ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត បាន​លើក​ឡើង​ថា សកម្មភាព​របស់​មនុស្ស​កំពុង​បណ្តាល​ឱ្យ​មាន​​ការ​ប្រែប្រួល​អាកាសធាតុ រួម​ទាំង​រលកកម្តៅ ភ្លៀង​ធ្លាក់​ខ្លាំង និង​គ្រោះ​រាំងស្ងួត​កាន់​តែ​ញឹកញាប់​និង​ធ្ងន់ធ្ងរ។

ការ​លើក​ឡើង​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ឆ្នាំ​២០២៤ (the Cambodia Climate Change Forum 2024-CCCF24) ដែល​បាន​នឹង​កំពុង​ធ្វើ​ឡើង​ក្នុង​ក្រុង​ព្រះសីហនុ ចាប់​ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៥ ខែ​តុលា​នេះ។ នេះ​បើ​យោង​តាម​ក្រសួង​បរិស្ថាន។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​បរិស្ថាន​សហការ​ជាមួយ​អង្គការ Mekong Future Initiative (MFI) ដែល​មាន​ការ​ចូលរួម​ពី​មន្ត្រី​ជាន់​ខ្ពស់​រាជរដ្ឋាភិបាល មន្ត្រី​ការទូត មន្ត្រី​រាជការ ដៃគូ​អភិវឌ្ឍន៍ អ្នក​ជំនាញ​អាកាសធាតុ វិស័យ​ឯ​កជន និង​អង្គការ​សង្គម​ស៊ីវិល​នានា ភ្ញៀវជាតិ និង​អន្តរជាតិ​ព្រម​ទាំង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ជាង​៣០០នាក់។

លោក អ៊ាង សុផល្លែត ដែល​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ផង​នោះ​បាន​មាន​ប្រសាសន៍​បន្ត​ថា៖​ «ដូច្នេះ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ​កម្រិត​សកល ​គឺ​អនុវត្ត​វិធានការ​កាត់​បន្ថយ និង​បន្ស៊ាំ កសាងភាព​ធន់​របស់​សហគមន៍ ងាយ​រងគ្រោះ​ប្រឆាំង នឹង​ផល​ប៉ះពាល់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង ការ​ប្តេជ្ញា​ចិត្ត​ហិរញ្ញវត្ថុ​អាកាស​ធាតុ​ចំនួន​ ១០០​ពាន់​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ប្រទេស​កំពុង​អភិវឌ្ឍន៍»។

លោករដ្ឋមន្រ្តី​មាន​ប្រសាសន៍​ថា ការ​ជួបជុំ​នេះ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិការ​និង​សាមគ្គីភាព​ដ៏​រឹងមាំ​រវាង​ក្រសួង វិស័យ​សាធារណៈ​និង​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍ ក្នុង​ការ​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត និង​ការ​ខិតខំ​ប្រឹងប្រែង ពិសេស​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​ការ​ប្រែប្រួល​អាកាសធាតុ​ដែល​ជា​បញ្ហា​សកល។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «កម្ពុជា​ងាយ​រងគ្រោះ​ខ្លាំង​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ ដោយ​ការ​កើន​ឡើង​សីតុណ្ហភាព ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កាត់​បន្ថយ​ផលិតភាព​ក្នុង​វិស័យ​កសិកម្ម នេសាទ និង​ព្រៃឈើ និង​​កាត់​បន្ថយ​ផលិត​ភាព​ការងារ​នៅ​ទូទាំង​វិស័យ​ភាគច្រើន»។

ក្នុង​ឱកាស​នោះ កម្ពុជា​បាន​ធ្វើការ​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ និង​អន្តរជាតិ ឱ្យ​បន្ត​ចូល​រួម​ធ្វើ​សកម្មភាព​ឱ្យ​កាន់តែ​ច្រើន​ក្នុង​ការ​ដោះស្រាយ​ចំពោះ​ការ​ប្រែប្រួល​អាកាសធាតុ ខណៈ​បញ្ហា​នេះ បាន​និង​កំពុង​គំរាមកំហែង​យ៉ាង​ធ្ងន់ធ្ងរ​និង​កើនឡើង​ចំពោះ​សុខុមាលភាព​របស់​មនុស្ស​និង​ភព​ផែនដី​ដែល​មាន​សុខភាព​ល្អ។

វេទិកា​នេះ​នឹង​រួម​ចំណែក​ដល់​ការ​ត្រៀម​រៀបចំ​របស់​កម្ពុជា​សម្រាប់​សន្និសីទ​កំពូល​ក្របខណ្ឌ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​លើក​ទី​២៩ (CoP29) នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។

វេទិកា​នេះ​ត្រូវ​បាន​បើក​ចាប់​ផ្តើម​ដំណើរ​ការ​ដោយ លោក អ៊ាង សុផល្លែត លោក Jason Kalbfleisch នាយករង​បេសកកម្ម​ស្តីទី​របស់​ស្ថានទូត​សហរដ្ឋអាមេរិក លោក​ Derek Yip ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ប្រទេស​កម្ពុជា និង​លោក Dominic Williams ឯក​អគ្គរាជទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ផងដែរ។

វេទិកា​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ចម្បង​ដោយ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍន៍​អន្តរជាតិ (USAID) និង​អ្នក​ឧបត្ថម្ភ​បន្ទាប់ពី​ស្ថានទូត​អូស្ត្រាលី។

លោក Jason Kalbfleisch បាន​ថ្លែង​ក្នុង​ឱកាស​នោះ​ថា ក្នុង​រយៈពេល ៣​ទសវត្សរ៍​កន្លង​មក​នេះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​វិនិយោគ​ជាង ៣​ពាន់​លាន​ដុល្លារ ក្នុង​ការ​អភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា។ ក្នុង​នោះ​ចំនួន ១០០​លាន​ដុល្លារ ក្នុង​គោលបំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ នៅ​ក្នុង​រយៈពេល ៦​ឆ្នាំ​ចុង​ក្រោយ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ។

លោក​បាន​បន្ថែម​ទៀត​ថា «ក្នុង​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់ យើង​នឹង​បង្ហាញ​គម្រោង​ចំនួន ៥ របស់ USAID ដែល​សង្កត់​ធ្ងន់​លើ​ដំណោះស្រាយ​ដែល​បាន​បង្កើត​ឡើង​ក្នុង​មូលដ្ឋាន ការ​ផ្តល់​ហិរញ្ញប្បទាន​អាកាសធាតុ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត ព្រម​ទាំង​តួនាទី​ដ៏​សំខាន់​របស់​យុវជន និង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅក្នុង​យុទ្ធសាស្រ្ត​អាកាសធាតុ​រយៈពេល​វែង»។

លោកបន្តថា ជាមួយ​គ្នា​នេះ ស្ថានទូត​កំពុង​ជំរុញ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ​ដែល​ប្រកប​ដោយ​និរន្តរភាព និង​កសិកម្ម​ឆ្លាតវៃ នៃ​អាកាសធាតុ​ដោយ​ជួយ​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​អាកាសធាតុ​របស់​ខ្លួន​ក្រោម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។

វេទិការនេះ​រួមមាន​កិច្ច​ពិភាក្សា​ចំនួន​២៤ ដែល​ផ្តោត​ទៅ​លើ​ថាមពល​កកើត​ឡើងវិញ ហិរញ្ញវត្ថុ​អាកាសធាតុ ទីផ្សារ​កាបោន និង​គោលដៅ​អភិវឌ្ឍន៍ ប្រកប​ដោយ​ចីរភាព​ក្នុង​ចំណោម​ប្រធាន​បទ​ផ្សេងៗ​ទៀត។

វេទិកា​នេះ​ក៏​មាន​ការ​ពិភាក្សា​ចំនួន​ ៥​ជាមួយ​យុវជន​ដែល​ជាអ្នក​ដឹកនាំ​ដើម្បី​រួម​ចំណែក​ដល់​អនាគត​ដែល​ប្រកប​ដោយ​ចីរ ភាព​របស់​កម្ពុជា​ផងដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ដដែល​នេះ៕