ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃថៃ ប្ដេជ្ញាសហការគ្នាដោះស្រាយបញ្ហាឆបោកតាមអនឡាញ ការជួញដូរគ្រឿងញៀន និងបទល្មើសផ្សេងទៀត នៅក្នុងកិច្ចប្រជុំដោយឡែកនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨។ នេះបើតាមក្រសួងមហាផ្ទៃថៃ។
ការប្ដេជ្ញាប្រឆាំងបទល្មើសដែលមានលក្ខណៈសាកលនេះ ធ្វើឡើងក្នុងជំនួបរវាងលោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ និងលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ក្នុងជំនួបនៅទីក្រុងភ្នំពេញ នៅថ្ងៃទី២៤ ខែតុលានេះ។
បើតាមក្រសួងមហាផ្ទៃថៃ ភាគីទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការនិងកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបញ្ហាដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព រួមទាំងទីតាំងសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមអនឡាញ និង បញ្ហាគ្រឿងញៀន។
ទំព័រហ្វេសប៊ុកក្រសួងមហាផ្ទៃសរសេរថា៖ «ប្រទេសទាំងពីរមានគោលដៅអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាយ៉ាងហ្មត់ចត់ពាក់ព័ន្ធនឹងការបង្ក្រាទៅលើក្រុមជនល្មើសនៅមណ្ឌលឆបោក និងឧក្រិដ្ឋកម្មគ្រឿងញៀន»។
ទំព័រហ្វេសប៊ុកដដែលបន្តថា៖ «ចំណុចសំខាន់មួយនៃការពិភាក្សា ហើយមានភាពរីកចម្រើនច្រើននោះគឺការដោះស្រាយបទល្មើសតាមអនឡាញ ដូចជាការឆបោកនៅមណ្ឌលហៅចេញ ដែលបានបោកប្រាស់សាធារណជនតាមរយៈប្រព័ន្ធទំនាក់ទំនង។ កម្ពុជាសហការយ៉ាងល្អក្នុងកិច្ចការនេះ។ ភាគីទាំងពីរបានយល់ស្របគ្នាថា នឹងមិនអនុញ្ញាតឲ្យឧក្រិដ្ឋជនប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើសកម្មភាពខុសច្បាប់ រួមមានទាំងការជួញដូរគ្រឿងញៀនសម្រាប់នាំចេញទៅប្រទេសទី៣»។
ការប្ដេជ្ញាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ក៏ជាចំណុចមួយចែកនៅក្នុងលទ្ធផលនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៨ ផងដែរ។
កាលពីថ្ងៃទី២៣ រដ្ឋមន្ត្រីមហាផ្ទៃថៃ លោក Anutin ក៏បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផងដែរ ដោយលោកបានបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ។
លោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឲ្យប្រទេសទាំងពីរបើកច្រកព្រំដែនបន្ថែមទៀត ដើម្បីជំរុញការធ្វើពាណិជ្ជកម្មឆ្លងព្រំដែន ទេសចរណ៍ និងទំនាក់ទំនងប្រជាជននិងប្រជាជន។ លោកចង់ឲ្យភាគីទាំងពីរពន្លឿនការបើកច្រកព្រំដែនស្ទឹងបត់-បានណងអៀង ឲ្យបានឆាប់។
កាលពីខែកញ្ញា អង្គការ UNDP បានរៀបចំសិក្ខាសាលាមួយជាមួយក្រសួងពាក់ព័ន្ធនៅកម្ពុជាអំពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមអនឡាញនៅកម្ពុជា។ ការឆបោកតាមអនឡាញនៅលើពិភពលោក មានរាប់ចាប់ពីការលួចទិន្នន័យអនឡាញ ការបន្លំខ្លួនលើអនឡាញ ការឆបោកតាមការទិញលក់ និងការជ្រើសរើសបុគ្គិល ជាដើម។
អ្នកស្រី Alissar Chaker អ្នកតំណាង UNDP ប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជាគឺជាប្រទេសដំបូងគេមួយដែលចួលរួមនៅកម្រិតថ្នាក់ជាតិ ក្នុងការយល់ដឹងអំពីបញ្ហានេះក្នុងមូលដ្ឋានរបស់ខ្លួន និងបានប្រឹងប្រែងតាមបែបបុរេសកម្មដើម្បីឆ្លើយតបទៅនឹងបទល្មើសឆបោកតាមឌីជីថល៕