ភ្នំពេញ៖ ក្នុងដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រមកកម្ពុជា លោកស្រី ផូវើ សាម៉ាន់ថា នាយិកាគ្រប់គ្រងទីភ្នាក់ងារជំនួយអាមេរិក (USAID) បានប្រកាសផ្តល់ជំនួយចំនួន ៥ លានដុល្លារបន្ថែមទៀតដល់សង្គមស៊ីវិល កម្មករ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
ថ្លែងនៅសណ្ឋាគារ Raffles Hotel Le Royal ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ លោកស្រី សាម៉ាន់ថា បានក្លាយជានាយិកា USAID ដំបូងបំផុតដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយសុន្ទរកថារបស់លោកស្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារតម្លៃលទ្ធិប្រជាធិបតេយ្យ រួមទាំងសេរីភាពសារព័ត៌មានផងដែរ។
នៅក្នុងសុន្ទរកថាដែលលើកឡើងពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះតម្លាភាពនិងសិទ្ធិមនុស្ស លោកស្រីបានទទួលស្គាល់ករណីអ្នកកាសែត ម៉ិច ដារ៉ា ដែលត្រូវបានចាប់ខ្លួន ហើយឥឡូវនេះត្រូវបានដោះលែងឱ្យនៅក្រៅឃុំ បន្ទាប់ពីត្រូវឃុំខ្លួនជាង ២០ ថ្ងៃនៅក្នុងពន្ធនាគារខេត្តកណ្តាល។
លោកស្រី សាម៉ាន់ថា បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «ខ្ញុំមានឱកាសបានជួបជាមួយគ្រួសាររបស់ ដារ៉ា និងលើកបញ្ហានេះ រួមជាមួយនឹងករណីពាក់ព័ន្ធផ្សេងទៀតនៅក្នុងកិច្ចប្រជុំរបស់ខ្ញុំជាមួយនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ [ថ្ងៃទី ២៣ ខែតុលា]»។
បើយោងតាមស្ថានទូតសហរដ្ឋអាមេរិកបានដកស្រង់សម្តីរបស់លោកស្រីបានឱ្យដឹងថា៖ «ជំនួបប្រកបដោយផ្លែផ្កាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងសហរដ្ឋអាមេរិក និងកម្ពុជា។ យើងបានពិភាក្សាអំពីការងាររួមគ្នានៅក្នុងវិស័យ ដូចជា សុខាភិបាល ការអប់រំ និងសារៈសំខាន់នៃការធ្វើឱ្យមានការរីកចម្រើនលើបញ្ហាសំខាន់ៗដូចជា សិទ្ធិការងារ សង្គមស៊ីវិល និងការប្រឆាំងអំពើពុករលួយ»។
លោកស្រីបានសង្កត់ធ្ងន់លើបញ្ហារស៊ើបនេះ តែបានរំឭកថា៖ «ខ្ញុំសូមបញ្ជាក់ថា យើងបានផ្ដោតសំខាន់លើការគាំទ្ររបស់យើងក្នុងការស្វែងរកដំណោះស្រាយវិជ្ជមាន»។
លោក ម៉ិច ដារ៉ា អ្នកកាសែតឯករាជ្យត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទញុះញង់បង្កចលាចលសង្គមធ្ងន់ធ្ងរ។
លោកត្រូវបានដោះលែងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីលោកបានសុំទោសលោកប្រធានព្រឹទ្ធសភា ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់លោកក្នុងការបង្ហោះព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម។
ក្នុងវីដេអូនោះ ដារ៉ា ស្លៀកសម្លៀកបំពាក់អ្នកទោសបានសារភាពថា មុនពេលចាប់ខ្លួន លោកបានបង្ហោះព័ត៌មានមិនពិត រួមជាមួយរូបថតភ្នំបាភ្នំ ខេត្តព្រៃវែង នៅលើបណ្តាញសង្គមកាលពីខែកញ្ញា ឆ្នាំ២០២៤។
លោកបានបញ្ជាក់នៅក្នុងវីដេអូថា៖ « «រាល់សារដែលខ្ញុំបានបង្ហោះទាំងនោះ គឺជាព័ត៌មានមិនពិត ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេស ខ្ញុំបាទសូមធ្វើការសូមទោស និងសោកស្តាយចំពោះកំហុស ដែលខ្ញុំបាទបានបង្ហោះ ហើយខ្ញុំបាទសូមសន្យាថា នឹងឈប់បង្ហោះនូវព័ត៌មាន ដែលធ្វើឱ្យប៉ះពាល់ដល់ប្រមុខថ្នាក់ដឹកនាំ និងប្រទេសជាតិទៀតហើយ»។
ទឹកប្រាក់ចំនួន ៥ លានដុល្លារដែលទីភ្នាក់ងារ USAID បានប្រកាសគឺមានបំណងគាំទ្រដល់សង្គមស៊ីវិកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងកម្មករ ដែលទាំងអស់នេះត្រូវបានគេមើលឃើញថាមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេស។
លោកស្រី សាម៉ាន់ថា បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកចង់ក្លាយជាដៃគូដ៏រឹងមាំចំពោះការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្តែនេះអាចសម្រេចបានលុះត្រាតែសិទ្ធិមនុស្ស និងតម្លាភាពត្រូវបានគិតគូរជាអាទិភាព។
លោកស្រីបានថ្លែងថា៖ «ការធ្វើការឆ្ពោះទៅរកតម្លាភាព គណនេយ្យភាព និងការការពារសិទ្ធិមនុស្សកាន់តែខ្លាំងអាចបង្កើតភាពរុងរឿងអស្ចារ្យសម្រាប់ប្រជាជនកម្ពុជា។ នោះអាចជាការសន្យារបស់មនុស្សជំនាន់ថ្មី»។
ខណៈពេលដែលសេរីភាពសារព័ត៌មានគឺជាប្រធានបទសំខាន់មួយនៃសុន្ទរកថា លោកស្រី សាម៉ាន់ថា ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាកាន់តែស៊ីជម្រៅ ដោយបង្ហាញពីសក្តានុពលសម្រាប់កំណើនសេដ្ឋកិច្ច ប្រសិនបើកម្ពុជាអាចកែលម្អបរិយាកាសផ្លូវច្បាប់ និងអាជីវកម្មរបស់ខ្លួន។
លោកស្រី ចែករំលែកថា ក្រុមហ៊ុនអាមេរិកមានបំណងចង់វិនិយោគនៅកម្ពុជា ប៉ុន្តែមានការព្រួយបារម្ភអំពីអំពើពុករលួយ សិទ្ធិការងារ និងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ ជាពិសេសដោយសារតែបញ្ហា ដូចជា ការបោកប្រាស់តាមអ៊ីនធឺណិត។
លោកស្រីបាននិយាយថា ដើម្បីមកបណ្តាក់ទុននៅទីនេះ ពួកគេចង់ឃើញការកែលម្អដ៏ពិតប្រាកដនៅក្នុងអាជីវកម្ម ដែលមិនមានអំពើពុករលួយ កែលម្អការគោរពសិទ្ធិការងារ និងដើម្បីដោះស្រាយប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតដែលកំពុងញាំញីកេរ្តិ៍ឈ្មោះអន្តរជាតិរបស់កម្ពុជា។
លោកស្រី សាម៉ាន់ថា បាននិយាយថា៖ «វាពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកវិនិយោគក្នុងការមានទំនុកចិត្តលើនីតិរដ្ឋ ហើយដឹងថា ពួកគេអាចវិនិយោគនៅទីនេះដោយមិនចាំបាច់បង់ប្រាក់សំណូក ឬចូលរួមក្នុងអំពើខុសច្បាប់»។
នាយិកា USAID បានបន្ដថា៖ «មានសក្តានុពលជាច្រើនសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា កាន់តែរឹងមាំ។ ប៉ុន្តែដូចករណីនៅក្នុងទំនាក់ទំនងសំខាន់ៗរបស់យើង ក៏មានការព្រួយបារម្ភផងដែរ រួមទាំងការចាប់ខ្លួនដោយអយុត្តិធម៌ និងការគំរាមកំហែងដល់សិទ្ធិជាមូលដ្ឋាន»៕