មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា អបអរសាទរ​ដល់​សិស្ស​ដែល​បាន​ប្រឡង​ជាប់ និង​បង្ហាញ​ជម្រើស​ដល់​សិស្ស​ដែល​មិន​ទាន់​បាន​ជោគ​ជ័យ ស្រប​ពេល​ដែល​លទ្ធផល​ប្រឡង់​បាក់​ឌុប​បង្ហាញ​ពី​ការ​កើន​ឡើង​​នូវ​ចំនួន​សិស្ស​បាន​និទ្ទេស A និង​កំណើន​នៃ​អត្រា​ប្រឡង​ជាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

នៅ​ព្រឹក​ថ្ងៃទី៣០ ខែតុលា នេះ​ក្រសួង​អប់រំ​បាន​បង្ហាញ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ ​សម័យ​ប្រឡង ០៨ តុលា ដែល​បង្ហាញ​ថា បេក្ខជន​ ១០៦ ៣៥១ នាក់​ក្នុង​ចំណោម​ជាង ១៣​ម៉ឺន​នាក់​ បាន​ប្រឡង​ជាប់​ ត្រូវជា ៧៩ ភាគរយ​នៃ​ចំនួន​បេក្ខជន​ដែល​បាន​ប្រឡង។ ចំនួន​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង​ពី​អត្រា​ប្រឡង​ជាប់​​ពី​ ៧២,៨៩​ភាគរយ ឬ​ ៩៨ ៤៦០ ក្នុង​ចំណោម​បេក្ខជន​ជាង ១៣​ម៉ឺន​នាក់​ដូចគ្នា ​កាល​ពី​ឆ្នាំ​២០២៣។

សម្រាប់​បេក្ខជន​ជាប់​និទ្ទេស​ A ​គឺ​មាន​ចំនួន​ ២ ២១៦ នាក់ (ឆ្នាំ​២០២៣​ មាន​ចំនួន ១ ៦៧៣ នាក់), និទ្ទេស B ចំនួន ៩ ៧០១ នាក់ (២០២៣ មាន​ចំនួន​ ៦ ៩៤៦​នាក់)។ បេក្ខជន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល អាច​ទៅ​ពិនិត្យ​ឈ្មោះ​របស់​ពួកគេ​នៅ​ថ្ងៃ​នេះ សម្រាប់​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ស្អែក។

លោកស្រី ឃួន វិច្ឆិកា អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន​ និង​កីឡា បាន​អបអរសាទរ​ដល់​បេក្ខជន​​ទាំង​អស់​ដែល​ទទួល​បាន​ជោគជ័យ​ក្នុង​ការបាន​ប្រឡង​នេះ។​ លោកស្រី​ថ្លែង​អំណរគុណ​ដល់​លោក​គ្រូ​អ្នក​គ្រូ និង​មាតា​បិតា​ដែល​បាន​ចូលរួម​ក្នុង​ការ​សហការ​និង​ជំរុញ​ឲ្យ​សិស្ស​ប្រឹង​ប្រែង​រៀន​សូត្រ​បាន​លទ្ធផល​ល្អ។ លោក​ស្រី​លើក​ទឹក​ចិត្ត​ឲ្យ​បេក្ខជន​ដែល​បាន​ប្រឡង​ជាប់​ជ្រើស​រើស​មុខវិជ្ជា​សិក្សា​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​​និង​ទេពកោសល្យ​របស់​ខ្លួន​ និង​តម្រូវ​ការ​របស់​ទីផ្សារ​ការងារ។

លោកស្រី​ក៏​លើក​ទឹក​ចិត្ត​ និង​បង្ហាញ​ពី​ជម្រើស​មួយ​ចំនួន​ដល់​អ្នក​ដែល​បរាជ័យ​សម្រាប់​ការ​ប្រឡង់​ឆ្នាំ​នេះ ដែល​ជម្រើស​ទី១ ​គឺ​ការ​បន្ត​សិក្សា​មួយ​ឆ្នាំ​ទៀត​នៅ​សាលា​ចំណេះ​ទូទៅ ឬ ដាក់​ពាក្យ​ប្រឡង​ជា​បេក្ខជន​ស្វ័យរិន។ 

ជម្រើស​ទី២ គឺ​ពួក​គេ​អាច​ចាប់​យក​ជំនាញ​តាម​រយៈ​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ ដែល​នឹង​ទទួល​បាន​បរិញ្ញាបត្រ​រង និង​អាច​បន្ត​យក​បរិញ្ញាបត្រ​តាម​រយៈ​ការ​បន្ត​រៀន​ឲ្យ​គ្រប់​ក្រេឌីត​សាលា​កំណត់។ 

លោក​ស្រី​បន្ត​ថា៖ «ជម្រើស​មួយ​ទៀត​គឺ​ការ​សិក្សា​ជំនាញ​ដែល​មាន​តម្រូវការ​ក្នុង​ពេល​បច្ចុប្បន្ន។ ខ្ញុំ​សូម​បញ្ជាក់​ដែរ​ថា ការ​សិក្សា​អប់រំ​បច្ចេកទេស​នា​ពេល​បច្ចុប្បន្ន​នេះ​​មាន​តម្រូវ​ការ​ទីផ្សារ​ច្រើន​ ហើយ​យើង​ពិត​ជា​ត្រូវ​ការ​បុគ្គលិក​ដែល​មាន​ជំនាញ​ច្បាស់​លាស់​សម្រាប់​ការ​បំពេញ​ការងារ។ ការ​សិក្សា​ជំនាញ​មាន​ជម្រើស​ជា​ច្រើន សម្រាប់​ទាំង​អ្នក​ដែល​ពូកែ​ខាង​ផ្នែក​សិក្សា​សង្គម និង​ផ្នែក​វិទ្យាសាស្ត្រ»។

សម្រាប់​លទ្ធផល​ល្អ​នៃ​ការ​ប្រឡង​បាក់​ឌុប​​ឆ្នាំ​២០២៤​នេះ លោកស្រី ឃួន វិច្ឆិកា បាន​ថ្លែង​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប្រែង​ប្រែង​របស់​អ្នក​ពាក់​ព័ន្ធ​ក្នុង​វិស័យ​អប់រំ ការ​ប្រឹងប្រែង​របស់​ក្រសួង​ក្នុង​កំណែ​ទម្រង់​និង​គោល​នយោបាយ ​ការ​កែ​លម្អ​នៅ​តាម​សាលារៀន ដោយ​សហការ​ជាមួយ​ដៃគូ​ពាក់​ព័ន្ធ​ធ្វើ​ឲ្យ​សាលា​រៀន​មួយ​មាន​គុណវុឌ្ឍិ​ត្រឹម​ត្រូវ។

សាលារៀន​ស្តង់ដារ​គំរូ និង សាលា​ជំនាន់​ថ្មី​ក៏​ចូល​រួម​ដល់​ការ​រីក​ចម្រើន​នៃ​វិស័យ​អប់រំ​ និង​លទ្ធផល​ល្អ​នៃ​ការ​ប្រឡង​បាក់​ឌុប​ឆ្នាំ​នេះ​ផង​ដែរ។ លោកស្រី​សង្ឃឹម​ថា សាលា​រៀន​ស្តង់ដារ​គំរូ​នឹង​មាន​ចំនួន​កើន​ឡើង​នៅ​ឆ្នាំ​២០២៥ ខាង​មុខ​នេះ៕