ភ្នំពេញ៖ ការចាប់ខ្លួនអ្នកកាសែតកម្ពុជា លោក ម៉ិច ដារ៉ា កាលពីចុងខែកញ្ញាថ្មីៗនេះ បានធ្វើឱ្យមានការព្រួយបារម្ភអំពីសេរីភាពសារព័ត៌មាន ប៉ុន្តែក្រសួងព័ត៌មានបានការពារយ៉ាងម៉ឺងម៉ាត់ចំពោះចំណាត់ការនេះ ដោយទទូចថា ការចោទប្រកាន់លើរូបលោក ដារ៉ា គឺស្របច្បាប់ និងមិនពាក់ព័ន្ធនឹងការងារអ្នកសារព័ត៌មានឡើយ។
លោក ដារ៉ា អ្នកសារព័ត៌មានស៊ើបអង្កេតដែលល្បីខាងលាតត្រដាងការជួញដូរមនុស្ស និងអំពើពុករលួយ ត្រូវបានចោទប្រកាន់ពីបទញុះញង់ឱ្យបង្កចលាចលក្នុងសង្គម បន្ទាប់ពីមានការបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមជាបន្តបន្ទាប់ ដោយសាលាដំបូងរាជធានីភ្នំពេញ។
មេធាវីការពារក្តីលោក រឹម បូរ៉ា បានឱ្យដឹងថា លោក ដារ៉ា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ជាផ្លូវការ ហើយបច្ចុប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ដើម្បីរង់ចាំការកាត់ក្តី។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃនេះថា៖ «សាវនាការទំនងជានឹងធ្វើឡើងនៅសប្តាហ៍ក្រោយ នៅពេលដែលតុលាការចាប់ផ្តើមប្រតិបត្តិការពេញលេញ»។
លោកក៏បានលើកឡើងថា សាច់ញាតិរបស់លោក ដារ៉ា បានកជួបសួរសុខទុក្ខរូបលោកបាននៅថ្ងៃទី១ ខែតុលាកន្លងទៅ។
ការចាប់ខ្លួនលោក ដារ៉ា ធ្វើឡើងនៅបញ្ជរបង់ប្រាក់លើផ្លូវល្បឿនលឿនក្នុងខេត្តកោះកុង ដែលមានរថយន្តចំនួន ៦ គ្រឿង រួមទាំងរថយន្តមួយគ្រឿងដែលមានស្លាកសញ្ញាកងរាជអាវុធហត្ថកម្ពុជា បានឡោមព័ទ្ធរថយន្តរបស់លោក។
លោក ដារ៉ា អាយុ ៣៦ឆ្នាំ ត្រូវបានឃុំខ្លួន បន្ទាប់ពីមន្ត្រីបានបង្ហាញឯកសារសាលដិការ ទោះបីជាក្រុមគ្រួសារ និងមេធាវីរបស់លោកមិនបានដឹងពីទីតាំងរបស់លោកអស់រយៈពេលជិត ២៤ ម៉ោងក៏ដោយ។
បទចោទដែលស្ថិតនៅតាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារអតិបរមា ២ ឆ្នាំ។
នៅថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៤ ក្រសួងព័ត៌មានបានចេញសេចក្តីថ្លែងការណ៍មួយដើម្បីបញ្ជាក់ពីជំហររបស់ខ្លួន និងបន្តតាមដានយ៉ាងដិតដល់នូវសំណុំរឿងដែលកំពុងស្ថិតក្រោមដំណើរការរបស់តុលាការ។
ក្រសួងបានសង្កត់ធ្ងន់ថា ការចោទប្រកាន់លើលោក ដារ៉ា មិនជាប់ពាក់ព័ន្ធនឹងការងារអ្នកសារព័ត៌មានរបស់លោកទេ ប៉ុន្តែផ្ទុយមកវិញ ទាក់ទងទៅនឹងការបង្ហោះដែលនាំឱ្យមានអំពើញុះញង់ចលាចលសាធារណៈ។
យោងតាមសេចក្ដីប្រកាស៖ «តាមអង្គហេតុដែលបានចោទប្រកាន់ សំណុំរឿងរបស់ជនត្រូវចោទ ម៉ិច ដារ៉ា មិនមែនជារឿងពាក់ព័ន្ធនឹងសារព័ត៌មានទេ ដូច្នេះសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក៏ដូចជាភាគីពាក់ព័ន្ធមួយចំនួនទៀតមិនត្រូវព្យាយាមភ្ជាប់សំណុំរឿងជាមួយការអនុវត្តនោះទេវិជ្ជាជីវៈសារព័ត៌មាន និងធ្វើការវាយតម្លៃដោយខុសឆ្គង និងគ្មានមូលដ្ឋានលើវិស័យសារព័ត៌មានរបស់កម្ពុជា និងមិនគួរមានជំងឺតួឯក និងតាំងខ្លួនឯងជាជើងឯកក្នុងសេរីភាពសារព័ត៌មាននោះទេ»។
ក្រសួងបានលើកទឹកចិត្តក្រុមមេធាវីការពារក្តីរបស់លោក ដារ៉ា ឱ្យបង្ហាញភស្តុ័តាងនៅក្នុងតុលាការ ហើយបានកត់សម្គាល់ថា ខ្លួននឹងពិចារណាលើជំនួយបន្ថែមសម្រាប់មេធាវីការពារក្តីប្រសិនបើចាំបាច់។
ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងបានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការអះអាងថា ការចាប់ខ្លួនលោក ដារ៉ា ជាការបង្ក្រាបសេរីភាពសារព័ត៌មាន។
ផ្ទុយទៅវិញ សេចក្ដីប្រកាសបានលើកឡើងថា ការចោទប្រកាន់លើលោក ដារ៉ា ទាក់ទងនឹងការរំលោភច្បាប់ហាមឃាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមិនត្រូវបានការពារក្រោមសេរីភាពនៃការបញ្ចេញមតិ។
ក្រសួងព័ត៌មានបានបន្ដថា៖ «ការប្រឌិតព័ត៌មានក្លែងក្លាយ និងការបង្ហោះសារផ្សព្វផ្សាយមានលក្ខណៈញុះញង់ បំភ្លៃការពិត មួលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងៗ ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការយល់ច្រឡំ មិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ ហើយបើករណីជននោះជាអ្នកសារព័ត៌មានពិត ការបំភ្លៃការពិត និងប្រឌិតព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មាន ឬសេរីភាពនៃការបោះពុម្ពផ្សាយទេ»។
សេចក្ដីប្រកាសបានបន្ថែមថា៖ «ទង្វើបំពានក្រៅវិជ្ជាជីវៈសារព័ត៌មានត្រូវតែប្រឈមមុខនឹងផលវិបាករដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដូចមានចែងក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ដជាធរមាន។ ទង្វើបំពានទាំងនេះមិនស្ថិតក្នុងក្របខណ្ឌសេរីភាពសារព័ត៌មានឡើយ»។
ការចាប់ខ្លួនលោក ដារ៉ា បានបង្កឱ្យមានការព្រួយបារម្ភក្នុងចំណោមអង្គការសិទ្ធិមនុស្ស ក្រុមតស៊ូមតិប្រព័ន្ធផ្សព្វផ្សាយ និងរដ្ឋាភិបាលបរទេស។
ជាអន្តរជាតិ ការចាប់ខ្លួននេះត្រូវបានគេមើលឃើញថាជាផ្នែកមួយនៃការបង្ក្រាបលើអ្នកសារព័ត៌មានឯករាជ្យនៅកម្ពុជា។
ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក ដារ៉ា។ នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ស្ថានទូតបានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រព័ន្ធផ្សព្វផ្សាយសេរី និងឯករាជ្យ ដោយកត់សម្គាល់ថា វាមានសារៈសំខាន់សម្រាប់អភិបាលកិច្ចរឹងមាំ និងគណនេយ្យភាព។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតកាលពីថ្ងៃទី១ ខែតុលា បានឱ្យដឹងថា៖ «ប្រជាជនកម្ពុជាទាំងអស់គួរតែអាចអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពួកគេដោយមិនភ័យខ្លាចការចាប់ខ្លួន ឬការកាត់ទោស»។
ក្រៅពីប្រទេសអូស្ត្រាលី ស្ថាប័នអន្តរជាតិផ្សេងទៀត រួមទាំងស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានសម្តែងការមិនពេញចិត្តចំពោះការចាប់ខ្លួននេះ។
យោងតាមស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ នៅថ្ងៃទី១ ខែតុលា បានឲ្យដឹងថា៖ «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការចាប់ខ្លួនលោក ម៉ិច ដារ៉ា ជាអ្នកសារព័ត៌មានដែលមានការគោរពពីអន្តរជាតិ ហើយសូមអំពាវនាវឱ្យមានការដោះលែងរូបលោក»។
ស្ថានទូតបានបន្ដថា លោក ដារ៉ា ជាអ្នកឈានមុខក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អំពើជួញដូរមនុស្ស និងអំពើឆបោកតាមប្រព័ន្ធអនឡាញក្នុងព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានទទួលពានរង្វាន់ TIP Hero ពីក្រសួងការបរទេសសហរដ្ឋអាមេរិក ឆ្នាំ២០២៣ សម្រាប់ការផ្សាយព័ត៌មានរបស់លោក។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតរដ្ឋអាមេរិក បានឱ្យដឹងថា៖ «លោកជាអ្នកតស៊ូមតិជាយូរមក ចំពោះសេរីភាពក្នុងការបញ្ចេញមតិ ដែលជាសិទ្ធិត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា។ យើងលើកទឹកចិត្តឱ្យអាជ្ញាធរមានសមត្ថកិច្ច ទទួលស្តាប់នូវសំឡេងនិងគំនិតចម្រុះ ព្រមទាំងជំរុញឱ្យមានសារព័ត៌មានឯករាជ្យនិងមានសេរីភាព»។
កាលពីថ្ងៃទី ២ ខែកញ្ញា BBC បានផ្សាយថា លោក ដារ៉ា ដែលរាយការណ៍ឲ្យ BBC ជាអ្នកសារព័ត៌មានកម្ពុជា ដែលទទួលបានពានរង្វាន់ ដែលបានរាយការណ៍យ៉ាងទូលំទូលាយអំពីការជួញដូរមនុស្ស និងអំពើពុករលួយ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទញុះញង់។
ក្រុមសង្គមស៊ីវិល ក៏បានប្រមូលផ្តុំគាំទ្រលោក ដារ៉ា ដោយទាមទារឱ្យដោះលែងលោកជាបន្ទាន់។ សេចក្តីថ្លែងការណ៍រួមរបស់អង្គការប្រព័ន្ធផ្សព្វផ្សាយ និងក្រុមសិទ្ធិមនុស្សជាច្រើន ដែលចេញនៅថ្ងៃទី ១ ខែតុលា បានលើកឡើងការចោទប្រកាន់នេះថាជាការប៉ុនប៉ងដើម្បីរារាំងអ្នកសារព័ត៌មានឯករាជ្យ។
អង្គការសង្គមស៊ីវិល អំពាវនាវឱ្យមានការដោះលែងអ្នកសារព័ត៌មានកម្ពុជា លោក ដារ៉ា ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន ដោយសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤។ សេចក្តីថ្លែងការណ៍របស់អង្គការរួមដែលចេញដោយអង្គការលីកាដូ កាលពីថ្ងៃទី១ ខែតុលា។
គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) បានអំពាវនាវឱ្យដោះលែងអ្នកកាសែតស៊ើបអង្កេតកម្ពុជាជាបន្ទាន់។ អង្គការបានជំរុញឱ្យអាជ្ញាធរទម្លាក់ចោលបទចោទញុះញង់ឧក្រិដ្ឋកម្មប្រឆាំងរូបលោក។
លោក Shawn Crispin តំណាងជាន់ខ្ពស់ប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ CPJ បានសម្តែងការព្រួយបារម្ភចំពោះការចាប់ខ្លួនរបស់លោក ដារ៉ា ដោយបញ្ជាក់ថា វាឆ្លុះបញ្ចាំងពីទំហំឆន្ទៈក្នុងការបង្ក្រាបអ្នកសារព័ត៌មានឯករាជ្យ។
ក្រសួងព័ត៌មានបានគូសបញ្ជាក់ថា អត្តសញ្ញាណប័ណ្ណអ្នកសារព័ត៌មានរបស់លោក ដារ៉ា ផុតកំណត់នៅចុងឆ្នាំ២០២២ ដែលបង្ហាញថា សកម្មភាពរបស់លោកមិនអាចត្រូវបានគេមើលឃើញថាជាផ្នែកនៃការងារអ្នកសារព័ត៌មានស្របច្បាប់នោះទេ។
រហូតមកដល់ពេលនេះ មិនទាន់មានការស្នើសុំបន្ត ឬជាសមាជិកនៃបណ្តាញផ្សព្វផ្សាយ ឬជាអ្នកសារព័ត៌មានឯករាជ្យនោះទេ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួង។
ក្រសួងបានបន្ដថា៖ «គេមិនត្រូវយកបុគ្គលប្រព្រឹត្ដិបទល្មើសម្នាក់មកវាយតម្លៃលើស្ថានភាពសារព័ត៌មាននៅកម្ពុជាឡើយ។ សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាមិនស្ថិតលើបបូរមាត់របស់ជនបរទេសវាយតម្លៃដែរ»៕