ភ្នំពេញៈ មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​សង្គ្រោះ​អគ្គិភ័យ​លើក​ដំបូង​ដែល​ស្ថិត​ក្នុង​បរិវេណ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ត្រូវ​​បាន​សម្ពោធ​ដាក់​ឱ្យ​ដំណើរការ​ហើយ​នា​ថ្ងៃ​ពុធ ទី២៣ ខែ​តុលា​នេះ ដើម្បី​ចូលរួម​ផ្តល់​សេវា​ទប់ស្កាត់​គ្រោះ​អគ្គិសភ័យ​នៅ​កម្ពុជា។

លោក​ឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​អគ្គស្នងការ​ដ្ឋាន​បាន​ឱ្យ​ដឹង​ថា អត្ថប្រយោជន៍​របស់​មជ្ឈមណ្ឌល​នេះ​គឺ​ប្រាប់​ឱ្យ​ដឹង​មុន ពី​សញ្ញា​នៃ​ការ​កើតមាន​អគ្គិសភ័យ បង្ការ​មិន​ឱ្យ​មាន អគ្គិភ័យ​កើតឡើង និង​កាត់​បន្ថយ​ហានិភ័យ​ឱ្យ​បាន​នៅ​កម្រិត​អប្បបរិមា។

លោក​មាន​ប្រសាសន៍​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖«នេះ​ជា​លើក​ទីមួយ​ហើយ ដែល​មាន​មជ្ឈមណ្ឌល​រង់​ចាំ​ទទួល​បញ្ជា​សង្គ្រោះ​អគ្គិភ័យ សម្រាប់​យើង​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​អគ្គិភ័យ​ឱ្យ​ដឹង​ទុក​ជាមុន»។

លោក​នាយ​ឧត្តមសេនីយ៍ ស ថេត បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ថា ការ​កសាង​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​សង្គ្រោះ​អគ្គិភ័យ​នេះ​ឡើង​​គឺ​ក្នុង​គោល​បំណង​ផ្តល់​សេវាកម្ម ជូន​ដល់​រោងចក្រ សហគ្រាស សិប្បកម្ម គោលដៅ​អាជីវកម្ម​និង​លំនៅឋាន​ជាដើម។

មជ្ឈមណ្ឌលនេះ​មាន​ដំឡើង​ឧបករណ៍​បច្ចេកទេស​និង​តភ្ជាប់​បណ្តាញ​ទំនាក់ទំនង​ផ្តល់​ព័ត៌មាន​សម្រាប់​បង្ការ​ពន្លត់​អគ្គិភ័យ ដោយមាន​ក្រុមហ៊ុន​ថប ហ្វាយអឺ សេហ្វធី (ខេមបូឌា) (TOP FIRE Safety-Cambodia co.,LTD) ជា​ដៃ​គូ​សហការ​ផ្គត់ផ្គង់​ឧបករណ៍​សម្ភារៈ​បច្ចេកទេស។

លោក​នាយ​ឧត្តមសេនីយ៍​មាន​ប្រសាសន៍​ថា៖ «ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ បើ​ហ៊ាន​តែ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​គឺ​មិន​ត្រឹម​តែ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ ផ្ទះ​សម្បែង​ប៉ុណ្ណោះ​ទេ ពេលខ្លះ​វា​ថែម​ទាំង​អាច​ឆក់​យក​អាយុ​ជីវិត និង​បង្ក​ឱ្យ​រង​របួស ហើយ​ពេល​ខ្លះ​ធ្លាក់​ខ្លួន​ពិការ​ថែមទៀត​ដែល​ធ្វើឱ្យ​ប៉ះពាល់​ជីវភាព​រស់នៅ»។ 

លោក​បាន​លើក​ឡើង​ថា ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​ម្ចាស់ការ ក្នុង​ការ​បង្ការ​ទប់ស្កាត់ គឺជា​ភាព​ចាំ​បាច់​មួយ​មិន​អាច​ខ្វះ​បាន​។ ដូច្នេះ​ការ​បំពាក់​ឧបករណ៍​បច្ចេកទេស និង​ការ​តភ្ជាប់​ទំនាក់ទំនង ព័ត៌មាន​ស្រប​តាម​លក្ខខណ្ឌ​បច្ចេកទេស​ គឺ​ជា​ការ​ជ្រើស​រើស​ដ៏​ត្រឹមត្រូវ នូវ​ភ្នាក់ងារ​ផ្តល់​ព័ត៌មាន​និង​ផ្តល់​កិច្ច​អន្តរាគមន៍​ទាន់​ហេតុការណ៍​ក្នុង​ករណី​មាន​អគ្គិភ័យ​កើត​​ឡើង ក្នុង​ទីតាំង​របស់​ខ្លូន។ តាម​រយៈទូរស័ព្ទ​ផ្ទាល់​ខ្លួន​ការ​ផ្តល់​ព័ត៌មាន​ពី​ក្រុម​ប្រចាំ​បញ្ជា​នៃ​មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​សង្គ្រោះ​អគ្គិភ័យ រួម​ទាំង​ការ​បញ្ជា​ឱ្យ​រថយន្ត​ពន្លត់​អគ្គិសភ័យ ដែល​នៅ​កៀក​បំផុត​ចេញ​អន្តរាគមន៍​បាន​លឿន​ទាន់​​ពេល​វេលា​និង​ចំ​គោលដៅ។ 

លោក នេត វន្ថា បាន​ពន្យល់​ថា ដើម្បី​ទទួល​បាន​សេវា​នេះ​យក​ទៅ​ប្រើប្រាស់ ម្ចាស់​ទីតាំង​ដែល​មាន​ដូចជា រោងចក្រ សហគ្រាស សិប្បកម្ម គោលដៅ​អាជីវកម្ម​ផ្សេងៗ​និង​លំនៅឋាន​ត្រូវ​ទៅ​ចុះ​បញ្ជី​នៅ​មជ្ឈមណ្ឌល​ដើម្បី​ទទួល​បាន​ការ​បំពាក់​ឧបករណ៍​បច្ចេកទេស​នៅ​តាម​ទីតាំង។ បន្ទាប់មក នឹង​មាន​ការ​បង្កើត​អែប​ជូន​អ្នក​ចុះ​ឈ្មោះ ដើម្បី​បាន​ប្រើ​ប្រាស់​សេវា​តាម​រយៈទូរស័ព្ទ​ស្មាតហ្វូន។ 

លោក​មាន​ប្រសាសន៍​ថា៖ «ចុះ​បញ្ជី​ហើយ មាន​ស្មាតហ្វូន​ប្រចាំ​ជាប់​នៅ​នឹង​ដៃ ពេល​មាន​បញ្ហា វា​ប្រាប់​ឱ្យ​យើង​ដឹង​តែ​ម្តង។ ទី១ [ឧបករណ៍] ផ្តល់​ព័ត៌មាន​ព្រមាន​ពី​អគ្គិភ័យ​មក​មជ្ឈមណ្ឌល​មុន។ ទី២ ពេល​ទទួល​បាន​ការ​គំរាមកំហែង​ពី​អគ្គិភ័យ​ហើយ បើ​ម្ចាស់​ផ្ទះ​អវត្ត​មាន​ពី​ផ្ទះ មជ្ឈមណ្ឌល​ជូន​ដំណឹង​ទៅ​ម្ចាស់​ផ្ទះ​វិញ​ថា ឥឡូវ​ផ្ទះ អ្នក​នៅ​កន្លែង​នេះ មាន​ការ​គំរាម​កំហែង​ឬ​ក៏​ការ​ផ្តល់​សញ្ញា​ពាក់ព័ន្ធ​និង​អគ្គិភ័យ​ហើយ»។

លោក​បន្ត​ដូច្នេះ​ថា៖ «អញ្ជឹង អ្នក​ឯង​ត្រូវ​ស្រូត រៀបចំ​វិធីសាស្រ្ត​ពន្លត់​អគ្គិភ័យ​បឋម។ បើ​មាន​អគ្គិភ័យ​ហើយ គាត់​មិន​អាច​គ្រប់គ្រង​បាន គាត់​ក៏​រាយការណ៍​មក​មជ្ឈមណ្ឌល​វិញ​ថា ឥឡូវ​ភ្លើង​ឆេះ​ធំហើយ ដើម្បី​អង្គភាព កន្លែង​ប្រចាំ​បញ្ជា បញ្ជា​ទៅ​អង្គភាព​ពន្លត់​អគ្គិភ័យ​ដែល​នៅ​ជិត​បំផុត​ដើម្បី​ចេញ​បាន​ជួយ​ទាន់​ពេលវេលា»។

លោក​បញ្ជាក់​ថា មជ្ឈមណ្ឌល​នេះ​មាន​តួនាទី រង់ចំា​ទទួល​ផ្តល់​ព័ត៌មាន​និង​វិភាគ​ទិន្នន័យ​ពី​ឧបករណ៍​ដែល​ម្ចាស់​សំណង់ ម្ចាស់​គោលដៅ​និង​រោងចក្រ​សហគ្រាស​បាន​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ជាមួយ​មជ្ឈមណ្ឌល​តាម​រយៈស្មាតហ្វូន​ពី​ការ​ព្រមាន​ទុក​ជា​មុន។

លោក​បាន​ឱ្យ​ដឹង​ថា រហូតមក​ដល់​ពេល​នេះ មាន​អ្នក​ទៅ​ចុះ​បញ្ជី​ទទួល​សេវា​ជាច្រើន​ហើយ ដែល​អ្នក​ខ្លះ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូចជា​ខេត្ត​សៀមរាប និង​ព្រះសីហនុ​ជាដើម។ ទោះ​យ៉ាង​ណា លោក​មិនទាន់​បាន​ដឹង​ពី​ព័ត៌មាន​លម្អិត​ពី​សេវា​នៃ​ការ​ចុះ​បញ្ជី​នោះ​ទេ។

យោង​តាម​នគរបាលជាតិ​បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​បាន​ចំណាយ​ដើម​ទុន ៣​លាន ៣សែន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ការ​សាង​សង់​មជ្ឈមណ្ឌល​នេះ។ ក្នុង​នោះ​រួមមាន ៨០​ម៉ឺន​ដុល្លារ​សម្រាប់​អគារ ៥០​ម៉ឺន​ដុល្លារ​សម្រាប់​បច្ចេក​ទេស និង​បំពាក់​​ឧបករណ៍ និង​២​លាន​ដុល្លារ​សម្រាប់​បង្កើត​បច្ចេកវិទ្យា និង​រៀបចំ​ប្រព័ន្ធ​ទិន្នន័យ​ព័ត៌មាន។

លោក ស ថេត ក៏​បាន​ណែនាំ​ផងដែរ​ឱ្យ​មាន​ការ​ខិតខំ​លើក​កម្ពស់​មន្រ្តី​ប្រចាំ​បញ្ជា ប្រកប​ដោយ​គុណភាព​និង​មាន​ប្រសិទ្ធភាព ជាពិសេស កម្លាំង​ប្រតិបតិ្តការ​ពន្លត់​អគ្គិភ័យ​និង​សង្រ្គោះ​រួម​ទាំង ភ្នាក់ងារ​កាតព្វកិច្ច​ពន្លត់​អគ្គិភ័យ ក្រុម​ពន្លត់​អគ្គិភ័យ​ស្ម័គ្រចិត្ត​នៅ​មូលដ្ឋាន ដោយ​ត្រូវ​ផ្តល់​ការ​គាំទ្រ​លើ​ការងារ​បណ្តុះ​បណ្តាល ការ​បំពាក់​មធ្យោបាយ​ឧបករណ៍​សម្ភារៈ​បច្ចេ​កទេស សម្ភារៈ​សាមញ្ញ ឬ បុរាណ​ឱ្យ​អស់​លទ្ធភាព​ដើម្បី​ឱ្យ​ពួកគេ​មាន​លទ្ធភាព​គ្រប់​គ្រាន់​ចូលរួម​បង្ការ ពន្លត់ និង​សង្រ្គោះ​បាន​ទាន់​ពេលវេលា។ 

លើសពីនោះ អង្គភាព​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្រ្គោះ​ត្រូវ​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​បែប​យ៉ាង និង​គ្រប់​កាលៈទេសៈ ក្នុង​ការ​ចេញ​អន្តរាគមន៍​សង្រ្គោះ ពេល​មាន​ហេតុការណ៍​គ្រោះថ្នាក់​អគ្គិភ័យ​កើត​ឡើង។

បន្ថែម​ពី​នោះ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់​ថ្នាក់ ត្រូវ​រួម​ចំណែក​ដល់​ការ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​តាម​ តំបន់​មិន​ទាន់​រៀប​រយ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​អគ្គិភ័យ​ផង​និង​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់​ដល់​ក្រុម​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ផង ក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​សង្រ្គោះ។

ក្នុង​រយៈ​ពេល​ ៦ខែ ឆ្នាំ​២០២៤​នេះ គ្រោះ​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស​បាន​កើត​ឡើង​ចំនួន ៧៣៨​លើក ដែល​មាន​ការ​កើន​ឡើង​ ២២២​លើក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុ​ងឆ្នាំ ២០២៣។

ហេតុការណ៍​នេះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៩នាក់ របួស ២៥នាក់ ឆេះ​ផ្ទះ​៤៥០ខ្នង និង​ចំនួន​តូប ៥០២​ផងដែរ។ ចំពោះ​មូលហេតុ​អគ្គិភ័យ​ទាំង​នោះ គឺ​បណ្តាល​មក​ពី​ចរន្ដ​អគ្គីសនី​ចំនួន ៤១.៥៦ភាគរយ ប្រើប្រាស់​ភ្លើង ៣៩.៣៣​ភាគរយ និង​មូលហេតុ​ដែល​កំណត់​មិន​ទាន់​បាន​ចំនួន ១៩.១១​ភាគរយ​ផងដែរ។

លោក នេត វន្ថា សង្ឃឹម​ថា ប្រសិន​បើ​មាន​ការ​គាំទ្រ​ពី​ម្ចាស់​រោងចក្រស​ សហគ្រាស សំណង់ ឬ​លំនៅឋាន​ទូទៅ ក្នុង​ការ​ប្រើប្រាស់​សេវា​នោះ គ្រោះ​អគ្គិភ័យ​នឹង​អាច​មាន​ការ​ថយចុះ៕