ភ្នំពេញៈ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​អំពាវនាវ​ដល់​ម្ចាស់​អគារ ឬ​ទីតាំង​នៅ​ទូទាំង​ប្រទេស​ឱ្យ​ចូល​រួម​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ពន្លត់​អគ្គិភ័យ និង​ព្រមាន​ប្រើប្រាស់​ផ្លូវ​ច្បាប់​ចំពោះ​ការ​រារាំង​មិន​ឱ្យ​កម្លាំង​ជំនាញ​បំពេញ​ប្រតិបត្តិការ​ដែល​នាំឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​កើតឡើង។

ការ​អំពាវនាវ​ក៏​ដូច​ការ​ព្រមាន​នេះ​ត្រូវ​បាន​ធ្វើឡើង បន្ទាប់ពី​មាន​ហេតុការណ៍​អគ្គិភ័យ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​អគារ​មួយ​កន្លែង ស្ថិត​​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃទី​២៧ ខែ​តុលា​នេះ។ ប៉ុន្តែ​បុរស​ម្នាក់​ដែល​ជា​អ្នក​មើល​ការ​ខុស​ត្រូវ​អគារ​នោះ មិន​បាន​ផ្ដល់​កិច្ច​សហការ​ល្អ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ ដើម្បី​ចូល​សង្គ្រោះ​ហេតុការណ៍​នោះ​ទេ។ នេះ​​បើ​យោង​តាម​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នា​ថ្ងៃទី​២៩ ខែតុលា។ 

នគរបាលជាតិ​បាន​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​ទីតាំង ឬ​ម្ចាស់​អគារ​ទាំងអស់​ថា៖​«ត្រូវ​ផ្ដល់​កិច្ច​សហការ​ឱ្យ​បាន​ល្អ​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពន្លត់​អគ្គិភ័យ នៅ​ពេល​មាន​ហេតុការណ៍​ណា​មួយ​កើតឡើង ដើម្បី​សមត្ថកិច្ច​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​ចេញ​ប្រតិបត្តិការ​សង្គ្រោះ សម្តៅ​ធានា​ដល់​សន្ដិសុខ​និង​សណ្ដាប់​ធ្នាប់​នៅ​ក្នុង​សង្គម»។

ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ លោក​ឧត្តមសេនីយ៍​ឯក នេត វន្ថា បាន​លើក​ឡើង​ថា ការ​រារាំង ឬ​មិន​បង្ក​លក្ខណៈ​ឱ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​បំពេញ​ប្រតិបត្តិការ​ដែល​នាំឱ្យ​មាន​ហេតុការណ៍​ធ្ងន់ធ្ងរ​កើតឡើង គឺជា​អំពើ​ខុស​ច្បាប់ រហូត​ត្រូវ​កំណត់​ដាក់​ពន្ធនាគារ​ថែម​ទៀត​ផង ដោយ​ផ្អែក​ទៅ​តាម​មាត្រា២៨ នៃ​ច្បាប់​ស្ដីពី​ការ​បង្ការ និង​ការ​ពន្លត់​អគ្គិភ័យ​ឆ្នាំ​២០១៣។

លោក​ឧត្តម​សេនីយ៍ឯក​បញ្ជាក់​ថា៖ «ករណី​រារាំង​បែប​នេះ ទើប​ឃើញ​មាន​ហ្នឹង​មួយទេ ​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ។ យើង​ធ្វើ​ការ​អំពាវនាវ ដើម្បី​ចង់​ឱ្យ​ម្ចាស់​គោលដៅ​ទាំងអស់ ពេល​មាន​អគ្គិភ័យ ត្រូវ​តែ​មាន​សហការ​ជាមួយ​ជំនាញ ច្បាប់​កំណត់​អញ្ជឹង ដូច​មាន​ចែង​ក្នុង​មាត្រា​ទី​២៨​អញ្ជឹង»។ 

ហេតុការណ៍​អគ្គិភ័យ​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​អគារ​មួយ​កន្លែង ស្ថិត​​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ​កាល​ពី​យប់​ថ្ងៃទី​២៧ ខែ​តុលា​នេះ។ រូបថត ​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ

ច្បាប់​ស្ដីពី​ការ​បង្ការ និង​ការ​ពន្លត់​អគ្គិភ័យ​មាត្រា​២៨ បាន​ចែង​ថា «អំពើ​រារាំង​បង្ក​ឧបសគ្គ​ដោយ​ចេតនា​ដល់​សកម្មភាព​ពន្លត់​អគ្គិភ័យ បង្ក​ឱ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ទ្រព្យ​សម្បត្តិ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ២​ឆ្នាំ ដល់ ៥ឆ្នាំ និង​ពិន័យ​​ជា​ប្រាក់​ពី​ ៤​លាន​រៀល​ដល់ ១០​លាន​រៀល»។

លោក​ក៏​បាន​ឱ្យ​ដឹង​ផងដែរ​ថា ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ជា​អ្នក​មាន​ចំណាត់ការ​បន្ត​ចំពោះ​ករណី​រារាំង​នេះ។

លោក ព្រហ្ម យ៉ន នាយ​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​បាន​ឱ្យ​ដឹង​ថា ករណី​នេះ​បាន​កើត​ឡើង​ដោយសារ​តែ​មាន​ការ​ភ័ន្ត​ច្រឡំ​រវាង​អ្នក​មើល​ការ​ខុសត្រូវ​រូប​នោះ​ជាមួយ​នឹង​កម្លាំង​ពន្លត់​អគ្គិភ័យ។ ប៉ុន្តែ​ ភាគី​ទាំង​២ ក៏​បាន​ដោះស្រាយ​បញ្ចប់​រួចរាល់​អស់​ហើយ​ដោយ​ការ​យោគយល់​គ្នា។

ដើម្បី​ចូលរួម​ផ្តល់​សេវា​ទប់ស្កាត់​គ្រោះ​អគ្គិសភ័យ​នៅ​កម្ពុជា មជ្ឈមណ្ឌល​ប្រចាំ​បញ្ជា​សង្គ្រោះ​អគ្គិភ័យ​លើក​ដំបូង​តម្លៃ​ជាង​​៣​លាន​ដុល្លារ​ ត្រូវ​​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​កាល​ពី​សប្តាហ៍​មុន។ 

ក្នុង​រយៈ​ពេល​ ៦ខែ ឆ្នាំ​២០២៤​នេះ គ្រោះ​អគ្គិភ័យ​នៅ​ទូទាំង​ប្រទេស​បាន​កើត​ឡើង​ចំនួន ៧៣៨​លើក ដែល​មាន​ការ​កើន​ឡើង​ ២២២​លើក បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុ​ងឆ្នាំ ២០២៣។ ហេតុការណ៍​នេះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ចំនួន​ ៩នាក់ របួស ២៥នាក់ ឆេះ​ផ្ទះ​៤៥០ខ្នង និង​ចំនួន​តូប ៥០២​ផងដែរ។

លោក នេត វន្ថា និង​លោក ព្រហ្ម​ យ៉ន មិន​មាន​របាយការណ៍​នៅ​ក្នុង​ដៃ​ពី​ករណី​គ្រោះ​អគ្គិភ័យ​ក្នុង​ឆ្នាំ​ ២០២៤ ​នេះ​នោះ​ទេ៕