អ្នកស្រី Samantha Power នាយិកាទីភ្នាក់ងារផ្តល់ជំនួយរបស់សហរដ្ឋអាមេរិក (USAID) បានប្រកាសផ្ដល់មូលនិធិក្នុងទឹកប្រាក់ជាង ១៧ លានដុល្លារសម្រាប់គម្រោងថ្មីៗរបស់សហរដ្ឋអាមេរិកដើម្បីគាំទ្រផ្នែកសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា និងការបោះសម្អាតមីន។
អ្នកស្រី Power បានមកដល់ខេត្តសៀមរាបកាលពីថ្ងៃទី២២ ខែតុលា ក្នុងដំណើរទស្សនកិច្ចរយៈពេល ២ ថ្ងៃមកកម្ពុជា និងបានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ USAID នៅថ្ងៃទី២២ ខែតុលា បានបញ្ជាក់ថា អ្នកស្រី Power បានប្រកាសគម្រោងថ្មីឈ្មោះថា គំនិតផ្ដួចផ្ដើមរួបរួមសហគមន៍ដើម្បីបញ្ចប់ជំងឺរបេង ឬ USAID’s Community Mobilization Initiatives to End Tuberculosis 2 ហៅកាត់ថា COMMIT 2។ គម្រោងនេះមានរយៈពេល ៥ ឆ្នាំ ដាក់ចេញដើម្បីពង្រឹងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងនៅកម្ពុជា។ គ្រោងនេះ មានទឹកប្រាក់ ៤លានដុល្លារនៅឆ្នាំដំបូង ហើយនឹងត្រូវអនុវត្តដោយអង្គការKHANA។
សេចក្ដីប្រកាសព័ត៌មានដដែលបញ្ជាក់ថា USAID នឹងសហការជាមួយកម្ពុជាដើម្បីលើកកម្ពស់ការរុករកករណីរោគរបេងសកម្មដោយធ្វើការនៅជាមួយសហគមន៍ក្នុងមូលដ្ឋាន ដើម្បីកែលម្អការត្រួតពិនិត្យ និងការធ្វើរោគវិនិច្ឆ័យលើជំងឺរបេង ការរាយការណ៍តាមប្រព័ន្ធឌីជីថលនៃករណីជំងឺរបេង និងការបង្ការថែទាំជំងឺរបេង។
មូលនិធិចំនួនជាង ១ លានដុល្លារទៀតត្រូវបានប្រកាសសម្រាប់ការគាំទ្រការអង្កេតថ្នាក់ជាតិដំបូង ដើម្បីវាយតម្លៃកម្រិតនៃធាតុដែកធ្ងន់ដូចជាជាតិសំណ និងជាតិអាសេនិកក្នុងចំណោមកុមារ ស្ត្រីមានផ្ទៃពោះ ក្នុងបរិស្ថាន និងផលិតផលផ្សេងៗ។ ការអង្កេតនេះនឹងធ្វើឡើងរវាងអង្គការ Unicef និងរាជរដ្ឋាភិបាល។
លោកស្រី Power ក៏បានប្រកាសអំពីការផ្តល់មូលនិធិថ្មីចំនួន ១២ លានដុល្លារដើម្បីគាំទ្រសកម្មភាពដោះមីន រួមទាំងការបោសសម្អាតគ្រាប់មីន និងការអប់រំអំពីគ្រោះថ្នាក់សម្រាប់សហគមន៍មូលដ្ឋាន។
បើតាម USAID រហូតមកដល់ពេលនេះ ដៃគូរបស់សហរដ្ឋអាមេរិកបានបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង ១,៥ លានគ្រាប់ នៅលើទំហំផ្ទៃដីប្រមាណ ២៣ម៉ឺនអារ នៅកម្ពុជា។ ការបន្តការងារនេះនឹងជួយសង្គ្រោះជីវិត និងធ្វើឲ្យប្រទេសកម្ពុជាមានសុវត្ថិភាព ហើយប្រជាជនមានសុខភាពល្អ។
សេចក្ដីប្រកាសព័ត៌មានលើកឡើងថា៖ «ការលើកកម្ពស់សន្តិសុខផ្នែកសុខភាពនៅកម្ពុជាគឺជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យើងដឹងថា យើងទាំងអស់គ្នាមានសុវត្ថិភាពកាន់តែច្រើននៅពេលដែលជំងឺឆ្លងដូចជាជំងឺរបេងមានកម្រិតទាប ហើយយើងកាន់តែរឹងមាំនៅពេលយើងទទួលបានការថែទាំសុខភាពដោយស្មើភាពគ្នា»។
USAID មានការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការជួយកម្ពុជាឱ្យសម្រេចគោលដៅអភិវឌ្ឍន៍របស់ខ្លួនដោយកែលម្អសុខភាពរបស់ប្រជាជនកម្ពុជា រួមទាំងលុបបំបាត់ជំងឺរបេងឲ្យអស់នៅត្រឹមឆ្នាំ ២០៣០ ការពារការប៉ះពាល់ដោយសារតែកម្រិតនៃធាតុដែកធ្ងន់ដូចជាជាតិសំណ ក្នុងចំណោមម្តាយនិងកុមារ និងពង្រឹងសមត្ថភាពក្នុងការដោះស្រាយបញ្ហានៃការគំរាមកំហែងមកលើសុខភាពសាធារណៈនាពេលអនាគត៕