ភ្នំពេញ៖ លោកស្រី ផូវើ សាម៉ាន់ថា នាយិកា​គ្រប់គ្រង​ទីភ្នាក់ងារ​ជំនួយ​អាមេរិក (USAID)​ បាន​លើក​ឡើង​ពី​ភាព​ជា​ដៃគូ​កាន់តែ​ស៊ីជម្រៅ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​របេង និង​គ្រុន​ចាញ់​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​នៅ​សណ្ឋាគារ Raffles Hotel Le Royal។

ក្នុង​តំណែង​ជា​នាយិកា (USAID)​ រយៈពេល​ជាង ៣ ឆ្នាំ​កន្លះ​ លោកស្រី​បាន​បង្ហាញ​ពី​ក្តី​រំភើប​ចំពោះ​ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ធ្វើ​ជា​សក្ខីភាព​លើ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ពីមុន​របស់ USAID និង​ពី​ប្រជាជន​អាមេរិក​ពិត​ជា​ទទួល​បាន​លទ្ធផល​គួរ​ឱ្យ​កត់​សម្គាល់​បែបនេះ។

លោកស្រី សាម៉ាន់ថា បាន​ថ្លែង​ថា៖ «ខ្ញុំ​បាន​លើក​ឧទាហរណ៍​នៃ​ការ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់។ ការងារ​ដែល​បាន​ធ្វើ​ដើម្បី​លុបបំបាត់​ជំងឺ​គ្រុន​ចាញ់​ត្រូវ​បាន​ធ្វើ​ដោយ​ប្រជាជន​កម្ពុជា​ផ្ទាល់។ គោលដៅ​ជិត​បាន​សម្រេច​ហើយ។ ​ខ្ញុំ​គួរ​និយាយថា​ ការ​សម្រេច​បាន​សមិទ្ធផល​នេះ​​មាន​សារៈសំខាន់​ខ្លាំងណាស់​ ជាមួយ​ការ​គាំទ្រ​ពី​ USAID ដែល​មាន​វត្តមាន​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍»។

ក្នុង​នាម​ជា​នាយិកា​​ទី​ភ្នាក់ងារ USAID ដំបូង​គេ​ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​តួនាទី​នេះ លោកស្រី​បាន​សម្តែង​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​ផ្នែក​សុខភាព​សាធារណៈ​របស់​កម្ពុជា ដោយ​សង្កត់ធ្ងន់ថា​ កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​ក្នុង​រយៈពេល​វែង​។​

លោកស្រី សាម៉ាន់ថា​ បាន​កត់សម្គាល់ថា៖ «​ការ​ត្រឡប់មក​ទីនេះ និង​ពិភាក្សា​អំពី​ការចូលរួម​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំងពីរ​របស់​យើង សហរដ្ឋអាមេរិក និង​កម្ពុជា បាន​បង្ហាញ​ឱ្យ​​ខ្ញុំ​ឃើញ​យ៉ាង​ច្បាស់​​។​ ​ភាព​ជា​ដៃគូ​នាពេល​បច្ចុប្បន្ននេះ បង្កើតបាន​នូវ​ការវិនិយោគ​ជាច្រើន​ទសវត្សរ៍​ដោយ USAID ក្នុងការ​គាំទ្រ​សេចក្តីថ្លៃថ្នូរ និង​វិបុលភាព​របស់​ប្រជាជន​កម្ពុជា»។​

​ប្រទេស​កម្ពុជា​បាន​បោះជំហានអភិវឌ្ឍ​ខ្លួន​​ក្នុង​វិស័យ​សុខភាព​សាធារណៈ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងមកនេះ ជាពិសេស​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​។​

លោកស្រី សាម៉ាន់ថា​​ បាន​និយាយថា ប្រទេស​កម្ពុជាគ្មាន​​អ្នក​ស្លាប់​ដោយ​ជំងឺ​គ្រុន​ចាញ់​​រយៈពេល ៦​ឆ្នាំ​ជាប់​គ្នា​ និង​ស្ថិត​លើ​វិថី​​នៃ​ការសម្រេចបាន​នូវ​គោលដៅក្នុង​​​ការលុបបំបាត់​ជំងឺគ្រុនចាញ់ពី​​ប្រទេស​នេះ​។​

លោកស្រី​​បាន​សរសើរ​វីរៈបុរស​ផ្នែក​សុខភាព​សាធារណៈ​ ដូចជា​ លោក​ យៀង ឈាង ​ជា​ជំនាញ​ផ្នែក​បាណក​សាស្ត្រ​ ​ដែល​បាន​សង្គ្រោះ​ជីវិត​មនុស្ស​រាប់ម៉ឺន​នាក់​ដោយ​ចែកចាយ​ថ្នាំ​ប្រឆាំង​ជំងឺគ្រុនចាញ់​​ក្នុងអំឡុងពេល​របប​ខ្មែរក្រហម​ដ៏​សាហាវ​នៅ​ពាក់កណ្តាល​ទសវត្សរ៍ ១៩៧០ ​ហើយ​បន្ទាប់មក​បាន​ជួយ​ស្តារ​កម្មវិធី​ជំងឺគ្រុនចាញ់​ជាតិ​កម្ពុជា​។ 

លោក​ស្រី បាន​អបអរសាទរ​លោក ឈាង​ ​ចំពោះ​ការទទួលបាន​ពានរង្វាន់វីរៈជន​លាក់​មុខ​ ឬ​ Unsung Hero នៅ​សន្និសីទ​កំពូល​អាកាសធាតុ​អង្គការសហប្រជាជាតិ (COP28)​នៅ​ទីក្រុង​ឌូ​បៃ ក្នុង​ខែធ្នូ ឆ្នាំ ២០២៣ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​គាត់​ក្នុង​ការបំបាត់​ជំងឺគ្រុនចាញ់​ ​និង​បានបង្ហាញ​ការសរសើរ​របស់លោក​ស្រី​​ចំពោះ​ការរួមចំណែក​ដ៏​មានតម្លៃ​របស់លោក​​ចំពោះ​គម្រោង​ប្រយុទ្ធប្រឆាំង​ជំងឺគ្រុនចាញ់​របស់​ប្រធានាធិបតី​សហរដ្ឋ​អា​មេ​រិ​​ក (PMI)​។ 

ជាមួយនឹង​ការគាំទ្រ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក នៅក្រោម PMI ​ប្រទេស​កម្ពុជា​ក្នុងចំណោម​ប្រទេស​ដែល​អនុវត្ត​កម្មវិធី​ទ្វេភាគី​នេះ ដែល​អាច​បំបាត់​ជំងឺគ្រុនចាញ់​បាន​នៅត្រឹម​ឆ្នាំ​២០២៥​។​

លើសពី​ជំងឺគ្រុនចាញ់ លោកស្រី សាម៉ាន់ថា​ បាន​សង្កត់ធ្ងន់ចំពោះ​​ការយកចិត្តទុកដាក់រ​បស់ USAID លើ​ការ​លុបបំបាត់​ជំងឺរបេង​។ កម្ពុជា​កំពុងធ្វើការ​ឆ្ពោះទៅរក​គោលដៅ​លុបបំបាត់​ជំងឺរបេង​នៅ​ឆ្នាំ២០៣០​ ហើយ USAID បាន​សន្យា​ផ្តល់ប្រាក់​បន្ថែមចំនួន ៤ លាន​ដុល្លារ ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សហគមន៍​មូលដ្ឋាន។​

លោកស្រី​បានបន្ដថា​៖ «​កាលពី​ម្សិលមិញ ​ខ្ញុំ​បាន​​នៅ​ខេត្តសៀមរាប​​ ​បានឃើញ​ការខិតខំ​ប្រឹងប្រែង​យ៉ាង​ស្វាហាប់​ក្នុងការ​ជួយ​ដល់​​ប្រជាជន​កម្ពុជា​មួយចំនួន​ដែលមាន​ជំងឺរបេង។ ប៉ុន្តែ​ជា​ទូទៅ​ ពួកគេ​​មិនដឹងថា​​ពួកគេ​មាន​ជំងឺរបេង​ទេ ទោះវាមិន​យឺត​ក្នុង​ការ​ព្យាបាល​ តែ​វាយឺត​ពេល ពីព្រោះវា​បាន​ចម្លង​ទៅអ្នក​ដទៃ​»។ ​

ការវិនិយោគ​របស់​ទីភ្នាក់ងារ USAID មាន​គោលបំណង​នាំយក​បច្ចេកវិទ្យា​រោគវិនិច្ឆ័យ​ទៅកាន់​សហគមន៍ ដោយ​កាត់បន្ថយ​តម្រូវការ​សម្រាប់​បុគ្គល​ក្នុងការ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​សម្រាប់​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺរបេង​។​

លោកស្រី សាម៉ាន់ថា​ បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការវិនិយោគ​ទាំងនេះ ដោយ​ពន្យល់ថា ​ជំនួយ​របស់ USAID លើសពី​ការផ្តល់​មូលនិធិ ពោលគឺ​វា​ជំរុញ​ទំនាក់ទំនង​រយៈពេល​វែង​ជាមួយ​សហគមន៍​មូលដ្ឋាន​។​

នាយិកា USAID បាន​លើកឡើងថា​៖ «​រឿង​មួយ​អំពី USAID ដែល​មិន​ត្រូវបាន​គេ​ស្គាល់​ច្បាស់ ហើយ​សូម្បីតែ​ខ្ញុំ​មិនបាន​ដឹង​មុន​ពេ​ល​ខ្ញុំ​ចូល​ធ្វើ​ការ​នៅ USAID គឺថា បី​ភាគ​បួន​នៃ​បុគ្គលិក​របស់​យើងកំពុង​ធ្វើ​ការ គឺជា​ជនជាតិ​នោះ​តែម្ដង​​​»។​

នៅក្នុង​ប្រទេស​កម្ពុជា នេះ​មានន័យថា បុគ្គលិក​របស់ USAID ភាគច្រើន​គឺជា​ប្រជាជនខ្មែរ​ ដែល​យល់​ពី​បញ្ហា​ប្រឈម​ពិសេស​ដែល​សហគមន៍​របស់​ពួកគេ​ជួបប្រទះ​។​

ខណៈពេលដែល​សុខភាព​នៅតែ​ជា​ចំណុច​សំខាន់​នោះ លោកស្រី​ក៏បាន​លើកឡើង​ពី​ប្រព័ន្ធ​អប់រំ​របស់​កម្ពុជា ដោយ​លើកឡើង​ពី​តួនាទី​របស់ USAID ក្នុងការ​បង្កើន​ការចុះឈ្មោះ​ចូលរៀន​ថ្នាក់​ម​ត្តេ​យ្យ​ទ្វេដង​ចាប់តាំងពី​ឆ្នាំ ២០០៧​ និង​ការកែលម្អ​អំណាន​​នៅ​ទូទាំងប្រទេស​។​

លោកស្រី​បានចង្អុលបង្ហាញ​ថា ការគាំទ្រ​របស់​ទីភ្នាក់ងារ USAID បាន​អនុញ្ញាតឱ្យ​រដ្ឋាភិបាល​កម្ពុជា អនុវត្ត​យុទ្ធសាស្ត្រ​អប់រំ​ប្រកបដោយ​ជោគជ័យ ជំរុញ​ការរីកចម្រើន​របស់​ប្រទេស​ឆ្ពោះទៅរក​លទ្ធភាព​ទទួល​បានការ​អប់រំ​បឋម​ជាស​កល​។​

បន្ថែម​ពីលើ​ការបន្ត​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺរបេង និង​គ្រុនចាញ់ លោកស្រី សាម៉ាន់ថា​ បានប្រកាស​ពី​គំនិត​ផ្តួចផ្តើម​ថ្មី​មួយ​ដើម្បី​ដោះស្រាយ​ការពុល​សំណ​ក្នុងប្រទេស​កម្ពុជា​។​

ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID នឹង​វិនិយោគ ១ លាន​ដុល្លារ​ក្នុង​ការស្ទង់មតិ​ថ្នាក់ជាតិ ដើម្បី​វាយតម្លៃ​កម្រិត​សំណ​ក្នុង​ឈាម​ក្នុងចំណោម​កុមារ ដោយ​ជួយ​កំណត់​ប្រភព​នៃ​ការពុល​សំណ និង​ណែនាំ​កិច្ចខិតខំ​ប្រឹងប្រែង​នាពេល​អនាគត​ដើម្បី​លុបបំបាត់​វា​។​

លោកស្រី​បាន​បញ្ជាក់ថា​៖ «​មានការ​ពុល​សំណ​ដ៏​សំខាន់​ក្នុងចំណោម​កុមារ​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍​ជាច្រើន រួមទាំង​កម្ពុជា​ផងដែរ​។​ ​ការយល់ដឹង​អំពី​ប្រភព​នៃ​ការពុល​សំណ​គឺ​ពិត​ជាមាន​សារៈសំខាន់​ក្នុងការ​លុបបំបាត់​វា​ទៅ»៕