កម្ពុជាគ្រោងនឹងបើកស្ថានអគ្គកុងស៊ុលរបស់ខ្លួននៅខេត្តហឺណាន ប្រទេសចិន នាពេលខាងមុខនេះ ដើម្បីជំរុញទេសចរណ៍ និងការវិនិយោគជាមួយនឹងខេត្តដែលមានប្រជាជនប្រមាណ ១០០លាននាក់នេះ។ អ្នកជំនាញយល់ថា កម្ពុជាគួរបង្កើតស្ថានកុងស៊ុលឲ្យបានច្រើន ខណៈដែលកម្ពុជានឹងចិនមានទំនាក់ទំនងល្អជាមួយគ្នា។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ ទី២៥ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សហការជាមួយស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបើកស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តហឺណាន ដោយលោកចាត់ទុកខត្តនេះថា ជា«គោលដៅសំខាន់និងមានសក្ដានុពលខ្ពស់»។
ផែនការបើកស្ថានកុងស៊ុលនេះ ក៏ត្រូវបានបង្ហើបឲ្យដឹងដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានទៅចូលរួមកម្មវិធីបង្ហាញក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីញ នៅក្នុងខេត្តនេះ កាលពីពេលថ្មីៗ។
លោក ហួត ហាក់ លើកឡើងថា ពលរដ្ឋនៅខេត្តហឺណានមានប្រមាណ ១០០លាននាក់ ប៉ុន្តែហើយរាប់បញ្ចូលពលរដ្ឋនៅខេត្តជិតៗនេះ អាចមានចំនួនច្រើនជាងនេះឆ្ងាយណាស់។ លោករំពឹងថា ការបើកកុងស៊ុលខ្មែរនៅខេត្តនេះ នឹងអាចទាក់ទាញទេសចរណ៍បាន ១ លាននាក់ក្នុងមួយឆ្នាំ ហើយនឹងចំនួននេះនឹងបន្តកើនឡើង។
ក្រសួងទេសចរណ៍និងស្ថាប័នពាក់ព័ន្ធ រួមជាមួយស្ថានទូតចិនប្រចាំកម្ពុជាបានរៀបចំ «ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន» នៅមុខសួនព្រះរាជដំណាក់ខេត្តសៀមរាប ពីថ្ងៃសៅរ៍ ទី២៦ ដល់ថ្ងៃទី២៧ ខែតុលា។
លោករដ្ឋមន្ត្រី ហួត ហាក់ បានថ្លែងក្នុងពិព័រណ៍ម្ហូបអាហារនេះថា នៅឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៥,៤៥លាននាក់ កើនឡើង ១៣៩,៥% ក្នុងនោះមានទេសចរចិនចំនួន៥៤៧,៧៩៨នាក់ កើនឡើង ៤១២,៦%។ សម្រាប់រយៈពេលប្រាំបីខែឆ្នាំ២០២៤នេះ ទេសចរចិនមានចំនួន ៥៣៨,៨៣៤នាក់ កើនឡើង ៤៧,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកថ្លែងថា៖ «តាមការព្យាករណ៍ កម្ពុជានឹងទទួលបាន ទេសចរអន្តរជាតិចំនួន ៧លាននាក់ ក្នុងនោះទេសចរចិនមានជាង ២លាននាក់ នៅឆ្នាំ២០២៥»។
លោកបន្តថា៖ «អនាគតនៃវិស័យទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ពីការស្រូបទាញកំណើននៃលំហូរទេសចរ និងវិនិយោគិនចិនបានឡើយ។ កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរ និងវិនិយោគិនចិន តាមរយៈការសម្រួលបរិយាកាសទទួលបដិសណ្ឋារកិច្ចល្អ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ទេសចរ និងវិនិយោគិនរបស់មិត្តចិននៅកម្ពុជា»។
លោកក៏ស្នើឲ្យស្ថានទូតចិនប្រចាំកម្ពុជា បន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ពិសេសជំរុញការផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ប្រពៃណី ម្ហូបអាហារ និងសក្ដានុពលទេសចរណ៍សំខាន់ៗដ៏សម្បូរបែបរបស់កម្ពុជា ទៅដល់ប្រជាជននៅគ្រប់ខេត្ត ក្រុងនានា ក៏ដូចជាជំរុញឱ្យមានជើងហោះហើរត្រង់រវាងខេត្ត ក្រុងនានានៃប្រទេសចិនមកកម្ពុជា។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភា ថ្លែងថា កម្ពុជាចិនមានទំនាក់ទំនងល្អជាមួយគ្នា ដូច្នេះកម្ពុជាគួរតែពង្រីកស្ថានអគ្គកុងស៊ុលនៅក្នុងខេត្តជាច្រើនរបស់ចិន ដើម្បីជំរុញ និងទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឲ្យមកកម្ពុជាកាន់តែច្រើន។
លោកថ្លែងថា៖ «ខ្ញុំគិតថានេះ ជាជំហានដ៏ល្អមួយទៀតដែលយើងបង្កើតស្ថានកុងស៊ុលនៅខេត្តនេះ។ ខ្ញុំគិតថា កម្ពុជាអាចទទួលបានអត្ថប្រយោជន៍ច្រើនពីការបង្កើតកុងស៊ុលនេះ។ កិច្ចការនេះដំណើរការមួយដែលជំរុញការវិនិយោគ និងទេសចរណ៍ពីខេត្តហឺណាន។ ខេត្តនេះមានប្រជាជន១០០លាននាក់ គឺច្រើនណាស់។ បើយើងអាចទាក់ទាញបានតែផ្នែកណាមួយនោះ យើងមានទទួលបានប្រាក់ចំណូលច្រើន»។
លោកលើកទឹកចិត្តឲ្យកុងស៊ុលនេះផ្ដល់សេវាពាក់ព័ន្ធ និងសម្រួលការងារទាំងនោះឲ្យរលូន ចៀសវាងបញ្ហាការិយាធិបតេយ្យស្មុគស្មាញ តម្លៃទិដ្ឋាការមានតម្លៃសមរម្យ និងប្រឹងប្រែងផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីសក្ដានុពលវិនិយោគ និងទេសចរណ៍នៅប្រទេសកម្ពុជា។
បន្ថែមពីលើនេះ កម្ពុជានិងចិន ជាពិសេសអាជ្ញាធរខេត្តហឺណាន គួរបង្កើតកញ្ចប់ទេសចរណ៍ ដើម្បីឲ្យមានដំណើរកម្សាន្តពីកម្ពុជាទៅហឺណាន និងពីហឺណានមកកម្ពុជាវិញ ដោយធ្វើការជាមួយក្រុមហ៊ុនទេសចរណ៍ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍តាមរយៈការរៀបចំព្រឹត្តិការណ៍ផ្សេងៗទៀត៕