ភ្នំពេញៈ ក្រសួងមហាផ្ទៃអំពាវនាវឱ្យមានការថែរក្សាអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរឱ្យបានត្រឹមត្រូវ បន្ទាប់ពីមានករណីយកទៅប្រើប្រាស់ ដេញហ្គីតា ខណៈដែល អត្តសញ្ញាណប័ណ្ណរហូតដល់ទៅ១៨ម៉ឺនសន្លឹកបានបាត់បង់ ខូចខាត ឬស្នើកែតម្រូវក្នុង១ឆ្នាំៗ។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃបានសង្កេតឃើញថា រហូតមកដល់ពេលបច្ចុប្បន្ននេះនៅតែមានប្រជាពលរដ្ឋមួយចំនួនតូច មិនបានយល់ដឹងពីសារៈសំខាន់ នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះទេ។ ពួកគេ បានប្រើប្រាស់ខុសពីគោលបំណងនៃការផ្តល់ជូន ដោយមិនបានប្រុងប្រយ័ត្ន និងមិនបានថែរក្សាឱ្យបាន ត្រឹមត្រូវគត់មត់នោះទេ។
ជាក់ស្តែងនាពេលថ្មីៗនេះ មានករណីផ្សព្វផ្សាយវីដេអូពីពលរដ្ឋម្នាក់ ដែលបានយកសន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ ធ្វើជាឧបករណ៍ ដេញហ្គីតា លេងកម្សាន្ត ដែលបណ្តាលឱ្យបាក់ របក ខូច។ នេះជាទង្វើមិនគប្បី និងជាគំរូមិនល្អ។
អគ្គនាយកដ្ឋាន បានឱ្យដឹងថា ក្នុងគោលបំណងគាំពារប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានទទួលបន្ទុកចំណាយទាំងស្រុងទៅលើ ការផលិត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ។
អគ្គនាយកដ្ឋានបញ្ជាក់ថា៖«ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឱ្យខូចខាតអសារបង់ ដែលជាការខ្ជះខ្ជាយការចំណាយថវិការដ្ឋ»។
អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការដ៏មានសារៈសំខាន់ សម្រាប់បញ្ជាក់អត្តសញ្ញាណ ជាពលរដ្ឋខ្មែរ និងត្រូវផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីទទួលបាន នូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល។
ប្រជាពលរដ្ឋដែលទទួលបាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររួចហើយ ត្រូវថែរក្សាឱ្យបានល្អ បង្ការការបាត់ ឬខូច ដើម្បីទុកប្រើប្រាស់ជា ប្រយោជន៍ផ្សេងៗតាមការកំណត់នៃច្បាប់។ នេះបើយោងតាមសេចក្តីប្រកាស របស់ក្រសួងមហាផ្ទៃ ស្តីពី នីតិវិធី លក្ខខណ្ឌ នៃការសុំផ្តល់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។
អគ្គនាយកដ្ឋាន បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុង ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថា៖«សូមមេត្តាយកចិត្តទុកដាក់ថែរក្សាឱ្យបានគត់មត់ ដើម្បីជួយសន្សំ សំចៃថវិការដ្ឋ និងលើកតម្លៃអត្តសញ្ញាណរបស់ជាតិយើង»។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកទូច សុឃៈ ក៏បានឱ្យដឹងផងដែរថា ក្នុងមួយឆ្នាំៗ មានពលរដ្ឋមិនតិចនាក់ទេ ដែលជួបប្រទះបញ្ហាទាក់ទងនឹងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ក្នុងនោះ អ្នកខ្លះមានការធ្វេសប្រហែស ធ្វើឱ្យបាត់ ឬទុកដាក់មិនបានត្រឹមត្រូវ និងខ្លះទៀតបានធ្វើឱ្យខូច ក្រោមរូបភាពយកទៅកេះ គាស់ ឬឆ្កឹះរបស់រឹងដែលបណ្ដាលឱ្យបាក់ ឬខ្លះទុកឱ្យត្រូវថ្ងៃខ្លាំង ឬទទឹកភ្លៀង។ លើសពីនោះ អ្នកខ្លះទៀតថែមទាំងយកអត្តសញ្ញាណប័ណ្ណនោះទៅធ្វើជាវត្ថុបញ្ចាំខុសពីគោលការណ៍ច្បាប់។
លោកបានបន្តថា មកពីមូលហេតុទាំងនេះហើយ ទើបបានជាក្នុងមួយឆ្នាំៗ មន្រ្តីទទួលបន្ទុកការងារអត្តសញ្ញាណកម្ម បានទទួលការស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណឡើងវិញ ពីប្រជាពលរដ្ឋជាច្រើននាក់។
លោកបញ្ជាក់ថា៖«ជាក់ស្ដែងរបាយការណ៍ពីអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងថាក្នុងមួយឆ្នាំៗ គ្រាន់តែអ្នកបាត់បង់ ខូចខាត ឬស្នើកែតម្រូវ មានប្រមាណពី១៥ ទៅ១៨ម៉ឺនសន្លឹក ឬនាក់»។
លោកបានចោទសួរ បែបពញ្ញាក់ស្មារតីដល់សាធារណជនថា ក្រៅពីហេតុផលខាងលើ តើព្រោះតែសេវាធ្វើអត្តសញ្ញាណប័ណ្ណថ្មី ឬសេវាស្នើសុំឡើងវិញនេះ រដ្ឋមិនបានយកកម្រៃ ឬយ៉ាងណា?
លោកក៏បានឱ្យដឹងផងដែរថា អត្តសញ្ញាណប័ណ្ណ ដែលត្រូវបានប្រើប្រាស់យកទៅលេងហ្គីតានោះនៅមានសុពលភាពរហូតដល់ឆ្នាំ២០៣១ឯនោះ។ ទោះយ៉ាងណា ទង្វើនេះក៏ទទួលបានការរិះគន់យ៉ាងខ្លាំង ពីអ្នកប្រើប្រាស់បណ្ដាញសង្គម រហូតមានការអំពាវនាវសមត្ថកិច្ចចាត់វិធានការលើបុគ្គលនោះ ដើម្បីកុំឱ្យមានអ្នកយកតម្រាប់តាម និងក៏ ដើម្បីជំរុញចលនា«ស្រលាញ់អត្តសញ្ញាណប័ណ្ណ»ផងដែរ។
យោងតាមអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានឱ្យដឹងថា កន្លងមក មានប្រជាពលរដ្ឋខ្មែរជិត ១៣លាននាក់ បានបំពេញបែបបទ និងទទួលបានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ប្រើប្រាស់៕