ក្រសួង​សុខាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​បើក​យុទ្ធនាការ​ផ្តល់​បន្ថែម​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល​ និង​ ស្ទូច​នៅ​ទូទាំង​ប្រទេស​ដើម្បី​ការពារ​កុមារ​ជាង​១.៥ ​លាន​នាក់​ អាយុ​ ពី​៩​ខែ ដល់ ​៥៩​ខែ នៅ​ទូទាំង​ប្រទេស​កម្ពុជា។ យុទ្ធនាការ​នេះ​ជា​ការ​ដោះស្រាយ​​ជា​បន្ទាន់​មួយ​ដើម្បី​ការពារ​ពី​ការ​ចម្លង​ជំងឺ​កញ្ជ្រឹល។

យុទ្ធនាការ​ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​៣១ ខែតុលា​នេះ ​ដឹកនាំ​ផ្ទាល់​ដោយ​ក្រសួង​សុខាភិបាល និង​បាន​ទទួល​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​អង្គការ​សម្ព័ន្ធ​សកល​សម្រាប់​វ៉ាក់សាំង និង​ការ​ផ្តល់​ថ្នាំ​បង្ការ (Gavi) និង​មាន​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​ពី​អង្គការ​សុខភាព​ពិភព​លោក (WHO), អង្គការ​យូនីសេហ្វ និង​ និង​អង្គការ​គ្លីនតុន​ហែល អែកសេស អឺនីតស៊ីអេជីវ ​(CHAI)។

ចំនួន​ករណី​ជំងឺ​កញ្ជ្រឹល​មាន​ការ​កើន​ឡើង​ទ្វេដង​ពី ​១៧​ម៉ឺន​ករណី​នៅ​ក្នុង​ឆ្នាំ​២០២២ ដល់ ៣២ម៉ឺន​ករណី ក្នុង​ឆ្នាំ​២០២៣ ដែល​​មូល​ហេតុ​ចម្បង​នៃ​ការ​កើន​ឡើង​នេះ​គឺ​ដោយសារតែ​ការ​រំខាន​ដល់​ការ​ផ្តល់​ថ្នាំ​បង្ការ​ជា​ប្រចាំ​ក្នុង​អំឡុង​ពេល​រីក​រាលដាល​វីរុសកូវីដ១៩។

កម្ពុជា និង​ប្រទេស​ជិតខាង​កំពុង​ប្រឈម​នឹង​ភាព​ងាយ​រងគ្រោះ​នៃ​ការ​ឆ្លង​រីករាល​ដាល​ជំងឺ​កញ្ជ្រឹល ​ស្ទូច​ ជាពិសេស​ចំពោះ​ប្រជាជន​ដែល​ងាយ​រងគ្រោះ ដូច​ជា កុមារ ជន​អន្តោប្រវេសន៍ ​ប្រជាជន​ចល័ត និង​សហគមន៍​នៅ​តាម​តំបន់​ព្រំដែន។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម។

លោក​ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បាន​ថ្លែង​នៅ​ក្នុង​ពិធី​បើក​យុទ្ធនាការ​នេះ​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា ក្នុង​យុទ្ធនាការ​លើក​នេះ​ផង​ដែរ បុគ្គលិក​សុខាភិបាល​នឹង​បន្ត​ការ​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថភាព ធ្វើ​យ៉ាង​ណា​អាច​ផ្តល់​ថ្នាំ​បង្ការ​ដល់​កុមារ​ទាំង​អស់ ជាពិសេស​កុមារ​ដែល​រស់​នៅ​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់ និង​កន្លែង​ដែល​ពិបាក​ដល់​ដូចជា​កុមារ​រស់​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​នៅ​តាម​ទីក្រុង អ្នក​រស់​នៅ​ក្នុង​សហគមន៍​ដាច់​ស្រយាល​នៅ​តាម​ជន​បទ កុមារ​តូច​ជនជាតិ​ភាគ​តិច និង​កុមារ​អន្តោប្រវេសន៍»។

ដោយ​យោង​តា​អង្គការសុខភាព​ពិភពលោក និង​អង្គការ មូលនិធិ​សម្រាប់​កុមារ​នៃ​អង្គការ​សហប្រជាជាតិ (WUENIC) ប្រទេស​កម្ពុជា​មាន​អត្រា​គ្រប​ដណ្តប់​វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​ ស្ទូច​ដូស​ទីមួយ (MR1) ​បាន ៧៩​ភាគរយ​ និង​ដូស​ទីពីរ​បាន​ ៦៤​ភាគរយ​នៅ​ឆ្នាំ​២០២៣ ដែល​ស្ថិត​នៅ​ក្រោម​តម្រូវការ​សម្រាប់​ការ​បង្ការ​ការ​ផ្ទុះ​រាលដាល​និង​ការ​ស្លាប់​ដោយសារ​ជំងឺ​កញ្ជ្រឹល​និង​ ស្ទូច។

លោក​ស្រី​វេជ្ជបណ្ឌិត Marianna Trias ​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា បាន​ថ្លែង​ថា ជំងឺ​កញ្ជ្រោល ស្ទូច ​គឺ​ពិត​ជា​មាន​ហានិភ័យ​ធ្ងន់ធ្ងរ​ ប៉ុន្តែ​ជា​ជំងឺ​មួយ​ដែល​អាច​ការពារ​បាន​ដោយ វ៉ាក់សាំង ដែល​កុមារ​កម្ពុជា​មិន​គួរ​មាន​បញ្ហា​នេះ​ទេ។

លោកស្រី Nadia Lasri អ្នក​គ្រប់គ្រង​ជាន់​ខ្ពស់​ប្រចាំ​ប្រទេស និង​ជា​អ្នក​សម្រប​សម្រួល​មក​ពី Gavi ប្រចាំ​កម្ពុជា​ថ្លែង​ថា ការ​គាំទ្រ​របស់​អង្គការ Gavi សម្រាប់​យុទ្ធនាការ​​នេះ ​គឺ​ដើម្បី​បង្កើន ​និង​បន្ត​ការ​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ពង្រឹង​ការ​ផ្តល់​ថ្នាំ​បង្ការ​ជាប្រចាំ​របស់​កម្ពុជា។ លោកស្រី​បន្ត​ថា គ្មាន​សហគមន៍​ណា​មួយ​ត្រូវ​បាន​ទុក​ចោល​នោះ​ទេ។

វ៉ាក់សាំង​ការពារ​ជំងឺ​កញ្ជ្រឹល​ ស្ទូច​នេះ គឺ​មាន​សុវត្ថិភាព ​ប្រសិទ្ធភាព ​និង​ទទួល​ដោយ​ឥត​គិត​ថ្លៃ ដែល​អាច​ការពារ​កុមារ​ទូទាំង​ពិភព​លោក​អស់​រយៈ​ពេល​ជាង​៥០ឆ្នាំ​មក​ហើយ។ វ៉ាក់សាំង​នេះ​អាច​រក​បាន​នៅ​គ្រប់​មណ្ឌល​សុខភាព​ទាំង​អស់​របស់​ក្រសួង​សុខាភិបាល។ ​កុមារ​ទាំងអស់ រួម​ទាំង​កុមារ​ដែល​ធ្លាប់​កើត​ជំងឺ​កញ្ជ្រឹល​ ឬ​កុមារ​ដែល​បាន​ទទួល​វ៉ាក់សាំង​​ពី​មុន​ក៏​ដោយ ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ទទួល​វ៉ាក់សាំង​នេះ​​ដែរ។

យុទ្ធនាការ​នេះ​បែងចែក​ជា​ពីរ​ដំណាក់​កាល ដោយ​ដំណាក់​កាល ទីមួយ​នឹង​គ្រប​ដណ្តប់​ខេត្ត​ចំនួន​១៣ (បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ស្ពឺ កំពង់ធំ កណ្តាល ក្រចេះ ឧត្តរមានជ័យ ភ្នំពេញ ពោធិ៍សាត់ សៀមរាប ប៉ៃលិន និង​ខេត្ត​ត្បូងឃ្មុំ) ចាប់​ថ្ងៃទី១ ដល់​ថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៤។ ដំណាក់​កាល​ទី​ពីរ ​គ្រប​ដណ្តប់​ខេត្ត​ចំនួន​១២ (ខេត្តកំពង់ឆ្នាំង កំពត កោះកុង មណ្ឌលគិរី ព្រះវិហារ ព្រៃវែង រតនគិរី ព្រះសីហនុ ស្ទឹងត្រែង ស្វាយរៀង តាកែវ និង​ខេត្ត​កែប) ចាប់​ពី​ថ្ងៃទី២៥ ខែ វិច្ឆិកា ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២៤៕