មណ្ឌលគិរីៈ ប្រមុខ​រដ្ឋាភិ​បាល​បាន​អំពាវ​នាវ​កុំ​ឱ្យ​ពលរដ្ឋ​ចាញ់​បោក​មេ​ខ្យល់​ ដែល​កំពុង​តែ​ដើរ​បំផុស​បំផុល​ឱ្យ​ចុះ​ឈ្មោះ​ ដើម្បី​យក​ដី​សម្ប​ទា​ន​សង្គម​កិច្ច​ក្នុង​ខេត្ត​មណ្ឌលគិរី ​ហើយ​បាន​បញ្ហា​ឱ្យ​អាជ្ញាធរចាត់​វិធាន​ការ​ច្បាប់​ទៅ​លើ​សកម្ម​ភាពបោកប្រាស់​នោះ។

ការអំ​ពាវនាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ពិធី​សម្ភោធ​ដា​ក់​ឱ្យ​ប្រើ​ប្រាស់ជាផ្លូវ​ការ ​នូវ​គម្រោង​អភិវឌ្ឍន៍​ ទំនប់​អូរតេ​ធិបតី ទំនប់​សែន​សុខ​ដុម ​និង ​ទំនប់​សែន​មនោរម្យ ​ស្ថិត​ក្នុង​ខេត្ត​មណ្ឌលគិរី​នា​ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៤ ​ខែ​តុលា​នេះ។

លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន ​ម៉ាណែត​ថ្លែង​ថា ​មាន​មេ​ខ្យល់​កំពុង​តែ​ដើរ​បំផុស​ ឱ្យ​ពល​រដ្ឋ​ធ្វើ​ការ​ចុះ​ឈ្មោះ ​ដើម្បី​ទទួល​បាន​ដី​សម្បទាន​សង្គម​កិច្ច​នៅ​ក្នុង​ស្រុក​ពេជ្រាដា​ ដោយ​មាន​ការ​បង់​ប្រាក់​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖«សូម​ឱ្យ​បង​ប្អូន ​កុំ​ជឿលើ​មេ​ខ្យល់ ​ដែល​កំពុង​តែ​បំផុស ​ដើរ​យក​លុយ​ ថា​ចុះ​ឈ្មោះ​ដើម្បី​យក​ដី​សម្បទាន​នេះ​។ អត់​បាន​ទេ ​ខ្ញុំ​សូម​ប្រកាស។​ ប្រជា​ពលរដ្ឋ​ សូម​កុំចាញ់​បោក»។ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​បន្ត​ថា ការ​ចុះ​ឈ្មោះ​ស្នើ​សុំ​ដី​សម្បទាន​សង្គកិច្ច ​គឺ​ធ្វើ​ឡើង​តាម​យន្ត​ការ​រដ្ឋ ​និង​តាម​រយៈ​អាជ្ញាធ​រមូល​ដ្ឋាន។

ប្រមុខរដ្ឋាភិបាល​មាន​ប្រសាសន៍ថា៖« បើចុះ​ឈ្មោះ​ត្រូវ​តាម​យន្តកា​រ​រដ្ឋ។ កន្លង​ទៅ​យើ​ងមាន​យន្ត​ការដី​សម្បទាន​ចុះ​តាម​ អាជ្ញាធ​រឃុំ​ ក្រៅ​ពី​ហ្នឹង ​ពេល​ដែល​គណៈ​កម្មាធិការ​បង្កើត ​គឺយើ​ងមា​នការផ្សព្វ​ផ្សាយ​ច្បាស់​លាស់ ​ហើយ​សុំ​ឱ្យអាជ្ញាធរ​ សមត្ថកិច្ច មើល​មេ​ខ្យល់​ហ្នឹង ​ដើម្បី​អនុវត្ត​ច្បាប់ ​ព្រោះតែ​អញ្ជឹង​ដើរ​បោក​ប្រជាពល​រដ្ឋ...ណែ​ នៅ​[ស្រុក]​ពេជ្រាដា​មាន​ អាជ្ញាធរ​ខេត្ត​ឆែក​មើល​ឱ្យ​ច្បាស់»។ 

លោក​បន្ថែម​ថា៖«មេខ្យល់​អញ្ចេះ​[ខ្យល់​ធម្មជាតិ]​ធ្លាក់​រហើយ ​តែ​ខ្យល់​នោះ​ ខ្យល់​ក្តៅ។​...បោក​ប្រជាជន​អស់​លុយ​ហើយ​រឿង​ទៀត។ មិន​ស្រួល​ទៅ​កាប់​ដី ​កាប់​អី​កន្លែង​ណា ...អញ្ជឹង ​ខ្ញុំ​សូម​ប្រាប់ ​បើខ្យ​ល់នេះ​ ខ្យល់​ល្ហើយ ​មាន​ផាសុខភាព តែ​មេខ្យ​ល់ចា​ប់ដី​នេះ ​អត់​ទេ ​គឺ​កុំ​ធ្វើ ហើយ​បើ​សិន​ជាធ្វើ​ ​ត្រូវ​ប្រឈម​ការ​អនុ​វ​ត្តច្បាប់»។ 

រដ្ឋ​បាល​ខេត្ត​មណ្ឌល​គិរី​បាន​ឱ្យ​ដឹង​ថា មាន​មេ​ខ្យល់ ​ដើរ​បំផុស​បំផុល​ពីរឿង​ចែក​ដីលំនៅ​ឋាន ​និង​ដី​កសិកម្ម​ជូន​ប្រ​ជា​ពល​រដ្ឋ​នៅ​បណ្តា​ខេត្ត​ផ្សេងៗ​ នៅ​ក្នុង​ភូមិ​វ៉ាល់​យោង ​ឃុំប៊ូស្រា ​ស្រុកពេជ្រាដា​នាពេលថ្មីៗ​នេះ​។ ពួក​គេ​បាន​អះ​អាង​ថា ​ពលរដ្ឋ​មួយ​គ្រួសារ​នឹង​ទទួល​បាន​ដី​លំនៅឋាន​ទំហំ​ក្បាល​ដី ​៣០​ម៉ែត្រ ​និង​ជម្រៅ ៧០​ម៉ែត្រ រួម​ទាំង​ដី​កសិកម្ម​ចំនួន​៣​ហិកតា​ផងដែរ។

រដ្ឋ​បាល​ខេត្ត​បាន​បញ្ជាក់​ថា៖«គ្មាន​គោលការណ៍​ណែ​នាំ ​ឬការ​អនុញ្ញាត​ពី​រាជ​រដ្ឋាភិបាល ​ក៏​ដូច​ជា​ក្រសួង ​ស្ថាប័ន​ពាក់​ព័ន្ធ​ណា​មួយ​ ក្នុង​ការ​បែង​ចែក​ដី​ជូន​ប្រជាពល​រដ្ឋ​នោះ​ទេ។ ព័ត៌​មាន​នេះ ​គឺ​ជាការ​បំផុស​បំផុល​ពី​សំណាក់​ក្រុម​មេខ្យល់ ក្នុង​គោល​បំណង​បោក​ប្រាស់​ពលរដ្ឋ​ស្លូត​ត្រង់»។ 

រដ្ឋ​បាល​ខេត្ត ​ក៏​បាន​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ ​កុំ​ឱ្យ​ចាញ់​បោក​តាម​ការ​សន្យា​របស់​ក្រុម​មេ​ខ្យល់​ ដែលនាំ​ឱ្យ ខាត​បង់​ទ្យ​ព្យ​សម្ប​ត្តិ។

រដ្ឋ​បាល​ខេត្ត​ក៏​បាន​ឱ្យដឹង​ផង​ដែរ​ថា ​នាពេល​បច្ចុប្បន្ននេះ​ ខេត្ត​មណ្ឌលគិរី ​មាន​ដី​សម្បទាន​សង្គម​កិច្ច​១​កន្លែង ស្ថិត​នៅ​ក្នុង​ស្រុក​កោះ​ញែក ​សម្រាប់​ផ្តល់​ជូន​ប្រជាពលរដ្ឋក្រី​ក្រ ​និង​គ្មាន​ដី​ពិត​ប្រាកដ​។ ប្រជាពល​រដ្ឋ​ អាច​ដាក់​ពាក្យ​ស្នើ​សុំ​តាម​រយៈ ​អាជ្ញាធរ​មូល​ដ្ឋាន ​ភូមិ ​ឃុំ ​ស្រុក ​ដើម្បី ​រដ្ឋ​បាល​ខេត្ត​ពិនិត្យ​លទ្ធភាព ​និង​ផ្តល់​ជូន​តាម​ការ​ជាក់​ស្តែង។

លោក​នាង វណ្ណៈ​នាយក​រដ្ឋ​បាល​ខេត្ត​មណ្ឌលគិរី​បាន​ឱ្យ​ដឹង​ថា ​អាជ្ញាធរ​ខេត្ត​កំពុង​តែ​រៀប​ចំក្រុម​ការងារ ​ដើម្បី​ចុះ​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​នឹង​ករណី​នេះ ​ដើម្បី​មាន​វិធាន​ការ​ទៅ​តាម​ផ្លូវ​ច្បាប់។

លោក​ថ្លែង​ថា៖« កន្លង​មក​ មាន​ជន​ខិល​ខូច​បោក​ប្រាស់​ពលរដ្ឋ សន្យា​អញ្ចេះ ​សន្យា​អញ្ចុះ ​អស់​លុយ​ពល​រដ្ឋ​ច្រើន​ដែរ។ នេះ​គឺ​ជា​គំនិត​ដ៏​ខ្មៅក​ខ្វក់​របស់​ជន​ជា​មេ​ខ្យល់​នេះ។ ករណី​នេះ ​ខេត្ត​នឹង​មាន​វិធាន​ការ​ចំពោះ​បុគ្គល​ដែល​បាន​ប្រ​ព្រឹត្ត»៕