មណ្ឌលគិរីៈ ផែនទី ដែលមានគំរូជា3D មួយ ត្រូវបានសាកល្បងបង្កើតឡើងជាលើកដំបូងនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិសម្រាប់ពលរដ្ឋជនជាតិដើមភាគតិចប្រើប្រាស់ក្នុងការសម្គាល់ទីតាំងភូមិសាស្រ្ត ដើម្បីងាយស្រួលការពារធនធានធម្មជាតិ។
ផែនទីនេះបង្ហាញពីទីតាំងភូមិសាស្រ្តជាក់ស្តែង ទំហំ៣ ៨៥៥ ហិកតា នៃភូមិពូត្រុំ ស្ថិតក្នុងសង្កាត់រមនា ក្រុងសែនមនោរម្យ ដែលអាចឱ្យសហគមន៍មើលឃើញដោយផ្ទាល់ពីផ្ទៃដី ទេសភាព តំបន់អភិរក្ស និងលក្ខណៈសំខាន់ៗដូចជាផ្លូវ ទន្លេ និងទីតាំងគោលដៅនៃជីវៈចម្រុះជាដើម។
ផែនទី3D នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំផែនការអភិរក្ស ការគ្រប់គ្រងធនធានធម្មជាតិ និងការអភិវឌ្ឍន៍សហគមន៍ ផ្តល់សិទ្ធិអំណាចដល់ភាគីពាក់ព័ន្ធក្នុងតំបន់ដើម្បីការពារធនធានធម្មជាតិរបស់ពួកគេ និងដោះស្រាយជម្លោះដីធ្លីផងដែរ។ នេះបើយោងតាមអង្គការ WCS។
ផែនទីនេះត្រូវបានសាកល្បងបង្កើតឡើងក្រោមកិច្ចសហការ និងជំនួយបច្ចេកទេសរវាងអង្គការ WCS និង USAID មរតកបៃតងតាមរយៈគម្រោង SERVIR Southeast Asia។ ក្នុងនោះមានការចូលរួមដោយផ្ទាល់ពីសហគមន៍ គ្រូបង្រៀន និងអាជ្ញាធរមូលដ្ឋានផងដែរ។
អ្នកស្រីឆាយ គឹមហ៊ាក ប្រធានផ្នែកសហគមន៍ និងរេដបូកនៃគម្រោងរេដបូកកែវសីមា របស់អង្គការ WCS បានសង្កេតឃើញថា កន្លងមកសហគមន៍មានការលំបាកយល់ ក្នុងការប្រើប្រាស់ផែនទីបោះពុម្ព។ ហេតុនេះ ទើបមានការផ្តួចផ្តើមរៀបចំជាផែនទីនេះឡើង ដែលមានលក្ខណៈសាមញ្ញ ងាយយល់ ព្រោះថាបងប្អូនសហគមន៍ជាអ្នកអនុវត្តធ្វើដោយផ្ទាល់ ក្រោមការជួយបង្រៀនពីអង្គការ។
អ្នកស្រីគឹមហ៊ាកថ្លែងថា៖ «អញ្ជឹងពេលដែលយើងធ្វើផែនទីផែនទី 3D នេះឡើង មានភាពងាយស្រួលសម្រាប់គាត់មែនទែន។ គាត់ងាយមើល ងាយដឹងពីទីតាំងភូមិសាស្រ្តក្នុងភូមិគាត់។ ពីមុនមានផែនទីធម្មតា តែធ្វើបែបនេះទៅ គាត់ងាយយល់ជាង។ គោលបំណងសំខាន់ហ្នឹង ដើម្បីឱ្យសហគមន៍គាត់ងាយមើលដើម្បីដឹងថា ទីតាំងណាជាកន្លែងអភិរក្ស កន្លែងណាអាចប្រើប្រាស់ជាដីសម្រាប់ធ្វើកសិកម្មបានជាដើម»។
លោកស្រីឱ្យដឹងថា ការធ្វើផែនទីនេះមានលក្ខណៈសាមញ និងមិនមានការចំណាយថវិកាច្រើននោះទេ។ វាត្រូវបានធ្វើឡើងពីក្រដាសកេសចាស់ៗ ដែលគេបោះចោល ដោយយកមកកាត់ ឱ្យចេញជារូបរាងខ្ពស់ទាបៗ និងផាត់ពណ៌ទៅតាមសណ្ឋានជាក់ស្តែង។
ផែនទីនេះត្រូវបានធ្វើ និងដាក់នៅលើតុស្ថិតនៅក្នុទីស្នាក់ការសហគមន៍តំបន់ការពារធម្មជាតិអូរ ពុងរូង ដោយមិនមានបញ្ជូលក្នុងកម្មវិធីទូរសព្ទដៃនោះទេ។ ការចូលរួមរបស់សហគមន៍ក្នុងដំណើរការនេះ ក៏មានគោលបំណងបង្កើនការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអភិរក្ស និងលើកកម្ពស់ការការពារជីវៈចម្រុះ។ តាមរយៈគម្រោងនេះ ផែនទីនេះ ក៏បម្រើជាឧបករណ៍ សម្រាប់តាមដានការប្រែប្រួលនៃព្រៃឈើ និងជីវៈចម្រុះក្នុងសហគមន៍តំបន់ការពារធម្មជាតិអូរពុងរូងនាពេលអនាគត។
លោកស្រីបញ្ជាក់ថា៖ «មួយទៀតក៏ងាយស្រួលសម្រាប់គាត់ធ្វើផែនការដែរ ព្រោះភូមិគាត់ត្រូវធ្វើផែនការ កន្លែងណាចង់អភិរក្សទុក កន្លែងណាចង់យកទៅធ្វើនេះ ធ្វើនោះ។ អញ្ជឹង ងាយស្រួលធ្វើផែនការសម្រាប់អភិវឌ្ឍន៍ភូមិទៀត ដូចជាកន្លែងត្រូវដាក់អណ្តូងទឹក សាលារៀន..ងាយស្រួលក្នុងការធ្វើផែនការគ្រប់គ្រងដីធ្លីរបស់គាត់»។
សម្រាប់គម្រោងរេដបូកកែវសីមានេះ ការធ្វើផែនទី3Dនេះ គឺជាលើកទី១ (pilot) នៃភូមិទាំង២០ក្នុងគម្រោងនេះ។
លោកស្រីបន្តថា ការធ្វើផែនទីជាលើទីមួយនេះមានការចូលរួមច្រើនយ៉ាងសកម្មពីសហគមន៍ និងអាជ្ញាធរភូមិឃុំ។ ប្រើសិនបើគ្រូបង្រៀនមានការចាប់អារម្មណ៍ លើការង្កើតផែនទីបែបនេះ ពួកគាត់អាចយកទៅបង្រៀនសិស្សបាន។ រីឯការចូលរួមរបស់អាជ្ញាធរ ក៏ដើម្បីបង្ហាញពីការទទួលស្គាល់ និងជួយដាក់និមិត្តសញ្ញាឱ្យត្រូវ ដែលធ្វើម៉េចឱ្យផែនទីនេះឆ្លុះបញ្ជាំង ឱ្យត្រូវជាមួយនឹងទីតាំងភូមិជាក់ស្តែង។
លោកស្រីថ្លែងដូច្នេះថា៖ «ស្រ្តី និងយុវជនជនជាតិដើមចូលរួមគិតគូរ ជាមួយភាគីអ្នកពាក់ព័ន្ធ។ កាលណាគាត់ចូលរួមរៀបចំផែនទីដោយខ្លួនឯងអញ្ជឹងទៅ គាត់មានភាពជាម្ចាស់ថា ហ្នឹងជាភូមិគាត់..ពេលនេះ យើងសាកល្បងធ្វើមួយសិន។ យើងឃើញថាមានការចូលរួមច្រើនពីសហគមន៍ និងអ្នកពាក់ព័ន្ធ»។
លោកស្រីជឿជាក់ថា ផែនទីនេះនឹងមិនត្រូវទុកចោលទេ គឺសម្រាប់ប្រើប្រាស់ បំរើជាប្រយោជន៍រួមដល់ភូមិគាត់ ហើយពួកគាត់នឹងធ្វើបច្ចុប្បន្នភាព(អាប់ដេត)វា ព្រោះពីមួយថ្ងៃទៅមួយថ្ងៃ ព្រៃឈើមានការផ្លាស់ប្តូរ។ ហេតុនេះ ពួកគាត់អាចធ្វើការផ្លាស់ប្តូរពណ៌ទៅតាមស្ថានភាពជាក់ស្តែងដែរ។ លើសពីនោះពេលមានការជួបជុំ ពួកគាត់អាចណែនាំអ្នកភូមិផ្សេងទៀតឱ្យស្គាល់ពីទីតាំងនីមួយៗក្នុងភូមិផងដែរ។
លោកព្រេង សុខសារី ប្រធានសហគមន៍តំបន់ការពារធម្មជាតិអូរពុងរូងបានបង្ហាញអារម្មណ៍ថា ការផលិតផែនទី 3D នេះ បានជួយសហគមន៍ពួកគាត់ ក្នុងការគ្រប់គ្រង ការពារ និងផ្តល់ពត៌មានបទល្មើស និងគ្រោះមហន្តរាយផ្សេងៗ ពីព្រោះវាធ្វើឱ្យពួកគាត់អាចដឹងពីចំណុចអូរ កំពស់ ឬកន្លែងជាក់លាក់ ដែលខុសគ្នាពីផែនទីដែលពួកគាត់មើលកន្លងមក។ នេះបើយោងតាមUSAID មរតកបៃតង។
លោកនិយាយថា៖ «នៅពេលដែលយើងបង្កើតផែនទី 3D នេះ ខ្ញុំគិតថាទាំងខ្ញុំ និងសមាជិកសហគមន៍ផ្សេងទៀតងាយនឹងយល់ ងាយនឹងស្រលាញ់ ដោយសារយើងមើលឃើញធនធានពិតនៅក្នុងសហគមន៍របស់យើងថាវាពិតជាដូច្នេះមែន»។
អ្នកស្រីគឹមហ៊ាក ក៏បានឱ្យដឹងផងដែរថា អង្គការគ្រោងនឹងធ្វើផែនទី 3D នេះនៅ ៦ ភូមិថែមទៀតក្នុងតំបន់គោលដៅនៃគម្រោងរេដបូកនេះ។
គម្រោងរេដបូកកែវសីមាបានចាប់ផ្តើម កាលពីឆ្នាំ២០១០ និងកំពុងតែអនុវត្តលើផ្ទៃដីព្រៃទំហំ ១៦៦ ៩៨៣ ហិកតាក្នុងចំណោមផ្ទៃដីជាង ៣០០ ០០០ហិកតានៃដែនជម្រកសត្វព្រៃកែវសីមា៕