ភ្នំពេញៈ ប្រជាសហគមន៍ ព្រះសង្ឃ មន្រ្តីអាជ្ញាធរ និងអង្គការសង្គមស៊ីវិលជាង ២០០នាក់បានរួមគ្នាប្រារព្ឋទិវាសត្វផ្សោតទន្លេមេគង្គក្នុងទឹកដីខេត្តក្រចេះ នាថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលានេះ ដើម្បីលើកកម្ពស់ការយល់ដឹងពីសារៈសំខាន់សត្វផ្សោត ខណៈពេលដែលប្រភេទសត្វនេះកំពុងតែគំរាមកំហែងពីការនេសាទខុសច្បាប់។
ទិវាដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំសម្រាប់សត្វផ្សោតទន្លេមេគង្គជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ២០២៤នេះ ទិវានេះ ត្រូវបានប្រារព្ឋឡើងរួមគ្នារវាងអង្គការ WWF រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្តក្រចេះ នៅប៉ុស្តិ៍ឆ្មាំទន្លេកាំពី ស្ថិតក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី។
អង្គការ WWF បានឱ្យដឹងថា ទិវានេះប្រារព្ឋឡើងក្នុងគោលបំណង«លើកកម្ពស់ការយល់ដឹងរបស់សាធារណជនទូទៅអំពីសារៈសំខាន់សត្វផ្សោត និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ ជាពិសេសច្បាប់ស្តីពីជលផល»។
ក្រៅពីនោះ ក៏ដើម្បី«លើកកម្ពស់ ការយល់ដឹង អំពីសារៈសំខាន់ នៃការការពារសត្វផ្សោត ធនធានជលផលនិងប្រព័ន្ធអេកូឡូស៊ី និង ពីទំនាក់ទំនងរវាងការភិរក្សសត្វផ្សោត ការភិវឌ្ឍវិស័យទេសចរណ៍ និងរបរចញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋមូលដ្ឋាន»។
យោងតាមក្រសួងសិកម្មបានឱ្យដឹងថា ចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជាបានកើនឡើងដល់១០៥ក្បាលគិតត្រឹមខែមិថុនាឆ្នាំ ២០២៤ នេះ។ ក្នុងនោះរួមទាំងកូនផ្សោត ដែលកើតថ្មីចំនួន៨ក្បាលផងដែរ។ ទោះយ៉ាងណា ផ្សោត៣ក្បាលបានងាប់ទៅវិញ ដែលក្នុងនោះផ្សោតញីជំទង់មួយក្បាលបានងាប់ កាលពីខែសីហាកន្លងមក នៅក្បែរអន្លង់កាំពី ក្នុងខេត្តក្រចេះ ដោយសារជាប់នឹងមងនេសាទ។
សត្វផ្សោត គឺជាធនធាន ជលផលមួយប្រភេទ ក្នុងចំណោមធនធាន ជលផលកំពុងរងគ្រោះថ្នាក់ សរុបចំនួន ៥៨ ដែលត្រូវ បានកំណត់ក្នុង អនុក្រឹត្យរបស់រាជរដ្ឋាភិបាល។ សត្វនេះ ក៏ត្រូវបានកំណត់ក្នុងបញ្ជីក្រហមរបស់អន្តការIUCN ថាជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជផងដែរ។
អង្គការWWFបានលើកឡើងថា បច្ចុប្បន្ននេះ សត្វផ្សោតទន្លេមេគង្គមានចំនួនមេពូជសរុបប្រមាណតែ៨៩ ក្បាលក្នុងឆ្នាំ២០២០ដោយមិនរាប់បញ្ចូលចំនួនផ្សោតជំទង់និងកូនផ្សោតនៅរស់រានមានជីវិតដែលបានកត់ត្រានៅចន្លោះឆ្នាំ២០២០ និង ខែឧសភា ឆ្នាំ២០២៤។
អង្គការWWFបញ្ជាក់ថា៖«បច្ចុប្បន្ន សព្វផ្សោតទន្លេរមេគង្គក្នុងចំនួនសរុបដ៏តិចតួចនេះ កំពុងប្រឈមទៅនឹងការគំរាមកំហែងជាច្រើន ដូចជាការដាក់មងនិងសន្ទូចរនង ក្នុងតំបន់ស្នូលនិងតំបន់ទ្រនាប់ និងការនេសាទដោយប្រើគ្រឿងឆក់»។
ប្រសិនបើ មិនមានការចូលរួមការពារ និងការគ្រប់គ្រងសមស្របទេនោះសត្វផ្សោតអាចបន្តធ្លាក់ចុះ ហើយអាចឈានទៅរក ការបាត់បង់ ទាំងស្រុងតែម្តង ពីទន្លេមេគង្គ។
អង្គការWWFបានអំពាវនាវ នៅលើបណ្តាញ សង្គមរបស់ខ្លួនថា៖«យើងរួមគ្នាការពារ និងអភិរក្សសត្វផ្សោត ដើម្បីកំណើន ទេសចរប្រកប ដោយនិរន្តភាព។ កើនផ្សោត កើនទេសចរ កើនជីវភាព»។
នៅក្នុងការប្រារព្ឋទិវានេះ ក៏មានព្រះសង្ឃនិមន្ត ធ្វើធម្មយាត្រា និង ក្រុមកុមារ ជាសិស្សានុសិស្សក៏បានសំដែងសិល្បៈទាក់ទងនឹងសត្វផ្សោតផងដែរ។
ពួកគេបានថ្លែងសារដូច្នេះថា៖«យើងរួមគ្នាបញ្ឈប់ការនេសាទ គ្រប់ប្រភេទនៅ ក្នុងអន្លង់ផ្សោត។ សូមបញ្ឈប់ការឧបករណ៍ឆក់ គឺដើម្បីមានត្រីសំបូរឡើងវិញ។ យើងរួមគ្នាការពារសត្វផ្សោត និងមច្ឆាជាតិទាំងអស់គ្នា»។
ទាក់ទងទៅនឹងការងារ អភិរក្សនេះដែរ ក្រសួងកសិកម្មបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU)ជាមួយនឹងអង្គការWWFកាលពីថ្ងៃទី៣០ ខែតុលានេះ។
អង្គការWWFបានលើកឡើងថា តាមរយៈការចុះMoUនេះ ភាគីទាំងពីរបានព្រមព្រៀង ធ្វើការរួមគ្នាលើគំនិតផ្តួចផ្តើមអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់រយៈពេល ប្រាំឆ្នាំខាងមុខ។ ក្នុងនោះ ផ្តោតទៅកិច្ចសហប្រតិបត្តិការលើការលើកកម្ពស់ ការគ្រប់គ្រងធនធាន ជលផលទន្លេមេគង្គលើ ការអភិវឌ្ឍសហគមន៍នេសាទ ការអភិវឌ្ឍសហគមន៍ព្រៃឈើ និងការអភិវឌ្ឍដំណាំកសិឧស្សាហកម្ម និងកសិរុក្ខកម្ម។
ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឌិត ទីណាបានបង្ហាញ សេចក្តីសោមនស្សរីករាយនូវការកើនឡើងជាលំដាប់ នៃចំនួនសត្វផ្សោត ដែលជារតនសម្បត្តិរបស់កម្ពុជា។ ក្នុងឆ្នាំ២០២៣ និង២០២៤នេះក្រសួង បានសហការ ជាមួយអង្គការWWF និងដៃគូនានា ក្នុងអភិរក្សត្វផ្សោត តាមរយៈការល្បាត និងការបង្ក្រាបបទល្មើស ប្រកបដោយប្រសិទ្ធភាព ដែលជាជោគជ័យដ៏ធំ សម្រាប់ក្រសួងកសិកម្ម។
លោករដ្ឋមន្ត្រីបញ្ជាក់ថា៖«ក្រសួងកសិកម្មត្រូវការដៃគូ ដែលមានគោលដៅរួមច្បាស់លាស់ មានបច្ចេកទេសពិតប្រាកដ និងមានឆន្ទៈរួមគ្នា ដើម្បីសម្រេចនូវលទ្ធផលល្អ»។
លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តក្នុងការអនុវត្ត MoU នេះ ឱ្យមានភាពបុរេសកម្ម មានលទ្ធផលជាក់ស្តែង ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា និងមានភាពជោគជ័យរួមគ្នា៕