លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រើនរំលឹកឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់កុំឲ្យចាញ់បោកតាមប្រព័ន្ធបច្ចេកវិទ្យាឬអនឡាញ និងប្រាប់ឲ្យសមត្ថកិច្ចទប់ស្កាត់បទល្មើសនេះ ខណៈដែលជនល្មើសព្យាយាមបោកប្រាស់គ្រប់គោលដៅ រួមទាំងលោកនាយករដ្ឋមន្ត្រីផងដែរ។
លោក ហ៊ុន ម៉ាណែត បានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ «ទំនប់អូរតេធិបតី» ក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៤ ខែតុលាថា៖ «ឥឡូវនេះលឿន ផ្សព្វផ្សាយតាមតេឡេក្រាមបបួលទិញនេះទិញនោះ ហើយអ្នកខ្លះចូលមកប្រើឈ្មោះពួកម៉ាកខ្ញុំទៀត ឈ្មោះពួកខ្ញុំ តេឡេក្រាមពួកម៉ាកខ្ញុំ មកសុំខ្ចីលុយ ៥០០ដុល្លារ ថាគេជាប់នៅអ៊ីតាលី ទៅលេងនៅហ្នឹង ចោរលួចកាបូបអស់ហើយ។ អីចឹងសុំ ផ្ញើ៥០០ឲ្យមក បាញ់តាមនេះមក។ ខ្ញុំសួរទៅពួកម៉ាកខ្ញុំថា ចុះម៉េចបានទៅជាប់នៅអ៊ីតាលី? គាត់ថា ខ្ញុំមានទៅឯណា ខ្ញុំនៅស្រុកខ្មែរតើ»។
លោកបន្តថា៖ «អត់ទេ! ប្រយ័ត្នប្រយែងមែនទែន បច្ចេកវិទ្យានេះ។ សមត្ថកិច្ចយើងបានធ្វើការងារច្រើនទាំងក្រសួងមហាផ្ទៃ ទាំងក្រសួងប្រៃសណីយ៍ ទាំងក្រសួងជំនាញ ប្រយ័ត្នប្រយែងមែនទែន។ អីចឹងបច្ចេកវិទ្យានេះពិបាក ហើយការប្រើប្រាស់សូមឲ្យប្រុងប្រយ័ត្ន ហើយសុំឲ្យសមត្ថកិច្ចរបស់យើង ជាពិសេសខាងជំនាញ ទប់ស្កាត់ ព្រោះមានការបោកប្រាស់អីតាមអនឡាញច្រើនដែលយើងត្រូវប្រយ័ត្នប្រយែង»។
បច្ចុប្បន្ននេះ ការបោកប្រាស់នៅលើប្រព័ន្ធបច្ចេកវិទ្យា ឬអនឡាញ មានរូបភាពផ្សេងៗ ដូចជាការបន្លំធ្វើជាសាច់ញាតិ ឬ មិត្តភ័ក្ត្រដែលជួបបញ្ហាហើយសុំខ្ចីប្រាក់ ការលក់របស់ក្លែងក្លាយ ការរៃអង្គាសក្រោមហេតុផលសប្បុរសធម៌ និងការលួចទិន្នន័យផ្សេងៗ។ ក្រៅពីនេះក៏នៅមានការឆបោកទ្រង់ទ្រាយធំដូចជាការជ្រើសរើសបុគ្គលិកក្លែងក្លាយ ដែលទីបញ្ចប់ជនរងគ្រោះត្រូវបង្ខំឲ្យធ្វើការជាអ្នកប្រព្រឹត្តបទល្មើសអនឡាញដោយខ្លួនឯង ការវិនិយោគក្លែងក្លាយ។
យោងតាមសម្ព័ន្ធប្រឆាំងនឹងបទល្មើសឆបោកសាកល (GASA) បានឲ្យដឹងថា បទល្មើសឆបោកតាមអនឡាញកំពុងកើនឡើងនៅលើពិភពលោក ដែលកាលពីឆ្នាំមុន មនុស្សទូទាំងពិភពលោកបាត់បង់ប្រាក់ចំនួនជាង ១ ទ្រីលានដុល្លារ។
នៅក្នុងរបាយការណ៍ចុងក្រោយ Asia Scam Report 2024 ដែលនិយាយអំពីការឆបោកនៅតំបន់អាស៊ី ក្រុមការងារសម្ព័ន្ធនេះបានស្រាវជ្រាវលើមនុស្សចំនួន ២៤៧៣១ នាក់នៅឆ្នាំ២០២៤នេះ នៅក្នុងប្រទេសចំនួន១៣ (មិនមានកម្ពុជា) ដោយបានរកឃើញថា ទឹកប្រាក់ប្រមាណ ៦៨៨,៤២ពាន់លានដុល្លារត្រូវបានបាត់បង់ទៅលើបទល្មើសឆបោកតាមអនឡាញ។
របាយការណ៍ដដែលបានឲ្យដឹងថា បញ្ហាប្រឈមក្នុងការទប់ស្កាត់គឺការផ្ទេរប្រាក់តាមប្រព័ន្ធរហ័ស ដែលធ្វើឲ្យពួកជនល្មើសអាចកេងចំណេញពីប្រព័ន្ធនេះ ដោយសារតែការដែលផ្ទេរប្រាក់ហើយ អ្នកផ្ទេរមិនអាចទាញត្រឡប់មកវិញបាន។
ក្រុមអ្នកទីប្រឹក្សានៅ GASA លើកឡើងថា បន្ថែមលើការអនុវត្តច្បាប់ ការអប់រំអំពីបញ្ហានេះគឺជារឿងចាំបាច់ លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីល្បិចកលរបស់ជនល្មើស និងការរាយការណ៍សកម្មភាពឆបោកទៅសមត្ថកិច្ច។
ស្ថានទូតបរទេសមួយចំនួននៅកម្ពុជា ធ្លាប់បានចេញសេចក្ដីប្រកាសឲ្យពលរដ្ឋរបស់ខ្លួនប្រុងប្រយ័ត្នចំពោះការជ្រើសរើសបុគ្គលិកក្លែងក្លាយដែលអាចឲ្យជនរងគ្រោះធ្លាក់ចូលក្នុងការបង្ខិតបង្ខំឲ្យប្រព្រឹត្តបទល្មើសឆបោក។
អ្នកវិភាគថ្លែងថា អាជ្ញាធរកម្ពុជាគួរដោះស្រាយបញ្ហានេះ ពីព្រោះវាធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់មុខមាត់របស់ប្រទេសកម្ពុជា។
លោក ប៉ា ច័ន្ទរឿន ច័ន្ទរឿន នាយកប្រតិបត្តិវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ថ្លែងថា៖ «វាប៉ះពាល់ធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់កម្ពុជា នៅក្នុងឆាកអន្តរជាតិនិងវិស័យវិនិយោគ ទេសចរណ៍ និង ទំនាក់ទំនងផ្សេងៗ»។
លោកបន្តថា ដោយសារតែរឿងនេះវាផ្ទុះឡើងនិងក្លាយជារឿងតំបន់ពាក់ព័ន្ធនឹងប្រទេសជាច្រើន ទាំងប្រទេសដែលជនល្មើសធ្វើសកម្មភាព និងប្រទេសនៃជនគ្រោះ ប្រទេសទាំងអស់គួរធ្វើការរួមគ្នា ដោយតម្លាភាព។
លោកថ្លែងថា៖ «កម្ពុជាត្រូវតែដោះស្រាយបញ្ហានេះ និងលាងជម្រះនូវមន្ទិលសង្ស័យ និងលាងនូវកេរ្តិ៍ឈ្មោះដែលខូចខាតដោយសារតែបទល្មើសឆបោកអនឡាញ និងឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា»៕