ខណៈដែលកម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ មានមតិលើកឡើងផ្សេងគ្នាអំពីស្ថានភាពជាក់ស្ដែង និងការរិះគន់នៅលើបណ្ដាញសង្គម។
គណៈកម្មាធិការគោលនយោបាយអភិវឌ្ឍន៍ (CDP) របស់អង្គការសហប្រជាជាតិ បានវាយតម្លៃនៅឆ្នាំ២០២១ និង ឆ្នាំ២០២៤ ថា កម្ពុជាបានបំពេញគ្រប់លក្ខខណ្ឌគ្រប់គ្រាន់ក្នុងការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ ២០២៧។ លក្ខខណ្ឌទាំងនោះមាន ៣ចំណុច រួមមានចំណូលជាតិសរុប (GNI) សម្រាប់មនុស្សម្នាក់, សន្ទស្សន៍ធនធានមនុស្ស (HAI) និង សន្ទស្សន៍ភាពងាយរងគ្រោះនៃសេដ្ឋកិច្ចនិងបរិស្ថាន (EVI)។
យោងតាមការវាយតម្លៃរបស់ CDP នៅខែមីនា ឆ្នាំ២០២៤ ចំណូលជាតិសរុបសម្រាប់មនុស្សម្នាក់មានចំនួន ១៥៩០ដុល្លារ ដែលលើសលក្ខខណ្ឌតម្រូវ ១៣០៦ដុល្លារ។ CDP បានលើកឡើងថា កម្ពុជាបានប្រើប្រាស់យន្តការគាំទ្រពីអន្តរជាតិប្រកបដោយប្រសិទ្ធភាពដែលជួយជំរុញដល់ការនាំចេញ និងកំណើនសេដ្ឋកិច្ច ដែលរួមចំណែកដល់ការកើនឡើងនៃប្រាក់ចំណូលជាតិប្រចាំឆ្នាំ (GNI)។
សម្រាប់សន្ទស្សន៍ធនធានមនុស្ស (HAI) វិញ កម្ពុជាបានឈានដល់កម្រិត ៧៧,៨ គឺលើសកម្រិតចាំបាច់ ៦៦ សម្រាប់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច។ នៅក្នុងផ្នែកនេះ CDP វាយតម្លៃទៅលើកត្តាអប់រំ សុខភាព អត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំ អត្រាមរណភាពមាតា អត្រាចូលរៀន ដែលទាំងអស់នេះគាំទ្រដល់កំណើននិងភាពធន់។
ចំណែកសន្ទស្សន៍ភាពងាយរងគ្រោះនៃសេដ្ឋកិច្ចនិងបរិស្ថាន (EVI) ប្រទេសនីមួយៗត្រូវស្ថិតនៅក្រោមកម្រិតងាយរងគ្រោះ ៣២ ហើយកម្ពុជាក៏បំពេញលក្ខខណ្ឌនេះដែរដោយស្ថិតនៅកម្រិត ២៤,១។ CDP លើកឡើងថា កម្ពុជាបានធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលរបស់ខ្លួន ដែលជាកត្តាសំខាន់ក្នុងការធានាបាននូវភាពធន់រយៈពេលវែង។ លើសពីនេះកម្ពុជា ក៏បានកសាងភាពធន់នឹងបញ្ហាបរិស្ថាន ដូចជាគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម តាមរយៈការត្រៀមខ្លួនប្រឈមនឹងគ្រោះមហន្តរាយ និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្មប្រកបដោយភាពធន់។
យ៉ាងណាក៏ដោយ ការចាកចេញពីឋានៈប្រទេសក្រីក្រនេះ ត្រូវបានពន្យារពីឆ្នាំ២០២៧ ទៅដល់ឆ្នាំ ២០២៩ ដោយសារកម្ពុជាត្រូវការពេលវេលាត្រៀមខ្លួនដោះស្រាយបញ្ហាប្រឈមនានាក្រោយពេលចាកចេញជាធរមាន។
ក្នុងក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក(WTO) ដែលធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាត្រូវតែចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួច ទោះបីជាត្រូវបាត់បង់គោលការណ៍អនុគ្រោះមួយចំនួនក៏ដោយ ហើយកម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ។
លោកថ្លែងដូច្នេះថា៖ «តើយើងនៅក្រមួយជីវិតឬយ៉ាងម៉េច? តើយើងនៅពឹងគេបន្តក់ឲ្យតាមការអនុគ្រោះ ឬត្រូវពឹងខ្លួនឯង? ចម្លើយគឺចៀសមិនផុស គឺជម្រើសទី២។ យើងគ្មានអ្វីក្រៅពីពង្រឹងឯករាជ និងភាពម្ចាស់ការរបស់យើងតាមរយៈការចាកចេញពី LDC ដើម្បីពង្រឹងខ្លួនឯងបន្ថែមទៀត។
ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ត្រូវបានសារព័ត៌មានមួយចំនួនចុះផ្សាយថា កម្ពុជានឹងត្រូវដកចេញពីប្រទេសក្រីក្រនៅឆ្នាំ២០២៦។ ការចុះផ្សាយបែបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញបញ្ចេញមតិផ្សេងគ្នា ដោយអ្នកខ្លះលើកឡើងថា ឆ្នាំ២០២៦ ពួកគេនឹងក្ររហាមជាងមុន។ សារព័ត៌មានខ្លះចុះផ្សាយថា «ឆ្នាំក្រោយនេះកម្ពុជានឹងត្រូវដកចេញពីប្រទេសក្រីក្រហើយ»។
លោក ហុង វណ្ណៈ អ្នកសិក្សាស្រាវជ្រាវផ្នែកសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺប្រទេសនីមួយៗនៅលើពិភពលោកតែងតែចង់ចាកចេញពីឋានៈប្រទេសបែបនេះ ដែលក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។
លោកបន្តថា អ្វីដែលទទួលបានពីការចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចនេះ គឺកិត្តិយសរួមរបស់កម្ពុជា ទាំងសម្រាប់រាជរដ្ឋាភិបាល និង ប្រជាជន។
លោកថា ការចាកចេញនេះបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានភាពធន់ ប្រជាជនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការរាប់អាន មានភាពស៊ីវិល័យជាងមុន ជាពិសេសប្រទេសជិតខាងលែងមើលស្រាលពលរដ្ឋកម្ពុជាទៀតហើយ។ ការចាកចេញនេះក៏មានផលប្រយោជន៍ផ្នែកវិនិយោគ និងនយោបាយ ផងដែរ ដោយសារកម្ពុជាមានឋានៈស្មើប្រទេសផ្សេងៗទៀត។
លោកនិយាយថា៖ «នៅពេលយើងទៅណាមកណា គេលែងមើលស្រាលយើង គេមើលឃើញថា យើងជាប្រជាជនទំនើប ស៊ីវិល័យ និងជាប្រជាជនមានប្រាក់ចំណូលសមរម្យ គឺប្រៀបដូចគ្រួសារមួយដែលមានលទ្ធភាពរស់នៅបានសមរម្យ»។
ការចាកចេញពី LDC ក៏ជួបបញ្ហាប្រឈមមួយចំនួនដូចជា ការលែងទទួលបានភាពអនុគ្រោះ ការកាត់បន្ថយជំនួយ និងជំនួយឥតសំណង និងការមិនទទួលបានអត្រាការប្រាក់ទាបសម្រាប់កម្ចីអភិវឌ្ឍន៍នានា។ ដូច្នេះ កម្ពុជាគួរតែចាប់ផ្ដើមកាត់បន្ថយកម្ចីពីចាប់ពីឆ្នាំ២០២៥ តទៅ។ នេះជាការលើកឡើងរបស់លោក ហុង វណ្ណៈ។
លោកលើកទឹកចិត្តឲ្យប្រជាពលរដ្ឋស្វែងយល់ពីការចាកចេញរបស់កម្ពុជាពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ដើម្បីជៀសវាងការយល់ ឬ បកស្រាយខុស ឬបន្តុះបង្អាប់ការប្រឹងប្រែងរបស់កម្ពុជា។ លោកថា ការចាកចេញនេះ មិនមែនកម្ពុជាជាអ្នកសម្រេចខ្លួនឯងនោះទេ គឺជាការវាយតម្លៃរបស់ស្ថាប័នអន្តរជាតិជាច្រើន។
លោកថ្លែងដូច្នេះថា៖ «អ្វីទៅមុខទៀត យើងត្រូវតែខិតខំ ហើយទទួលយកអ្វីដែលជាការពិត។ រដ្ឋាភិបាលក៏ត្រូវតែខំព្យាយាមពង្រឹងវិស័យសំខាន់ៗ ដើម្បីជាមូលដ្ឋាននៃការអភិវឌ្ឍ និងធានានូវភាពធន់របស់សេដ្ឋកិច្ចកម្ពុជា»។
ប៉ុន្តែ លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព យល់ឃើញថា លោកមិនទាន់មានសុទិដ្ឋិនិយមថា កម្ពុជាអាចចាកចេញពីឋានៈប្រទេសក្រីក្រនៅឆ្នាំ ២០២៩នោះទេ ដោយមើលទៅលើជីវភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ។
លោកថា ប្រទេសខ្លះបានអះអាងថាខ្លួនជាប្រទេសក្រីក្រទោះបីសេដ្ឋកិច្ចរបស់គេលូតលាស់ខ្លាំងក៏ដោយ ដើម្បីទទួលបានការអនុគ្រោះ។
លោកបន្តថា ការវាយតម្លៃដោយផ្អែកលើចំណូលប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់ៗ ធ្វើឡើងដោយយកទ្រព្យសម្បត្តិសរុបចែកជាមួយនឹងចំនួនប្រជាជនសរុប ខណៈដែលទ្រព្យពិតប្រាកដនៅតែជារបស់អ្នកមានដដែល។
លោកថា៖ «អីចឹងទៅ យើងឃើញថា វាមិនមែនជាលុយរបស់ពលរដ្ឋឯណា គឺលុយរបស់ឧកញ៉ា របស់អ្នកមានតើ។ នេះជារឿងមួយដែលខ្ញុំមើលឃើញ»។
លោកបន្តថា រដ្ឋាភិបាលគួរតែពិនិត្យមើលឡើងវិញលើកត្តាប៉ះពាល់ពីការចាកចេញនេះ និងអាចពិចារណាលើការពន្យារការចាកចេញនេះទៅពេលក្រោយទៀត ដើម្បីឲ្យកម្ពុជាមានឱកាសស្ដារប្រទេសឡើងវិញបន្ទាប់ពីវិបត្តិកូវីដ១៩ និងបញ្ហាដែលកំពុងកើតឡើងនៅលើពិភពលោក៕