ភ្នំពេញៈ គ្រឿងញៀនជាង ៧ តោនត្រូវបានរឹបអូស ហើយជនសង្ស័យជាង២ម៉ឺននាក់ត្រូវបានឃាត់ខ្លួនក្នុងរយៈពេល១ឆ្នាំ ខណៈដែលមន្រ្តីរាជការ ៩៤នាក់ ក្នុងចំណោមជាង១០ម៉ឺននាក់ ត្រូវបានបណ្តេញចេញពីក្របខណ្ឌរដ្ឋ ក្រោយពីរកឃើញប្រើប្រាស់គ្រឿងញៀន។
អាជ្ញាធរមានសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១០ ០០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន២៧ ៨១៧នាក់ (ស្រ្តី២ ១៣០នាក់) រឹបអូសគ្រឿងញៀនចំនួន៧តោន និង៥១៨គីឡូក្រាម ក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាល អាណត្តិទី៧នេះ។ ក្រៅពីនោះ ក៏បានរកឃើញ និងធ្វើការរឹបអូសកញ្ឆាស្រស់ចំនួន ២៦ ២៦៧ដើម កញ្ឆាស្ងួតចំនួន៧២គីឡូក្រាម និងចាប់យកសារធាតុគីមីផ្សំចំនួន១តោន ៩២គីឡូក្រាមផងដែរ។ នេះបើយោងតាមរបាយការណ៍សង្ខេបរបស់លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ. ជ. ប. គ. ញ) ដែលភ្នំពេញប៉ុស្តិ៍ទើបទទួលបាន។
របាយការណ៍នេះត្រូវបានរាយការណ៍ជូនថ្នាក់ដឹកនាំ ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់ អ. ជ. ប. គ. ញរយៈពេល១ឆ្នាំ នាថ្ងៃទី២១ ខែតុលានេះ។
គ្រឿងញៀនគ្រប់ប្រភេទ ដែលត្រូវបានរឹបអូសដោយសមត្ថកិច្ច ភាគច្រើនចេញពីតំបន់ត្រីកោណមាស ដែលត្រូវបានដឹកឆ្លងកាត់ព្រំដែនតាមទិសឦសាន និងពាយព្យចូលមកក្នុងកម្ពុជា។គ្រឿងញៀនទាំងនោះ មានដូចជា មេតំហ្វេតាមីន កេតាមីន ហេរ៉ូអ៊ីន និងសារធាតុញៀនថ្មីផ្សេងៗទៀត។ ក្រៅពីនោះសារធាតុគីមីផ្សំ អាស៊ីតស៊ុលហ្វូរិកខាប់ ក៏ត្រូវបានរកឃើញនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងផងដែរ។
លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធបានថ្លែងថា៖«មកដល់ពេលនេះ ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ សមត្ថកិច្ច អនុវត្តច្បាប់បង្ក្រាបបានករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅតាមក្លឹបកម្សាន្តធំៗបានជាច្រើនកន្លែង ឈានទៅលុបបំបាត់បានស្ទើរទាំងស្រុង ធ្វើឱ្យសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងសហគមន៍ មានការថមថយជាងមុន និងទប់ស្កាត់បានមិនឱ្យមានការលួចកែច្នៃផលិតគ្រឿងញៀននៅក្នុងប្រទេស»។
ក្នុងការអនុវត្តនីតិវិធីច្បាប់នេះផងដែរ ក៏មានការបង្កកទ្រព្យសម្បត្តិ និងរឹបអូសបាននូវ រថយន្ត៦៧គ្រឿង ម៉ូតូ១៤គ្រឿង គណនីធនាគារ ១១៨គណនី អចលនទ្រព្យ៦៩កន្លែង ដែលសរុបជាទឹកប្រាក់មានប្រមាណជា ១០លានដុល្លារអាមេរិក។
ចាប់តាំងពីអនុវត្តតាមបទបញ្ជាលេខ០១ របស់រដ្ឋាភិបាលកាលពីថ្ងៃទី២០ ខែកុម្ភៈ កន្លងមក រហូតដល់ពេលនេះ មន្ត្រីរាជការចំនួន១០៩ ៦៧០នាក់ បានធ្វើតេស្តរហ័ស ដើម្បីរកសារធាតុញៀនតាមទឹកមូត្រ។ ក្នុងនោះ បានរកឃើញ វិជ្ជមានសារធាតុញៀនចំនួន ៩៨នាក់ ដែលក្នុងនោះត្រូវបានបណ្តេញចេញពីក្របខណ្ឌរដ្ឋចំនួន៩៤នាក់ កំពុងរៀបចំនីតិវីធីបណ្តេញចេញចំនួន ៣នាក់ និងកំពុងបន្តការតាមដានចំនួនម្នាក់ផងដែរ។ នេះបើយោងតាមរបាយការណ៍ដដែលនេះ។
តាមរយៈមជ្ឈមណ្ឌលជាតិ មណ្ឌលព្យាបាលរបស់រដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និងការព្យាបាលតាមសហគមន៍ ក្នុងមូលដ្ឋានសុខាភិបាលសាធារណៈ អ. ជ. ប. គ. ញ គ្រប់គ្រងអ្នកប្រើប្រាស់ និងអ្នកញៀនគ្រឿងញៀនបានប្រមាណ៣ម៉ឺននាក់។
ក្នុងនោះ អ្នកញៀនគ្រឿងញៀនកំពុងទទួលការព្យាបាលក្នុងមជ្ឈមណ្ឌលទាំង១៩កន្លែង មានចំនួន ៨ ៥១២នាក់ បានធ្វើសមាហរណកម្មចំនួន ១១ ៩៨២នាក់ និងកំពុងព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល សាធារណៈទាំង៤៥៨កន្លែង មានចំនួន ៥ ៥០១នាក់ជាដើម។
អ. ជ. ប. គ. ញ ក៏បានធ្វើការផ្សព្វផ្សាយអប់រំ ដោយផ្ទាល់ និងប្រយោល ដើម្បីបង្ការ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀនផងដែរ ដោយបានផ្តល់សារអប់រំដល់ប្រជាពលរដ្ឋប្រមាណជាង២៤លាន អង្គ/នាក់ ដែលក្នុងម្នាក់អាចចូលរួមទទួលសារអប់រំលើសពី១ដង។
ទាក់ទងនឹងបញ្ហាគ្រឿងញៀននេះដែរ ជនជាតិចិនចំនួន ៤នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀន ក្រោយពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការស៊ើបអង្កេតអស់រយៈពេលជិត១ខែ និងរកឃើញគ្រឿងញៀនប្រមាណជា១០០គីឡូក្រាមកាលពីពេលថ្មីៗនេះ។
យោងតាមកងអាវុធហត្ថរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីធ្វើការស៊ើបអង្កេតនេះ កម្លាំងជំនាញនៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកំណត់មុខសញ្ញាបាន និងឈានដល់ការបង្ក្រាបជាក់ស្តែង ដោយមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ។ ក្នុងនោះបានធ្វើការឆែកឆេរទីតាំងចំនួន៤ បានរកឃើញគ្រឿងញៀនចម្រុះ ប្រហែល១០០គីឡូក្រាម។
ជនជាតិចិន ដែលរួមមាន បុរស៣នាក់ និងស្រ្តីម្នាក់ រួមនឹងវត្ថុត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់។
លោកប្លង់ សុផល ដែលជាអ្នកនាំពាក្យតុលាការសាលាដំបូងរាជធានីភ្នំពេញមិនបានធ្វើអត្ថាធិបាយបានបន្ថែមលើករណីនេះនោះទេ៕