ភ្នំពេញៈ ក្រសួងការពារជាតិបានហាមយកយានយន្ត ដែលពាក់ផ្លាកលេខខេមរភូមិន្ទ(ខ.ម) ទៅធ្វើការជួលបន្តឱ្យបណ្តាក្រុមហ៊ុន ស្ថាប័ន ឬបុគ្គលឯកជនទៅប្រើប្រាស់ និងហាមយកផ្លាកនេះទៅបំពាក់លើយានយន្តផ្សេងទៀត ដែលខុសពីប្រភេទយានយន្ត ដែលបានស្នើសុំ។
ការហាមនេះត្រូវបានធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរណ៍ខ.ម របស់ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នៃក្រសួងការពារជាតិចុះថ្ងៃទី២១ តុលានេះ ដែលទើបនិងផ្សព្វផ្សាយជាសាធារណៈ បន្ទាប់ពីមានការណែនាំពីលោកនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែតនាពេលថ្មីនេះ។
អគ្គនាយកដ្ឋានបានជូនដំណឹងដល់ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន គ្រប់បណ្តាប្រភេទទ័ព និងទ័ពជំនាញ ដែលប្រើប្រាស់ផ្លាកលេខ ខ.ម ថា ការដាក់ចេញនូវវិធានការកំណត់នេះ គឺដើម្បីធានាឱ្យបានកាន់តែល្អប្រសើរនូវវិន័យសណ្តាប់ធ្នាប់ ការគារព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពង្រឹងទប់ស្កាត់ការប្រើប្រាស់ផ្លាកលេខ ខ.ម ដែលបណ្តាលឱ្យប៉ះពាល់ដល់សង្គមសាធារណៈ។ ក្នុងនោះមាន ដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមាន ភាពក្រអឺតក្រទម មិនសក្តិសមជាមន្ត្រីយោធា ដែលធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ។
សេចក្តីជូនដំណឹងបានសរសេរដែរថា៖«អ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវតែជានាយទាហានជាយោធិន នៃកងយោធពលខេមរភូមិន្ទ និងអាស្រ័យមេបញ្ជាការអង្គភាពបញ្ជាក់ស្នើសុំបំពេញបែបបទ តាមឋានានុក្រម ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ»។
ក្រៅពីនោះ ចំពោះក្រុមហ៊ុនសហការវិនិយោគជាមួយវិស័យការពារជាតិ ក៏ត្រូវបានអនុវត្តដូចគ្នានេះផងដែរ។ ក្នុងករណីដែលអនុវត្តខុសពីបម្រាមកំណត់នេះ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស នឹងចាត់វិធានការច្បាប់ជាធរមាន។
ចំពោះនាយទាហាន ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ផ្លាកលេខនេះ ត្រូវគោរព តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជាកំណត់ ។ ក្នុងករណីរំលោភបំពាន ការប្រើប្រាស់ផ្លាកលេខចរាចរណ៍ ខ.ម ត្រូវបានដកហូតមករក្សាទុកនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសវិញ។ រីឯ នាយទាហាន ដែលបានចូលនិវត្តន៍ ពលី មរណៈ និងពិការ ត្រូវអស់កាតព្វកិច្ចប្រើប្រាស់ផ្លាកនេះ និងត្រូវបានដកហូតមករក្សាទុកនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេសវិញផងដែរ។
អគ្គនាយកដ្ឋានឱ្យដឹងផងដែរថា យានយន្ត ដែលអាចបំពាក់ផ្លាកលេខ ខ.ម មានដូចជា យានយន្តដែលរដ្ឋបំពាក់ យានយន្តជាជំនួយពីបណ្តាប្រទេសនានា សម្រាប់អង្គភាពកងទ័ព យានយន្តជាអំណោយពីសប្បុរសជននានា សម្រាប់អង្គភាពកងទ័ព និងយានយន្តជាកម្មសិទ្ធិរបស់រដ្ឋ ដែលអស់ប្រសិទ្ធភាពប្រើប្រាស់ ហើយត្រូវកែច្នៃរៀបដំឡើងសារជាថ្មី។ ។ លើសពីនោះ គឺមាន យានយន្ត ដែលទទួលបានពីការសម្រេចរបស់តុលាការ និងយានយន្តដែលបានបំពេញកាតព្វកិច្ចបង់ពន្ធនាំចូល និងអាករផ្សេងៗរួចរាល់។
លោក គឹមបញ្ញា នាយកប្រចាំប្រទេសនៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានគាំទ្រចំពោះវិធានការថ្មីនេះ ព្រោះថា ការប្រើប្រាស់ យានយាន្ត ដែលពាក់ផ្លាកលេខ ខ.ម នេះត្រូវតែចាំបាច់បំរើផលប្រយោជន៍អង្គភាព ស្ថាប័នក៏ដូចជាប្រយោជន៍របស់សង្គមជាតិ។
លោកថ្លែងថា៖«អញ្ជឹងបើយកទៅប្រើខុសពីគោលដៅ វាជារឿងមួយធ្វើឱ្យខាតប្រយោជន៍អង្គភាព ឬប្រយោជន៍ជាតិរបស់យើង។ ទាក់ទងទៅនឹងមុខមាត់វិញ វាធ្វើឱ្យបាត់ជំនឿរបស់សាធារណជនលើស្ថាប័ន»។
ចំពោះការប្រើប្រាស់ផ្លាកលេខ ខ.ម គរបាលជាតិ (ន.ប) ឬ ផ្លាកលេខរដ្ឋនេះផងដែរ លោកក៏បានសំណូមឱ្យមានវិធានការតាមដាន ត្រួតពិនិត្យ ឬវាយតម្លៃជាទៀងទាត់ ក្នុងរយៈពេល៣ ឬ ៦ខែម្តង នៅតាមអង្គភាព ឬ ចៃដន្យ (Random) ក្រោមកិច្ចសហការជាមួយនគបាលចរាចរណ៍។ បន្ថែមពីនោះ ក៏គួរតែបង្កើតឱ្យមាន ជាលេខទំនាក់ទំនងដល់មហាជន ឱ្យផ្តល់ព័ត៌មានត្រឡប់ទៅវិញ ក្នុងន័យស្ថាបនា ដើម្បីឱ្យមានការពិនិត្យ និងកែតម្រូវ និងមានវិធានការផ្សេងៗផងដែរ។
លោកបានសំណូមពរដូច្នេះថា៖«ក្រសួងការពារជាតិ ដែលជាសមាជិកមួយនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសូមពិនិត្យលទ្ធភាពនៅក្នុង ការបង្កើតគោលនយោបាយ ឬក៏បទបញ្ជាផ្ទៃក្នុងសម្រាប់ក្រសួង ទាក់ទងនឹងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ដែលកំណត់នូវអ្វីដែលអ្នកបើកបរជានាយទាហាន មន្រ្តីបុគ្គលិករបស់ក្រសួង ត្រូវអនុវត្ត និងអ្វីដែលមិនត្រូវធ្វើ ជាពិសេស គឺពេលធ្វើដំណើរ ឬប្រើប្រាស់យានយន្តពាក់ផ្លាកខ.ម»។
លោកបានលើកឡើងដែរថា បញ្ហាសុវត្ថិភាពចរាចរណ៍ ជាបញ្ហាចំបងមួយសម្រាប់ប្រទេសកម្ពុជា។ហេតុនេះ ក្រសួងពាក់ព័ន្ធផ្សេងទៀត ក៏គួរតែមានការបង្កើតឱ្យមានជនបង្គោល ដែលមានភារៈកិច្ចក្នុងការមានផែនការ សកម្មភាពផ្សេងៗ និងអនុវត្ត ដើម្បីជំរុញឱ្យមានការគោរពច្បាប់ ក្នុងចំណោមពលទាហាន នាយទាហាន នគរបាល ឬមន្រ្តីរាជការដទៃទៀត។
អគ្គស្នងការនគរបាលជាតិ កាលពីសប្តាហ៍មុន ក៏បានសម្រេចលុបទិន្នន័យយានយន្តជិត ២ពាន់គ្រឿងចេញពីបញ្ជីគ្រប់គ្រងយានយន្ត ដែលបំពាក់ផ្លាកលេខន.ប ក្នុងដំណាក់កាលទី១ បន្ទាប់ពីប្រមុខរដ្ឋាភិបាលបានណែនាំឱ្យពង្រឹងប្រសិទ្ធិភាពក្នុងការគ្រប់គ្រងផ្លាកលេខ «ន.ប» និង «ខ.ម» ឱ្យបានត្រឹមត្រូវនេះផងដែរ៕