ភ្នំពេញ៖ លោក យិច សមិទ្ធិ សមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គ.ជ.ប នឹងលុបឈ្មោះអ្នកបោះឆ្នោត ១១១ ៨៨៩ នាក់ក្នុងចំណោមឈ្មោះជិត ១០លាននាក់ចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៤។
លោក សមិទ្ធិ បានថ្លែងដូច្នេះនៅក្នុងកិច្ចប្រជុំប្រកាសផ្សាយអំពីការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹងតវ៉ា ឬ/និងបណ្តឹងជំទាស់ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង កាលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន ក្រសួងការពារជាតិ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កងរាជអាវុធហត្ថលើផ្ទៃប្រទេស អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងគណបក្សនយោបាយចំនួន ១៥ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ១២ ព្រមទាំង អ្នកសារព័ត៌មាន សរុបចំនួន ៦៤ នាក់។
លោកបានថ្លែងថា៖ «អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួន និងការដកសិទ្ធិបោះឆ្នោត ផ្អែកតាមឯកសារសម្អាងត្រឹមត្រូវ និងច្បាស់លាស់»។
លោក សមិទ្ធិ បានបង្ហាញតួលេខក្នុងបញ្ជីបោះឆ្នោតដំបូងថា ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនោះ មានចំនួន ៩ ៩៩២ ៤២១ នាក់ ក្នុងនោះស្ត្រីមានចំនួន ៥ ៣០៤ ៨៥៥ នាក់ និងមានការិយាល័យបោះឆ្នោត សរុបចំនួន ២៤ ១៩០ ការិយាល័យ។
គ.ជ.ប បានបញ្ជាក់ថា តួលេខប៉ាន់ស្មានសម្រាប់ធ្វើការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ នេះ មាន ២២៤ ១៥៦នាក់ ដោយអ្នកបានចុះឈ្មោះបោះឆ្នោតថ្មី ១៧៧ ៥៦៨នាក់ ឬស្មើនឹង ៧៩,២២ភាគរយនៃផែនការ។
យោងតាមសេចក្ដីប្រកាសរបស់ គ.ជ.ប បានឱ្យដឹងថា៖ «ចំពោះគោលបំណងនៃការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនោះ គឺដើម្បីឱ្យអ្នកបោះឆ្នោតពិនិត្យ ផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន និងដើម្បីប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់។ ករណីបណ្តឹងនេះ ឯកឧត្តមប្រធានដឹកនាំអង្គប្រជុំ បានជម្រាបជូនខាងដើមរួចហើយ»។
គ.ជ.ប បិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតនៅតាមឃុំ សង្កាត់ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៤នេះ។
បុគ្គលគ្រប់រូបមានសិទ្ធិប្ដឹងតវ៉ា ឬ/និងប្ដឹងជំទាស់ជាលាយលក្ខណ៍អក្សរ តាមទម្រង់បែបបទពាក្យបណ្តឹង ទ.១២០២ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីនោះ។
លោក សមិទ្ធិ បានបន្ដថា ពាក្យបណ្ដឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត តែកត់ត្រាមិនច្បាស់លាស់ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ។
លោកបានលើកឡើងពីភាពមិនប្រក្រតីមួយចំនួនទៀត ដែលអាចប្ដឹងតវ៉ាបាន ដូចជា បុគ្គលមានឈ្មោះ តែឈ្មោះនោះស្ថិតនៅក្នុងការិយាល័យផ្សេងទៅវិញ អ្នកមានឈ្មោះ តែឈ្មោះ និងទិន្នន័យពាក់ព័ន្ធមានភាពមិនច្បាស់លាស់ ឬមិនត្រឹមត្រូវតាមព័ត៌មានដែលបានផ្តល់ឱ្យ និងឃើញឈ្មោះដែរ តែឈ្មោះនោះស្ថិតនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់។
លោកបានបន្ថែមថា បុគ្គលណាម្នាក់ក៏អាចប្ដឹងជំទាស់ឱ្យលប់ឈ្មោះបុគ្គលផ្សេងទៀតចេញពីបញ្ជីបោះឆ្នោត ពេលដែលបុគ្គលនោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ ដោយសារមិនមានសញ្ជាតិខ្មែរ មិនទាន់គ្រប់អាយុចុះឈ្មោះបោះឆ្នោតស្របតាមច្បាប់ មិនមានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ សង្កាត់នោះ ឬស្ថិតក្នុងស្ថានភាពជាប់ពន្ធនាគារ ឬត្រូវបានដកសិទ្ធិបោះឆ្នោត ឬវិកលចរិត ឬស្ថិតក្រោមអាណាព្យាបាលទូទៅ ដោយមានលិខិតបញ្ជាក់ពីក្រសួង ឬស្ថាប័នមានសមត្ថកិច្ច ហើយជននោះមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង។
ប្រសិនបើរកឃើញថា មានកំហុសឆ្គង ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាឃុំ សង្កាត់ នៃឃុំ សង្កាត់ដែលបានចុះឈ្មោះបោះឆ្នោតយ៉ាងយូរត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤៕