សហភាពអឺរ៉ុប (EU) ប្រចាំ​កម្ពុជា​ រៀបចំ​កម្មវិធី ​«ពិព័រណ៍​សិក្សា​នៅ​អឺរ៉ុប» នៅ Factory​ Phnom Penh ​​ដែល​ផ្ដល់​ឱកាស​ដល់​សិស្ស​និង​និស្សិត​កម្ពុជា​ទទួល​បាន​ព័ត៌មាន​អំពី​ការ​សិក្សា​នៅ​ក្នុង​ប្រទេស​នានា​នៅ​ក្នុង​សហភាព​អឺរ៉ុប។

ពិព័រណ៍​សិក្សា​នៅ​អឺរ៉ុប​នេះ ​ប្រព្រឹត្ត​ឡើង​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃ​ទី២៤ និង ២៥ ខែ​តុលា ដែល​រំពឹង​ថា ​នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ ១៥០០នាក់ តាម​រយៈ​ការ​ចុះ​ឈ្មោះ​មុន​នៅ​លើ​លីង​ដែល​អាច​រក​ឃើញ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា។

តាម​រយៈ​កម្មវិធី​នេះ សិស្សានុសិស្ស​អាច​ស្វែង​យល់​ពី​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ និង ​ក្រោយ​ឧត្តម​សិក្សា​ ឱកាស​ផ្លាស់​ប្តូរ​ការ​សិក្សា និង​អាហារូបករណ៍​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ឧត្តម​សិក្សា​មក​ពី​ទូទាំង​ទ្វីប​អឺរ៉ុប រួមមាន ប្រទេស​បែលហ្ស៊ិក សាធារណរដ្ឋ​ឆែក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហុងគ្រី អៀរឡង់ អ៊ីតាលី ឡាតវី ប៉ូឡូញ រូម៉ានី ស្លូវ៉ាគី និង​កម្មវិធី Erasmus+ របស់​គណៈ​កម្មការ​អឺរ៉ុប។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​របស់​សហភាព​អឺរ៉ុប និង​ក្រសួង​អប់រំ យុវជន និង​កីឡា។

អ្នក​ចូលរួម​ទស្សនា​កម្មវិធី​ពិព័រណ៍​នេះ ក៏​អាច​សួរ​សំណួរ​ដោយ​ផ្ទាល់​ទៅ​កាន់​អតីត​និស្សិត​ដែល​ធ្លាប់​បាន​សិក្សា​នៅ​អឺរ៉ុប និង​ស្វែង​យល់​ពី​របៀប​ដែល​ការ​សិក្សា​នៅ​អឺរ៉ុប​បាន​ផ្លាស់​ប្តូរ​ជីវិត​របស់​ពួក​គេ។ ក្រុមហ៊ុន​សម្ភារៈ​កីឡា​បារាំង Decathlon ក៏​ចូលរួម​តាំង​បង្ហាញ​និង​រៀប​ចំ សកម្មភាព​កីឡា​ក្នុង​កម្មវិធី​នេះ​ផង​ដែរ។

លោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​បាន​ថ្លែង៖ «អឺរ៉ុប​គឺ​ជា​គោលដៅ​សិក្សា​ដ៏​ពេញ​និយម​បំផុត​នៅ​លើ​សកលលោក។ ​សាកលវិទ្យាល័យ​របស់​យើង​ផ្តល់​ជូន​នូវ​ការ​អប់រំ​ខ្ពស់​លំដាប់​ពិភពលោក ដែល​សាក​សម​នឹង​តម្លៃ។ ទីកន្លែង​សិក្សា​ទាំង​នោះ​រួម​មាន​ចាប់​ពី​តំបន់​សម្បូរ​ព្រៃ​ក្នុង​ប្រទេស​ហ្វាំងឡង់ ទៅ​កាន់​ប្រទេស​អាឡឺម៉ង់ និង​បារាំង ដែល​ជាទី​ក្រុង​សម្បូរ​ទៅ​ដោយ​ទិសដៅ​ប្រវត្តិសាស្ត្រ​ឬ​ក៏​ទៅ​កាន់​ភូមិ​ដ៏​ស្រស់​ស្អាត​ក្នុង​ប្រទេស​អ៊ីតាលី និង​អេស្ប៉ាញ​ជា​ដើម»។

លោក ហងជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា (ឆ្វេង) និងលោក អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ក្នុងកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុប នៅថ្ងៃទី២៤ ខែតុលា។ EU in Cambodia

លោក​បន្ត​ថា សិស្ស​ដែល​សិក្សា​នៅ​អឺរ៉ុប​ក៏​មាន​ឱកាស​ស្វែង​យល់​ពី​ភាព​ចម្រុះ​នៃ​ទ្វីប និង​របៀប​រស់​នៅ​បែប​អឺរ៉ុប​ផង​ដែរ។ ការ​មក​ទស្សនា​ពិព័រណ៍​នេះ គឺ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​និស្សិត​កម្ពុជា និង​អាណាព្យាបាល​ដើម្បី​ស្វែង​យល់​ពី​ឱកាស​ផ្សេងៗ​ដែល​សាកល​វិទ្យាល័យ​អឺរ៉ុប​នឹង​ផ្តល់​ជូន។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​លើក​ទឹក​ចិត្ត​ឱ្យ​សិស្ស​និស្សិត​ទៅ​សិក្សា​នៅ​អឺរ៉ុប ដើម្បី​បង្កើន​ជំនាញ​របស់​ពួក​គេ និង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍន៍​សង្គម។

លោក​ថ្លែង​ថា៖ «សញ្ញាបត្រ​សិក្សា​មក​ពី​អឺរ៉ុប​ត្រូវ​បាន​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។ ការ​សិក្សា​នៅ​អឺរ៉ុប​ពិត​ជា​ជួយ​លើក​កម្ពស់​អនាគត​ការ​ងារ​របស់​យុវជន​កម្ពុជា។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ទីក្រុង​នៃ​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​ក៏​ជា​កន្លែង​ដែល​អាច​រស់​នៅ​បាន​យ៉ាង​សមរម្យ ដែល​រួម​មាន​ផ្លូវ​ជិះកង់ និង​ខ្យល់​អាកាស​បរិសុទ្ធ​ផង​ដែរ»។

បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន សហភាព​អឺរ៉ុប​ គឺជា​ស្ថាប័ន​ផ្ដល់​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ធំ​បំផុត​គាំទ្រ​ដល់​វិស័យ​អប់រំ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕