី២ ឆ្នាំ២០២៤នេះ អ្នកទៅទទួលសេវាព្យាបាលក្នុងប្រព័ន្ធមានតែ ៦៨ ០០០នាក់ប៉ុណ្ណោះ។
លោកអគ្គលេខាធិការបញ្ជាក់ថា៖ «អញ្ជឹងយើងគិតថា យើងនៅខ្វះប្រមាណជា ៨ពាន់អ្នកទៀត ដែលអត់ទាន់ដឹងស្ថានព [ផ្ទុកមេរោគអេដស៍] របស់ខ្លួន។ អត់ទាន់បានដឹងខ្លួន...ខ្លះមិនហ៊ានទៅធ្វើតេស្ត ដោយសារបារម្ភ ឬអត់ហ៊ានប្រឈមអីអញ្ជឹងទៅ។ ជារួមនៅខ្វះបងប្អូនយើង អត់ទាន់ដឹងពីស្ថានភាពហ្នឹង ប្រហែលជា ៨ពាន់នាក់»។
លោកបន្ថែមថា អ្នកខ្លះក៏អាចទៅរកសេវានៅខាងក្រៅប្រព័ន្ធ នៅតាមក្លីនិក ឬមន្ទីរពេទ្យឯកជនជាសង្ងាត់ជាដើម។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានកំពុងតែធ្វើការសិក្សាស្រាវជ្រាវ ដោយបង្កើតកិច្ចសហការជាមួយនឹងក្រសួងសុខាភិបាល និងភាគីពាក់ព័ន្ធផ្សេងៗទៀតដើម្បីរៀបចំផ្តល់ព័ត៌មានពីអ្នកទាំង ៨ពាន់នាក់នោះ។
លោកមានប្រសាសន៍ថា៖ «ឥឡូវនេះ យើងកំពុងតែដាក់ក្នុងយុទ្ធសាស្រ្ត ជំរុញធ្វើមិច ដើម្បីឱ្យបងប្អូនយើងមកទទួលសេវាធ្វើតេស្តឱ្យបានដឹងពីស្ថានភាពហ្នឹង។ ៨ពាន់នាក់ហ្នឹង យើងអត់ទាន់មានព័ត៌មានថា គាត់នៅទីណាទេ។ ជួនកាលគាត់អត់ទាន់ដឹងខ្លួនគាត់ផ្ទាល់ ឬក៏ទៅទទួលសេវាកន្លែងផ្សេងៗ និយាយឱ្យចំ យើងអត់មានព័ត៌មានច្បាស់លាស់ ឥឡូវយើងកំពុងតែសិក្សា។ ចំណុចនេះ យើងអត់ទាន់មានការសិក្សាច្បាស់លាស់ដែរ»។
លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដឹកនាំគណៈប្រតិភូអន្តរក្រសួង និងអាជ្ញាធរខេត្តបន្ទាយមានជ័យ និងប៉ៃលិនទៅធ្វើទស្សនកិច្ចពីការផ្តល់សេវាអេដស៍នៅមន្ទីរពេទ្យខេត្តស្រះកែវ និងខេត្តចន្ទបុរីប្រទេសថៃ កាលពីពីរសប្តាហ៍មុន។
នៅក្នុងខេត្តចន្ទបុរី គណៈប្រតិភូបានទៅទស្សនកិច្ចនៅមន្ទីរពេទ្យ ផុងណាមរ៉ុន (Pong Nam Ron)។
លោក Monsit Paisarntanawat អភិបាលខេត្តចន្ទបុរីបានលើកឡើងថា ជំនួបក៏ដូចជាទស្សនកិច្ចនេះ គឺជាឱកាសមួយដើម្បីពង្រឹងនិងអភិវឌ្ឍវិស័យសុខាភិបាលរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង ដែលអាចជួយដោះស្រាយបញ្ហាជំងឺអេដស៍។ ក្នុងនោះ ភាគីទាំងពីរក៏អាចនឹងរៀបចំគោលការណ៍ណែនាំសុខភាព និងគ្រប់គ្រងជំងឺឆ្លងក្នុងចំណោមពលករផងដែរ។ នេះបើយោងតាមអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។
លោកទេសរដ្ឋមន្ត្រីបានប្រាប់ភាគីថៃថា ដំណើរទស្សនកិច្ចនេះ ជាការសិក្សាស្វែងយល់ ដើម្បីបើកផ្លូវទៅរកកិច្ចសហការក្នុងការគ្រប់គ្រងការរីករាលដាលជំងឺអេដស៍ ក្នុងចំណោមពលករខ្មែរ ដែលឆ្លងដែននិងកំពុងធ្វើការនៅប្រទេសថៃ។
លោកបានបញ្ជាក់ថា៖ «នៅកម្ពុជាតាមការប៉ាន់ស្មានមានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៧៦ ០០០នាក់។ ក្នុងនោះ អ្នកមកទទួលសេវាថែទាំព្យាបាលជំងឺអេដស៍មានចំនួន ៦៨ ០០០នាក់។ ដូច្នេះ មានអ្នកផ្ទុកមេរោគអេដស៍ប្រមាណ ៨ ០០០នាក់បាត់មុខមិនមកទទួលសេវាក្នុងប្រព័ន្ធ ដែលអាចសំងំព្យាបាលនៅមន្ទីរពេទ្យឯកជន ឬជាជនចំណាកស្រុក»។
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានលើកឡើងថា នាពេលអនាគតខាងមុខ អ្នកបច្ចេកទេសកម្ពុជានឹងពិភាក្សាលម្អិតជាមួយភាគីថៃ ដែលអាចឈានទៅចុះអនុស្សរណៈ នៃការយោគយល់ដើម្បីឱ្យពលករខ្មែរ អាចទទួលការធ្វើតេស្តនិងទទួលការព្យាបាលនៅមន្ទីរពេទ្យណាមួយនៅប្រទេសថៃ។
លោក ឃិនដារ៉េត ក៏បានឱ្យដឹងផងដែរថា អ្នកជំងឺអេដស៍ដែលទទួលការព្យាបាលក្នុងប្រព័ន្ធមួយចំនួនតូចក៏បានបោះបង់សេវាព្យាបាលផងដែរ។ ក្នុងត្រីមាសទី១ នៃឆ្នាំ២០២៤ អ្នកបោះបង់ការព្យាបាលមេរោគអេដស៍មានប្រមាណ ០,៩២ភាគរយ។ កត្តានេះអាចបណ្តាលមកពីការធ្វើចំណាកស្រុករបស់ពួកគាត់។
លោកមានប្រសាសន៍ថា៖ «ជួនកាលគាត់អាចចល័ត ហើយបោះបង់សេវា។ គាត់កំពុងតែទទួលសេវាព្យាបាលនៅស្រុកយើង តែធ្វើសំណាកស្រុកនៅថៃ។ អញ្ជឹងយើងចង់សហការ ដើម្បីឱ្យផ្តល់ការព្យាបាលគាត់នៅទីនោះ..ជំរុញធ្វើម៉េចបានធ្វើតេស្តរកមេរោគអេដស៍ ផ្តល់សេវាថែទាំពលករធ្វើការនៅប្រទេសថៃ»។
រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ កាលពីខែមីនាកន្លងមក។
លោកអគ្គលេខាធិការបានលើកឡើងថា ទោះយ៉ាងណា ជាទូទៅបញ្ហាជំងឺអេដស៍ គឺនឹងមិនអាចបញ្ចប់បាននោះទេ។ ហេតុនេះ ទើបតម្រូវឱ្យមានចីរភាពនៃការឆ្លើយតប។ ក្នុងនោះគឺកម្ពុជាខិតខំធ្វើយ៉ាងណាឱ្យអត្រានៃការឆ្លងថ្មីស្ថិតក្នុងរង្វង់ជាង ២០០នាក់ក្នុងមួយឆ្នាំ អត្រាអ្នកស្លាប់ឱ្យនៅរង្វង់ ក្រោម ២០០នាក់ក្នុងមួយឆ្នាំនិងលុបបំបាត់ការម៉ាក់ងាយ និងរើសអើងចំពោះអ្នកជំងឺអេដស៍ផងដែរ។
ការស្វែងរកអ្នកនៅក្រៅប្រព័ន្ធ ៨ពាន់នាក់នោះ ក៏ជាការខិតខំមួយរបស់កម្ពុជា ដើម្បីឱ្យអ្នកផ្ទុកមេរោគអេដស៍ទទួលបានការថែទាំនិងព្យាបាលជាប់លាប់ ក្នុងការឆ្ពោះទៅសម្រេចគោលដៅជាតិ ៩៥-៩៥-៩៥ ត្រឹមឆ្នាំ ២០២៥។
គោលដៅជាតិនេះមានន័យថា ៩៥ ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍ត្រូវបានគេធ្វើរោគវិនិច្ឆ័យ និងដឹងអំពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន, ៩៥ភាគរយនៃអ្នកជំងឺផ្ទុកមេរោគអេដស៍ បានទទួលការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ART) និង ៩៥ភាគរយនៃអ្នកជំងឺផ្ទុកមេរោគអេដស៍ដែលកំពុងទទួលការព្យាបាលដោយ ART មានបន្ទុកមេរោគត្រូវបានបង្ក្រាប។
លោកបានគូសបញ្ជាក់ថា កម្ពុជាបានសម្រេចគោលដៅជាតិ ៩៥ ទី២ និង ៩៥ ទី៣រួចហើយ គឺនៅតែ៩៥ទី១ ដោយសារតែបាត់អ្នកជំងឺនៅក្រៅប្រព័ន្ធទាំងនោះ។
លោកថ្លែងថា៖ «អញ្ជឹងអ្វីដែលយើងកំពុងតែជំរុញហ្នឹង គឺធ្វើម៉េចឱ្យបងប្អូនដែលអត់ទាន់បានដឹងស្ថានភាព [ផ្ទុកមេរោគអេដស៍] ហ្នឹង ឱ្យបានចូលក្នុងប្រព័ន្ធសេវាដើម្បីយើងដឹង។ ហ្នឹងនៅក្នុងយុទ្ធសាស្រ្ត៩៥ ទី១ ដែលបច្ចុប្បន្នយើងទើបសម្រេចបានតែ ៨៩ភាគរយទេ។ គោលដៅរបស់យើងឱ្យបាន ៩៥ភាគរយ។ គោលដៅ ៩៥ ភាគរយ ទី២ និងទី៣ បានជោគជ័យលើសផែនការហើយ»។
ការធ្វើតេស្តនិងព្យាបាលជំងឺអេដស៍គឺមិនអស់ប្រាក់នោះទេ។ ហេតុនេះលោកបានអំពាវនាវឱ្យអ្នកជំងឺទាំង ៨ពាន់នាក់នោះទៅធ្វើតេស្ត ដើម្បីឱ្យដឹងពីស្ថានភាព ផ្ទុកមេរោគអេដស៍និងទទួលការព្យាបាល៕